Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ៉ីរ៉ង់ថារក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីឆ្លើយតបការវាយប្រហាររបស់អាមេរិក ខណៈលោក ត្រាំ ព្រមានថា បើហ៊ានសងសឹក នឹងត្រូវកាន់តែធ្ងន់ខ្លាំងថែមទៀត

BY Nisaiy KP June 22, 2025
អ៉ីរ៉ង់ថារក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីឆ្លើយតបការវាយប្រហាររបស់អាមេរិក ខណៈលោក ត្រាំ ព្រមានថា បើហ៊ានសងសឹក នឹងត្រូវកាន់តែធ្ងន់ខ្លាំងថែមទៀត

(តេហេរ៉ង់)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក មកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ថាជាទង្វើដ៏អាក្រក់ហួសហេតុ ហើយបាននិយាយថា​ ប្រទេសរបស់លោកមានសិទ្ធិស្របច្បាប់ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់… ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីការអនុញ្ញាតឱ្យ​មានការឆ្លើយតបស្របច្បាប់ក្នុងការការពារខ្លួន អ៉ីរ៉ង់រក្សាសិទ្ធិប្រើជម្រើសគ្រប់យ៉ាង ដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ និងប្រជាជនរបស់ខ្លួន»

គួរបញ្ជាក់ថា ទីបំផុត រយៈពេល៨ថ្ងៃក្រោយអ៉ីស្រាអែលចាប់ផ្តើមសង្រ្គាមផ្លូវអាកាសប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ សហរដ្ឋអាមេរិក បានសម្រេចចិត្តចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយកាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា (ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា យោធាអាមេរិកបានវាយប្រហារលើ ទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែរចម្បងៗរបស់អ៉ីរ៉ង់។ មន្រ្តីអាមេរិក បានបង្ហើបឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-2 និងគ្រាប់បែកធុនធ្ងន់ហៅថា bunker buster ដែល១គ្រាប់ទម្ងន់ជាង១ម៉ឺនគីឡូក្រាម ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការនោះ។ ក្រោយមក លោក ត្រាំ បានព្រមានថា ការសងសឹកណាមួយពីអ៉ីរ៉ង់ប្រឆាំងសហរដ្ឋអាមេរិក នឹងត្រូវតបស្នងទៅវិញ ខ្លាំងឆ្ងាយជាងអ្វីដែលអ៉ីរ៉ង់បានភ្លក្សកាលពីថ្ងៃសៅរ៍ទៅទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: