ព័ត៌មានអន្តរជាតិ July 3, 2023

Taylor Swift លក់សំបុត្រប្រគំតន្ត្រីបានរហូតដល់ ១៣លានដុល្លារក្នុងមួយយប់ ស្ថិតក្នុងចំណោមអ្នកសិល្បៈ រកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

Naren

(បរទេស)៖ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Taylor Swift ត្រូវបានរាយការណ៍មកថា រកចំណូលពីការលក់សំបុត្រប្រគំតន្ត្រីបានរហូតដល់ជាង១៣លានដុល្លារ ក្នុងរយៈពេលមួយយប់ ដែលធ្វើឲ្យនាងស្ថិតក្នុងចំណោមអ្នកសិល្បៈរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ នៃការប្រគំតន្រ្តីទេសចរណ៍។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

Taylor Swift បានប្រកាសបន្ថែមការប្រគំតន្ត្រី ៣ថ្ងៃទៀតសម្រាប់ «The Eras Tour» ដែលជាការប្រគំតន្ត្រីចុងក្រោយរបស់នាង គឺនៅថ្ងៃទី៧, ៨ និង ៩ ខែមីនា ឆ្នាំ ២០២៤ ធ្វើឱ្យការសម្ដែងរបស់ Taylor Swift នៅប្រទេសសិង្ហបុរីឡើងដល់សរុប ៦ថ្ងៃ។ ទឹកប្រាក់ភាគច្រើនដែលរកបាន នឹងបង្វិលទៅថ្លៃដើមនៃការផលិតកម្មវិធី ហើយទឹកប្រាក់ទាំងនោះមិនរាប់បញ្ចូលនូវទឹកប្រាក់បន្ថែមរាប់លានដុល្លារក្នុងការលក់ទំនិញដែលមាននៅក្នុង «The Eras Tour » នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់ទាំងនោះ នៅតែធ្វើឱ្យ Swift វ័យ៣៣ឆ្នាំ ក្លាយជាសិល្បករដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក ហើយជាដំណើរទេសចរណ៍ដ៏ធំបំផុតក្នុងអាជីពរបស់នាង។ តារាចម្រៀងរូបនេះ កំពុងឈានដល់ការរកចំណូលបានច្រើនជាង ១ពាន់លានដុល្លារអាមេរិកជាកម្រិតមួយ ដែលមិនធ្លាប់មានអ្នកសិល្បៈរូបណាធ្លាប់កាន់កាប់ឡើយ។

បើតាមការចេញផ្សាយពី Pollstar បានឲ្យដឹងថា រយៈពេល២២ថ្ងៃ នៃការប្រគំតន្ត្រីទេសចរណ៍របស់តារាចម្រៀង Swift ធ្វើឲ្យនាងរកបានទឹកប្រាក់រហូតដល់ ៣០០លានដុល្លារឯណោះ។ នាងត្រូវបានរាយការណ៍មកថា គ្រោងទៅសម្តែងជាង៥០ថ្ងៃទៀត នៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកក៏ចេញទៅក្រៅប្រទេសបន្ថែម។ Pollstar ប៉ាន់ប្រមាណថា ការប្រគំតន្ត្រីទេចរណ៍ «The Eras Tour» របស់នាងអាចរកចំណូលឡើងដល់ ១.៣ពាន់លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ Fresh News