ព័ត៌មានអន្តរជាតិ

ប្រភពរ៉យទ័រ៖ មហាសេដ្ឋីរុស្ស៊ីព្យាយាមផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេ ពីអឺរ៉ុបទៅកាន់ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម ដោយសារភ័យខ្លាចទណ្ឌកម្ម

Khmerpress March 14, 2022 14/03/2022

(ឌូបៃ)៖ ដោយដកស្រង់ប្រភពហិរញ្ញវត្ថុ និងច្បាប់នៃប្រទេសអារ៉ាប់រួមបានរាយការណ៍ថា ប្រជាជនរុស្ស៊ីដែលមានទ្រព្យសម្បត្តិច្រើន បាននិងកំពុងព្យាយាមផ្ទេរប្រាក់របស់ពួកគេពីអឺរ៉ុបទៅកាន់ទីក្រុងឌូបៃ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។ ទីក្រុង ឌូបៃមិនត្រឹមតែ ជា គោលដៅ ទេសចរណ៍ ដែលត្រូវបានទទួលជាសាកលនោះ ក៏ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់តំបន់ផងដែរ។ ការបដិសេធរបស់អារ៉ាប់រួមក្នុងការថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ហាក់ដូចជាត្រូវបានបកស្រាយជាការអំពាវនាវរបស់អ្នកមានរុស្ស៊ី។ យោងតាមប្រភពរបស់ Reuters ពលរដ្ឋរុស្ស៊ីបាន និងកំពុងព្យាយាមផ្ទេរប្រាក់របស់ពួកគេពីប្រទេសស្វីស និងចក្រភពអង់គ្លេសទៅកាន់ទីក្រុងឌូបៃ បន្ទាប់ពីប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងបានគំរាមបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញ និងអ្នកនយោបាយដ៏លេចធ្លោរបស់រុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តរហ័ស ជាលើកដំបូង ខណៈករណីឆ្លងអូមីក្រុង កើនឡើងច្រើន

Khmerpress March 12, 2022 12/03/2022

(ប៉េកាំង)៖ ខណៈការរីករាលដាល នៃមេរោគ COVID-19 អូមីក្រុង បាននិងកំពុងរុញច្រានអត្រាឆ្លងរាតត្បាត ដល់កម្រិតស្រដៀងគ្នានឹង អ្វីដែលគេធ្លាប់មើលឃើញនៅទីក្រុងវូហាន ពេលដែលជំងឺរាតត្បាតសកលនេះផ្ទុះឡើងដំបូង រដ្ឋាភិបាលចិនទើបតែបានសម្រេច ឱ្យមានការប្រើប្រាស់ ឧបករណ៍តេស្តរហ័ស (Rapid Test) ដើម្បីតេស្តរកជំងឺនេះ ជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។ កន្លងមកឧបករណ៍ធ្វើតេស្តរហ័ស មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងប្រទេសចិនទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍នេះ គណៈកម្មការជាតិសុខាភិបាលរបស់ចិន បានចេញសេចក្តីថ្លែងការណ៍មួយថា ឥឡូវប្រជាជនចិន និងគ្លីនិកនានាអាចស្វែងរកទិញ និងប្រើប្រាស់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនបានហើយ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិន បានផ្តល់ការទទួលស្គាល់ ចំពោះឧបករណ៍ធ្វើតេស្តរហ័ស របស់ក្រុមហ៊ុនក្នុងស្រុកចំនួន៥។ ការបើកឱ្យសាធារណជនចិន អាចរកទិញនិងប្រើប្រាស់ឧបករណ៍តេស្តរហ័សបានដោយខ្លួនឯងនេះ គឺកើតមានស្របពេលដែល ករណីឆ្លងក្នុងស្រុកប្រចាំថ្ងៃនៅក្នុងប្រទេស ទើបតែកើនដល់១,៥០០នាក់ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការផ្ទុះ COVID-19 នៅទូទាំងប្រទេសចិន កាលពីឆ្នាំ២០២០ ខណៈហេតុផលគឺដោយសារតែ មេរោគអូមីក្រុង៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិកមិនហាមពលរដ្ឋ ទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែនឡើយ តែព្រមានពីហានិភ័យ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន

Khmerpress March 12, 2022 12/03/2022

(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោនមិនមានផែនការ តាមដានពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ម័គ្រចិត្តជួយប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធនោះទេ ខណៈដែលការវាយប្រហារបស់រុស្ស៊ីនៅតែបន្ត។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានព្រមានថា ការធ្វើដំណើរបែបនេះអាចនឹងមាន «ការចាប់ខ្លួន ឬបាត់បង់ជីវិត»។ នេះបើយយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។ ពលរដ្ឋអាមេរិកដែលធ្វើដំណើរទៅក្រៅប្រទេស មិនតម្រូវឲ្យចុះឈ្មោះនៅក្រសួងការបរទេស តាមមធ្យោបាយណាមួយនោះទេ ដូច្នេះពួកគេក៏មិនស្ថិតនៅក្រោមការតាមដានដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក នេត ផ្រាយ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលបានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រសប្តាហ៍នេះ ដែលសួរថាតើមានជនជាតិអាមេរិកប៉ុន្មាននាក់ហើយ ដែលបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន។ លោក ផ្រាយ បានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែជម្រុញឲ្យពលរដ្ឋចៀសវាងការទៅចូលរួមជួយប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធ ប៉ុន្តែលោកបានស្នើមិនឲ្យមានចំណាត់ការប្រឆាំងឬរារាំង អ្នកដែលសម្រេចចិត្តជ្រើសរើសធ្វើយ៉ាងដូច្នោះឡើយ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បង្កហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួនហើយពលរដ្ឋអាមេរិកគួរតែដឹងថារុស្ស៊ី មានគោលបំណងចាត់ទុកជនបរទេស ដែលប្រយុទ្ធសង្រ្គាមអ៊ុយក្រែនជា «ទាហានស៊ីឈ្នួល» ជាជាងអ្នកប្រយុទ្ធស្របច្បាប់ ឬអ្នកទោសសង្រ្គាម។ យ៉ាងណាក៏ដោយទីក្រុងវ៉ាស៊ីនតោន រំពឹងថាទីក្រុងមូស្គូនឹងគោរពកាតព្វកិច្ចនិងច្បាប់ នៃការធ្វើសង្រ្គាមរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

UN អះអាងថា មិនមានភស្តុតាងស្តីអំពី កម្មវិធីអាវុធជីវសាស្រ្តនៅអ៊ុយក្រែននោះទេ

Khmerpress March 12, 2022 12/03/2022

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ខ្លួនមិនមានភស្តុតាងដែលបង្ហាញថា អ៊ុយក្រែនមានកម្មវិធីអាវុធជីវសាស្រ្តនោះឡើយ ខណៈសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានព្រួតគ្នា វាយបកទៅលើរុស្ស៉ីវិញថា ទីក្រុងមូស្គូខំប្រឹងការធ្វើការចោទប្រកាន់ដែលគ្មានភស្តុតាងនេះ ដើម្បីជាលេសអាចឱ្យខ្លួនឯងផ្ទាល់ បើកការវាយប្រហារដោយអាវុធគីមី ឬអាវុធសាស្រ្ត នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។ កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានកោះប្រជុំជាបន្ទាន់មួយ ពាក់ព័ន្ធការអះអាងអំពីអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន តបតាមសំណើរបស់រុស្ស៉ី។ ទីក្រុងមូស្គូបានអះអាងថា អ៊ុយក្រែនបានធ្វើប្រតិបត្តិការមន្ទីរពិសោធន៍អាវុធជីវសាស្រ្ត ក្រោមកិច្ចសហការ និងជ្រោមជ្រែងរបស់ក្រសួងការពារជាតិអាមេរិក។ លោកស្រី អ៉ីហ៊្សូមី ណាកាមីតស៊ូ (Izumi Nakamitsu) តំណាងជាន់ខ្ពស់របស់ UN ទទួលបន្ទុកិច្ចរំសាយអាវុធ បានថ្លែងថា UN មិនបានដឹងអំពីវត្តមានកម្មវិធីអាវុធជីវសាស្រ្តអ្វីនោះទេ នៅអ៊ុយក្រែន ដែលជាប្រទេសមួយ ដែលបានចូលរួមក្នុងសន្ធិសញ្ញាអន្តរជាតិហាមហាត់អាវុធប្រភេទនេះ ជាមួយរុស្ស៉ីនិងសហរដ្ឋអាមេរិក ព្រមទាំងប្រទេស១៨០ផ្សេងទៀត។ កំលុងកិច្ចប្រជុំនោះ បេសកជនអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល (Linda […]

ឥណ្ឌាចេញមុខសុំទោស ក្រោយច្រឡំបាញ់មីស៉ីលចូលដីប៉ាគីស្ថាន

Khmerpress March 12, 2022 12/03/2022

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានសេចក្តីថ្លែងការណ៍ផ្លូវការ ដើម្បីសុំទោសចំពោះការច្រឡំបាញ់មីស៉ីល ចូលទៅក្នុងប្រទេសប៉ាគីស្ថាន កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។ ជុំវិញហេតុការណ៍ខាងលើ ក្រសួងការពារជាតិឥណ្ឌា កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានផ្តល់ការបកស្រាយយ៉ាងដូច្នេះថា «នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កំលុងការពិនិត្យថែទាំជាប្រចាំមួយ បញ្ហាបច្ចេកទេសបានកើតឡើង ដែលនាំឱ្យមានការច្រឡំបាញ់មីស៉ីល ហើយមីស៉ីលនោះ បានធ្លាក់ទៅក្នុងទឹកដីប៉ាគីស្ថាន។ ខណៈឧប្បត្តិហេតុនេះគឺគួរឱ្យសោកស្តាយមែនទែននោះ វាក៏ជារឿងធូរស្រាលក្នុងចិត្តផងដែរ ដែលពុំមាននរណាម្នាក់រងគ្រោះថ្នាក់ ឬបាត់បង់ជីវិត»។ ក្រសួងការពារជាតិឥណ្ឌា បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យ បើកការស៉ើបអង្កេតករណីនេះជាបន្ទាន់ និងប្រកបដោយការយកចិត្តទុកខ្ពស់ដាក់បំផុត។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ាគីស្ថានបានប្រកាសពីវត្ថុហោះហើរមួយអាចជាគ្រាប់មីស៉ីល ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ហោះធ្លាក់ចូលក្នុងទឹកដីរបស់ខ្លួន។ ក្រោយការត្រួតពិនិត្យជាបឋម ប៉ាគីស្ថានសង្ស័យថា វត្ថុនោះជាមីស៉ីលល្បឿនលឿនជាងសំឡេង ប្រភេទបាញ់ចេញពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស តែមិនត្រូវបានកំណត់ឱ្យអាចផ្ទុះឡើយ។ ទីក្រុងអ៉ីស្លាម៉ាបាដ បានព្រមានឥណ្ឌាពីផលវិបាក និងទទូចឱ្យចាត់វិធានការដើម្បីបញ្ចៀសហេតុការណ៍បែបនេះ នាពេលអនាគត ហើយទាមទារឱ្យមាន ការបកស្រាយច្បាស់លាស់ពេញលេញពីទីក្រុងញូដេលី៕ ផ្តល់សិទ្ធិដោយ៖ freshnews

មិនធម្មតាឡើយ! កំពូល Sniper ដៃត្រង់បំផុតរបស់ពិភពលោកបានមកជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៊ី

Khmerpress March 12, 2022 12/03/2022

អ្នកលបបាញ់ (Sniper) សាហាវជាងគេបំផុតលើពិភពលោកម្នាក់ បានមកចូលរួមក្នុងការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយគាត់ក៏បានចាប់ផ្តើមចងក្រងឯកសារបេសកកម្មថ្មីចុងក្រោយរបស់គាត់បង្ហោះតាមអ៉ីនធឺណេត ដោយហៅសង្រ្គាមនេះថាជាកាកសំណល់របស់មនុស្ស។ គ្មាននរណាម្នាក់ស្គាល់ឈ្មោះពេញរបស់គាត់នោះទេ ប៉ុន្តែគាត់មានឈ្មោះក្រៅហៅថា Wali អាយុ ៤០ឆ្នាំ គឺជាអតីត Sniper ជាមួយកងកម្លាំងកាណាដា ហើយថ្មីៗនេះគាត់បានឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលបានប្រកាសថា បរទេសណាដែលចង់មកជួយប្រទេសរបស់លោកនឹងត្រូវបានអញ្ជើញ ដើម្បីជួយកម្ចាត់ការឈ្លានពានរបស់រុស្ស៊ី។ លោក Wali គឺមកពីទីក្រុង Montreal ហើយលោកប្រើប្រាស់ឈ្មោះ ដែលប្រជាជនអាហ្វហ្គានីស្ថានដាក់ឱ្យគាត់ នៅអំឡុងពេលកំពុងបំពេញបេសកកម្ម ១ ក្នុងចំណោម ២ ជាមួយកងវរសេនាធំកាណាដា Royal 22nd Regiment ដើម្បីកុំឱ្យគេស្គាល់អត្តសញ្ញាណ។ គាត់បានបម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០១០ ដោយគាត់បានចូលរួមប្រយុទ្ធនៅឯរោងមហោស្រព Kandahar នៅអំឡុងសង្គ្រាមអាហ្វហ្គានីស្ថាន រវាងឆ្នាំ២០០៩ និង ២០១១ និងជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋ​ឥស្លាមនៅអ៊ីរ៉ាក់ ក្នុងអំឡុងឆ្នាំ២០១៥។ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ គាត់បានប្រាប់ពីការស្វាគមន៍យ៉ាងកក់ក្តៅដែលគាត់បានទទួលពីប្រជាជនអ៊ុយក្រែន ដោយដឹងគុណចំពោះជំនួយដើម្បីការពារប្រទេសរបស់ពួកគេ។ គាត់ក៏បានរៀបរាប់លម្អិតអំពីភាពតានតឹង និងសម្ពាធដែលកំពុងកើតមាននៅក្នុងប្រទេសនេះផងដែរ ជាមួយនឹងស៊ីរ៉ែន […]

លោក ចូ បៃដិន ព្រមាន៖ «បើអាមេរិកបញ្ជូនយន្តហោះ រថក្រោះ កងទ័ព ទៅអ៊ុយក្រែន គឺស្មើនឹងសង្រ្គាមលោកលើកទី៣»

Khmerpress March 12, 2022 12/03/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា ការបញ្ជូនរថយន្ត រថក្រោះ និង កងទ័ពរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន គឺស្មើនឹងការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣ មិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។ លោក បៃដិន បានលើកឡើងដូចខាងលើនេះ ដើម្បីបញ្ជាក់ប្រាប់សមាជិកសភាអាមេរិកនៃបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយរបស់លោក។ លោកប្រធានាធិបតីអាមេរិក បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងបង្ហាញពីកម្លាំងរបស់យើង ហើយយើងមិនចុះញ៉មដាច់ខាត។ ប៉ុន្តែទាក់ទងគំនិតចង់ឱ្យពួកយើងបញ្ជូនសព្វាវុធ ដូចជារថក្រោះ យន្តហោះ អមជាមួយកងទ័ពអាមេរិកផ្ទាល់ ទៅកាន់អ៊ុយក្រែន គួរយល់ឱ្យបានច្បាស់ថា ទោះអ្នកទាំងអស់គ្នាចង់ហៅវាថាជាអ្វីក៏ដោយ ធាតុពិតការធ្វើបែបនោះ គឺស្មើនឹងផ្ទុះសង្រ្គាមលោកលើកទី៣។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅទីនេះ»។ កន្លងមកទីក្រុងវ៉ាស៉ីនតោន ធ្លាប់បានបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងពុំមានការបញ្ជូនកងទ័ព ឬការចូលពាក់ព័ន្ធដោយផ្ទាល់ក្នុង សង្រ្គាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនឡើយ តែបានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការអន្តរាគមន៍ភ្លាមៗ ប្រសិនបើសង្រ្គាមរាលដាល ដល់ប្រទេសណាមួយដែលជាសមាជិកអង្គការ NATO៕ ផ្តល់សិទ្ធិដោយ៖ freshnews

អភិបាលក្រុងកៀវនិយាយថា ពលរដ្ឋអ៊ុយក្រែនមួយចំនួនកំពុងត្រលប់មកកាន់ទីក្រុងវិញដើម្បីតតាំងជាមួយរុស្ស៊ី ខណៈរដ្ឋបាលក្រុងកំពុងបើកបណ្តាញផ្គត់ផ្គង់ដើម្បីជួយពលរដ្ឋក្នុងក្រុង ២លាននាក់

Khmerpress March 12, 2022 12/03/2022

អ៊ុយក្រែន៖ អភិបាលរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននិងជាអតីតកំពូលកីឡាប្រដាល់ទម្ងន់ធ្ងន់គឺលោក Vitali Klitschko បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី១១ ខែមីនា ម្សិលមិញនេះថា គិតត្រឹមពេលនេះគឺមានប្រជាពលរដ្ឋប្រមាណជា ២លាននាក់ដែលកំពុងស្នាក់នៅក្នុងទីក្រុងកៀ​វ ក្រោយពួកគេត្រូវបានរារាំងដោយកងកម្លាំងរុស្ស៊ីមិនឲ្យចេញទៅណារួច។ លោកអភិបាលក្រុងរូបនេះបានបន្តថា តាមធម្មតាគឺទីក្រុងកៀវមានពលរដ្ឋសរុបប្រមាណជា ៣,៥លាននាក់ ហើយរដ្ឋបាលក្រុងមានស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ពលរដ្ឋទាំងអស់ក្នុងរយៈពេលយ៉ាងតិចណាស់ ២សប្តាហ៍។ លោក Vitali Klitschko បានបញ្ជាប់ប្រាប់អ្នកសារព័ត៌មានថា៖ “យើងមានអគ្គិសនី មានហ្គាស ទឹក និងអាហារសម្រាប់ពលរដ្ឋយើងយ៉ាងតិចណាស់ក៏ ២សប្តាហ៍ទៀតដែរ ហើយពេលនេះបណ្តាញផ្គត់ផ្គង់ទាំងក្នុងក្រុងនិងពីក្រៅក្រុងបានបើកគ្រប់ទីកន្លែងហើយដើម្បីធានានូវការផ្គត់ផ្គង់ជូនពលរដ្ឋមិនឲ្យដាច់ស្បៀងនោះទេ”។​ លោកក៏បានឲ្យដឹងផងដែរថា ពេលនេះមានពលរដ្ឋចំនួនដែលបានរត់ចេញពីទីក្រុងក្រៀវរួចហើយ ក៏កំពុងធ្វើដំណើរត្រលប់មកវិញផងដែរ គឺពួកគេមកជួយការពារទីក្រុងនិងស័្មគ្រចិត្តរស់នៅក្នុងទីក្រុងមួយនេះរហូតដល់សង្គ្រាមត្រូវបានបញ្ចប់៕ ដោយ៖ ខ្មែរណូត

ជប៉ុន បង្កកទ្រព្យសម្បត្តិធនាគារចំនួនបីរបស់ប្រទេសបេឡារុស ដោយសារគាំទ្ររុស្ស៊ីឈ្លានពានអ៊ុយក្រែន

Khmerpress March 12, 2022 12/03/2022

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគារបេឡារុសចំនួនបី ដែលវិធានការនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីប្រទេសជាសមាជិកសហភាពអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមីនស្តិ៍ ដោយសារការគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ទណ្ឌកម្មចុងក្រោយបំផុតរបស់រដ្ឋាភិបាលក្រុងតូក្យូទៅលើប្រទេសបេឡេរុស ដែលនឹងដាក់ទណ្ឌកម្មចាប់ពីថ្ងៃទី១០ ខែមេសាតទៅ កើតមានឡើងខណៈដែលជប៉ុនចាត់វិធានការជាមួយដៃគូដែលជាសមាជិករបស់ក្រុមប្រទេស G7 របស់ខ្លួន ដើម្បីដាក់សម្ពាធទីក្រុងម៉ូស្គូ តាមរយៈការបង្កឧបសគ្គជាច្រើនទៅលើស្ថានប័នហិរញ្ញវត្ថុនិងការនាំចេញនានា រួមទាំងការនាំចេញឧបករណ៍ពាក់កណ្តាលចម្លងផងដែរ។ ប្រទេសជប៉ុនក៏បានប្រកាសនាពេលកន្លងមកផងដែរអំពីការដាក់ទណ្ឌកម្មលើលោក Alexander Lukashenko ប្រនាធិបតីប្រទេសបេឡារុស។ នៅដើមសប្តាហ៍នេះ សហភាពអឺរ៉ុបកាត់ផ្តាច់ធនាគារបេឡារុសចំនួន៣ ចេញពីប្រព័ន្ធសារ SWIFT ពិភពលោក ដោយសារការចូលរួមរបស់ប្រទេសនេះនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ធនាគារទាំងបីដែលនឹងត្រូវបានដាក់ទណ្ឌកម្មតាមរយៈការបង្កទ្រព្យសម្បត្តិពីសំណាក់ប្រទេសជប៉ុន រួមមាន ធនាគារ Belagroprombank ធនាគារ Bank Dabrabyt និងធនាគារ Development Bank of the Republic of Belarus។ នេះបើយោងតាមតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន គាំទ្រផែនការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្ត ឱ្យទៅជួយប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន

Khmerpress March 11, 2022 11/03/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានផ្តល់ការគាំទ្រចំពោះផែនការ បញ្ជូនក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីទៅជួយប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។ កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃសុក្រនេះ លោក ពូទីន បានថ្លែងទៅកាន់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) យ៉ាងដូច្នេះថា «ប្រសិនបើអ្នកឃើញមាន ជនណាដែលស្ម័គ្រចិត្តចង់ជួយតំបន់ Donbass (តំបន់នៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៉ីទទួលស្គាល់ ឯករាជ្យ) ក្នុងសង្រ្គាមនៅអ៊ុយក្រែន អ្នកត្រូវតែសហការជាមួយអ្នកទាំងនោះ ហើយជួយសម្រួលឱ្យពួកគេ អាចទៅដល់សមរភូមិបាន»។ លោក Shoigu បានឱ្យដឹងថា បច្ចុប្បន្នមានជនស្ម័គ្រចិត្តសរុបច្រើនជាង ១៦,០០០នាក់ ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ា ដែលមានបំណងចង់ជួយតំបន់ Donbass ប្រយុទ្ធជាមួយអ៊ុយក្រែន ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៉ី ដែលកំពុងបន្តធ្វើឡើង។ គួរបញ្ជាក់ថា កន្លងមក ខាងអ៊ុយក្រែនក៏បានអំពាវនាវឱ្យជនបរទេស នៅជុំវិញពិភពលោក ស្ម័គ្រចិត្តចូលរួមជួយពួកគេ ប្រយុទ្ធជាមួយរុស្ស៉ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews