ព័ត៌មានជាតិ March 23, 2023

បើករថយន្ដថយក្រោយលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំ

Naren

(ភ្នំពេញ)៖ រថយន្ដ Prius មួយគ្រឿង បើកបរថយក្រោយលើផ្លូវល្បឿនលឿន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន ចាប់ឃាត់ផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយឃើញសកម្មភាពបើកបរបញ្ច្រាសទិសដៅ លើផ្លូវល្បឿនលឿនបែបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម្ចាស់យានយន្ដ ដើម្បីផាកពិន័យតាមផ្លូវច្បាប់។

លោកបានបន្ថែមទៀតថា ករណីបើកថយក្រោយចាត់ទុកជាការបើកបរបញ្ច្រាសទិសចរាចរណ៍នេះ កើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៤៤ ទិសដៅពីព្រះសីហនុ-ភ្នំពេញ។ បើតាមការសួរនាំ មូលហេតុដែលម្ចាស់រថយន្ដបើកថយក្រោយ គឺដើម្បីសណ្ដោងរថយន្ដគ្នារបស់គាត់ ដែលខូចនៅខាងក្រោយ ហើយករណីនេះមិនត្រូវបានសមត្ថកិច្ចអនុញ្ញាតនោះ ពោលដោយសារអាចបង្កគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ កុំបើកបរថយក្រោយ ឬបញ្ច្រាសទិសដៅចរាចរណ៍ ព្រោះសកម្មភាពនេះងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងផ្ទាល់។

បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក៏អំពាវនាវដល់អ្នកបើកបរទាំងអស់ ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវល្បឿនលឿន មុនបើករថយន្ដឡើងលើផ្លូវនេះ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដឲ្យបានត្រឹមត្រូវ ក្នុងទាំងកម្រិតទឹក ប្រេងម៉ាស៉ីន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង សម្ពាធខ្យល់កង់ សំបកកង់ និងប្រេងសាំងជាដើម។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ បានបន្ដទៀតថា បន្ទាប់ពីច្បាស់លាស់លើលក្ខណៈបច្ចេកទេសយានយន្ដហើយនោះ អ្នកបើកបរត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនដោយគោរពច្បាប់ចរាចរណ៍ ពិសេសការប្រើប្រាស់លឿន តាមអ្វីដែលបានកំណត់លឿនបំផុត១២០គីឡូម៉ែត្រក្នុងមួយម៉ោង (សម្រាប់រថយន្ដគ្រួសារ) និងការកំណត់ល្បឿនផ្សេងទៀតសម្រាប់រថយន្ដដឹកទំនិញ។

លើសពីនេះ ត្រូវប្រើស្គាល់ឲ្យច្បាស់ពីការប្រើប្រាស់គន្លងផ្លូវ ដោយហាមប្រើប្រាស់ឈប់បន្ទាន់ និងគន្លងវ៉ាជែង (ក្នុងករណីបើកធម្មតា) ព្រមទាំងគោរពតាមស្លាកសញ្ញាចរាចរណ៍ ដោយហាមការបើកបរបញ្ច្រាសទិសជាដើម៕ ផ្តល់សិទ្ធិដោយ៖ Fresh News