Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធ នៅលើសមុទ្របាល់ទិក

BY Naren June 27, 2023
ក្រុមយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធ នៅលើសមុទ្របាល់ទិក

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការធ្វើសមយុទ្ធយន្តហោះចម្បាំង នៅលើសមុទ្របាល់ទិក ជាមួយគោលដៅស្ទាបស្ទង់ ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធ និងកិច្ចការពិសេសផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

 

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កំលុងសមយុទ្ធខាងលើ ក្រុមយន្តហោះចម្បាំង Su-27 បានហាត់សមប្រើអាវុធបាញ់​ទៅលើ មីស៉ីលគ្រូសនិងយន្តហោះសត្រូវ ហើយក្រសួងក៏បានបន្ថែមទៀតថា ក្រុមពីឡុតយន្តហោះចម្បាំងរុស្ស៉ី កំពុងខិតខំ​ដុសខាតជំនាញរបស់ពួកគេ និងកំពុងស្ថិតក្រោមការអនុវត្តភារកិច្ចយ៉ាងជាប់លាប់ ក្នុងការការពារដែនអាកាស នៃតំបន់កាលីនីនក្រាដ (Kaliningrad) របស់​រុស្ស៉ី ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី ជាប់សមុទ្របាល់ទិក។

 

ដោយឡែក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ខ្លួនបានចល័តយន្តហោះចម្បាំង២គ្រឿង នៅពេលដែល​ក្រុមយន្តហោះចម្បាំង Typhoon របស់ចក្រភពអង់គ្លេស បានហោះមកក្បែរព្រំប្រទល់រុស្ស៉ី នៅលើតំបន់សមុទ្រខ្មៅ។ បើតាមទីក្រុងមូស្គូ យន្តហោះចម្បាំង Typhoon ទាំងនោះ បានអមដំណើរ យន្តហោះឈ្លបការណ៍មួយគ្រឿងធុន RC-135។

 

គួរបញ្ជាក់ថា អំលុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហោះស្ទាក់ដែលពាក់ព័ន្ធជាមួយយន្តហោះយោធារុស្ស៉ី និងក្រុមលោកខាងលិច បានកើនឡើងគួរឱ្យកត់សម្គាល់ នៅលើដែនអាកាសសមុទ្រខ្មៅនិងសមុទ្របាល់ទិក ចំពោះមុខភាពតានតឹងជុំវិញវិបត្តិសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីនៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: