ព័ត៌មានអន្តរជាតិ

បុរសអត់ការងារធ្វើជនជាតិថៃម្នាក់ មានសម្ពាធផ្លូវចិត្ត ជះថ្នាំលាយពណ៌លើភ្ញៀវទេសចរម៉ាឡេស៉ីមួយគូ ហើយដុតបញ្ឆេះខ្លួន បណ្តាលឱ្យផ្អើលទីក្រុងបាងកក

Liny Chan August 9, 2025 09/08/2025

(បាងកក)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា នៅពេលដែលបុរសជនជាតិថៃម្នាក់ នៅសុខៗស្រាប់តែបានយកទឹកថ្នាំលាយពណ៌ទៅជះលើ ភ្ញៀវទេសចរម៉ាឡេស៉ី២នាក់ ហើយដុតភ្លើងលើអ្នកទាំងពីរ ទាំងដែលពួកគេមិនបានធ្វើអ្វីសោះដាក់ជនរូបនោះ។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ Khaosod។ ប៉ូលិសថៃបានឱ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេ​បានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ភ្លាមៗក្រោយការវាយប្រហារ មនុស្សម្នាដែលនៅក្បែរឃើញហេតុការណ៍នោះ បានស្ទុះចូលជួយជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ រហូតទាល់តែដល់ពេលប៉ូលិសមកដល់។ អំឡុងការសួរចម្លើយរបស់ប៉ូលិស ជន Warakorn បានសារភាពថា ខ្លួនមិនមានទំនាស់និងគំនុំអ្វីពីមុនមកជាមួយជនរងគ្រោះទេ ដោយបានអះអាងថា សកម្មភាពរបស់ខ្លួន គឺបណ្តាលមកពីបញ្ហាស្ត្រេសធ្ងន់ធ្ងរ ដោយសារគ្មានការងារធ្វើ ហើយអត់អាហារហូបប៉ុន្មានថ្ងៃមកហើយ។ បើតាមប៉ូលិសថៃ ការធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ចេញលទ្ធផលមកអវិជ្ជមាន។ គួរបញ្ជាក់ថា ភ្ញៀវទេសចរម៉ាឡេស៉ីទាំង២នាក់ខាងលើ ក្រោយមកបានស្ថិតក្នុងស្ថានភាពនឹងនរវិញ។ រដ្ឋមន្រ្តីទេសចរណ៍ថៃ បានចេញមុខបង្ហាញការសោកស្តាយចំពោះឧប្បត្តិហេតុ ដែលបានកើតឡើង ហើយបានទាក់ទងជាមួយស្ថានទូតម៉ាឡេស៉ី […]

ភ្លើងឆេះព្រៃដ៏សម្បើម កំពុងលុកលុយភាគខាងត្បូងប្រទេសបារាំង

Liny Chan August 6, 2025 06/08/2025

(Reuters)៖ ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំបន់ Aude នៃភាគខាងត្បូងប្រទេសបារាំង ស្ថិតនៅក្បែរព្រំដែនប្រទេសអេស្ប៉ាញ បានបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី ៤៥០០ហិកតា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង ដើម្បីគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។ ទូរទស្សន៍បារាំង BFMTV បានឱ្យដឹងថាមនុស្ស២នាក់បានរងរបួសដោយសារភ្លើងឆេះព្រៃ ក្នុងនោះមានម្នាក់របួសធ្ងន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ថានឹងជួបលោក ស៊ី ជីនពីង ប្រសិនបើសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម

Liny Chan August 6, 2025 06/08/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថាសហរដ្ឋអាមេរិកខិតជិតទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយថា លោកនឹងជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងទេ នោះខ្ញុំនឹងមិនមាន កិច្ចប្រជុំ (ជាមួយលោក ស៊ី ជីនពីង) នោះទេ»។ តែយ៉ាងណាក៏ដោយ លោក ត្រាំ បន្ថែមថា «យើងកំពុងខិតកាន់តែជិតទៅរកការចុះកិច្ចព្រមព្រៀង។ យើងកំពុងដោះស្រាយជាមួយចិន បានយ៉ាងល្អប្រសើរ»។ គួរបញ្ជាក់ថា ចិនកំពុងប្រឈមមុខនឹងឱសានវាទដល់ថ្ងៃទី១២ ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ឈានដល់កិច្ចព្រមព្រៀងបឋមក្នុងខែឧសភា និងខែមិថុនា ដើម្បីផ្អាកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក។ ដូច្នេះបើមិនមានកិច្ចព្រមព្រៀងពេញលេញមួយទេ មហាអំណាចទាំង២ […]

ប្រធានអាស៊ាន៖ ម៉ាឡេស៊ី ប្រើផ្កាយរណប តាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំងត្រៀមខ្លួនបញ្ជូនក្រុមអ្នកតាមដានបទឈប់បាញ់

Liny Chan August 5, 2025 05/08/2025

(គូឡាឡាំពួ)​៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថា បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីបញ្ជូនក្រុមអ្នកតាមដានទៅកាន់ ព្រំដែនកម្ពុជា និងថៃ ប្រសិនបើមានការស្នើសុំពីប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក Anwar បានបញ្ជាក់ថាការសម្រេចចិត្តពាក់ព័ន្ធនឹងវត្តមានយោធាសម្រាប់ការតាមដានអាចនឹងត្រូវបានសម្រេចនៅពេលក្រោយ ខណៈស្ថានការណ៍ នៅតំបន់ព្រំដែនរវាងប្រទេសទាំង២កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ «មិនថាជាវត្តមានយោធាដែលជាតម្រូវការសម្រាប់ការតាមដាននឹងត្រូវបានសម្រេចនៅពេលក្រោយ។ ពីព្រោះ បច្ចុប្បន្នស្ថានការណ៍នៅតែបន្តស្ថិតក្រោមការគ្រប់គ្រង បើទោះជាមានភាពតានតឹងនៅឡើយក៏ដោយ»។ នេះជាការគូសបញ្ជាក់របស់លោក Anwar ដោយបន្ថែមថាម៉ាឡេស៊ីកំពុងតាមដានការអនុវត្តបទឈប់បាញ់ដោយប្រើផ្កាយរណប។ គួរបញ្ជាក់ថា បើតាមលោក Anwar Ibrahim មកទល់នឹងពេលនេះ កម្ពុជា និងថៃ បានស្នើឱ្យម៉ាឡេស៊ីជួយសម្របសម្រួលកិច្ចចរចារវាងក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ ប្រទេសទាំង២ ក្នុងទីក្រុងគូឡាឡាំពួនៅថ្ងៃទី៧ ខែសីហា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ គំរាមឥណ្ឌាជាថ្មីពីការដំឡើងពន្ធគយ ជុំវិញការទិញប្រេងពីរុស្ស៉ី

Liny Chan August 5, 2025 05/08/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមសាជាថ្មីនៅថ្ងៃចន្ទ ទី៤ ខែសីហា ថានឹងដំឡើងពន្ធគយលើទំនិញនាំចូលពីឥណ្ឌាដោយសារតែទីក្រុងញូវដែលី នៅតែបន្តទិញប្រេងពីរុស្ស៉ី ខណៈក្រុមមន្ត្រីឥណ្ឌាហៅការសម្លុតគំរាមរបស់លោក ត្រាំ ថាគ្មានហេតុផល ហើយប្ដេជ្ញាថានឹងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ដែលនេះអាចនឹង ធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានលើកឡើងថា «ឥណ្ឌាមិនត្រឹមតែកំពុងបន្តទិញប្រេងក្នុងបរិមាណដ៏ធំពីរុស្ស៉ីប៉ុណ្ណោះទេ តែពួកគេបានទិញប្រេងមួយ ចំនួនធំរួចទៅហើយ ដោយការទិញលក់នេះធ្វើឡើងដោយបើកចំហ។ ពួកគេមិនខ្វល់ថាតើមានប្រជាជនអ៊ុយក្រែនប៉ុន្មាននាក់កំពុងត្រូវបានសម្លាប់ដោយម៉ាស៊ីនសង្រ្គាមរបស់រុស្ស៉ី នោះទេ។ ដូច្នេះ ខ្ញុំនឹងដំឡើងពន្ធគយលើទំនិញដែលឥណ្ឌានាំចូលក្នុងសហរដ្ឋអាមេរិក»។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាម្នាក់បាននិយាយថាឥណ្ឌានឹងដាក់ចេញរាល់ វិធានការចាំបាច់នានា ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះក៏បានហៅការសម្លុតគំរាមរបស់លោក ត្រាំ ធ្វើឡើងដោយគ្មានហេតុផល ផងដែរ។ គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ ឥណ្ឌាត្រូវបានរាយការណ៍ថានឹងបន្តទិញប្រេងពីរុស្ស៉ី បើទោះជាមានការគំរាមពីលោក ត្រាំ ដែលបានប្រកាសយកពន្ធគយ ២៥ភាគរយ លើទំនិញឥណ្ឌាកាលពីខែកក្កដាក៏ដោយ។ ឥណ្ឌាបានប្រឈមនឹងសម្ពាធពីបណ្ដាប្រទេសលោកខាងលិចឱ្យដកខ្លួនចេញឆ្ងាយពីរុស្ស៉ី ចាប់តាំងពីទីក្រុងមូស្គូឈ្លានពានចូលអ៊ុយក្រែន កាលពីឆ្នាំ២០២២។ តែទីក្រុងញូវដែលីជម្នះនឹងការដាក់សម្ពាធ ដោយលើកឡើងពីទំនាក់ទំនងយូរអង្វែងជាមួយរុស្ស៉ី និងតម្រូវការចាំបាច់ខាងសេដ្ឋកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូរ៉េខាងត្បូង ចាប់ផ្ដើមដកឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើង ចេញពីបណ្ដោយព្រំដែន

Liny Chan August 4, 2025 04/08/2025

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៤ ខែសីហា បានចាប់ផ្ដើមដកឧបករណ៍បំពងសំឡេង ដែលត្រូវបានដាក់ពង្រាយដើម្បីរិះគន់ប្រឆាំងកូរ៉េខាងជើងតាមរបៀបសង្រ្គាមចិត្តសាស្ត្រ ចេញពីបណ្ដោយព្រំដែន ខណៈរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Lee Jae Myung កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លាមៗក្រោយឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែមិថុនាកន្លងទៅ រដ្ឋបាលរបស់លោក Lee Jae Myung បានបិទឧបករណ៍បំពងសំឡេងដែលត្រូវបានដំឡើង នៅតាម បណ្ដោយព្រំដែនទុករិះគន់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ក្នុងពេលកំពុងប្រឹងប្រែងស្ដារកិច្ចសន្ទនាដែលកំពុងជាប់គាំងជាមួយកូរ៉េខាងជើងឡើងវិញ។ ក៏ប៉ុន្តែ ថ្មីៗនេះកូរ៉េខាងជើង​ បានច្រានចោលសំណើផ្សះផ្សា ហើយនិយាយថាខ្លួនមិនចាប់អារម្មណ៍នឹងកិច្ចចរចាជាមួយកូរ៉េខាងត្បូងនោះទេ។ គួរបញ្ជាក់ថា កូរ៉េទាំង២ នៅតែបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមមកទល់សព្វថ្ងៃ ក្រោយសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបិទបញ្ចប់ទៅដោយបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនជា សន្ធិសញ្ញាសន្តិភាពនោះឡើយ។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង ការដកចេញនូវឧបករណ៍បំពងសំឡេងនៅតាមបណ្ដោយព្រំដែននៅថ្ងៃចន្ទនេះ គឺជាការអនុវត្តជាក់ស្ដែងសំដៅ បន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះនៅថៃ ផ្ដាច់ជីវិតមនុស្ស ៦នាក់

Liny Chan August 2, 2025 02/08/2025

(បាងកក)៖ ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសថៃ បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២ ខែសីហាថាគ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយព្យុះ Wipha ចាប់តាំងពីខែកក្កដា បានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ និងបង្កផលប៉ះពាល់ដល់ប្រជាជនជាង ២៣០ ០០០នាក់ នៅទូទាំងប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចខេត្តចំនួន ១២របស់ថៃ ភាគច្រើនជាខេត្តនៅភាគខាងជើង និងភាគកណ្ដាល។ «យើងកំពុង តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់បង្កឡើងដោយព្យុះ Wipha និងកំពុងសម្របសម្រួលជាខេត្តដែលរងផលប៉ះពាល់ដើម្បីជួយដល់អ្នកដែលត្រូវការ ជំនួយជាចាំបាច់»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។ គួរបញ្ជាក់ថា ថៃតែងតែជួបប្រទះរដូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះពីខែឧសភា ដល់ខែតុលា។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការប្រែប្រួលអាកាសធាតុបង្កឡើង ដោយស្នាដៃរបស់មនុស្ស បានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខ្លាំងដែលបង្កជាគ្រោះទឹកជំនន់មានសភាពកាន់តែធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្លិបអ្នកកាសែតកម្ពុជា៖ សារព័ត៌មានថៃ Khaosod និង The Nation Thailand  ផ្សព្វផ្សាយព័ត៌មានខុសពីការពិត ខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន ខ្វះវិជ្ជាជីវៈ ធ្វើឱ្យភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ !

Liny Chan July 31, 2025 31/07/2025

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្ដីថ្លែងការ ស្ដីពីការកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួនពីភាគីថៃ នៅតែផ្សាយខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍រប់សក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ សេចក្ដីថ្លែងការដដែលបានបញ្ជាក់ថា៖ «ក.អ.ក បានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននឹងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការ ភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំង ពីរក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ»។ ដោយមើលឃើញពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងភាគីទាំង២ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមអំពាវនាវដោយទទូចដល់សារព័ត៌មានថៃមួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែអាចជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ។ ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយ ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និង ប្រឆាំងព័ត៌មានមិនពិត […]

ប៉ូលិស ៦នាក់ និងជនស៊ីវិលម្នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់-បែក នៅភាគខាងត្បូងប្រទេសថៃ

Liny Chan July 30, 2025 30/07/2025

(បាងកក)៖ គ្រាប់បែកបង្កៃតាមផ្លូវមួយគ្រាប់បានផ្ទុះ នៅក្នុងស្រុក Sungai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ដោយបណ្ដោលឱ្យមន្ត្រីប៉ូលិស ៦នាក់ និងជនស៊ីវិលម្នាក់រងរបួស នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើកើតឡើងនៅម៉ោង ៨ព្រឹក​ និងមានគោលដៅលើក្បួនម៉ូតូប៉ូលិសដែលកំពុងល្បាតការពារក្រុមគ្រូបង្រៀនក្នុងតំបន់។ មន្ត្រីប៉ូលិស២នាក់ និងជនស៊ីវិលម្នាក់ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានរងរបួសធ្ងន់ ខណៈមន្ត្រីប៉ូលិស៤នាក់ផ្សេងទៀតរងរបួសស្រាល។ អាជ្ញាធរថៃបានចោទថាការវាយប្រហារដោយ ការបង្កៃគ្រាប់បែកនេះជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធផ្ដាច់ទឹកដីនៅភាគខាងត្បូងប្រទេស៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News