លោក Elon Musk បានចាប់ផ្ដើមហាត់ក្បាច់គុន Jiu Jitsu ដើម្បីទុកប្រកួតជាមួយលោក Mark Zuckerberg
កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីដ៏ល្បីរបស់ពិភពលោក គឺលោក Elon Musk និងលោក Mark Zuckerberg បានយល់ព្រមគ្នាដើម្បីធ្វើការប្រកួតដាក់ក្នុងទ្រុង ដូចនៅលើសង្វៀន UFC។ ប៉ុន្តែកាលនោះ វាហាក់ដូចជាកំពូលមហាសេដ្ឋីទាំង ២នាក់ គ្រាន់តែលេងសើចជាមួយគ្នា នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក Musk ដូចជាមានភាពច្បាស់ចំពោះការប្រកួតនេះ ហើយមុននេះបន្ដិច លោក Lex Fridman ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ជនជាតិរុស្ស៊ី-អាមេរិកាំង ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបញ្ជាក់ថា លោក Elon Musk និងគាត់ កំពុងតែហាត់សមក្បាច់គុន Jiu Jitsu ជាមួយគ្នា។
នៅក្នុងការបង្ហោះរបស់លោក Lex Fridman គាត់បានសរសេរថា៖ «ខ្ញុំបានធ្វើការហ្វឹកហាត់ជាមួយលោក @elonmusk រយៈពេលពីរបីម៉ោងកាលពីម្សិលមិញ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំង ថាមពល និងជំនាញរបស់គាត់ ទាំងជើង និងលើដី។ វាល្អខ្លាំងណាស់។ វាពិតជាគួរឱ្យគោរព ក្នុងការបានឃើញលោក Elon និងលោក Mark បង្ហាញពីសិល្បៈក្បាច់គុន ប៉ុន្តែខ្ញុំគិតថា ពិភពលោកនឹងកាន់តែល្អជាងនេះ ប្រសិនបើពួកគេហ្វឹកហាត់ក្បាច់គុន ប៉ុន្តែមិនប្រយុទ្ធគ្នាក្នុងទ្រុង។ ប៉ុន្តែយ៉ាងណា ដូចដែលលោក Elon ធ្លាប់បាននិយាយ “The most entertaining outcome is the most likely.” ខ្ញុំនឹងនៅមើលពួកគាត់ មិនថាមានរឿងអ្វីនោះទេ»។ ជម្រាបដែរថា លោក Lex Fridman ក៏ធ្លាប់ហាត់សម Jiu Jitsu ជាមួយលោក Mark Zuckerberg ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត




