Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់រុស្ស៊ី ចោទ លោក ត្រាំ ថា «ចាប់ផ្តើមសង្គ្រាមថ្មី», ព្រមានពីហានិភ័យ «សង្គ្រាមលោកលើកទី៣»

BY Liny Chan June 23, 2025
មន្ត្រីជាន់ខ្ពស់រុស្ស៊ី ចោទ លោក ត្រាំ ថា «ចាប់ផ្តើមសង្គ្រាមថ្មី», ព្រមានពីហានិភ័យ «សង្គ្រាមលោកលើកទី៣»

(មូស្គូ)៖ រុស្ស៊ី នៅថ្ងៃអាទិត្យនេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយមន្ត្រីជាន់ខ្ពស់បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាបាន «ចាប់ផ្តើមសង្គ្រាមថ្មីមួយសម្រាប់សហរដ្ឋអាមេរិក» និងបង្កើន «ហានិភ័យនៃសង្គ្រាមលោកលើកទីបី»។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

ក្រសួងការបរទេសរុស្ស៊ី បានហៅការវាយប្រហារនេះថាជា «គ្មានការទទួលខុសត្រូវ» និងជា «ការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។ ចំណែក លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ថែមការរិះគន់ផ្ទាល់ខ្លួនលើ Telegram ថា «លោក ត្រាំ ដែលចូលកាន់តំណែងក្នុងនាមជាអ្នកបង្កើតសន្តិភាព បានចាប់ផ្តើមសង្គ្រាមថ្មី ជាមួយនឹងភាពជោគជ័យបែបនេះ លោក ត្រាំ នឹងមិនឈ្នះពានរង្វាន់ណូបែលសន្តិភាពទេ»។

ទន្ទឹមនឹងនេះ លោក Leonid Slutsky ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាឌូម៉ា បាននិយាយថា ការវាយប្រហារនេះ «គ្មានហេតុផលផ្នែកយោធាសម្រាប់សហរដ្ឋអាមេរិក ហើយមិនអាចរាប់ជាសុចរិតក្រោមច្បាប់អន្តរជាតិបានទេ»។ លោកបានព្រមានថា ទង្វើនេះ «បង្កើនហានិភ័យនៃសង្គ្រាមលោកលើកទីបី»។

គួរបញ្ជាក់ថា ការថ្កោលទោសរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិកបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់។ ការចេញមុខថ្កោលទោសនេះ បង្ហាញពីជំហររបស់រុស្ស៊ីក្នុងការគាំទ្រដៃគូយុទ្ធសាស្ត្ររបស់ខ្លួន គឺអ៊ីរ៉ង់ និងការប្រឆាំងនឹងសកម្មភាពយោធាឯកតោភាគីរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: