(ក្រុងឡុងដ៍)៖ តម្លៃប្រេងបានបន្តឡើងថ្លៃ ៤ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃសុក្រ ខណៈដែលការភ័យខ្លាចជុំវិញការអាក់ខានការផ្គត់ផ្គង់ពីរុស្ស៊ីមានកម្រិតខ្លាំងជាងការបិទខ្ទប់ក្នុងទីក្រុងនានាដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៦ដុល្លារ ឬ ១,៥ភាគរយដល់ ១០៩,១៩ដុល្លារ ក្នុងមួយបារ៉ែលបន្ទាប់ពីបានកើនឡើង ២,១ភាគរយនៅក្នុងវគ្គជួញដូរមុន។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានកើនឡើង ១,០១ដុល្លារឬ ១ភាគរយដល់ ១០៦,៣៧ដុល្លារ បន្ទាប់ពីកើនឡើង ៣,៣ភាគរយកាលពីថ្ងៃព្រហស្បតិ៍។ តម្លៃប្រេងនៅតែប្រែប្រួលខ្លាំងដោយប្រទេសចិនមិនមានការបង្ហាញសញ្ញាណាមួយថានឹងមានការបន្ធូរបន្ថយវិធានការបិទខ្ទប់ឡើយ បើទោះបីជាមានផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ខ្លួន និងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកក៏ដោយ។ លោក Yanting Zhou ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Wood Mackenzie បានឱ្យដឹងក្នុងកំណត់ត្រាមួយថា៖ «ដោយសារការបិទខ្ទប់ទាំងស្រុង និងដោយផ្នែកបានកើនឡើងចាប់តាំងពីខែមីនាមក សូចនាករសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះបន្ថែមទៀតដែលធ្លាក់ចូលទៅភាពអវិជ្ជមាន។ ឥឡូវនេះយើងរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសទី២»។ លោកមានប្រសាសន៍ថា៖ «ភាពប្រែប្រួលទីផ្សារប្រេងនឹងនៅតែបន្តកើតមាន ដោយការបិទខ្ទប់នឹងរីករាលដាល និងអូសបន្លាយពេលចូលដល់ខែឧសភា និងហួសពីនេះទៀត ដែលបង្កើតឱ្យមានហានិភ័យរយៈពេលខ្លីសម្រាប់តម្រូវការប្រេងរបស់ប្រទេសចិន ហើយតម្លៃនឹងធ្លាក់ចុះ»។ ខាងផ្នែកផ្គត់ផ្គង់វិញ ក្រុមប្រទេស OPEC+ ទំនងជាប្រកាន់ខ្ជាប់ទៅនឹងកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួន ហើយព្រមព្រៀងបង្កើនទិន្នផលតូចមួយផ្សេងទៀតសម្រាប់ខែមិថុនា នៅពេលដែលក្រុមប្រទេសនេះជួបប្រជុំនៅថ្ងៃទី៥ ខែឧសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។ […]