ព័ត៌មានជាតិ May 16, 2023

ភោជនីយដ្ឋានចំនួន៨ នៅទីរួមខេត្តកោះកុង ប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសា

Naren

(កោះកុង)៖ តាមរយៈការផ្សព្វផ្សយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកលម្អិតធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានចំនួន៨ នៅទីរួមខេត្តកោះកុង បានប្រកាសមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។

នេះជាការប្រកាសឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកោះកុងនេះ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងខាងលើ មានប្រជាពលរដ្ឋ និងសាធារជនគ្រប់ស្រទាប់វណ្ណៈ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។

បើគិតមកដល់ពេលនេះមានភោជនីយដ្ឋានជាង៨៦កន្លែង នៅក្នុងខេត្តចំនួន៨ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ការប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។

លោក នេត្រ ភក្ត្រា បានសម្តែងនូវមោទកភាព និងអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាស មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដោយលោកបានគូសបញ្ជាក់ថា «ជាការចូលរួមប្រកបដោយ គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយនិងបង្កើតការជួញដូរសត្វព្រៃយ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូបធ្វើពីសាច់សត្វព្រៃវាជាផ្នែកនៃការលើកទឹកចិត្តឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាននៅក្នុងខេត្តផ្សេងទៀត ដែលមានតំបន់ការពារធម្មជាតិចូលរួមឱ្យបានច្រើនបន្ថែមទៀត ដើម្បីប្រសិទ្ធភាពនៃការការពារ និងអភិរក្សសត្វព្រៃ។ ឯកឧត្តមបានថ្លែងថា ប្រសិនបើគ្មានតម្រូវការក៏គ្មានការផ្គត់ផ្គង់ដែរ។ ដូច្នេះ ដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ សូមបងប្អូនដែលនិយមពិសាសាច់សត្វព្រៃបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំជឿថាសត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬជាឱសថ តែផ្ទុយមកវិញវាអាចបង្កហានីភ័យខ្ពស់ចំពោះសុខភាពរបស់បងប្អូន ព្រោះសាច់សត្វព្រៃគ្មានការពិនិត្យត្រឹមត្រូវនិងបង្កប់ដោយមេរោគសាហាវៗដែលអាចសម្លាប់ជីវីតយើង និងបង្កជាមេរោគចម្លងផ្សេងៗទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News