ព័ត៌មានអន្តរជាតិ July 1, 2023

Man Utd ព្រមព្រៀងទិញខ្សែបម្រើ Mount របស់ Chelsea ក្នុងតម្លៃ ៦៩លានដុល្លារ

Naren

(ឡុងដ៍)៖ Manchester United បានយល់ព្រមក្នុងការចុះកិច្ចសន្យា នាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount មកពីក្លិប Chelsea ក្នុងតម្លៃបឋម ៥៥លានផោន (៦៩លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

បិសាចក្រហម នឹងចំណាយប្រាក់បន្ថែម ៥លានផោន អាស្រ័យលើការបង្ហាញខ្លួន និងការលេងបានល្អ របស់កីឡាករ Mount នៅកីឡដ្ឋាន Old Trafford។ នេះបើតាមរបាយការណ៍បានបន្ថែម។

កីឡាករវ័យ ២៤ឆ្នាំ ដែលកិច្ចសន្យារបស់លោកជាមួយតោខៀវ Chelsea នឹងផុតកំណត់នៅឆ្នាំក្រោយនោះ ត្រូវបានគេដឹងថា បានព្រមព្រៀងចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Manchester United ដោយមានជម្រើសថែម ១ឆ្នាំទៀតផងដែរ។

ការសម្រេចនូវកិច្ចព្រមព្រៀង ជាមួយនឹងកីឡាករ Mount នឹងជួយបង្កើនជម្រើស សម្រាប់អ្នកចាត់ការក្លិប United លោក Erik ten Hag ក្នុងតំបន់បម្រើ។

Mount រកគ្រាប់បាល់បាន ២៧គ្រាប់ និងបញ្ជូនបាន ២២គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៩លើកនៅ Premier League សម្រាប់ក្លិប Chelsea។ ជាមួយគ្នានោះ លោកបានទទួលការកោះហៅ លេង ៣៦លើកឲ្យក្រុមជម្រើសជាតិអង់គ្លេស៕ ផ្តល់សិទ្ធិដោយ៖ Fresh News