លោក ត្រាំ អះអាងថា ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ហើយគំរា.មវាយប្រ.ហារបន្ថែមទៀត បើអ៉ីរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ
Nisaiy KP
June 22, 2025
22/06/2025
(វ៉ាស៉ីនតោន)៖ នាយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក បានកម្ទេចទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ហើយលោកបានគំរាមថា នឹងមានការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភាពមិនអាចសម្រេចបានឆាប់ៗទេ យើងនឹងវាយប្រហារគោលដៅទាំងនោះបន្ថែមទៀត»។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ យោធាអាមេរិកបានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរសំខាន់ៗ៣កន្លែងរបស់អ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan។ ការវាយប្រហារនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរួម ក្នុងសង្រ្គាមអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់។ មន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 ដែលអាចផ្ទុកគ្រាប់បែកធុនធ្ងន់ ដើម្បីកម្ទេចទីតាំងកប់នៅជ្រៅខ្លាំងក្រោមផ្ទៃដី ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការខាងលើ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews