បុរសម្នាក់ហូបហតដកអស់ ៦២ដើមត្រឹម១០នាទី ក្នុងកម្មវិធីប្រកួតការហូបហតដកប្រចាំឆ្នាំ នៅទីក្រុងញូវយ៉ក
(បរទេស)៖ ម្ចាស់ជើងឯកនៃការប្រកួតការហូបហតដកប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក លោក Joey Chestnut បានការពារតំណែងរបស់ខ្លួនបានសម្រេចកាលពីថ្ងៃទី៤ ខែកក្កដា ដោយអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតជាលើកទី១៦ ក្រោយអាចហូបហតដកចំនួន ៦២ដើមក្នុងរយៈពេល១០នាទី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
រំលឹកទៅដើមឆ្នាំ២០២១ បេក្ខជនវ័យ ៣៩ឆ្នាំរូបនេះ ធ្លាប់បំបែកកំណត់ត្រាហូបហតដកបានច្រើនបំផុតរហូតដល់ ៧៦ ខណៈការប្រកួតក្នុងឆ្នាំ២០២៣នេះ លោកនៅតែអាចយកឈ្នះលើបេក្ខជនផ្សេងទៀត និងការពារបានតំណែងជើងឯកជាប់លេខ១ ក្រោយអាចហូបហតដកចំនួន ៦២ដើមក្នុងរយៈពេល១០នាទី។ ចំណែកម្ចាស់ជ័យលាភីលេខ២ បានទៅលើបេក្ខជនឈ្មោះ Geoff Esper (ជេហ្វ អេស្ពើ) មកពីក្រុង Oxford រដ្ឋ Massachusetts ដែលបានហូបហតដកអស់ ៤៩ដើមក្នុងរយៈពេល ១០នាទីដូចគ្នា។
គួរជម្រាបថា ការប្រកួតហូប Hot Dog ដ៏ល្បីល្បាញនេះត្រូវបានរៀបចំឡើងនៅកោះ Coney នៃទីក្រុងញូវយ៉ក ខណៈជើងឯកក្នុងការប្រកួត លោក Joey Chestnut បានមកពីរដ្ឋ Indiana៕ ផ្តល់សិទ្ធិដោយ៖ freshnews


