ព័ត៌មានអន្តរជាតិ

ចិនដីគោកបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ១៦,២០៣ ករណី ដោយក្នុងនោះមាន ១៤,៤០៩ ករណី គ្មានរោគសញ្ញាទេ

Khmerpress November 14, 2022 14/11/2022

គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦,២០៣ ករណី កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដែលក្នុងនោះមាន ១,៧៩៤ ករណី មានចេញរោគសញ្ញា និង ១៤,៤០៩ ករណី មិនមានចេញរោគសញ្ញា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុននោះមួយថ្ងៃ ចិនក៏បានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤,៨៧៨ ករណី ដោយក្នុងមាន ១,៧១១ ករណី មានចេញរោគសញ្ញា និង ១៣,១៦៧ ករណី មិនចេញរោគសញ្ញានោះទេ។ យ៉ាងណាក៏ដោយ ប្រទេសចិនមិនមានអ្នកស្លាប់ដោយសារ COVID-19 ថ្មីនោះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបគឺនៅរក្សាត្រឹម ៥,២២៦នាក់ ដដែល។ គិតត្រឹមថ្ងៃអាទិត្យ ប្រទេសចិនដីគោកបានបញ្ជាក់ពីករណី COVID-19 សរុបចំនួន ២៧៣,៧៦២ ដែលមានរោគសញ្ញា ខណៈដែលចំនួនគ្មានរោគសញ្ញាគឺមិនមានតួលេខច្បាស់លាស់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក មិនចង់ផ្ទុះជម្លោះជាមួយចិនឡើយ, នេះជាការបញ្ជាក់របស់លោក ចូ បៃដិន មុនជួបលោក ស៊ី ជិនពីង នៅ G20

Khmerpress November 14, 2022 14/11/2022

(ហ្សាការតា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តបើកចំហបណ្ដាញទំនាក់ទំនង ហើយមិនចង់មានជម្លោះជាមួយនឹងចិនឡើយ មុននឹងលោកផ្ទាល់ត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងជំនួបទល់មុខនៅឯកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើង បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រោយចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំអាស៊ីបូព៌ា ក្នុងប្រទេសកម្ពុជា។ លោក បៃដិន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងប្រកួត ប្រជែងយ៉ាងពេញទំហឹងជាមួយចិន ខណៈធានាឱ្យបានថាការប្រកួតប្រជែងនេះនឹងមិនផ្ទុះទៅជាជម្លោះទេ»។ គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ចូ​ បៃដិន នឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងជំនួបទល់មុខនៅថ្ងៃចន្ទនេះ នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ហើយនេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

កប៉ាល់ទេសចរណ៍អូស្ត្រាលី Majestic Princess ផ្ទុកអ្នកដំណើរជាង ៨០០នាក់ កំពុងរងការផ្ទុះឡើងនៃជំងឺកូវីដ១៩

Khmerpress November 12, 2022 12/11/2022

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា បានអះអាងដល់សាធារណជនថា ពិធីសារដើម្បីទប់ស្ដាត់ជំងឺ COVID-19 ត្រូវបានរៀបចំគ្រប់គ្រាន់ បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿង ដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 បានចូលចតនៅទីក្រុងស៊ីដនី។ កប៉ាល់ទេសចរណ៍នោះមានឈ្មោះថា Majestic Princess គឺជាកប៉ាល់របស់ក្រុមហ៊ុន Carnival Australia ខណៈមានអ្នកដំណើររហូតដល់ទៅ ៨០០ នាក់ កំពុងជាប់គាំងនៅលើនោះ។ ឥឡូវនេះអាជ្ញាធរសុខាភិបាល បានវាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើងនេះនៅក្នុង «កម្រិតទី៣» ដែលបង្ហាញថា វាជាការឆ្លងកម្រិតខ្ពស់មួយផងដែរ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប្រៀបធៀប ជាមួយនឹងការផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២០ នៅលើនាវាកម្សាន្ត Ruby Princess ដែលបានកើតឡើងនៅក្នុងរដ្ឋ New South Wales ដូចគ្នា។ ការផ្ទុះឡើងមួយនោះ បាននាំឱ្យមានការឆ្លងចំនួន ៩១៤ ករណី និងការស្លាប់ចំនួន ២៨នាក់ ដោយសារជំងឺ COVID-19 នៅក្នុងអំឡុងពេលដែលពិភពលោក ប្រឈមនឹងជំងឺរាតត្បាតនេះជាលើកដំបូង។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Carnival Corporation បាននិយាយថា អ្នកដំណើរដែលផ្ទុកមេរោគ COVID-19 កំពុងនៅដាច់ដោយឡែកពីគេនៅលើកប៉ាល់ […]

ក្រុមអ្នកជំនាញបង្ហាញក្តីព្រួយបារម្ភចំពោះជំងឺមួយប្រភេទ ដែលជាដើមហេតុបណ្តាលឲ្យស្រ្តីថៃ ១៣នាក់បាត់បង់ជីវិតជារៀងរាល់ថ្ងៃ

Khmerpress November 12, 2022 12/11/2022

ថៃ៖ អ្នកជំនាញផ្នែកសុខាភិបាលថៃជាច្រើននាក់បានបង្ហាញនូវការព្រួយបារម្ភថ្មីមួយចំពោះជំងឺមួយប្រភេទដែលត្រូវបានគេរកឃើញថា គឺជាដើមហេតុដែលបណ្តាលឲ្យមានស្រ្តីជនជាតិថៃស្លាប់បាត់បង់ជីវិតជាមធ្យមចំនួន ១៣នាក់នៅក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ជំងឺដែលកំពុងស្ថិតក្រោមការបារម្ភរបស់ក្រុមអ្នកជំនាញថៃនេះគឺជាជំងឺកាមរោគប្រភេទ Human Papilloma Virus ឬគេតែងហៅកាត់ថា “HPV”។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា ជាង ៨០% នៃដៃគូរួមភេទនៅក្នុងប្រទេសថៃគឺមានហានិភ័យខ្ពស់ក្នុងឆ្លងនូវមេរោគ “HPV” ខណៈមេរោគមួយនេះអាចរស់នៅក្នុងខ្លួនអ្នកជំងឺក្នុងចន្លោះពេលពី ១០ ទៅ ២០ឆ្នាំឯណោះ។ របាយការណ៍ការបានបង្ហាញទៀតថា មេរោគ “HPV” បានជំរុញឲ្យអ្នកជំងឺជាស្រ្តីភាគច្រើនអាចកើតមានជំងឺមហារីកមាត់ស្បូន ហើយជំងឺដ៏កាច់សាហាវនេះហើយដែលជាឃាតករលាក់មុខសម្លាប់ស្រ្តីជនថៃជាច្រើននាក់ជារៀងរាល់ឆ្នាំ។ តួលេខនៅក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងមួយឆ្នាំៗមានស្រ្តីជនជាតិថៃរាប់ពាន់នាក់បានស្លាប់ដោយជំងឺមហារីកមាត់ស្បូន ហើយបើគិតជាមធ្យមគឺជំងឺមួយនេះបានផ្តាច់យកជីវិតស្រ្តីជនថៃចំនួន ១៣នាក់ជារៀងរាល់ថ្ងៃ ខណៈចំនួនអ្នកធ្វើតេស្តរកឃើញថាបានកើតជំងឺមហារីកមាត់ស្បូននៅទូទាំងប្រទេសថៃវិញគឺគិតជាមធ្យមមានចំនួន ២៥នាក់នៅក្នុងមួយថ្ងៃ។ ឆ្លើយតបចំពោះករណីដ៏គួរឲ្យព្រួយបារម្ភនេះ ក្រុមអ្នកជំនាញថៃបានអំពាវនាវឲ្យអ្នកដែលមានដៃគូរួមភេទច្រើនទាំងអស់ត្រូវចេះការពាខ្លួនពីជំងឺកាមរោគ និងត្រូវទៅពិនិត្យសុខភាពឲ្យបានជាចាំដើម្បីងាយព្យាបាលជំងឺឲ្យបានទាន់ពេលវេលាក្នុងករណីបានឆ្លងជំងឺធ្ងន់ធ្ងរណាមួយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែន​កំពុងស្វែងរក​ថវិកា​សម្រាប់​ទិញយន្តហោះ​គ្មាន​មនុស្ស​បើក​ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី

Khmerpress November 12, 2022 12/11/2022

ប្រធានាធិបតីលោក Volodymyr Zelenskyy កំពុងស្វែងរកការរៃអង្គាសថវិកា ដើម្បីជួយអ៊ុយក្រែនក្នុងការបញ្ជាទិញយន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីការពារទីក្រុងរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ីចេញពីសមុទ្រខ្មៅ។ យុទ្ធនាការ United24 ដែលជាគំនិតផ្តួចផ្តើមរបស់លោក Zelenskyy ត្រូវបានបង្កើតឡើងសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈ។ អ៊ុយក្រែនត្រូវការយន្តហោះគ្មានមនុស្សបើកចំនួន ១០០ គ្រឿង ដែលនីមួយៗមានតម្លៃ ១០ លាន Hryvnia ឬ ២៧៤,០០០ ដុល្លារអាមេរិក។ ចាប់តាំងពីចាប់ផ្តើមការលុកលុយ ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលពីកប៉ាល់នៅសមុទ្រខ្មៅ និងពីឧបទ្វីបគ្រីមៀ ដែលទីក្រុងម៉ូស្គូបានរឹបអូសក្នុងឆ្នាំ២០១៤ ហើយបានដាក់វាជាទីតាំងកងនាវាចរសមុទ្រខ្មៅនៅទីនោះ។ លោក Zelenskiy បានសរសេរនៅលើ Telegram ថា៖«យើងត្រូវតែការពារដែនទឹក និងទីក្រុងសន្តិភាពរបស់យើង ចេញពីមីស៊ីលរុស្ស៊ីដែលបាញ់ចេញពីនាវា»។ លោកបន្ដថា៖«យន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកយើង អាចជួយបើកច្រករបៀងសម្រាប់នាវាស៊ីវិល ដើម្បីអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិសម្រាប់ពិភពលោក»។ រំលឹកដែរថា រុស្ស៊ីបានផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអ៊ុយក្រែន បន្ទាប់ពីអ្វីដែលខ្លួនបានហៅថា គឺជាការវាយប្រហាររបស់អ៊ុយក្រែនលើនាវាកងនាវាចរសមុទ្រខ្មៅចំនួន ៣ របស់ខ្លួនកាលពីចុងខែមុន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកងទ័ពជើងទឹក។ ប៉ុន្តែរុស្ស៊ីក្រោយមកក៏បានត្រឡប់ទៅកិច្ចព្រមព្រៀង ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយនេះវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រទេសរុស្សីបានហាមឃាត់ជនជាតិអាមេរិកចំនួន ២០០នាក់ មិនឱ្យចូលទឹកដីខ្លួននោះទេ

Khmerpress November 12, 2022 12/11/2022

ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានហាមប្រាមជនជាតិអាមេរិកប្រមាណ ២០០នាក់ មិនឱ្យចូលប្រទេសរុស្ស៊ីឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។ ខ្លួនបាននិយាយថា៖«ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបុគ្គលថ្មី ដែលកំពុងត្រូវបានដាក់បន្តដោយរដ្ឋបាលលោក បៃដិន មិនត្រឹមតែលើមន្ត្រីរុស្ស៊ី មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីសាធារណៈ និងឥស្សរជនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងលើអ្នកដែលមិនពេញចិត្តទីក្រុងវ៉ាស៊ីនតោនដោយសារហេតុផលណាមួយ»។ វាបាននិយាយថាខ្លួនបានហាមឃាត់ការចូលដោយរួមមាន៖ លោកស្រី Valerie Biden Owens, លោក James Brian Biden និងលោក Francis William Biden ។ ជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមានអ្នកស្រី Karine Jean-Pierre ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ស៊ូណាក់ ប្រាប់លោក ហ្សេលេនស្គី ថា អង់គ្លេសនឹងផ្តល់មីស៉ីល ១,០០០គ្រាប់បន្ថែម ព្រមទាំងសម្ភាររដូវរងា២៥,០០០ឈុត ដល់អ៊ុយក្រែន

Khmerpress November 11, 2022 11/11/2022

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា លោកទើបតែបានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដើម្បីពិភាក្សាអំពីការផ្តល់ការគាំទ្របន្ថែម​ដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី បានប្រាប់ថា កំលុងកិច្ចសន្ទនាខាងលើ បញ្ហានៃការបន្តផ្តល់ជំនួយយោធាសម្រាប់ប្រទេសលោក និងការជួយជ្រោម​កងទ័ពអ៊ុយក្រែន ដើម្បីឆ្លងកាត់រដូវរងាដ៏លំបាក ត្រូវបានលើកយកមកពិភាក្សា។ ដោយឡែក ខាងការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនោះ លោក ស៊ូណាក់ បានសន្យាថា ទីក្រុងឡុងដ៍នឹងបញ្ជូន មីស៉ីលប្រភេទបាញ់ផ្ទៃដីទៅផ្ទៃអាកាស ១,០០០គ្រាប់ ព្រមទាំងសម្ភារទប់ទល់រដូវរងាជាង ២៥,០០០ឈុត សម្រាប់កងទ័ពអ៊ុយក្រែន។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន ចក្រភពអង់គ្លេស បានបន្តស្ថិតនៅជួរមុខនៃការគាំទ្ររបស់អន្តរជាតិ តាមរយៈ​ការផ្តល់ជំនួយទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខដល់ទីក្រុងកៀវ រួមជាមួយការផ្តល់ការហ្វឹកហាត់ដល់ ទាហានអ៊ុយក្រែនសរុបរាប់ពាន់នាក់ នៅក្នុងទឹកដីរបស់ខ្លួន។ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស […]

ចិនកាត់បន្ថយរយៈពេលនៅដាច់ដោយឡែកទប់ស្កាត់ជំងឺកូវីដ១៩ ខណៈបន្ធូរបន្ថយការរឹតត្បឹតលើជើងហោះហើរមួយចំនួន

Khmerpress November 11, 2022 11/11/2022

អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្ធូរបន្ថយការទប់ស្កាត់ជំងឺ COVID-19 ដ៏តឹងរ៉ឹងមួយចំនួនរបស់ខ្លួន រួមទាំងការបន្ថយរយៈពេលដាក់ឱ្យនៅដាច់ពីគេតិចជាងមុន ២ថ្ងៃ សម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ COVID-19 ក៏ដូចជាអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញ និងការលុបចោលការពិន័យលើក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការនាំអ្នកដំណើរដែលមានឆ្លងមេរោគ។ នៅក្រោមច្បាប់ថ្មី ការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ នៅទីតាំងកណ្តាល (ទីតាំងសម្រាប់ចត្តាឡីស័ក) បូករួមនឹង ៣ ថ្ងៃនៅផ្ទះខ្លួនឯង ដែលជាការកាត់បន្ថយពីរយៈពេល ៧ថ្ងៃ នៅទីតាំងកណ្តាល និង ៣ ថ្ងៃនៅផ្ទះ។ ការ​កាត់​បន្ថយ​ច្បាប់​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ស្រដៀង​គ្នា​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រាល់អ្នក​ធ្វើ​ដំណើរ​ចូលក្នុងប្រទេសវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្ត្រីថៃម្នាក់ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៥ឆ្នាំ ក្រោយបង្ហោះវីដេអូញ៉ាំស៊ុបប្រចៀវលើ Facebook (មានវីដេអូ)

Khmerpress November 11, 2022 11/11/2022

ថៃ៖​ ស្រី្តជាគ្រូបង្រៀនម្នាក់ត្រូវបានប៉ូលិសជំនាញថៃសម្រេចធ្វើការចាប់ខ្លួនជាបន្ទាន់ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូញ៉ាំស៊ុបសាច់ប្រចៀវយ៉ាងឆ្ងាញ់មាត់នៅតាមបណ្តាញសង្គម Facebook ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសុក្រ​ ទី១១ ខែវិច្ឆិកានេះបានឲ្យដឹងថា ស្ត្រីជនជាតិថៃរូបនេះឈ្មោះថា Phonchanok Srisunaklua បានបង្ហោះសកម្មភាពញ៉ាំស៊ុបសាច់ប្រចៀវកាលពីដើមសប្តាហ៍កន្លងទៅ ហើយវីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ និងត្រូវបានគេចែករំលែកបន្តជាច្រើនដងផងដែរ។ ប្រភពខាងលើបានបន្តថា ក្រោយបង្ហោះបាន ២ថ្ងៃ ប៉ូលិសជំនាញថៃក៏បានប្រទះឃើញវីដេអូនោះដែរ ហើយអាជ្ញាធរថៃក៏សម្រេចឃាត់ខ្លួនស្រ្តីរូបនេះភ្លាមៗតែម្តង ដ្បិតសកម្មភាពរបស់គាត់គឺជាទង្វើបំពានទៅនឹងច្បាប់ជាធរមាននៅក្នុងប្រទេសថៃ។ តាមប៉ូលិសជំនាញថៃបានបញ្ជាក់ថា អ្នកនាង Phonchanok Srisunaklua ត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន​ ២ករណី ដោយករណី ១ គឺរូបគាត់បានកាន់កាប់សត្វព្រៃដែលសត្វត្រូវបានការពារដោយច្បាប់ ខណៈករណីទី ២គឺជាករណីរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដ្បិតរូបគាត់បានផ្សព្វផ្សាយជាសាធារណៈនូវវីដេអូបង្ហាញពីសកម្មភាពខុសច្បាប់។ យោងទៅតាមច្បាប់ ស្រ្តីរូបនេះត្រូវប្រឈមនឹងការជាប់គុករហូ​តដល់ ៥ឆ្នាំ ឬពិនិយជាប្រាក់ចំនួន ៥០០​ ០០០បាត (ប្រហែល ១៣ ៨០០ដុល្លារអាមេរិក)។ ប​ន្ថែមពីនេះទៀត ក្រុមអ្នកជំនាញផ្នែកសុខាភិបាលថៃក៏បានព្រមានពីការរាតត្បាតនៃជំងឺឆ្លងផងដែរ ដ្បិតនាពេលកន្លងមកសត្វប្រចៀវត្រូវបានគេរកឃើញថា អាចជាភ្នាក់ងារចម្លងមេរោគគ្រោះថ្នាក់ជាច្រើនរួមមានទាំងមេរោគនៃជំងឺសារ និងមេរោគនៃជំងឺកូវីដ-១៩ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចំនួន ៤០០ លានដុល្លារបន្ថែមទៀត

Khmerpress November 11, 2022 11/11/2022

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៤០០ លានដុល្លារ។ កញ្ចប់ដែលត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ រួមមានប្រព័ន្ធការពារដែនអាកាស Avenger ចល័តចំនួន ៤ មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Hawk និងគ្រាប់ផ្ទុះបន្ថែមសម្រាប់ប្រព័ន្ធ High Mobility Artillery Rocket Systems ឬ HIMARS ។ រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយក្រែន ដូចជា​គ្រឿង​បរិក្ខារ​ទាក់​ទង​នឹង​ថាមពល ដោយ​មាន​​នាវាបាញ់មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា៖«ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដោយឥតឈប់ឈរ និងឃោរឃៅរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន សមត្ថភាពការពារដែនអាកាសបន្ថែមគឺមានសារៈសំខាន់ណាស់»។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ១៨.៦ ពាន់លានដុល្លារ ដល់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត