(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នកំពុងសម្រេចការសាងសង់សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ ៨៩,៥៦% មិនត្រឹមតែនាំមកនូវការដឹកជញ្ជូនទំនិញកសិកម្ម និងទំនិញគ្រប់ប្រភេទភ្ជាប់ពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ដែលមានកំពុងផែទឹកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវដែលបម្រើទៅដល់ផ្នែកទេសចរណ៍ ដោយសារនៅតាមបណ្ដោយនៃផ្លូវនេះ ពោរពេញទៅដោយធម្មជាតិតំបន់ព្រៃភ្នំជ្រោះជ្រលងដងអូរដ៏ស្រស់បំព្រង។ ថ្លែងក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចំនួន៣៧ស្ថាប័នផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤, លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។ ឃុំអូរសោម ស្រុកវាលវែង ស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗ។ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែម «សម្រាប់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិលេខ៥៥ តភ្ជាប់ផ្លូវជាតិលេខ៥ ទីប្រជុំជនខេត្តពោធិ៍សាត់ ទៅកាន់តំបន់ជួរភ្នំស្រុកវាលវែង រហូតដល់ព្រំដែនថៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែទៀត»។ លោក ខូយ រីដា បានបន្តថា បើទោះបីផ្លូវជាតិលេខ១០ សម្រេចការសាងសង់មិនទាន់រួចរាល់១០០ភាគរយយ៉ាងណាក្តី តែបច្ចុប្បន្នតាមរយៈផ្លូវមួយខ្សែនេះ […]