វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ
(បាងកក)៖ រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃ នាថ្ងៃសុក្រនេះ បានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយ។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបានអនុម័តដោយអាជ្ញាធរថៃ នាពេលកន្លងមក រួមមាន វ៉ាក់សាំង Sinovac, វ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Sputnik V ប៉ុន្តែមានតែវ៉ាក់សាំង Sinovac និង វ៉ាក់សាំង AstraZeneca ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ក្នុងប្រទេសថៃ។ ស្ថាប័នមួយរបស់ព្រះអនុជពៅរបស់ព្រះមហាក្សត្រៃថៃ ត្រូវគេរំពឹងថា នឹងនាំចូលវ៉ាក់សាំង Sinopharm ដើម្បីជួយបំពេញបន្ថែមដល់ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 របស់រដ្ឋាភិបាលថៃ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។ រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំតែម្តង នៅខែមិថុនាខាងមុខនេះ ជាមួយគោលដៅចាក់វ៉ាក់សាំងប្រជាជន ឲ្យបានប្រមាណ៧០ភាគរយ នៃចំនួនប្រជាជនសរុប នៅមុនចុងឆ្នាំ២០២១នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews