(ភ្នំពេញ)៖ រហូតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋសរុបចំនួន១.២លានគ្រួសារ មានសមាជិកចំនួនជាង ៤.៨លាននាក់ (ស្មើនឹងប្រមាណ២៨ភាគរយ នៃប្រជាពលរដ្ឋសរុប) ដោយចំណាយថវិកាជាតិ បានកើនឡើងដល់ ១ ១៣៩.៧ប៊ីលានរៀល ឬស្មើនឹង ២៨៥លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា៖ «វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្ន បាននឹងកំពុងគ្របដណ្តប់ប្រជាពលរដ្ឋជាង៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើន ឡើងធំជាងមុនជាង៣ដង។ ពោលគឺមានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គមចំនួនជាង ១៧,៥ ទ្រីលានរៀល ឬសមមូលនឹង៤,៣ប៊ីលានដុល្លារអាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក»។ បើតាមរបាយការណ៍របស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម មានដូចជា៖ ១៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤កន្លងមក។ កម្មវិធីនេះ មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ […]