ព័ត៌មានអន្តរជាតិ

អាជ្ញាធរឥណ្ឌាបានហាមឃាត់ក្រុមហ៊ុនផលិតសុីរ៉ូក្អកមួយផ្សេងទៀត ជុំវិញមរណភាពរបស់កុមារនៅប្រទេសកាមេរូន

Khmerpress August 2, 2023 02/08/2023

អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុនផលិតសុីរ៉ូក្អក Riemann Labs Pvt ដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារនៅក្នុងប្រទេសកាមេរូន ត្រូវញ្ឈប់ការផលិតរបស់ខ្លួនជាបន្ទាន់ នៅក្នុងចំណាត់ការថ្មីចុងក្រោយបង្អស់មួយ បន្ទាប់ពីប្រទេសនេះបានចាត់វិធានការប្រឆាំងនឹងការនាំចេញថ្នាំដែលខូចគុណភាព។ រដ្ឋាភិបាលក្នុងរដ្ឋ Madhya Pradesh បានបញ្ជាឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Indore មួយនេះ ត្រូវបញ្ឈប់ការផលិតរបស់ខ្លួន ក្រោយពីមានការត្រួតពិនិត្យរួមគ្នាដោយនិយតករថ្នាំកម្រិតកណ្តាល និងថ្នាក់ជាតិ។ ឥឡូវនេះ លេខទូរស័ព្ទនៅលើគេហទំព័ររបស់ Riemann Lab ត្រូវបានបិទ ហើយក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។ ការត្រួតពិនិត្យលើក្រុមហ៊ុន Riemann Lab បានកើតឡើងបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ត្រីកាមេរូនបានសង្ស័យថា សុីរ៉ូក្អក Naturcold របស់ក្រុមហ៊ុន Riemann Labs គឺមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់សិបនាក់នៅក្នុងប្រទេសនេះ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើអាជ្ញាប័ណ្ណ​របស់ក្រុមហ៊ុន Riemann Lab ត្រូវបានដកហូតដែរ ឬទេ។ ជាមួយគ្នានេះ វាក៏ជាករណីស្លាប់ទី៣ ដែលផ្សារភ្ជាប់ជាមួយនឹងសុីរ៉ូក្អកដែលផលិតនៅឥណ្ឌា នៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យឧស្សាហកម្មផលិតថ្នាំតម្លៃ ៥០ ពាន់លានដុល្លាររបស់ប្រទេសនេះ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ប្រទេសចំនួន ២ ផ្សេងទៀត ដែលបានជួបនឹងបញ្ហាដូចគ្នានេះគឺ៖ ហ្គាំប៊ី និងអ៊ូសបេគីស្ថាន។ អង្គការសុខភាពពិភពលោកកាលពីខែមុនក៏បានលើកឡើងដែរថា […]

មិនធម្មតា! តារាចម្រៀង Taylor Swift ចែកលុយដល់ក្រុមការងាររាប់លានដុល្លារ ក្រោយការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន រកចំណូលបានលើសពី ១ពាន់លានដុល្លារ

Khmerpress August 2, 2023 02/08/2023

(បរទេស)៖ យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «Eras Tour» របស់ Taylor Swift ត្រូវបានគេព្យាករណ៍ថា នឹងក្លាយទៅជាការប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសក្តានុពលក្នុងការរកចំណូលបានលើសពី ១ពាន់លានដុល្លារអាមេរិក។ ប្រការនេះមិនមែនជារឿងចម្លែកនោះទេ ដែលតារារូបនេះចំណាយប្រាប់រាប់លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់ក្រុមការងាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃអង្គារសប្តាហ៍នេះ គេហទំព័រ TMZ បានរាយការណ៍ថា Swift បានផ្តល់រង្វាន់ដល់អ្នកដឹកសម្ភារៈប្រគំតន្ត្រីនូវប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រោយបំពេញការងារដ៏មមាញឹកកន្លងមក។ TMZ បានបន្ថែមថា មានអ្នកដឹកសម្ភារៈប្រហែល៥០នាក់ សម្រាប់ដំណើរកម្សាន្តរបស់នាង Swift ដោយក្នុងនោះនាងចំណាយអស់៥លានដុល្លារ សម្រាប់ចែកទៅកាន់អ្នកដឹកទំនិញ។ ប្រភពមួយផ្សេងទៀតបានប្រាប់ទស្សនាវដ្តី People ថា តារាចម្រៀងរូបនេះក៏បានផ្តល់ប្រាក់រង្វាន់ ដល់អ្នករាល់គ្នាដែលធ្វើការជាមួយនាង រួមទាំងអ្នករាំ អ្នកហាត់សម អ្នកបច្ចេកទេសសំឡេង និងអ្នកផ្តល់ម្ហូបអាហារ ដែលគិតជាទឹកប្រាក់សរុប ៥៥លានដុល្លារអាមេរិក។ គួរជម្រាបថា […]

ចិន៖ ទីក្រុងប៉េកាំង កត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ

Khmerpress August 2, 2023 02/08/2023

(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន បាននិយាយថាភ្លៀងដែលបានធ្លាក់លើទីក្រុងប៉េកាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។ មន្ត្រីឧតុនិយមប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់នៅថ្ងៃពុធនេះដូច្នេះថា «កម្រិតអតិបរមានៃបរិមាណភ្លៀងធ្លាក់ដែលត្រូវបានកត់ត្រា អំឡុងព្យុះ មានដល់ ទៅ ៧៤៤.៨មីលីម៉ែត្រ នៅឯអាងស្ដុកទឹក វ៉ាងជីយ័ន (Wangjiayuan) ក្នុងទីក្រុងឆាងពីង (Changping)… ហើយនេះជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ»។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Doksuri បានបក់បោកក្នុងទិសដៅឆ្ពោះទៅភាគខាងជើង នៃប្រទេសចិន បន្ទាប់ពីបានវាយប្រហារលើខេត្តហ្វូជាំង (Fujian) នៃភាគខាងត្បូងប្រទេស កាលពីសប្ដាហ៍មុន និងក្រោយវាយប្រហារលើប្រទេសហ្វីលីពីន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃអង្គារ មនុស្សយ៉ាងហោច ១១នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង ខណៈ១៣នាក់បានបាត់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Foxconn គ្រោងផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីនៅទីផ្សារប្រទេសឥណ្ឌា និងថៃដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ

Khmerpress August 2, 2023 02/08/2023

(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Foxconn បានប្រកាសថាលោកកំពុងពិភាក្សាជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងការជ្រើសយកទីផ្សាប្រទេសឥណ្ឌា និងថៃដើម្បីផលិតរថយន្តអគ្គិសនីធន់តូចដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនកំពុងស្វែងរកទីតាំងមានសក្តានុពលដើម្បីបង្កើតរោងចក្របណ្តាក់ទុនរួមគ្នាថ្មីមួយទៀតដែលមានឈ្មោះថា Mobility in Harmony (MIH)។ តាមរយៈរបាយការណ៍ចេញផ្សាយកន្លងមក MIH មានបំណងផលិតរថយន្តអគ្គិសនីធន់តូចស៊េរីថ្មីដែលមានតម្លៃចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ខណៈរថយន្តដែលគ្រោងផលិតនោះត្រូវបាន CEO Foxconn គូសបញ្ជាក់ថាជាប្រភេទរថយន្តអគ្គិសនីធន់តូចជាមួយនឹងកៅអីចំនួន ៣ថ្មី ដែលត្រូវបានរចនាយ៉ាងពិសេសម្រាប់បើកបរក្នុងទីក្រុង ឬតំបន់ជិត ជាពិសេសសម្រាប់សម្រួលដល់ម្ចាស់អាជីវកម្ម ឬអ្នកដឹកជញ្ជូន។ គួរជម្រាបដែរថា ចំពោះគម្រោងទៅបង្កើតរោងចក្រថ្មីនៅឥណ្ឌា និងថៃកំពុងស្ថិតក្នុងការពិភាក្សានៅឡើយនៅមិនទាន់សម្រេចថា នឹងទៅប្រទេសណាមួយនោះទេ។ ប៉ុន្តែជុំវិញរបាយការណ៍ចេញផ្សាយត្រូវបានគេរំពឹងថា អាចនឹងទៅប្រទេសឥណ្ឌា ខណៈថ្ងៃអនាគតទាំងប្រទេសឥណ្ឌា និងថៃ នឹងក្លាយជាគូប្រជែងវិស័យរថយន្តអគ្គិសនីដ៏ខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុននឹងបន្តការហាមឃាត់ការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី

Khmerpress August 2, 2023 02/08/2023

(តូក្យ)៖ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ជប៉ុននឹងបន្តការហាមឃាត់នាំចេញរថយន្តប្រណីតទៅកាន់ប្រទេសរុស្ស៊ីចាប់ពីខែនេះទៅដែលនឹងគ្របដណ្តប់លើរថយន្តថ្មី និងរថយន្តជជុះកម្លាំងម៉ាស៊ីនចាប់ពី ១ ៩០០ស៊ីស៊ី ខណៈប្រទេសនេះបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការហាមឃាត់កាន់តែទូលំទូលាយនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែសីហា ហើយទំនងជានឹងទប់ស្កាត់ការនាំចេញរថយន្តជជុះរបស់ជប៉ុនទៅកាន់ប្រទេសរុស្ស៊ី ដែលបានកើនឡើងចាប់តាំងពីការចាប់ផ្តើមកើតមានជម្លោះដោយសារមានតម្រូវការខ្ពស់នូវយានយន្តដែលអាចទុកចិត្តបាន និងប្រើប្រាស់បានយូរ។ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីជប៉ុន បានសម្រេចកែប្រែបទបញ្ជាត្រួតពិនិត្យការនាំចេញ ដែលហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី។ លោក Nishimura បានមានប្រសាសន៍ថា៖ «ជាមួយវិធានការនេះ ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនូវរថយន្តដែលមានកម្លាំងម៉ាស៊ីនលើសពី ១ ៩០០ស៊ីស៊ី រថយន្តដឹកអ្នកដំណើរម៉ាស៊ីនកូនកាត់ និងសំបកកង់រថយន្តធំជាដើម នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី៩ ខែសីហាទៅ»។ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ការហាមឃាត់ដែលត្រូវបានពង្រីកនេះក៏រួមបញ្ចូលផងដែរនូវរថយន្តកូនកាត (hybrid) រថយន្តកូនកាត់បញ្ចូលអគ្គិសនីខាងក្រៅ (plug-in hybrid) និងរថយន្តអគ្គិសនី។ មន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថា ក្រសួងនឹងបង្ហាញព័ត៌មានលម្អិតអំពីទំនិញដែលរងផលប៉ះពាល់មួយសប្តាហ៍មុនពេលច្បាប់នេះចូលជាធរមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews

មាសដុំអាចឡើងថ្លៃខ្ពស់ជាង ២០០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ

Khmerpress August 2, 2023 02/08/2023

(បាងកក)៖ ក្រុមហ៊ុន YLG Bullion & Futures បានឱ្យដឹងថា តម្លៃមាសដុំត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ជាង ២ ០០០ដុល្លារអាមេរិកក្នុងមួយអោន (៨,៣ជី) នៅចុងឆ្នាំនេះក្នុងគ្រាពេលមានការរំពឹងថានឹងមានការធ្លាក់ចុះសេដ្ឋកិច្ចនៅអាមេរិក និងអឺរ៉ុប ភាពតានតឹងកត្តាភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងការដំឡើងអត្រាការប្រាក់តិចជាងមុន។ លោកស្រី Tipa Nawawattanasub នាយកប្រតិបត្តិក្រុមហ៊ុន YLG ដែលជាក្រុមហ៊ុនជួញដូរមានឈានមុខគេមួយ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការកើនឡើងអត្រាការប្រាក់បានធ្វើឱ្យការវិនិយោគលើមាសមិនមានភាពទាក់ទាញនាពេលថ្មីៗនេះ ប៉ុន្តែឥឡូវនេះអត្រានេះកើនជិតដល់ចំណុចកំពូលហើយ ហើយប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ ដែលកត្តាបែបនេះកំពុងជួយជំរុញតម្លៃមាស។ លោកស្រីមានប្រសាសន៍ថា៖ «នៅពេលអត្រាការប្រាក់ធ្លាក់ចុះ វានឹងក្លាយជាឱកាសក្នុងការវិនិយោគលើមាស»។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការដំឡើងអត្រាការប្រាក់គោនយោបាយរបស់ខ្លួន ០,២៥% ដល់កម្រិត ៥,២៥-៥,៥០% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ ក្រុមហ៊ុន YLG រំពឹងថា ធនាគារកណ្តាល Fed នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ។ បន្ទាប់ពីនោះ អាចនឹងមានរយៈពេលពី ៣ ទៅ ៥ឆ្នាំ សម្រាប់មាស ដែលត្រូវបានគេរំពឹងថានឹងឡើងថ្លៃ។ នេះបើយោងតាមក្រុមហ៊ុន YLG។ ជាធម្មតា មាសត្រូវបានគេយល់ថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដោយមានតម្រូវការខ្ពស់ជាពិសេសក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ លោកស្រី […]

UPDATE: អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី ស៊ូជី ទទួលបានការបន្ថយរយៈពេលជាប់ពន្ធនាគារពី៣៣ឆ្នាំ មកនៅត្រឹម២៧ឆ្នាំ

Khmerpress August 1, 2023 01/08/2023

(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី ដែលសព្វថ្ងៃអាយុ៧៨ឆ្នាំ ទទួលបានការបន្ធូរបន្ថយ៦ឆ្នាំ សម្រាប់រយៈពេលដែលត្រូវជាប់ពន្ធនាគារសរុប ៣៣ឆ្នាំរបស់លោកស្រី នៅក្នុងការលើកទោសនាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ «រយៈពេលនៃការជាប់ពន្ធនាគារ នឹងត្រូវកាត់បន្ថយ៦ឆ្នាំ» អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា លោក ហ្សរ មីនទុន (Zaw Min Tun) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប្រកាសថា លោកស្រី ស៊ូជី ត្រូវបានលើកលែងទោស​សម្រាប់បទល្មើសចំនួន៥ ក្នុងចំណោម១៤ ដែលលោកស្រីបានរងការចោទប្រកាន់។ ប្រការនេះមានន័យថា រយៈពេលជាប់ពន្ធនាគារ​សម្រាប់លោកស្រី ស៊ូជី ត្រូវថយពី៣៣ឆ្នាំមកនៅត្រឹម២៧ឆ្នាំ។ រីឯអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីន (Win Myint) ដែលបានធ្លាក់ពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ ហើយស្ថិតក្រោមការឃុំឃាំងដូចលោកស្រី ដែរនោះ ទទួលបានការបន្ថយ៤ឆ្នាំ នៃរយៈពេលជាប់ពន្ធនាគាររបស់លោក។ គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើ គឺជាផ្នែកនៃការលើកលែងទោសទូទាំងប្រទេសមីយ៉ាន់ម៉ា សម្រាប់អ្នកទោសជាង៧,០០០នាក់ […]

ឥណ្ឌូណេស៉ីទិញយន្តហោះដ្រូនជាង១០គ្រឿងពីតួកគី ក្នុងតម្លៃ៣០០លានដុល្លារ

Khmerpress August 1, 2023 01/08/2023

(ហ្សាការតា)៖ ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានប្រកាសនៅថ្ងៃអង្គារនេះថា ឥណ្ឌូណេស៉ីបានទិញយន្តហោះដ្រូនថ្មីចំនួន១២គ្រឿង ពីក្រុមហ៊ុន Turkish Aerospace នៃប្រទេសតួកគី ក្នុងតម្លៃសរុប៣០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ ការទិញយន្តហោះដ្រូនខាងលើ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មសម្ភារយោធាចាស់ៗ របស់ប្រទេសអាស៊ានមួយនេះ។ ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងទិញយន្តហោះដ្រូន ជាមួយក្រុមហ៊ុន Turkish Aerospace ដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ា គឺត្រូវបានចរចាគ្នាសម្រេចជាស្ថាពរ កាលពីខែកុម្ភៈ ហើយទីក្រុងហ្សាការតារំពឹងទទួលបានដ្រូនទាំងនោះ ក្នុងរយៈពេលសរុប៣២ខែ ក្រោយការចុះកិច្ចព្រមព្រៀង។ គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៣នេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ីប៊ីអាន់តូ (Prabowo Subianto) សម្រេចបានកិច្ចព្រមព្រៀងមួយ ទំហំ៨០០លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង Mirage (មីរ៉ាច) 2000-5 ១២គ្រឿង ហើយកាលពីខែកុម្ភៈ ក៏បានទិញយន្តហោះចម្បាំង Rafale (រ៉ាហ្វាល់) ៤២គ្រឿង ក្នុងតម្លៃ៨.១ពាន់លានដុល្លារផងដែរ។ យោងតាម​ទិន្នន័យរដ្ឋាភិបាល ក្រសួងការពារជាតិឥណ្ឌូណេស៉ី […]

