ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋានដ៏ធំបំផុតរបស់រុស្ស៊ី សម្រេចដកបុគ្គលិកចេញ និងបញ្ឈប់ការរើសបន្ថែម ដោយសារការសងសឹកបិទដែនអាកាសទៅវិញទៅមក

Khmerpress March 22, 2022 22/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន news.yahoo បានឱ្យដឹងថា អាកាសយានដ្ឋានដ៏ធំបំផុតរបស់រុស្ស៊ី Sheremetyevo នៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានដកបុគ្គលិករបស់ខ្លួនមួយភាគប្រាំ និងបញ្ឈប់ការជ្រើសរើសបន្ថែមទៀត ខណៈដែលចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ អាកាសយានដ្ឋានបាននិយាយថា ចាប់ពីថ្ងៃទី១៦ ខែមីនា និយោជិតមួយចំនួននៃអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ត្រូវបានដកចេញ ដោយពួកគេនឹងទទួលបានប្រាក់ខែពីរភាគបីនៃប្រាក់ខែពេញរបស់ពួកគេ។ គួររម្លឹកសហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទដែនអាកាសរបស់ពួកគេ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដែលជំរុញឱ្យទីក្រុងម៉ូស្គូមានការសងសឹកដោយដាក់វិធានការដូចគ្នា ហើយទណ្ឌកម្ម​ក៏​បាន​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់​យន្តហោះ និង​គ្រឿងបន្លាស់​ភាគច្រើន​ដល់​រុស្ស៊ី។ ការបិទដែនអាកាសទៅវិញទៅមកនេះ ធ្វើឱ្យអាកាសយានដ្ឋានបានបិទចំណតអ្នកដំណើរចំនួនពីរក្នុងចំណោមស្ថានីយអ្នកដំណើរទាំងប្រាំរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ហើយបានដកផ្លូវរត់របស់ខ្លួនចេញពីសេវាកម្មហោះហើរ ដោយលើកឡើងពី “ការរឹតបន្តឹងលើការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ” ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏​បាន​បង្កក​ជា​បណ្ដោះអាសន្ន​នូវ​គម្រោង​វិនិយោគ​ទាំងអស់​របស់​ខ្លួន ហើយក្រុមហ៊ុនអាកាសចរណ៍ Ural ដែលគ្រប់គ្រងដោយឯកជន ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេមួយរបស់រុស្ស៊ី ក៏បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនត្រូវបានបង្ខំចិត្តឱ្យដកបុគ្គលិកមួយចំនួនចេញផងដែរ៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ចំពោះការបន្ដទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី

Khmerpress March 22, 2022 22/03/2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនជាអាហារ និងភេសជ្ជៈដ៏ធំរបស់ប្រទេសស្វីស ចំពោះការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះបីជាក្រុមហ៊ុននេះ បានដឹងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនលោកក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ លោកប្រធានាធិបតី Zelensky បានថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជនស្វីសកាលពីថ្ងៃសៅរ៍ថា៖«អាហារល្អ ជីវិតល្អ។ នេះជាពាក្យស្លោករបស់ Nestlé។ ពាក្យស្លោករបស់ក្រុមហ៊ុន ដែលបដិសេធមិនចាកចេញពីប្រទេសរុស្ស៊ី»។ លោកបានបន្ថែមថា៖«សូម្បីតែឥឡូវនេះ — នៅពេលដែលមានការគំរាមកំហែងពីរុស្ស៊ីទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។ មិនមែនត្រឹមតែចំពោះយើង [អ៊ុយក្រែន] ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Nestlé ដែលជាអ្នកផលិតនំ KitKat, អាហារទារក Gerber និងការ៉េម Dreyer មួយនេះ បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី»។ ជម្រាបដែរថា គិតមកទល់ពេលនេះ មានសាជីវកម្មបរទេសប្រមាណជា ៤០០ បានបិទទ្វាររបស់ខ្លួននៅប្រទេសរុស្ស៊ី ចាប់តាំងពីលោក ពូទីន បានបើកការឈ្លានពានមកលើអ៊ុយក្រែន។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nestlé បានអះអាងថា ក្រុមហ៊ុនបានកាត់បន្ថយសកម្មភាពជាច្រើន រួមទាំងផ្អាកការនាំចេញ និងការនាំចូលនៅក្នុងប្រទេសរុស្ស៊ី លើកលែងតែផលិតផលសំខាន់ៗប៉ុណ្ណោះ។ Nestlé បាននិយាយថា ខ្លួនលែង​វិនិយោគ ឬ​ផ្សព្វផ្សាយ​ផលិតផល […]

អ៊ុយក្រែនដោះលែងទាហានរុស្ស៉ី៩នាក់ ជាថ្នូរនឹងអភិបាលនៃទីក្រុង Melitopol

Khmerpress March 22, 2022 22/03/2022

(មូស្គូ)៖ ស្នងការសិទ្ធិមនុស្សនៃប្រទេសរុស្ស៉ី លោកស្រី តាត់យ៉ាណា ម៉ូស្កាលកូវ៉ា (Tatyana Moskalkova) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា រុស្ស៉ីនិងអ៊ុយក្រែនទើបតែបានធ្វើការដោះដូរឈ្លើយសឹក ដោយទាហានរុស្ស៉ី៩នាក់ និងអភិបាលក្រុងអ៊ុយក្រែនម្នាក់ ត្រូវបានដោះលែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ លោកស្រីស្នងការសិទ្ធិមនុស្សរុស្ស៉ី បានប្រកាសពីដំណឹងខាងលើ កំលុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន RT។ លោកស្រី Moskalkova និយាយយ៉ាងដូច្នេះថា «ការដោះដូរអ្នកទោសសង្រ្គាម ត្រូវបានធ្វើឡើង។ ខាងរុស្ស៉ីទទួលបានទាហានរបស់យើង ៩នាក់ត្រឡប់មកវិញ»។ គួរបញ្ជាក់ថា បើតាមលោកស្រី ទាហានរុស្ស៉ី៩នាក់នោះ ត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែង អភិបាលនៃទីក្រុងមេលីតូប៉ូល (Melitopol) របស់អ៊ុយក្រែន គឺលោក អៃវ៉ាន់ ហ្វេដូរូវ (Ivan Fedorov) ដែលត្រូវបានកងទ័ពរុស្ស៉ីចាប់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

បះសក់! មីស៊ីលមួយគ្រាប់របស់រុស្ស៊ីបានធ្លាក់ចូលក្នុងផ្ទះបាយរបស់ពលរដ្ឋអ៊ុយក្រែន សំណាងណាស់មិនផ្ទុះ (មានវីដេអូ)

Khmerpress March 22, 2022 22/03/2022

អ៊ុយក្រែន៖ យោងតាមវីដេអូមួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Daily Mail បានបង្ហាញថា មានមីស៊ីលមួយគ្រាប់របស់កងទ័ពរុស្ស៊ីបានធ្លាក់ចូលទៅក្នុងផ្ទះបាយរបស់ពលរដ្ឋអ៊ុយក្រែនម្នាក់ ហើយអ្នកដែលបានទស្សនាវីដេអូនេះរួចសុទ្ធតែបានបង្ហាញអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ព្រោះគិតថាគ្រាប់មីស៊ីលនោះទំនងជាអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតមនុស្ស។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងទីក្រុង Kharkiv។ យ៉ាងណាក្តីប្រភពខាងលើមិនបានរាយការណ៍ថា គ្រាប់មីស៊ីលនោះបានសម្លាប់អាយុជីវិតអ្នកណាម្នាក់នោះទេ បើទោះជាគ្រាប់មីស៊ីលបានធ្លាក់ចុះតាមដំបូលផ្ទះនិងធ្លាយរហូតដល់ឡាបូលាងចានក្នុងផ្ទះបាយក៏ដោយ។ រហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញផ្នែកដោះមីនអ៊ុយក្រែនបានទៅយកគ្រាប់មីស៊ីលនោះចេញវិញហើយ ខណៈផ្ទះដែលជាកន្លែងកើតហេតុនោះក៏មិនបានរងនូវការបំផ្លាញធ្ងន់ធ្ងរដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖ ដោយ៖ ខ្មែរណូត

អាជ្ញាធរថៃព្រមានមិនឲ្យមានការដំឡើងថ្លៃចំពោះសេវាដឹកជញ្ជូន ខណៈតម្លៃប្រេងសាំងនៅលើទីផ្សារបានឡើងថ្លៃ

Khmerpress March 22, 2022 22/03/2022

ថៃ៖ អាជ្ញាធរថៃបានព្រមានមិនឲ្យក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដំឡើងថ្លៃចំពោះសេវាដឹកជញ្ជូននោះទេ បើទោះជាតម្លៃប្រេងសាំងនៅលើទីផ្សារបានឡើងថ្លៃក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានឲ្យដឹងថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃបានពិភាក្សាជាមួយបណ្តាក្រុមហ៊ុនដែលជាប្រតិបត្តិករដឹកជញ្ជូនចំណីអាហាររួចអស់ហើយជុំវិញបញ្ហានេះ ដោយក្រុមទាំងនោះរួមមានក្រុមហ៊ុន Shopee, Lazada, Grab Food, Lineman, Foodpanda, Robinhood, និងក្រុមហ៊ុន AirAsia Food ជាដើម។ បើតាមលោក Wattanasak Sueaiam ដែលជាប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានបញ្ជាក់ថា ការសម្រេចព្រមានមិនឲ្យក្រុមហ៊ុនដឹកជញ្ជូនដំឡើងថ្លៃសេវាកម្មរបស់ពួកគេត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុងប្រទេសថៃ ពោលគឺក្នុងពេលបច្ចុប្បន្ននេះពលរដ្ឋជាច្រើនបានរស់នៅដោយពឹងផ្អែកលើសេវាកម្មដឹកជញ្ជូននេះជាសំខាន់តែម្តង។ លោកបានបន្តថា ការដំឡើងថ្លៃដឹកជញ្ជូនចំណីអាហារនឹងបង្កឲ្យមានវិបត្តិមួយបន្ថែមទៀតនៅក្នុងសង្គម ខណៈបញ្ហាកូវីដ-១៩ និងសាំងឡើងថ្លៃបានបង្កឲ្យមានផលប៉ះពាល់យ៉ាងច្រើនរួចទៅហើយ។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា ចំពោះអ្នកដឹកជញ្ជូនណាដែលមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរគឺនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ១០,០០០ បាត (ជិត ៣០០ដុល្លារអាមេរិក) ផងដែរ៕ ដោយ៖ ខ្មែរណូត

វីដេអូស្តែងៗយន្តហោះដឹកអ្នកដំណើរ Boeing 737-800 ហោះដាំក្បាលចុះក្រោមបុកផ្ទប់នឹងភ្នំ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)

Khmerpress March 22, 2022 22/03/2022

ចិន​៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសចិននៅតែជាប្រធានបទក្តៅសម្រាប់បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី២២ ខែមីនានេះ កាសែត Daily Mail បានរាយការណ៍អំពីដំណឹងចុងក្រោយមួយនៃហេតុការណ៍នេះថា អ្នកបើកយន្តហោះទំនងជាបានដឹងខ្លួនឡើងវិញមុនពេលយន្តហោះធ្លាក់បន្តិចហើយបានព្យាយាមជួយសង្គ្រោះយន្តហោះដែរ តែការព្យាយមជួយសង្គ្រោះនោះគឺគ្មានលទ្ធផលនោះទេ នេះបើយោងតាមការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ។ ក្រុមអ្នកជំនាញបានបន្តថា យន្តហោះបានធ្លាក់ដាំក្បាលចុះពីលើអាកាសក្នុងកម្ពស់ជាង ៩គីឡូម៉ែត្រ និងធ្លាក់ចុះមកក្នុងល្បឿនប្រមាណជា ៥៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររម្លឹកជូនថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះដឹកអ្នកដំណើរ Boeing 737-800 បានធ្លាក់នៅលើភ្នំមួយក្នុងតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន ក្រោយយន្តហោះមួយគ្រឿងនេះបានដាច់ការទាក់ទងពីក្រុមការងារអស់រយៈពេល ១៨ម៉ោង។​ នៅលើយន្តហោះមានផ្ទុកអ្នកដំណើរចំនួន ១២៣នាក់ រួមជាមួយនឹង អ្នកបើកបរយន្តហោះនិងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៩នាក់ផ្សេងទៀតផងដែរ ខណៈមនុស្សសរុបទាំង ១៣២នាក់នេះសុទ្ធតែបានស្លាប់បាត់បង់ជីវិតទាំងអស់។ សូ​មអញ្ជើញប្រិយមិត្តទស្សនាវីដេអូនៃការធ្លាក់យន្តហោះមួយគ្រឿងនេះដូចខាងក្រោម៖ ដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ទទូចជាថ្មីចង់ជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

Khmerpress March 22, 2022 22/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាវាមិនអាចទៅរួចឡើយដើម្បីចរចាបញ្ចប់សង្គ្រាម ដោយមិនមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានលើកឡើងជាថ្មីថាជំនួបណាមួយអាចនឹងមាន កិច្ចពិភាក្សាពីអនាគតនៃតំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែវាត្រូវការពេលវេលាក្នុងការដោះស្រាយបញ្ហា។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី ក៏បានទទួលស្គាល់ផងដែរថាអ៊ុយក្រែនបច្ចុប្បន្នអាចចូលជាសមាជិក NATO បាននោះទេ។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានស្វះស្វែងការរៀបចំជំនួបជាមួយលោក ពូទីន អស់រយៈពេលជិត ១ឆ្នាំមក ប៉ុន្តែលោក ពូទីន ត្រូវបានគេ រាយការណ៍បានបដិសេធជាច្រើនលើក រហូតដល់ផ្ទុះសង្រ្គាមកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

UPDATE: មិនមានសញ្ញាពីអ្នកនៅរស់រានមានជីវិតឡើយ ជុំវិញសោកនាដកម្មធ្លាក់យន្ដហោះផ្ទុកមនុស្ស ១៣២នាក់ នៅប្រទេសចិន

Khmerpress March 22, 2022 22/03/2022

(ក្វាងចូវ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានឱ្យដឹងថាមិនមានសញ្ញាបង្ហាញថាមានមនុស្សរស់រានមានជីវិតនោះទេ នៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះ Boeing 737-800 ដែលផ្ទុកមនុស្ស ១៣២នាក់ នៅតំបន់ភ្នំស្ថិតនៅឯភាគខាងត្បូងនៃប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក៏បានសម្ដែងមរណទុក្ខចំពោះអ្នកដំណើរ និងក្រុមអាកាសយានិកផងដែរ តែមិនបានបញ្ជាក់ លម្អិតថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យបើកការស៊ើបអង្កេតដើម្បីកំណត់ ពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់ ខណៈក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ៕ […]

ចិនប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ថែម ចំនួន១.៥លានដុល្លារទៀត ដល់អ៊ុយក្រែន

Khmerpress March 22, 2022 22/03/2022

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា កាកបាទក្រហមនៃប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១០លានយ័នទៀត ឬស្មើនឹង១.៥៧លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutersនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។ លោក វ៉ាង បានប្រកាសពីដំណឹងខាងលើ កំលុងសន្និសីទព័ត៌មានប្រចាំថ្ងៃខ្លីមួយ នៅក្នុងទីក្រុងប៉េកាំង ខណៈការផ្តល់ជំនួយនេះ គឺកើតមាន ក្រោយការសន្យាពីមុនៗមក ស្តីពីការផ្តល់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន ដោយក្នុងនោះរួមមានទាំង ជំនួយ៥លានយ័ន ស្មើនឹងជិត៨០ម៉ឺនដុល្លារ ដែលទីក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃទី០៩ ខែមីនា។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបានបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មនុស្សរាប់លាននាក់ បានរត់ភៀសខ្លួនចេញពីអ៊ុយក្រែន ទៅកាន់បណ្តាប្រទេសជិតខាង។ មកទល់ពេលនេះ ភាគីទាំងពីរកំពុងបន្តការចរចាគ្នារកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី ដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាព ឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ជប៉ុន

Khmerpress March 22, 2022 22/03/2022

(តូក្យូ)៖ រុស្ស៊ីបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន និងបានបញ្ឈប់គម្រោងសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹង ជម្លោះជុំវិញទីប្រជុំកោះគូរីល (Kuril) ជាការឆ្លើយតបទៅនឹងទីក្រុងតូក្យូដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ប្រឆាំងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ រុស្ស៊ី និងជប៉ុន មិនទាន់ចុះហត្ថលេខាផ្លូវការណាមួយជាមួយគ្នាទេ នៅក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ដោយសារតែភាពជាប់គាំងលើការ ប្រទាញប្រទង់អះអាងកាន់កាប់ទីប្រជុំកោះគូរីល ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «នៅក្រោមស្ថានភាពបច្ចុប្បន្ន រុស្ស៊ីមិនមានបំណងបន្តកិច្ចចរចា ជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាពនោះទេ ដោយសារតែជប៉ុនបានប្រកាន់ជំហរអមិត្តដោយបើកចំហ និងព្យាយាមបំផ្លាញផលប្រយោជន៍នៃ ប្រទេសរបស់យើង»។ ប៉ុន្តែ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញការជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី ដោយចាត់ទុកថាវាជារឿង អយុត្តិធម៌ និងមិនអាចទទួលយកបានទាំងស្រុង៕ ផ្តល់សិទ្ធិដោយ៖ freshnews