ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ថាលោក ពូទីន កំពុងរកខ្យល់ដកដង្ហើម ដោយប្រកាសបទឈប់បាញ់ឯកតោភាគី

Khmerpress January 6, 2023 06/01/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្រោយសង្រ្គាមរយៈពេលជាង ១០ខែមកនេះ និងការបាត់បង់កងទ័ពរាប់ពាន់នាក់បានបង្ខំឱ្យប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឱ្យដឹងថាលោក ពូទីន បានបញ្ជាឱ្យមានបទឈប់បាញ់ចាប់ពីរសៀលថ្ងៃសុក្រនេះ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីមានការអំពាវនាវបទឈប់បាញ់នាឱកាសបុណ្យណូអែលអូតូដុក ពីសំណាក់សម្ដេចសង្ឃអូតូដុករុស្ស៉ី គីរៀល (Kirill)។ ប៉ុន្តែ អ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ឯកតោភាគីនេះ ដោយចាត់ទុកថាវាជាល្បិច ហើយនឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីទឹកដីអ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរពីបទឈប់បាញ់នេះដែរ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថាលោកកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដែលបានបង្ខំឱ្យ ប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា​ បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន នឹងចាប់ផ្ដើមចាប់ពីរសៀលថ្ងៃសុក្រនេះ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែលពេលអ្នកកាន់សាសនាគ្រឹស្ត និកាយអូតូដុកមួយចំនួន នៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែនប្រារព្ធពិធីបុណ្យណូអែលអូតូដុក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិន ក្ដៅស្លឹកត្រចៀក ក្រោយនាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់

Khmerpress January 6, 2023 06/01/2023

(វ៉ាស៊ីនតោន)៖ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាផ្នែកមួយដែលទីក្រុងវ៉ាស៊ីនតោនហៅថា សកម្មភាពទូទៅជាទម្លាប់ធម្មតា ប៉ុន្តែតែងតែធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអាមេរិកបានទទួលស្គាល់ថានាវាពិឃាដប្រដាប់ដោយមីស៊ីលដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺជានាវាពិឃាដប្រភេទ Arleigh Burke មានឈ្មោះថា USS Chung-Hoon។ យោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «នាវាពិឃាដ USS Chung-Hoon បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ ក៏ប៉ុន្តែ ​នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថាទីក្រុងប៉េកាំងជំទាស់ជាដាច់ខាតទៅនឹងសកម្មភាពបែបនេះ និងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវទង្វើចលាចល បង្កើនភាពតានតឹង និងបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក ក្នុងនោះម្ដងម្កាល នាវាចម្បាំងនៃបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដូចជាអង់គ្លេស និងកាណាដាជាដើម បានធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលតែងតែបង្កការខឹងសម្បារដល់ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ត្រីធូណាមួយក្បាល ត្រូវបានលក់ចេញក្នុងតម្លៃ ២៧០,០០០ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃបែបប្រពៃណីមួយរបស់ទីក្រុងតូក្យូ

Khmerpress January 5, 2023 05/01/2023

ត្រីធូណាមួយក្បាលត្រូវបានលក់ក្នុងតម្លៃ ២៧០,០០០ដុល្លារអាមេរិក នៅឯកន្លែងដេញថ្លៃបែបប្រពៃណីមួយរបស់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ នេះផ្ទាល់ ដែលថ្លៃជាងកំណត់ត្រាកាលពីឆ្នាំមុនដល់ទៅជិត ២ដង ឯណោះ។ ក្រុមហ៊ុន Onodera Group ដែលជាប្រតិបត្តិករភោជនីយដ្ឋានស៊ូស៊ីលំដាប់ផ្កាយ Michelin និងក្រុមហ៊ុនលក់ដុំរបស់ជប៉ុន Yamayuki បានចំណាយប្រាក់ ៣៦.០៤ លានយ៉េន (២៧៣,០០០ដុល្លារអាមេរិក) សម្រាប់ត្រីធូណាខៀវមួយក្បាល ដែលមានទម្ងន់ ២១២គីឡូក្រាម នៅក្នុងការដេញថ្លៃនៅផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ។ តួលេខនេះនៅក្រោមកំណត់ត្រាកាលពីឆ្នាំ២០១៩ ប៉ុន្តែឆ្នាំនេះមានការងើបឡើងតម្លៃឡើងវិញ ក្រោយតម្លៃត្រីធូណាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំពូលចុងភៅ ស៊ូស៊ី និងជាមេចុងភៅរបស់ក្រុមហ៊ុន Onodera លោក Akifumi Sakagami បានប្រាប់អ្នកយកព័ត៌មានថា៖«វាមានគុណភាពគ្រប់ផ្នែកទាំងអស់ ដើម្បីជាត្រីធូណាដ៏ល្អបំផុត។ យើងមានភាពរអាប់រអួលជាច្រើនឆ្នាំ (ក្នុងអំឡុងពេលជំងឺរាតត្បាត) ខ្ញុំសង្ឃឹមថា យើងអាចផ្តល់សុភមង្គលដល់មនុស្សគ្រប់គ្នាដោយប្រើឱកាសដូចនេះ»។ ត្រីធូណាដែលលក់ដាច់បំផុតកាលពីឆ្នាំមុន ដែលត្រូវបានទិញដោយអ្នកដេញថ្លៃដូចគ្នា មានតម្លៃត្រឹមតែ ១៦.៨៨ លានយ៉េនប៉ុណ្ណោះ ដោយសាររលកនៃជំងឺ COVID-19 បានវាយលុកពេញប្រទេសជប៉ុន នៅដើមឆ្នាំ២០២២។ រំលឹកដែរថា កំណត់ត្រាខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០១៩ នៅពេលដែលស្ដេចធូណា គឺលោក Kiyoshi […]

ក្មេងប្រុសវៀតណាមអាយុ ១០ឆ្នាំ ដែលធ្លាក់ចូលក្នុងប្រហោងគ្រឹះបេតុងជម្រៅ ៣៥ម៉ែត្រ ពេលនេះបានបាត់បង់ជីវិតហើយ

Khmerpress January 5, 2023 05/01/2023

ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងកាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ នេះថា ក្មេងប្រុសជនជាតិវៀតណាមអាយុ ១០ ឆ្នាំ ដែលបានធ្លាក់ចូលទៅក្នុងប្រហោងគ្រឹះបេតុង នៅឯការដ្ឋានសំណង់នៅកំឡុងថ្ងៃចូលឆ្នាំសកលនោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ។ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេលជិត ១០០ ម៉ោង ដើម្បីព្យាយាមរំដោះកុមារា Ly Hao Nam ចេញពីប្រហោងគ្រឹះបេតុងជម្រៅ ៣៥ ម៉ែត្រ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បានរាយការណ៍។ អនុប្រធានខេត្ត Dong Thap លោក Doan Tan Buu បានឱ្យដឹងថា៖«អាជ្ញាធរបានកំណត់ថាជនរងគ្រោះបានបាត់បង់ជីវិតហើយ និងកំពុងព្យាយាមយកសាកសពរបស់គាត់មកធ្វើបុណ្យ»។ កុមារា Nam ត្រូវ​បាន​គេ​ឮ​យំ​សុំ​ជំនួយ​ភ្លាមៗ​ បន្ទាប់​ពី​គាត់​បាន​ធ្លាក់​ចូលប្រហោងគ្រឹះបេតុងដែល​មាន​អង្កត់ផ្ចិត ២៥ សង់ទីម៉ែត្រ កាល​ពី​ថ្ងៃ​សៅរ៍ នៅឯ​ការដ្ឋាន​សាងសង់​ស្ពាន​មួយ ​ក្នុង​ខេត្ត​ដីសណ្ត​ទន្លេ​មេគង្គ នៅពេលដែល​គាត់​បាន​ដើររក​ដែក​អេតចាយ​ជាមួយ​មិត្តភ័ក្តិ​។ រដ្ឋាភិបាលបាននិយាយថា កាលពីព្រឹកថ្ងៃពុធ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជំរុញឱ្យក្រុមអ្នកជួយសង្គ្រោះ និងអាជ្ញាធរមូលដ្ឋាន ចល័តឧបករណ៍ និងកម្លាំងទាំងអស់ដែលចាំបាច់សម្រាប់ប្រតិបត្តិការនេះ៕ ផ្តល់សិទ្ធិដោយ៖ […]

លោក ចូ បៃដិន ថាផែនការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ឲ្យអ៊ុយក្រែន ត្រៀមនៅលើតុជាស្រេច

Khmerpress January 5, 2023 05/01/2023

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនកំពុងត្រូវបានពិចារណា ដើម្បីជួយដល់ទីក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។ រថពាសដែកប្រយុទ្ធ Bradley ដែលបំពាក់ទៅដោយកាំភ្លើងធន់ធ្ងន់ប្រភេទនេះ ត្រូវបានកងទ័ពអាមេរិកប្រើសម្រាប់ដឹកទាហានចល័តនៅក្នុងសមរភូមិ ចាប់តាំងពីពាក់កណ្តាល ទសវត្សរ៍ឆ្នាំ១៩៨០មក។ កងទ័ពអាមេរិកមានរថពាសដែក Bradley រាប់ពាន់គ្រឿង ដែលអាចផ្តល់ឲ្យអ៊ុយក្រែនមានអាវុធទំនើប និងកម្លាំងប្រយុទ្ធបន្ថែមទៀតនៅលើសមរភូមិ។ នៅពេលត្រូវបានសួរថាតើការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនស្ថិតក្នុងជម្រើសដែលត្រូវពិចារណា ដែឬទេ? លោក បៃដិន ឆ្លើយថា «ជាការពិតណាស់»។ ចំណាត់ការថ្មីរបស់លោក បៃដិន គឺដើម្បីជំនួសការផ្តល់រថក្រោះ Abrams ដែលអ៊ុយក្រែនកំពុងស្នើសុំ។ យ៉ាងនេះក្តី គេក៏នៅមិនទាន់ដឹងច្បាស់ថាតើមានរថពាសដែក Bradley ប៉ុន្មានគ្រឿងនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយអាវុធបន្ថែម ដែលអាចត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាប្រមាណ ២១.៣ពាន់លានដុល្លារ ទៅក្រុងកៀវចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីចុងខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន […]

បារាំង ត្រៀមក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលនឹងបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន

Khmerpress January 5, 2023 05/01/2023

(ប៉ារីស)៖ វិមានប្រធានាធិបតីបារាំង នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបារាំងអាចនឹងកា្លយជាប្រទេសលោកខាងលិចដំបូងគេបំផុត ដែលនឹងបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន បន្ទាប់ពីមានកិច្ចសន្ទនារវាងលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មនុស្សជំនិតម្នាក់របស់លោកម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី (ម៉ាក្រុង) មានបំណងបង្កើនការផ្ដល់ ជំនួយឱ្យអ៊ុយក្រែន ដោយទទួលយកសំណើបញ្ជូនរថក្រោះធុនស្រាល AMX-10 RC ហើយដែលនេះនឹងក្លាយជាលើកដំបូងបំផុតដែលរថក្រោះផលិតដោយលោកខាងលិច នឹងត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន»។ ប៉ុន្តែ មន្ត្រីបារាំងរូបនេះដដែលមិនបានបញ្ជាក់ថាតើនឹងមានរថក្រោះ AMX-10 RC ចំនួនប៉ុន្មានគ្រឿងដែលស្ថិតនៅក្នុងគម្រោងបញ្ជូនឱ្យ អ៊ុយក្រែន នោះទេ។ គួរបញ្ជាក់ថា រថក្រោះធុនស្រាល AMX-10 RC ត្រូវបានបារាំងដាក់ឱ្យប្រើប្រាស់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបច្ចុប្បន្នរថក្រោះប្រភេទក៏កំពុងត្រូវបានដាក់ឱ្យចូលនិវត្តន៍ ជាដំណាក់កាលផងដែរ។ ប៉ុន្តែ ផែនការបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន នឹងក្លាយជាការផ្លាស់ប្ដូរមួយដ៏ធំនៅក្នុងការគាំទ្រផ្នែកយោធារបស់បារាំងដល់អ៊ុយក្រែន ខណៈកន្លងមក លោក ម៉ាក្រុង បារម្ភយ៉ាងខ្លាំងពីការធ្វើឱ្យរុស្ស៉ីខឹង និងការផ្ដាច់ទំនាក់ទំនងការទូតពីសំណាក់លោក ពូទីន។ ការបញ្ជូនរថក្រោះ យន្ដហោះចម្បាំង ឬមីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានរុស្ស៉ី ចាត់ទុកថាជាសកម្មភាពបង្កហេតុដែលអាចនឹងនាំឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៉ី […]

លោក Nate Thayer អ្នកកាសែតអាមេរិកដែលបានសម្ភាសជាមួយ ប៉ុល ពត ទទួលមរណភាព ក្នុងអាយុ៦២ឆ្នាំ

Khmerpress January 5, 2023 05/01/2023

(វ៉ាស៊ីនតោន)៖ លោក Nate Thayer អ្នកកាសែតអាមេរិកម្នាក់ ដែលបានធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ក្នុងឆ្នាំ១៩៩៧ បានទទួលមរណភាព ក្នុងអាយុ៦២ឆ្នាំ។ នេះបើតាមការឱ្យដឹងពីគ្រួសាររបស់ លោក Nate Thayer នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Nate Thayer បានទទួលមរណភាព​ នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Falmouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមគ្រួសារលោក Thayer បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកមានជំងឺជាច្រើន ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែមកហើយ។ លោក Thayer បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរាយការណ៍ព័ត៌មានពីនយោបាយកម្ពុជា និងសង្គម ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមផងដែរ ដែលបានកាប់សម្លាប់រង្គាលមនុស្សច្រើនជាងមួយលាននាក់ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ លោក Thayer បានចាប់ផ្ដើមការងារដំបូងជាអ្នកកាសែតបម្រើការឱ្យទីភ្នាក់ងារសារព័ត៌មាន Associated Press នៅឆ្នាំ១៩៨៩ និងកាសែត រួមទាំងទស្សនាវដ្ដីមួយចំនួនទៀតដូចជា Phnom Penh Post […]

ពលរដ្ឋប្រេស៊ីលរាប់សែននាក់នាំគ្នាឈរត្រៀបត្រាតាមផ្លូវចូលរួមជូនដំណើរវីរបុរសបាល់ទាត់ Pelé ជាលើកចុងក្រោយ

Khmerpress January 4, 2023 04/01/2023

ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលយ៉ាងច្រើនកុះករបាននាំគ្នាដើរពេញដងផ្លូវក្នុងទីក្រុងសាន់តូសដើម្បីចូលរួមពិធីដង្ហែសពវីរបុរសបាល់ទាត់នៃប្រទេសប្រេស៊ីលគឺលោក Pelé ជាលើកចុងក្រោយ ដែលលោកបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា​ ក្រៅតែពីមានអ្នកចូលរួមដង្ហែសពដោយផ្ទាល់ហើយ ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានចេញមកឈរតាមដងផ្លូវទាំងសងខាងដើម្បីបានមើលក្បួនដង្ហែ និងបួងសួងចំពោះវិញ្ញាណក្ខន្ធរបស់លោក Pelé ជាលើកចុងក្រោយផងដែរ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលបានចូលរួមក្នុងពិធីដង្ហែសពស្តេចបាល់ទាត់ Pelé នោះគឺមានចំនួនសរុបប្រមាណជា ២៣០ ០០០នាក់ ដែលជាចំនួនមនុស្សដ៏ច្រើនមិនធ្លាប់មាននោះទេ។ គួររម្លឹកជូនថា អតីតកីឡាករជម្រើសជាតិប្រស៊ីលគឺលោក Pelé បានទទួលមរណភាពដោយជំងឺនៅក្នុងអាយុ ៨២ឆ្នាំ ហើយគិតត្រឹមពេលនេះ រូបគាត់គឺជាកីឡាករបាល់ទាត់តែមួយរូបគត់បានមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ទៅ ៣ដង។ សម្រាប់ប្រទេសប្រស៊ីល លោក Pelé ត្រូវបានគេចាត់ទុកថាជាវីរបុរសបាល់ទាត់ ខណៈនៅលើពិភពលោកគេចាត់ទុករូបគាត់ជាស្តេចបាល់ទាត់ផងដែរ៕

ប្រទេស​ជប៉ុនបានមើលឃើញពីការកើនឡើងខ្ពស់នៃករណី​ជំងឺ​ផ្ដាសាយ​បក្សី​នៅក្នុងរដូវរងាឆ្នាំនេះ

Khmerpress January 4, 2023 04/01/2023

ប្រទេស​ជប៉ុន​បានមើលឃើញពីការកើនឡើងនៃ​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីនៅ​ក្នុង​រដូវ​កាល​នេះ ​នៅ​កសិដ្ឋាន​ចិញ្ចឹម​បសុបក្សី​ក្នុង​ទីក្រុង Asahi ក្នុង​ខេត្ត Chiba ជិត​ទីក្រុង​តូក្យូ ដែលវាគឺ​ជា​កំណត់ត្រា​ទី​៥៣ របស់ប្រទេសនេះ។ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានកំណត់អត្តសញ្ញាណវីរុសផ្តាសាយបក្សីប្រភេទឆ្លងខ្លាំង បន្ទាប់ពីទទួលបានរបាយការណ៍ពាក់ព័ន្ធនឹងសត្វមាន់ចំនួន ៣០ក្បាល ដែលងាប់នៅក្នុងកសិដ្ឋានកាលពីថ្ងៃមុន។ ឥឡូវនេះ អាជ្ញាធរនឹងត្រូវសម្លាប់សត្វមាន់ប្រហែល ១០,០០០ ក្បាល នៅកសិដ្ឋាននោះ ហើយក៏បានហាមឃាត់ការដឹកជញ្ជូនមាន់ និងស៊ុត ក្នុងរង្វង់ ៣ គីឡូម៉ែត្រ។ ពួកគេក៏បានដាក់កម្រិតលើការដឹកជញ្ជូនក្នុងរង្វង់ ១០ គីឡូម៉ែត្រផងដែរ។ ក្រសួងកសិកម្មបាននិយាយថា ចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីក្នុងរដូវកាលនេះ មានច្រើនជាងកាលពីរដូវរងា ឆ្នាំ ២០២០-២០២១ កន្លងទៅ។ អភិបាលខេត្ត Chiba លោក Kumagai Toshihito កាលពីថ្ងៃចន្ទក៏បាននិយាយថា ការផ្ទុះឡើងបន្ថែមទៀតត្រូវតែត្រូវតែទប់ស្កាត់ឱ្យបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ឧស្សាហកម្មបសុបក្សី និងបសុសត្វក្នុងស្រុក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីក្រុងប៉េកាំងចេញមុខរិះគន់ប្រទេសមួយចំនួន ដែលតម្រូវឱ្យមានការធ្វើតេស្តកូវីដ១៩ លើអ្នកដំណើរចិន

Khmerpress January 3, 2023 03/01/2023

(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចេញមុខរិះគន់ចំពោះគោលការណ៍តម្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដែលត្រូវបានកំណត់​ដោយប្រទេសមួយចំនួន សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ឆ្ពោះទៅក្រៅប្រទេស ហើយទន្ទឹមគ្នានេះទីក្រុងប៉េកាំង ក៏បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។ សហរដ្ឋអាមេរិក កាណាដា បារាំង និងជប៉ុន ស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលនាពេលនេះបានតម្រូវឱ្យអ្នកដំណើរទាំងឡាយ មកពីប្រទេសចិន បង្ហាញលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តកូវីដ-១៩ មុនពេលទៅដល់ប្រទេសរបស់ពួកគេ ក្រោមហេតុផលថា ចិនបាននិងកំពុងតែ​មើលឃើញ ការកើនឡើងនៃករណីឆ្លង។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានលើកឡើងថា «ប្រទេសមួយចំនួន បានចាត់វិធានការរឹតត្បិតការធ្វើដំណើរចូលប្រទេសរបស់ពួកគេ ដែលមានគោលដៅតែចំពោះអ្នកដំណើរចិន។ ការធ្វើបែបនេះ គឺខ្វះមូលដ្ឋានផ្នែកវិទ្យាសាស្រ្ត និងជារឿងមិនអាចទទួលយកបានឡើយ»។ លោកស្រីអ្នកនាំពាក្យបានបន្ថែមថា ភាគីចិនអាចនឹង​ចេញចំណាត់ការឆ្លើយតប ដោយស្មើភាពបកទៅវិញ។ គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ចិនបានសម្រេចលុបចោលការរឹតត្បិតកូវីដសូន្យរបស់ខ្លួន ដែលត្រូវបានអនុវត្តអស់រយៈពេល​ប៉ុន្មានឆ្នាំមកហើយ។ ទីក្រុងប៉េកាំងបានប្រកាសថា អ្នកដំណើរចូលក្នុងប្រទេសចិន នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កតទៀតទេ ដែលបណ្តាលឱ្យប្រជាជនចិនជាច្រើន នាំគ្នារៀបចំផែនការធ្វើដំណើរចេញទៅក្រៅប្រទេស […]