លោកស្រី អោងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាលើកលែងទោស សម្រាប់បទល្មើសចំនួន៥

Khmerpress August 1, 2023 01/08/2023

(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន១៤ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ ការប្រកាសនេះ គឺជាផ្នែកមួយនៃការលើកលែងទោសដល់ទណ្ឌិតជាង ៧ពាន់នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ប្រធានក្រុមប្រឹក្សារដ្ឋនៃរបបយោធា បានសម្រេចលើកលែងទោសមួយចំនួនសម្រាប់ លោកស្រី ស៊ូជី ដែលត្រូវបានតុលាការកាត់ទោស។ លោកស្រី ស៊ូជី ត្រូវបានលើកលែងទោសចំនួន ៥ករណី ប៉ុន្តែនៅតែត្រូវប្រឈមការចោទប្រកាន់ចំនួន ១៤ ផ្សេងទៀត។ មន្រ្តីច្បាប់មួយរូប បាននិយាយថា លោកស្រី ស៊ូជី ទំនងជាមិនអាចត្រូវបានដោះលែងនោះទេ ទោះជាមានការលើកបទចោទមួយចំនួនក្តី។ គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ចេញពីអំណាច លោកស្រី ស៊ូជី ត្រូវបានតុលាការយោធា កាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ១៩ រាប់ចាប់តាំងពីអំពើពុករលួយ […]

Uncle Roger បានធ្វើឱ្យមហាជននៅកម្ពុជា និងឡាវ មានការខកចិត្តយ៉ាងខ្លាំង ក្រោយនិយាយថា ម្ហូបរបស់ប្រទេសទាំងពីរអន់ជាងថៃ

Khmerpress August 1, 2023 01/08/2023

តារាកំប្លែងម៉ាឡេស៊ីលោក Nigel Ng ដែលត្រូវបានគេស្គាល់ជាទូទៅថា «Uncle Roger» កំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងនៅប្រទេសកម្ពុជា និងឡាវ មានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង ចំពោះការនិយាយស្ដីមិនសមរម្យរបស់គាត់លើមុខម្ហូបរបស់ប្រទេសទាំងពីរ។ នៅក្នុងវិដេអូថ្មីមួយដែលគាត់ទើបតែបានបង្ហោះនៅលើ YouTube គាត់បាននិយាយថា៖«មិនមែនម្ហូបមកពីអាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែល្អទេ។ អ្នកមិនចង់បានម្ហូបមកពីឡាវ ឬកម្ពុជាទេ»។ លោក Nigel Ng បាននិយាយបន្ថែមថា៖«ម្ហូបឡាវគឺជា version អន់ ប្រៀបនឹងម្ហូបថៃ» បើទោះបីជាដៃគូរបស់គាត់ព្យាយាមនិយាយកាត់ និងប្រាប់គាត់ថា មិនគួរនិយាយបែបនោះឡើយ។ រំលឹកដែរថា លោក Nigel Ng កាលពីប៉ុន្មានរយៈមុនក៏ទើបតែត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ផងដែរ។ ហេតុផលគឺ គាត់បានលេងសើចប៉ះពាល់ច្រើនដល់នយោបាយចិន ដោយបានចោទថា ប្រទេសចិនបានលបស្ដាប់ ឬយកការណ៍តាមរយៈស្មាតហ្វូនរបស់ពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត