(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ពីចំនួនអ្នកដំណើរជាតិ និងអន្តរជាតិ តាមផ្លួវអាកាសយ៉ាងច្រើនចូលមកកម្ពុជា តាមរយៈអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលមានរហូតជិតមួយម៉ឺននាក់។ លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ អ្នកដំណើរចូលកម្ពុជា តាមរយៈអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ មានចំនួន ៩ ៦០២នាក់ និងមានរហូតដល់ ៨១សញ្ជាតិ ដែលជាចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអាកាសយានដ្ឋានភ្នំពេញអន្តរជាតិហាក់មានភាពមមាញឹកខ្លាំង ជាពិសេសនៅចន្លោះពីម៉ោង៤ទៅ៥ល្ងាច ដោយមានជើងហោះហើរមួយចំនួនបានមកពីប្រទេសអេមីរ៉ាត់ និងកាតាជាដើម។ លោកបានឱ្យដឹងផងដែរថា អ្នកដំណើរដែលចូលមកកម្ពុជានាំមុខគេ មានចំនួន ៥ប្រទេស មានចិន ៣ ១៥៥នាក់, ខ្មែរ ២ ៨៦១នាក់, តៃវ៉ាន់ ៣៣៤នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង ២៨៦នាក់ និងថៃ ២៤២នាក់។ លោកបានបញ្ជាក់ថា ចំនួនអ្នកដំណើរផ្លូវអាកាស មកដល់ព្រលានយន្តហោះច្រើនបែបនេះ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនត្រឡប់ពីដើរកម្សាន្តវិញ […]