ប្អូនប្រុស ណុះ ណាវី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតបានបញ្ចប់ការសិក្សាលើមុខវិជ្ជា Bushfires: Response, Relief and Resilience ដោយជោគជ័យពីសាកលវិទ្យាល័យ Newcastle Australia (University of Newcastle Australia and Cifal Newcastle) តាមរយៈការសិក្សាពីចម្ងាយ (Online Course) បានចែករំលែកការសិក្សានិងបទពិសោធន៍ក្នុងបរិបទកូវីដប្រាប់មកគេហទំព័រ Khmer Press ដោយប្អូនបានរៀបរាប់ឲ្យដឹងថា៖ បញ្ហាកូវីដ១៩ គឺជាឧបសគ្គសម្រាប់ការវិវត្តនៃពិភពលោក ជាពិសេសវាបានជះឥទ្ធិពលទៅដល់ស្ទើរគ្រប់វិស័យ ហើយក្នុងនោះក៏មានវិស័យអប់រំផងដែរដែលរងឥទ្ធិពលពីជំងឺដ៏កាចសាហាវមួយនេះ។ ក្នុងនាមខ្ញុំជានិស្សិតជនបទមួយរូបដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំយល់ឃើញថាជំងឺកូវីដ១៩នេះបានជះឥទ្ធិពលខ្លាំងមែនទែនទៅលើវិស័យអប់រំមិនថាការសិក្សាក្នុងប្រទេសឬក្រៅប្រទេសឡើយ។ បញ្ហានេះបានជម្រុញឱ្យក្រសួងអប់រំមានវិធានការបិទសាលាទូទាំងប្រទេសដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ និងតម្រូវឱ្យសិស្សនិស្សិតផ្លាស់ប្តូរពីការរៀនក្នុងថ្នាក់មកជាការរៀនតាមអនឡាញវិញ។ ការសិក្សាតាមប្រព័ន្ធអនឡាញប្រាកដណាស់ទាំងខ្ញុំទាំងសិស្សនិស្សិតផ្សេងទៀតសុទ្ធតែជួបលំបាក ប៉ុន្តែទន្ទឹមនឹងនោះសម្រាប់ខ្ញុំផ្ទាល់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ខ្ញុំបានសម្របខ្លួនទៅនឹងការសិក្សាតាមប្រព័ន្ធអនឡាញដោយខ្ញុំគិតថាប្រសិនបើខ្ញុំមិនមានការខិតខំប្រឹងប្រែងសិក្សាតាមបរិបទនេះទេ ការសិក្សារបស់ខ្ញុំនឹងមានបញ្ហានាពេលខាងមុខដោយយើងមិនដឹងថាកូវិដ១៩នឹងបញ្ចប់នៅពេលណានោះទេ។ ក្នុងន័យនេះផងដែរ ខ្ញុំចង់ឱ្យសិស្សនិស្សិតមានការខិតខំប្រឹងប្រែងបន្តទៀតនៅក្នុងការសិក្សារបស់ពួកគេទោះបីជាការសិក្សានោះនៅតែបន្តតាមរយៈអនឡាញក៏ដោយ និងសូមកុំឱ្យមានការបាក់ទឹកចិត្ត ព្រោះថាការសិក្សាតាមប្រព័ន្ធអនឡាញក៏ធ្វើឱ្យសិស្សនិស្សិតបានទទួលនូវចំណេះដឹងថ្មីៗផងដែរ ជាពិសេសនោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីដើរឱ្យទាន់នៃយុគសម័យបដិវឌ្ឍឧស្សាហកម្ម៤.០។ លើសពីនេះទៅទៀតតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ កំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខ្ញុំក៏បានដាក់ពាក្យអាហាររូបករណ៍ដើម្បីសិក្សាមុខវិជ្ជាថ្មីៗបន្ថែមទៀតសម្រាប់ធ្វើការសិក្សាតាមប្រព័ន្ធអនឡាញរបស់សាកលវិទ្យាល័យល្បីៗនៅលើពិភពលោកដូចជា Harvard University, University of Newcastle […]