ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត

BY
Khmerpress
March 1, 2023
ក្រុមហ៊ុនធំមួយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត

(ភ្នំពេញ)៖ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានមួយរយៈពេលកន្លងពេលមក និងមានគម្រោងបើកឱ្យដំណើរការសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នាពាក់កណ្តាលឆ្នាំ២០២៣ រួមទាំងមានក្រុមហ៊ុនចំនួន៤ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប រួចមក, ពេលនេះមានក្រុមហ៊ុនធំមួយទៀតហើយ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនខ្សែទី៤ ភ្នំពេញ- ប៉ោយប៉ែត មួយទៀត។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ចុះត្រួតពិនិត្យ វឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សូមជម្រាបដែរទោះជាយើងធ្វើផ្លូវជាតិលេខ៥ ពង្រីកពី ២គន្លង ទៅ ៤គន្លង ក៏មានក្រុមហ៊ុនឯកជនមួយស្នើសុំធ្វើផ្លូវល្បឿនលឿន ជាប្រភេទ BOT ពីភ្នំពេញ ទៅបាត់ដំបង ទៅប៉ោយប៉ែតដែរ ដោយគាត់យល់ឃើញថា ផ្លូវជាតិលេខ៥ មាន៤គន្លងមែន តែមានសត្វឆ្លងកាត់ មានការយឺតយ៉ាវ គាត់ស្នើសុំធ្វើផ្លូវល្បឿនលឿន ភ្នំពេញ- ប៉ោយប៉ែតតែម្តង»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះធ្វើការសិក្សា លើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ប៉ោយប៉ែត នេះផងដែរ។ លោកអះអាងថា កម្ពុជាគឺមិនមានបញ្ហានោះទេ ឱ្យតែមានក្រុមហ៊ុនណាចង់មកបណ្តាក់ទុក និងអនុញ្ញាតឱ្យធ្វើតែម្តង ដើម្បីធ្វើយ៉ាងណាឱ្យមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋដើម្បីបង្កើនភាពងាយស្រួល។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ទើបមានក្រុមហ៊ុនជាច្រើន តែងតែចង់មកបណ្តាក់ទុននៅកម្ពុជានេះ ហើយកម្ពុជាបើគ្មានសុខសន្តិភាព គឺគ្មានប្រទេសណាហ៊ានមកដាក់ទុកជាច្រើនរយលានដុល្លារ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ តែដោយសារកម្ពុជា មានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានសេដ្ឋកិច្ចរីកចំរើន ទើបមានប្រទេសជាច្រើនតែងតែចង់មកបណ្តាក់ទុនដូចនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

Share This Post: