ព័ត៌មានអន្តរជាតិ

នូវែលសេឡង់ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែម រួមជាមួយបរិក្ខាយោធាដល់អ៊ុយក្រែន

Khmerpress March 21, 2022 21/03/2022

(វែលីងតោន)៖ នូវែលសេឡង់នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ៥លានដុល្លារនូវែលសេឡង់ ឬស្មើនឹង ៣.៤៦លានដុល្លារអាមេរិក បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន រួមជាមួយបរិក្ខាយោធាផ្សេងៗ ដែលមិនមែនជាសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយថា ថវិកាជំនួយខាងលើនឹងត្រូវផ្ទេរទៅកាន់ មូលនិធិរបស់អង្គការ NATO ដែលផ្តល់ឥន្ធនៈ, ស្បៀង, បរិក្ខាទាក់ទង, និងសម្ភារៈសង្រ្គោះបឋម ដើម្បីគាំទ្រដល់អ៊ុយក្រែន ដែលកំពុងបន្តប្រយុទ្ធតទល់គ្នា ជាមួយយោធារុស្ស៉ី។ លោកស្រី Ardern បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «យើងចាត់ទុកអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន ជាការបង្កភាពរាំងស្ទះយ៉ាងធំធេង ចំពោះសណ្តាប់ធ្នាប់ដែលឈរលើច្បាប់អន្តរជាតិ ហើយដោយសារតែបែបនេះ គឺវាជះផលប៉ះពាលដល់យើងរាល់គ្នា ហេតុដូច្នេះទើបពួកយើងបានសម្រេចចាត់វិធានការទាំងនេះ»។ គួរបញ្ជាក់ថា យោធានូវែលសេឡង់នឹងផ្តល់ បរិក្ខាផ្សេងៗរួមមានទាំងមួក និងអាវការពារជាដើម។ ជំនួយថ្មីខាងលើនេះ នឹងនាំឱ្យការផ្តល់ជំនួយសរុបរបស់នូវែលសេឡង់ ឱ្យទៅអ៊ុយក្រែន កើនដល់១១លានដុល្លារនូវែលសេឡង់ ឬស្មើនឹង៧.៦លានដុល្លារសហរដ្ឋអាមេរិក។ នូវែលសេឡង់ក៏បានចូលរួមការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: យន្តហោះដឹកអ្នកដំណើរ China Eastern ផ្ទុកមនុស្ស១៣៣នាក់ ធ្លាក់នៅភាគនិរតីប្រទេសចិន

Khmerpress March 21, 2022 21/03/2022

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern មានផ្ទុកមនុស្សសរុបចំនួន១៣៣នាក់ បានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន ខណៈមិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតប៉ុន្មាននាក់ ឬក៏អាចមានអ្នករួចរស់ជីវិត ដែរឬយ៉ាងណានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ គួរបញ្ជាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពល្អបំផុត នៅលើពិភពលោក គិតក្នុងអំលុងមួយទសវត្សរ៍ចុងក្រោយនេះ។ ករណីធ្លាក់យន្តហោះលើកចុងក្រោយបង្អស់ ដែលមានមនុស្សស្លាប់នៅចិន បានកើតឡើងកាលពីឆ្នាំ២០១០ នៅពេលមនុស្ស៤៤នាក់ ក្នុងចំណោមមនុស្សសរុប៩៦នាក់ បានបាត់បង់ជីវិត […]

ហុងកុងនឹងលុបចោល បម្រាមជើងហោះហើរពីប្រទេសចំនួន៩ នៅខែមេសា ហើយកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក

Khmerpress March 21, 2022 21/03/2022

(ហុងកុង)៖ រដ្ឋាភិបាលហុងកុង បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងហុងកុងនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ពីសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសចំនួន៧ផ្សេងទៀត ព្រមទាំងប្រកាសបន្ធូរបន្ថយ ការរឹតត្បិតវិធានការការពារកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ សម្រាប់រយៈពេលនៃការធ្វើចតា្តឡីស័កលើអ្នកដំណើរមកពីបរទេស ក៏នឹងត្រូវបានកាត់បន្ថយ មកនៅតឹ្រមចំនួន៧ថ្ងៃផង ខណៈបម្រាមជើងហោះហើរ ដែលបានដាក់ចេញនាពេលកន្លងទៅ នឹងត្រូវដកវិញចាប់ពីថ្ងៃទី១ ខែមេសា តទៅ។ បម្រាមជើងហោះហើរអន្តរជាតិ ត្រូវបានហុងកុងដាក់ចេញ ចាប់តាំងពីមានការរាលដាលខ្លាំងនៃមេរោគអូមីក្រុង កាលពីខែមករា ដើមឆ្នាំនេះ ទៅលើប្រទេសចំនួន៩ ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ រួមមាន សហរដ្ឋអាមេរិក, អូស្រ្តាលី, អង់គ្លេស, កាណាដា, បារាំង, ឥណ្ឌា, ប៉ាគីស្ថាន, ហ្វីលីពីន និងក្រោយមកទៀតគឺនេប៉ាល់។ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «បម្រាមជើងហោះហើរទាំងនេះ គឺហាក់មិនសមស្របជាមួយពេលវេលាឥឡូវនោះទេ។ បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរាតត្បាតនៅតាមប្រទេសទាំងនោះ គឺមិនអាក្រក់ជាងទីក្រុងហុងកុងឡើយ ហើយម៉្យាងវិញទៀត អ្នកដំណើរភាគច្រើនដែលមកដល់ហុងកុង គឺមិនមានចេញរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ។ […]

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សន្យាចំពោះក្រុមអ្នកគាំទ្រថា នឹងត្រឡប់ទៅសេតវិមានវិញ នៅឆ្នាំ២០២៤

Khmerpress March 21, 2022 21/03/2022

(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថា រូបលោកនឹងវិលត្រឡប់ទៅសេតវិមានវិញ នៅឆ្នាំ២០២៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Business Insider នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ កំលុងព្រឹត្តិការណ៍មួយដើម្បីជួបជុំក្រុមអ្នកគាំទ្រ នៅរដ្ឋកាលីហ្វ័រញ៉ា លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ជាមួយការគាំទ្ររបស់អ្នករាល់គ្នានៅទីនេះ យើងនឹងយកមកវិញនូវសភាទាំងពីរ ក៏ដូចជាប្រទេសរបស់យើង ហើយអ្វីដែលសំខាន់បំផុតនៅឆ្នាំ២០២៤នោះ គឺពួកយើងនឹងត្រឡប់ទៅសេតវិមានដ៏ស្រស់ស្អាតរបស់យើងវិញ»។ គួរបញ្ជាក់ថា លោក ត្រាំ មិនទាន់បានប្រកាសនៅឡើយទេ អំពីការចូលរួមជាផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ប៉ុន្តែតាំងតែពីចាញ់ឆ្នោតកាលពីឆ្នាំ២០២០មក លោកធ្លាប់បានបង្ហើបខ្លះៗ ថារូបលោកអាចនឹងសាកល្បងប្រកួតយកតំណែងនេះ ជាថ្មីម្តងទៀត។ រីឯលោក បៃដិន វិញ ធ្លាប់បានលើកឡើងថា រូបលោកអាចនឹងបន្តឈរឈ្មោះ មួយអាណត្តិទៀតនៅឆ្នាំ២០២៤ ប្រសិនបើលោកនៅមានសុខភាពរឹងមាំ។ នៅសហរដ្ឋអាមេរិក ប្រធានាធិបតីអាចកាន់អំណាចបាន២អាណត្តិ សរុប៨ឆ្នាំ ខណៈលោក ត្រាំ កាន់បានត្រឹមមួយអាណត្តិ ហើយក៏ចាញ់ឆ្នោត ដោយសារលោក បៃដិន។ ដូច្នេះលោក […]

ថៃបង្ហាញនូវក្តីព្រួយបារម្ភអំពីហានិភ័យនៃការរាតត្បាតកូវីដ-១៩ក្នុងចំណោមមនុស្សចាស់នៅអំឡុងពេលបុណ្យ “សង្ក្រាន្តថៃ”

Khmerpress March 21, 2022 21/03/2022

ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃបានបង្ហាញនូវក្តីកង្វល់ជាថ្មីជុំវិញហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងចំណោមពលរដ្ឋវ័យចំណាស់ក្នុងអំឡុងពេលនៃពិធីបុណ្យចូលប្រពៃណីខាងមុននេះ ឬជាធម្មតាគេតែងហៅថា “សង្ក្រាន្តថៃ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនានេះ។ ការបង្ហាញនូវក្តីព្រួយបារម្ភនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលថៃបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាមនុស្សចាស់ក្នុងចំនួនដ៏ច្រើនក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ​ ហើយក្រុមមនុស្សចាស់ទាំងនោះគឺភាគច្រើនជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការនោះទេ។ ឆ្លើយតបនឹងក្តីព្រួយបារម្ភមួយនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានអំពាវនាវឲ្យក្រុមពលរដ្ឋវ័យចំណាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ពោលគឺត្រូវចាក់ឲ្យបានរួចរាល់រាល់មុនពេលដែលបុណ្យ “សង្ក្រាន្តថៃ” ចូលមកដល់។ តាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា គិតត្រឹមពេលនេះគឺមានពលរដ្ឋវ័យចំណាស់នៅទូទាំងប្រទេសថៃប្រមាណជា ២,១ លាននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូម្បីតែ ១ដូស ខណៈមានពលរដ្ឋវ័យចំណាស់ចំនួន ១០លាននាក់បានចាក់ត្រឹមដូសទី ២ និងមាន ៤,២លាននាក់បានចាក់ដល់ដូសជម្រុញ៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញថៃរកឃើញថា បើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពនេះ ហើយបើកកង្ហារបន្ថែមមួយទៀតជួយកាត់សន្សំភ្លើងបានយ៉ាងច្រើន

Khmerpress March 21, 2022 21/03/2022

ថៃ៖ អ្នកជំនាញថៃម្នាក់បានអះអាងថា ការបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាព ២៧ អង្សាសេនិងបើកកង្ហារប​​ន្ថែមមួយទៀតនឹងជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីជាងការប្រើម៉ាស៊ីនត្រជាក់តែមួយហើយបើកវាឲ្យនៅសីតុណ្ហភាពទាប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បាន​ឲ្យដឹងថា អ្នកជំនាញថៃរូបនេះមានឈ្មោះថា Jessada Denduangboripant ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ។ លោកសាស្រ្តាចារ្យរូបនេះបានពន្យល់ថា នៅពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាព ២៧ អង្សាសេហើយបើកកង្ហារថែមមួយទៀតវានឹងធ្វើឲ្យម៉ាស៊ីនត្រជាក់អាចបង្កើនលំហូរខ្យល់បានច្រើនជាងមុន​ ហើយសីតុណ្ហភាពក៏កាន់តែចុះត្រជាក់ដែរ។ វិធីនេះបានជួយកាន់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានក្នុងចន្លោះពី ១០-៣០% បើប្រៀបធៀបនឹងការប្រើម៉ាស៊ីនត្រជាក់តែមួយហើយបើកវានៅសីតុណ្ហភាព ២៣-២៤ អង្សាសេ៕ ដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ព្រមានថាបើកិច្ចចរចាជាមួយរុស្ស៊ី បរាជ័យ, សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង

Khmerpress March 21, 2022 21/03/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា ស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានដែរថា ប្រសិនបើកិច្ចចរចាទទួលបរាជ័យ នោះសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួបចរចាជាមួយលោក (លោក ពូទីន)។ ខ្ញុំបានត្រៀមខ្លួនអស់រយៈពេល២ឆ្នាំមកនេះ ហើយខ្ញុំគិតថាបើគ្មានកិច្ចចរចាទេ នោះយើងនឹងមិនអាចបញ្ចប់សង្រ្គាមនេះបានឡើយ។ ដូច្នេះខ្ញុំយល់ថាយើងគួរចាប់យកឱកាសដើម្បី អាចរៀបចំកិច្ចចរចាជាមួយលោក ពូទីន។ ប៉ុន្តែ ប្រសិនបើការព្យាយាមទាំងនេះទទួលបរាជ័យ នោះវាមានន័យថាសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអង្គការ NATO បានបញ្ជាក់ជាច្រើនលើកថាពួកគេនឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ីទេ ហើយក៏បានបដិសេធបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ដោយសារ បារម្ភខ្លាចផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ តែបានសន្យាថានឹងចាត់់វិធានការឆ្លើយតប បើប្រទេសជាសមាជិក […]

ប្រជាជនអេស្ប៉ាញ ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងសំាងឡើងថ្លៃ, អំពាវនាវឱ្យរដ្ឋបន្ធូរបន្ថយពន្ធ

Khmerpress March 21, 2022 21/03/2022

(ម៉ាឌ្រីដ)៖ ប្រជាជនអេស្ប៉ាញរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ នៅទូទាំងប្រទេស កាលពីចុងសប្តាហ៍ កន្លងទៅនេះ ចំពោះមុខតម្លៃម្ហូបអាហារ, អគ្គិសនី និងប្រេងឥន្ធនៈបានកើនឡើង ដោយសារតែសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានចិន Global Times នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ ការប្រមូលផ្តុំគ្នាតវ៉ាដឹកនាំដោយគណបក្សស្តាំនិយម Vox party បានធ្វើឡើងនៅក្នុងទីក្រុងសំខាន់ៗរបស់អេស្ប៉ាញ ដើម្បីបង្ហាញ ការមិនពេញចិត្តរបស់ពួកគេ ចំពោះការកើនឡើងថ្លៃចំណាយក្នុងសង្គម និងបានធ្វើឲ្យគ្រួសារជាច្រើន មានជីវភាពលំបាក។ នៅខាងក្រៅសាលប្រជុំទីក្រុងម៉ាឌ្រីដ (Madrid), ក្រុមមនុស្សជាច្រើនពាន់នាក់ បាននាំគ្នាលើកទង់ជាតិអេស្ប៉ាញ និងស្រែកអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស (Pedro Sanchez) មកពីគណបក្សឆ្វេងនិយម លាលែងចេញពីតំណែង។ ក្រុមអ្នកតវ៉ា បានបន្ទោសលើរដ្ឋាភិបាលរបស់លោក សាន់ឆេស ថាមិនបានអើពើចំពោះជីវភាពរបស់ប្រជាជន និងស្នើឲ្យមានសកម្មភាពបន្ធូរបន្ថយតម្លៃក្នុងសង្គម។ សារព័ត៌មាន GLobal Times ក៏បានរាយការណ៍ដោយដកស្រង់ប្រភពពីអ្នកតវ៉ាផងដែរថា «រដ្ឋាភិបាលអេស្ប៉ាញគួរតែបន្ថយពន្ធដើម្បីជួយសម្រួលដល់ប្រជាជនដែលកំពុងជួបការលំបាក»។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅ តម្លៃថាមពល ក្នុងប្រទេសអេស្ប៉ាញ បានកើនឡើង ៧២ភាគរយ […]

នាយករដ្ឋមន្ត្រី​ថៃ សន្យា​ផ្តល់​ជំនួយ​ដ៏​ល្អ​បំផុត​ដល់​ភ្ញៀវ​ទេសចរ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជាប់គាំងនៅក្នុងប្រទេសថៃ

Khmerpress March 21, 2022 21/03/2022

នាយករដ្ឋមន្រ្តី Prayut Chan-o-cha បានណែនាំភ្នាក់ងាររដ្ឋពាក់ព័ន្ធឱ្យផ្ដល់ “ជំនួយល្អបំផុត” ដល់ភ្ញៀវទេសចររុស្ស៊ី និងអ៊ុយក្រែនដែលជាប់គាំងនៅក្នុងប្រទេសថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃសោរិ៍ថា “រដ្ឋាភិបាលក៏កំពុងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនរុស្ស៊ី និងអ៊ុយក្រែននៅក្នុងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសង្រ្គាមដែលកំពុងបន្ត។ អ្នកទេសចរទាំងអស់នោះនឹងត្រូវធានាថា រដ្ឋាភិបាលនឹងផ្តល់ការថែទាំ ភាពងាយស្រួល និងជួយឱ្យអស់ពីសមត្ថភាពរបស់យើង”។ ក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ជនជាតិរុស្សីប្រហែល ៧,០០០ និងអ៊ុយក្រែន ១,០០០ នាក់ត្រូវបានជាប់នៅក្នុងប្រទេសថៃ ភាគច្រើននៅភូកេត និងស៊ូរ៉ាតថានី។ អាជ្ញាធរថៃ បាននឹងកំពុងផ្តល់ឱ្យពួកគេនូវបណ្តាញទូទាត់ជំនួស សម្រាប់ កន្លែងស្នាក់នៅ អ្នកបកប្រែ និងសេវាទូរស័ព្ទបន្ទាន់សម្រាប់ជំនួយ ខណៈពេលដែលពួកគេរង់ចាំជើងហោះហើរត្រលប់ទៅប្រទេសកំណើតវិញ។ ជាមួយគ្នានេះ បើតាមលោក Thanakorn ភ្ញៀវទេសចរដែលមិនអាចធ្វើការផ្ទេរប្រាក់បាន ដោយសារតែការហាមឃាត់ធនាគារ SWIFT ត្រូវបានគេណែនាំឱ្យប្រើប្រព័ន្ធផ្សេងទៀតដូចជា TransferWise, Western Union និង MoneyGram ។ លោកបានបន្ថែមថា ការផ្ទេរប្រាក់ក៏អាចធ្វើឡើងតាមរយៈធនាគារពាណិជ្ជថៃ និងបណ្តាញមិនមែនធនាគារ ដូចជាប្រៃសណីយ៍ថៃជាដើម៕ ដោយ៖ ខ្មែរណូត

ប្រទេសស្រីលង្កាបានលុបចោលការប្រឡងឆមាសរបស់សិស្ស ដោយសារកង្វះខាតក្រដាសសរសេរ ហើយរដ្ឋកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុមិនអាចទិញក្រដាសមកផ្គត់ផ្គង់បាន

Khmerpress March 21, 2022 21/03/2022

ប្រទេសស្រីលង្កាបានលុបចោលការប្រឡងសម្រាប់សិស្សរាប់លាននាក់ បន្ទាប់ពីកង្វះខាតក្រដាសបោះពុម្ព ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ១៩៤៨។ ក្រសួងអប់រំកាលពីថ្ងៃសៅរ៍បាននិយាយថា ការប្រឡងឆមាសដែលមានរយៈពេល ១ សប្តាហ៍ ដែលនឹងចាប់ផ្ដើមពីថ្ងៃចន្ទនេះតទៅ ត្រូវបានពន្យារពេលដោយគ្មានពេលវេលាកំណត់ជាក់លាក់ ដោយសារតែកង្វះខាតក្រដាសធ្ងន់ធ្ងរ ហើយរដ្ឋធានី Colombo កំពុងខ្វះខាតថវិកា សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលក្រដាស។ ប្រភពផ្លូវការបាននិយាយថា បញ្ហានេះអាចធ្វើឱ្យការប្រឡងឆមាស សម្រាប់សិស្សប្រហែល ២ ភាគ ៣ នៃសិស្សសរុបចំនួន ៤.៥ លាននាក់ របស់ប្រទេសត្រូវបានរំខាន។ ការប្រឡងឆមាសគឺជាផ្នែកនៃដំណើរការវាយតម្លៃនៃការសិក្សា ដើម្បីសម្រេចថា តើសិស្សអាចត្រូវបានឡើងថ្នាក់ដែរឬទេ នៅចុងឆ្នាំសិក្សារបស់ពួកគេ។ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកំពុងធ្លាក់ចុះ វានាំឱ្យមានកង្វះទុនបម្រុង សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលសំខាន់ៗ ហើយប្រទេសក៏បានមើលឃើញពីកង្វះខាតអាហារ ប្រេងឥន្ធនៈ អគ្គិសនី និងឱសថជាដើម។ ប្រទេសអាស៊ីខាងត្បូងមួយនេះបាននិយាយថា ខ្លួននឹងស្វែងរកមូលនិធិសង្គ្រោះរបស់ IMF ដើម្បីដោះស្រាយវិបត្តិបំណុលបរទេស ដែលកាន់តែអាក្រក់របស់ខ្លួន និងបង្កើនទុនបម្រុងខាងក្រៅ។ ប្រទេសស្រីលង្កាកាលពីដើមឆ្នាំនេះ ក៏បានស្នើសុំឱ្យប្រទេសចិន ដែលជាម្ចាស់បំណុលដ៏សំខាន់មួយរបស់ខ្លួន ឱ្យជួយបិទការសងបំណុល ប៉ុន្តែមិនទាន់មានការឆ្លើយតបជាផ្លូវការពីទីក្រុងប៉េកាំងនៅឡើយទេ៕ ដោយ៖​ ខ្មែរណូត