ព័ត៌មានអន្តរជាតិ

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានកង្វះខាតប្រេងឆាចម្រាញ់ចេញពីផ្កាឈូករ័ត្ន ហើយធ្វើឱ្យតម្លៃប្រេងផ្សេងៗនៅលើទីផ្សារសកលឡើងថ្លៃកប់ទៀត

Khmerpress April 11, 2022 11/04/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost បានឱ្យដឹងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានកង្វះខាតប្រេងឆាដែលចម្រាញ់ចេញពីផ្កាឈូករ័ត្នជាសាកល ដែលបានជំរុញឱ្យតម្លៃប្រេងដែលអាចបរិភោគបានផ្សេងទៀតឡើងដល់កម្រិតខ្ពស់ ហើយធ្វើឱ្យអ្នកផលិតម្ហូបអាហារ និងអ្នកប្រើប្រាស់កំពុងប្រឈមមុខនឹងអតិផរណា។ កង្វះខាតនៃប្រេងផ្កាឈូករ័ត្នរបស់អ៊ុយក្រែនបានបង្កឱ្យមានឥទ្ធិពលដូមីណូ (domino) ធ្វើឱ្យទំនិញផ្សេងៗនៅលើទីផ្សារជាពិសេសទំនិញប្រេងផ្សេងៗទៀតកើនឡើងខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ ដូង និងប្រេងអូលីវ ខណៈដែលអ្នកផលិតអាហារស្វែងរកជម្រើសផ្សេង។ តម្លៃប្រេងផ្កាឈូករ័ត្នសកលបានកើនឡើង ៤៤% នៅចុងខែមីនាធៀបនឹងឆ្នាំមុន ខណៈដែលប្រេង rapeseed បានកើនឡើង ៧២% ប្រេង​សណ្តែកសៀង​ឡើង ​៤១% ប្រេងដូង​ឡើង ​៦១% និង​ប្រេង​អូ​លីវ​ឡើង​ ១៥% នេះបើយោងតាមក្រុមហ៊ុនទិន្នន័យទីផ្សារ Mintec Ltd។ គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែន គឺជាប្រទេសផលិតប្រេងផ្កាឈូករ័ត្នដ៏សំខាន់ដែលបង្កើតបានជាង ៤៧% នៃការនាំចេញរបស់ពិភពលោក។ ប៉ុន្តែការនាំចេញប្រេងផ្កាឈូករ័ត្ន និងគ្រាប់ពូជដែលប្រើដោយម៉ាស៊ីនសម្រាញ់នៅកន្លែងផ្សេងទៀត បានបញ្ឈប់ជាបន្ទាន់ចំពេលមានសង្រ្គាម ដោយបង្អាក់ការផ្គត់ផ្គង់ទំនិញដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការចម្អិនអាហារ និងជាគ្រឿងផ្សំនៅក្នុងផលិតផលប្រចាំថ្ងៃដូចជា margarine, mayonnaise និងនំបុ័ង៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងជើងរៀបចំពិធីអបអរខួបទី ១០ឆ្នាំនៃការឡើងកាន់ដំណែងជាប្រធានគណបក្សកម្មករកូរ៉េរបស់លោកគីម ជុងអ៊ុន

Khmerpress April 11, 2022 11/04/2022

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរៀបចំពិធីអបអរធំមួយសម្រាប់ខួបទី ១០ឆ្នាំនៃការឡើងកាន់ដំណែងជាប្រធានគណបក្សកម្មករកូរ៉េរបស់លោកគីម ជុងអ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១១ ខែមេសានេះ។ បើតាមអ្នកនាំពាក្យរបស់គណបក្សកម្មករកូរ៉េបានបញ្ជាក់ថា ពិធីអបអរនេះត្រូវបានធ្វើឡើងដើម្បីរម្លឹកដល់ភាពដឹកនាំដ៏ឈ្លាស​វៃរបស់លោកគីម ជុងអ៊ុន ដែលនាំឲ្យមានការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនមានដូចជាការអនុវត្តកម្មវិធីនុយក្លេអ៊ែ និងភាគជោកជ័យក្នុងនយោបាយកាទូតជាដើម។ គួររម្លឹកជូនថា លោក គីម ជុងអ៊ុន បានឡើងស្នងតំណែងជាប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងពីឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ដែលបានស្លាប់កាលខែធ្នូ ឆ្នាំ២០១១ ហើយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១២ លោកគីម ជុងអ៊ុនក៏ត្រូវបានសាមាជគណបក្សកម្មករកូរ៉េសម្រេចបោះឆ្នោតជ្រើសរើសលោកឲ្យក្លាយជាប្រធានគណបក្សបន្ថែមទៀត និងកាន់ដំណែងនេះរហូតមកនឹងពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងឆាកនយោបាយជាតិនិងអន្តរជាតិ លោក គីម ជុងអ៊ុន ត្រូវបានគេចាត់ទុកថាមេដឹកនាំវ័យក្មេងម្នាក់ដែលមានភាពអង់អាច ក្លាហាន ឆ្លាតវ័យ និងសម្រេចបានជោគជ័យធំៗជាច្រើនក្នុងប្រវត្តិសាស្រ្តនៃប្រទេសកូរ៉េខាងជើង៕ ដោយ៖ ខ្មែរណូត

តោះ! មកស្គាល់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតទាំង ១០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២២

Khmerpress April 11, 2022 11/04/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានបង្ហាញថា លិខិតឆ្លងដែនរបស់ប្រទេសជប៉ុន និងសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១ ជាលិខិតឆ្លងដែនមានឥទ្ធិពលបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ២០២២។ នេះមានន័យថា ពលរដ្ឋនៃប្រទេសទាំង ២ អាចទៅទស្សនាប្រទេសចំនួន ១៩២ នៅជុំវិញពិភពលោក ដោយមិនចាំបាច់មានទិដ្ឋាការនោះទេ។ វាគឺជាការវាយតម្លៃដោយ Henley Passport Index ដែលជាស្ថាប័នមួយ មានវត្តមានតាំងតែពីឆ្នាំ២០០៦ ហើយតែងតែវាយតម្លៃលិខិតឆ្លងដែនជារៀងរាល់ឆ្នាំ ដោយផ្អែកលើចំនួនគោលដៅដែលកាន់លិខិតឆ្លងដែន តាមប្រទេសនីមួយៗអាចចូលទៅបានដោយគ្មានទិដ្ឋាការជាមុន។ ខាងក្រោមនេះគឺជាចំណាត់ថ្នាំទាំង ១០ និងគោលដៅ ដែលពួកគេអាចទៅបានដោយគ្មានទិដ្ឋាការជាមុន៖ ១. ប្រទេសជប៉ុន, សិង្ហបុរី (១៩២) ២. អាល្លឺម៉ង់, កូរ៉េខាងត្បូង (១៩០) ៣.ហ្វាំងឡង់, អ៉ីតាលី, លុចសំបួរ, អេស្ប៉ាញ (១៨៩) ៤.អូទ្រីស, ដាណឺម៉ាក, ហូឡង់, ស៊ុយអែត (១៨៨) ៥. បារាំង, អៀរឡង់, ព័រទុយហ្គាល់, ចក្រភពអង់គ្លេស (១៨៧) ៦. បែលហ្ស៊ិក, នូវែលសេឡង់, […]

UNHCR បាននិយាយថា គិតមកទល់ពេលនេះ មានពលរដ្ឋអ៊ុយក្រែនច្រើនជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ

Khmerpress April 11, 2022 11/04/2022

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ មានមនុស្សជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR បាននិយាយថា ក្នុងចំណោមពលរដ្ឋទាំងនោះ មានពលរដ្ឋជាង ២.៥៩ លាននាក់ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ។ ចំណែកប្រទេសរូម៉ានី​មាន​ចំនួន​អ្នកជម្លៀសខ្លួន​ច្រើន​ជាង​គេ​ទី​២ ​ជាមួយនឹងជនភៀសខ្លួនប្រហែល ​៦៨៦,០០០​ នាក់ ខណៈប្រទេស​ហុងគ្រី​មាន​ជាង​៤១៩,០០០ ​នាក់ ហើយប្រទេសម៉ុលដាវីមានប្រហែល ៤១០,០០០ នាក់ ។ UNHCR ក៏រាយការណ៍ថា មានពលរដ្ឋជាង ៤០៤,០០០ នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសរុស្ស៊ីផងដែរ៕

ស្រីលង្កា ប្រឈមមុខជិតអស់ថ្នាំព្យាបាលអ្នកជំងឺ ខណៈវិបត្តិកាន់តែមានសភាពធ្ងន់ធ្ងរ

Khmerpress April 11, 2022 11/04/2022

(កូឡុំបូ)៖ វេជ្ជបណ្ឌិតក្នុងប្រទេសសី្រលង្កា បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា ពួកគេជិតអស់ថ្នាំសម្រាប់សង្រ្គោះជីវិត អ្នកជំងឺហើយ ខណៈវិបត្តិសេដ្ឋកិច្ចនៃប្រទេសដែនមួយនេះ បានគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ ខ្លាំងជាងជំងឺរាតត្បាតកូវីដ១៩ ទៅទៀត។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ បើតាមសមាគមវិជ្ជសាស្រ្តសីលង្កា ហៅកាត់ថា SLMA មន្ទីរពេទ្យទាំងអស់ក្នុងប្រទេស ប្រហែលជាលែងមានលទ្ធភាពនាំចូលឧបករណ៍ វេជ្ជសាស្រ្ត និងថ្នាំពេទ្យសំខាន់ៗទៀតហើយ រីឯការវះកាត់ធម្មតាជាច្រើន ត្រូវបានផ្អាកចាប់តាំងពីខែមីនាមក ហើយសូម្បីតែការវះកាត់បន្ទាន់ ក៏ទំនងជាមិនអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះនោះដែរ។ នៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) SLMA បានព្រមានអំពីស្ថានភាពនេះដូច្នេះថា «យើងមានការលំបាកក្នុងការសម្រេចចិត្តថាតើនណាអាចទទួលបានការព្យាបាលមុន។ ប្រសិនបើការផ្គត់ផ្គង់មិនត្រូវបានស្តារឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ នោះអ្នកស្លាប់ និងជនងគ្រោះ នឹងកាន់តែអាក្រក់ជាងជំងឺរាតត្បាតទៅទៀត»។ គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនសប្តាហ៍, កង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថ បាននាំមកនូវទុក្ខលំបាកយ៉ាងខ្លាំង សម្រាប់ប្រទេសស្រីលង្កា ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហ្សេលេនស្គី ប្ដេជ្ញាបន្តស្វែងរកសន្តិភាព ខណៈទទូចឱ្យលោកខាងលិច បញ្ជូនអាវុធមកបន្ថែម

Khmerpress April 11, 2022 11/04/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយថាលោកបានប្ដេជ្ញាចិត្តបន្តស្វែងរក សន្តិភាព បើទោះជាមានការព្រមានថាកងទ័ពរុស្ស៉ីកំពុងត្រៀមខ្លួនបើកការវាយប្រហារលើតំបន់ភាគខាងកើតនៃប្រទេសក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីមនុស្សយ៉ាងហោច ៥២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើ ស្ថានីយរថភ្លើងមួយស្ថិតក្នុងទីក្រុង ក្រាម៉ាទ័ស (Kramatorsk) នៃភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ ថ្លែងនៅក្នុង បទសម្ភាសន៍ជាមួយសារព័ត៌មាន AP លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «គ្មាននរណាម្នាក់ចង់ចរចាជាមួយមនុស្សម្នាក់ដែល បានធ្វើទារុណកម្មលើប្រជាជាតិមួយនេះនោះទេ ហើយក្នុងនាមជាបុរសម្នាក់ និងជាឪពុកម្នាក់ ខ្ញុំយល់ពីរឿងនេះយ៉ាងច្បាស់។ ប៉ុន្តែខ្ញុំមិនចង់ បាត់បង់ឱកាសនោះទេ ប្រសិនបើយើងមានឱកាសស្វែងរកដំណោះស្រាយការទូត»។ គួរបញ្ជាក់ថា ជាមួយការប្ដេជ្ញាចិត្តស្វែងរកសន្តិភាពបញ្ចប់សង្រ្គាម, លោក ហ្សេលេនស្គី ក៏បានទទូចឱ្យបណ្ដាប្រទេសលោកខាងលិចបញ្ជូនអាវុធ បន្ថែមមកឱ្យអ៊ុយក្រែនផងដែរ នៅចំពោះមុខការព្រមានថាកងទ័ពរុស្ស៉ីកំពុងប្រមូលផ្ដុំកម្លាំងត្រៀមវាយលុកតំបន់ភាគខាងកើតនៃប្រទេស អ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

តួលេខអ្នកឆ្លងកូវីដ-១៩ នៅសៀងហៃបន្តកើនឡើងខ្លាំង ខណៈអាជ្ញាធរកំពុងប្រឈមនឹងបញ្ហាដឹកជញ្ជូនចំណីអាហារជូនប្រជាពលរដ្ឋ

Khmerpress April 11, 2022 11/04/2022

ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ២៥,០០០នាក់​ សម្រាប់របាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី១០ ខែមេសាម្សិលមិញនេះ ខណៈ​តួលេខនេះគឺមានការកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងរយៈពេលកន្លងមក។ ទីក្រុងសៀងហៃដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជា ២៦លាននាក់នោះបានប្រែក្លាយជាស្ងប់ស្ងាត់ គ្មានមនុស្សធ្វើដំណើរ គ្មានសកម្មភាពអាជីវកម្ម និងគ្មានសកម្មភាពកំសាន្តនោះទេ ដ្បិតអាជ្ញាធរបានធ្វើការបិទខ្ទប់ទីក្រុងហិរញ្ញវត្ថុដ៏ធំមួយនេះដើម្បីធ្វើតេស្តគ្រប់ប្រជាពលរដ្ឋទាំងអស់តែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅចំពោះមុខនៃការកើនឡើងតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នេះ អាជ្ញាធរក្រុងសៀងហៃក៏ត្រូវប្រឈមនឹងបញ្ហាមួយទៀតផងដែរនោះគឺ ការដឹកជញ្ជូនចំណីអាហារជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវរហូតធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវត្អូញត្អែរអំពីបញ្ហាខ្វះខាតអាហារសម្រាប់បរិភោគទៀតផង។ គួរបញ្ជាក់ជូនថា ប្រទេសចិនដែលនាពេលកន្លងមកត្រូវបានគេមើលឃើញថាហាក់បានយកឈ្នះលើជំងឺកូវីដ-១៩ ទៅហើយនោះ ស្រាប់តែពេលនេះចិនត្រូវប្រឈមនឹងការរាតត្បាតកូវីដ-១៩ ជាថ្មីម្តងទៀតនិងរាតត្បាតក្នុងលក្ខណៈធ្ងន់ធ្ងរទៀតផង។ គិតត្រឹមពេលនេះចិនមានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួនជាង ១,៦ សែននាក់ និងស្លាប់សរុងជាង ៤ពាន់នាក់៕ ដោយ៖ ខ្មែរណូត  

សហរដ្ឋអាមេរិក ប្ដេជ្ញាផ្គត់ផ្គង់អាវុធដែលអ៊ុយក្រែនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី

Khmerpress April 11, 2022 11/04/2022

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះថាសហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែន នូវសព្វាវុធដែលខ្លួនត្រូវការ ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC លោក Sullivan បានបញ្ជាក់ដូច្នេះថា «រដ្ឋបាលរបស់លោក ចូ បៃដិន នឹងបន្តផ្តល់ឲ្យ អ៊ុយក្រែននូវសព្វាវុធ ដែលខ្លួនត្រូវការ ដើម្បីវាយបកលើរុស្ស៉ីវិញ, ទប់ស្កាត់ការដណ្តើមយកទឹកដី និងការកំណត់គោលដៅលើជនស៊ីវិល ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីតោនហៅថាជាឧក្រិដ្ឋកម្មសង្រ្គាម»។ លោកបន្ថែមថា អាវុធបានទៅដល់អ៊ុយក្រែនជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃនេះផងដែរ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងសកម្ម ដើម្បីបញ្ជូន អាវុធរបស់ខ្លួនផ្ទាល់ និងរៀបចំសម្របសម្រួលការបញ្ជូនអាវុធពីប្រទេសជាច្រើនទៀត។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានជំនួយយោធាជាង ១.៧ពាន់លានដុល្លារឱ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារនាថ្ងៃទី២៤ ខែកុម្ភៈ មក។ ទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់ពីការប្រពឹត្តិឧក្រិដ្ឋកម្មសង្រ្គាម ហើយក៏បានព្រមានលោកខាងលិចផងដែរពាក់ព័ន្ធនឹងការ បញ្ជូនអាវុធឱ្យអ៊ុយក្រែន ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មេដឹកនាំឆេឆេនី អះអាងថា កងទ័ពរុស្ស៉ីនឹងវាយលុកចូលទីក្រុងកៀវ របស់អ៊ុយក្រែន សាជាថ្មី

Khmerpress April 11, 2022 11/04/2022

(ឡុងដ៍)៖ មេដឹកនាំសាធារណរដ្ឋឆេឆេនី (Chechnya) របស់រុស្ស៉ី លោក រុំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) នៅថ្ងៃចន្ទនេះបាននិយាយថា កងទ័ពរុស្ស៉ី នឹងបើកការវាយប្រហារមួយដោយមិនមែនផ្តោតតែទៅលើទីក្រុងម៉ារីយូប៉ូល (Mariupol) ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ នោះទេ ប៉ុន្តែក៏នឹងមានការវាយយករដ្ឋធានីកៀវ និងទីក្រុងដទៃទៀតរបស់អ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសារវីដេអូមួយបង្ហោះលើឆាណែល Telegram របស់លោកផ្ទាល់, លោក កាឌីរ៉ូវ បានលើកឡើងដូច្នេះថា «វាអាចនឹងមាន ការវាយប្រហារមួយ… មិនមែនតែលើទីក្រុងម៉ារីយូប៉ូលតែមួយគត់នោះទេ តែក៏មានទីតាំងដទៃ, ទីក្រុង និងភូមជាច្រើនផ្សេងទៀតផងដែរ»។ លោកបន្ថែមថាតំបន់លូហាន់ (Luhansk) និងដូណេត (Donetsk) នឹងត្រូវបានរំដោះទាំងស្រុង ហើយក្រោយមកទៀតគឺដល់វេនទីក្រុងកៀវ និងទីក្រុងជាច្រើនទៀត។ គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពរុស្ស៉ី បានប្ដូរយុទ្ធសាស្ត្រងាកទៅផ្តោតលើតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈក្រុមមន្ត្រីលោកខាងលិច ព្រមានថារុស្ស៉ីក៏កំពុងដកថយត្រៀមបើកការវាយប្រហារសារជាថ្មីទ្វេដង លើអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉ូលិសឥណ្ឌា តាមចាប់ចោរមួយក្រុមដែលបំផ្លាញស្ពានដែកមួយ ដើម្បីយកដែកទៅលក់អេតចាយ

Khmerpress April 10, 2022 10/04/2022

(ញូដេលី)៖ ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា កំពុងតាមស្វែងរកពួកចោរមួយក្រុម ដែលបានបំផ្លាញស្ពានដែកមួយមានប្រវែងប្រហែល ១៨ម៉ែត្រ ដើម្បីយកដែកទៅលក់អេតចាយ ដែលជាមុខរបរពេញនិយមមួយនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។ បើតាមប៉ូលិស និងប្រជាជនឥណ្ឌា នៅក្នុងរដ្ឋ ប៊ីហា (Bihar), ក្រុមចោរខាងលើបានបន្លំខ្លួនជាអាជ្ញាធរមកពីនាយកដ្ឋានប្រព័ន្ធធារាសាស្ត្រ និងបានប្រើប្រាស់ឧបករណ៍កាត់ដែក បំផ្លាញស្ពានដែកមួយដែលត្រូវបានគេបោះបង់ចោលនៅក្នុងភូមិ អាមីយ៉ាវ៉ា (Amiyawar) ស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រពីទីក្រុង ប៉ាតណា (Patna) ដែលជារដ្ឋធានីនៃរដ្ឋ Bihar។ ប៉ូលិសឥណ្ឌាដោយផ្អែកលើអ្នកភូមិអាមីយ៉ាវ៉ា បានឱ្យដឹងទៀតថាពួកចោរបានប្រាប់អ្នកស្រុកថាពួកគេគឺជាអាជ្ញាធរ មកពីនាយកដ្ឋានធារាសាស្ត្រ ដែលទទួលបញ្ជាពីរដ្ឋាភិបាលឱ្យចុះមកបំផ្លាញស្ពានដែកខាងលើចោល ព្រោះស្ពាននោះត្រូវបានទុកចោលលែងប្រើការ។ អ្នកភូមិបន្ថែមទៀតថា ក្រុមចោរបានប្រើពេល ២ថ្ងៃ ដើម្បីបំផ្លាញស្ពានដែកនេះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews