ព័ត៌មានអន្តរជាតិ July 1, 2023

Foxconn នឹងវិនិយោគជាង ២០០លានដុល្លារ ក្នុងគម្រោងចំនួន ២នៅភាគខាងជើងប្រទេសវៀតណាម

Khmerpress

(បរទេស)៖ ក្រុមហ៊ុនផលិត និងដំឡើងគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងបំផុតរបស់ពិភពលោក Foxconn បានទទួលការយល់ព្រមពីប្រទេសវៀតណាមហើយក្នុងការវិនិយោគដែលមានតម្លៃប្រមាណ ២៤៦លានដុល្លារក្នុងគម្រោងថ្មីចំនួនពីរនៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពពីអាជ្ញាធរខេត្ត Quang Ninh បាននិយាយថា គម្រោងវិនិយោគពីក្រុមហ៊ុន Foxconn ដែលមានប្រមាណ ២៤៦លានដុល្លារនេះ នឹងបង្កើនការវិនិយោគបន្ថែមទៀតដែលអាចឈានដល់ ៣ពាន់លានដុល្លារឯណោះ ដើម្បីផ្តោតលើការផលិត និងផ្គុំគ្រឿងបន្លាស់រថយន្តអគ្គិសនី។

គម្រោងវិនិយោគរបស់ Foxconn ត្រូវបានប្រភពគូសបញ្ជាក់ថា ទឹកប្រាក់ដែលមានតម្លៃ ២០០លានដុល្លារនឹងចូលទៅក្នុងរោងចក្រផលិតឆ្នាំងសាករថយន្តអគ្គិសនី និងសមាសធាតុថ្មីមួយចំនួនទៀតដែលគ្រោងចាប់ផ្តើមផលិតកម្មនៅខែមករា ឆ្នាំ២០២៥ខាងមុខនេះ ជាមួយនឹងបុគ្គលិកប្រហែល ១,២០០នាក់។ ចំណែកទឹកប្រាក់ ៤៦លានដុល្លារដែលនៅសេសសល់គឺ សម្រាប់រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងទូរគមនាគមន៍ ដោយគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៤។

គួរជម្រាបដែរថា ក្រុមហ៊ុន Foxconn ដែលបានទៅវិនិយោគនៅប្រទេសវៀតណាមជិតពីរទស្សវត្សរ៍មកហើយនោះ ក៏មានគម្រោងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀតនៅខេត្ត Nghe An ភាគកណ្តាល ដែលនេះបង្ហាញថា Foxconn ទំនងជាកាត់ចិត្តពីចិនកាន់តែខ្លាំងហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews