ប្រធានសហព័ន្ធប្រដាល់ឡាវ លើកឡើងថា សហព័ន្ធអន្តរជាតិនៃសមាគមម៉ឺយថៃ គ្មានសិទ្ធិហាមឃាត់ប្រទេសដែលចូលរួមក្នុងការប្រកួត «គុនខ្មែរ» នោះទេ
ថ្មីៗនេះប្រធានសហព័ន្ធប្រដាល់ឡាវ លោក Saisamorn Chaisorn បានឆ្លើយតបយ៉ាងខ្លាំងក្លាថា សហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) គ្រាន់តែជាអ្នករៀបចំការប្រកួតប៉ុណ្ណោះ គ្មានសិទ្ធិហាមឃាត់ប្រទេសដែលចូលរួមក្នុងការប្រកួតគុនខ្មែរ នៅស៊ីហ្គេម ឆ្នាំ២០២៣ នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន newsdirectory3 នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានសហព័ន្ធប្រដាល់ឡាវ បាននិយាយថា «សហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) គឺគ្រាន់តែជាអ្នករៀបចំការប្រកួតប៉ុណ្ណោះ ហើយពួកគេមិនមានសិទ្ធិហាមឃាត់ប្រទេសណាដែលចូលរួមក្នុងការប្រកួតគុនខ្មែរនោះទេ ព្រោះប្រទេសដែលចូលរួមក្នុងការប្រកួត «គុនខ្មែរ» មិនមែនជា «ម៉ឺយថៃ» ហើយយើងផ្តោតលើការរួបរួមរបស់ប្រទេសទាំង ១១ មិនដូចប្រទេសថៃទេ ដែលផ្តោតលើអាជីវកម្ម និងការវិនិយោគ ដូច្នេះវាគឺជាបញ្ហា។»
សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថាប្រទេសអាស៊ានចំនួន៧បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងខែឧសភា ដែលមានដូចជា១ កម្ពុជា, ២ ឡាវ, ៣ ឥណ្ឌូនេស៊ី, ៤ មីយ៉ាន់ម៉ា, ៥ ហ្វីលីពីន, ៦ វៀតណាម ម៉ាឡេសុីនឹងបញ្ជូនឈ្មោះមកឆាប់ៗនេះហើយ ប្រទេសទាំងអស់បានចុះឈ្មោះទាំង១៩វិញ្ញាសា។
សូមរំលឹកថាថៃសម្រេចមិនបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួតកីឡា«គុនខ្មែរ»ទេ ក្រោយសហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) បានជជែកគ្នាផ្ទៃក្នុងជាមួយគណៈកម្មាធិការអូឡាំពិកថៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងព្រមានថា ប្រទេសដែលចូលរួមប្រកួតកីឡា«គុនខ្មែរ» នៅស៊ីហ្គេមលើកទី៣២ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ «Asian Indoor and Martial Arts Games» នៅប្រទេសថៃនាចុងឆ្នាំនេះឡើយ៕ ប្រភព៖ newsdirectory3/laotiantimes


