ព័ត៌មានអន្តរជាតិ February 18, 2023

ប៉ូលិសវៀតណាម រកឃើញសត្វឆ្មាងាប់ប្រមាណ ២,០០០ក្បាល ដែលត្រៀមសម្រាប់ផលិតជាឱសថបុរាណ

Khmerpress

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប៉ូលិសវៀតណាមបានរកឃើញសត្វឆ្មាងាប់ប្រហែល ២,០០០ក្បាល ដែលត្រៀមនឹងប្រើប្រាស់សម្រាប់ផលិតឱសថបុរាណ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្មាទាំងនេះត្រូវបានរកឃើញ នៅទីសត្តឃាតមួយកន្លែងក្នុងខេត្តដុងថាប(Dong Thap) ក្នុងតំបន់ដីសណ្តទន្លេមេគង្គកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសត្វនៅរស់ចំនួន ៤៨០ក្បាលផងដែរ។ អ្នកខ្លះនៅវៀតណាមជឿថា សារធាតុចម្រាញ់ចេញពីឆ្អឹងឆ្មាអាចជួយព្យាបាលជំងឺដូចជាជំងឺហឺត និងជំងឺពុកឆ្អឹង។

គួរបញ្ជាក់ថា យោងតាមអង្គការសុខុមាលភាពសត្វ Four Paws International បានឱ្យដឹងថា វាត្រូវបានគេប៉ាន់ប្រមាណថា សត្វឆ្មារហូតដល់ ១លានក្បាលបានរងគ្រោះ ដោយសារការជួញដូរសត្វខុសច្បាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសវៀតណាម។ ការបរិភោគសត្វឆ្កែ និងឆ្មាគឺស្របច្បាប់នៅក្នុងប្រទេស។ ភោជនីយដ្ឋានជាច្រើនបម្រើសាច់សត្វទាំងនេះ ប៉ុន្តែត្រូវការវិញ្ញាបនបត្រដែលបង្ហាញពីប្រភពដើមនៃសត្វ។ ពាក់ព័ន្ធនឹងករណីខាងលើ នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួននៅ​ឡើយ​ទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews​