ព័ត៌មានអន្តរជាតិ February 15, 2023

យុវជនថៃដែលសង្គ្រោះបានពីរូងភ្នំថាំហ្លួង ពេលនេះបានបាត់បង់ជីវិតនៅអង់គ្លេស អំឡុងពេលទទួលអាហាររូបករណ៍ហ្វឹកហាត់បាល់ទាត់

Naren

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា យុវជនឈ្មោះ Duangpetch Promthep ហៅ Dom ដែលជាក្មេងប្រុសម្នាក់ក្នុងចំណោម ១២នាក់ ដែលធ្លាប់ជាប់គាំងនៅក្នុងរូងភ្នំថាំហ្លួងនៅភាគខាងជើងប្រទេសថៃ កាលពីជិត៥ឆ្នាំមុន ពេលនេះបានទទួលមរណភាព នៅក្នុងឧបទ្ទវហេតុមួយនៅប្រទេសអង់គ្លេស នៅកន្លែងដែលគាត់បានទទួលអាហារូបករណ៍ហ្វឹកហាត់បាល់ទាត់ ។

ព្រះតេជគុណ Supatpong Methigo ដែលជាអតីតគ្រូរបស់ Dom បានទម្លាយព័ត៌មាននៅលើបណ្តាញសង្គម Facebook នៅព្រឹកនេះ ថា ព្រះអង្គបានទទួលដំណឹងពីជីដូនរបស់ Dom ដែលបានប្រគេនបិណ្ឌរាល់ព្រឹក ថា Dom ពិតជាបានបាត់បង់ជីវិត។

សារព័ត៌មាន KhaoSod រាយការណ៍ថា Dom បានដួលបោកក្បាល ហើយគាត់ក៏ទទួលបានសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែទោះជាយ៉ាងណា Dom មិនអាចរួចផុតជីវិតបាន។ កាលពីខែសីហាឆ្នាំមុន Dom ដែលមានអាយុ ១៧ឆ្នាំ ធ្លាប់បាននិយាយថា ក្តីសុបិនរបស់គាត់បានក្លាយជាការពិត នៅពេលដែលទទួលបានអាហារូបករណ៍បាល់ទាត់នៅសាលាបាល់ទាត់ Brook House College Football Academy ក្នុងទីក្រុង Leicester ។

រំលឹកដែរថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ សមាជិកក្រុមបាល់ទាត់ Wild Boars ចំនួន ១២ នាក់ ដែលមានអាយុពី ១១ ទៅ ១៦ ឆ្នាំ បានជាប់គាំងនៅក្នុងប្រព័ន្ធរូងភ្នំថាំហ្លួងស្របពេលមានទឹកជំនន់ក្នុងស្រុក Mae Sai ក្នុងខេត្ត Chiang Rai ជាមួយនឹងគ្រូបង្វឹកបាល់របស់ពួកគេគឺលោក Nopparat Kanthawong ។ នៅពេលនោះ Dom មានអាយុ ១៣ឆ្នាំ គឺជាប្រធានក្រុមរបស់ Wild Boars ៕ ប្រភព៖ thethaiger