ព័ត៌មានអន្តរជាតិ

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៤៧២ករណី» ក្នុងនោះ១,០០១នាក់ជាករណីអូមីក្រុង

Khmerpress January 21, 2022 21/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,៤៧២ករណីបន្ថែមទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៣៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនដល់៨៤៥នាក់ បន្ទាប់ពីបានរាយការណ៍ថា មានករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៧,៥៤៩ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជើងហោះហើររវាងប្រទេសចិន និងសហរដ្ឋអាមេរិក អាចប្រឈមនឹងការផ្អាកទាំងស្រុងនៅខែកុម្ភៈ

Khmerpress January 21, 2022 21/01/2022

(ប៉េកាំង)៖ ជើងហោះហើររវាងប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតក្នុងហានិភ័យនៃការផ្អាកនៅខែក្រោយនេះ ខណៈដែលនិយ័តករចិនបានបន្តលុបចោលជើងហោះរហើរ ចូលក្នុងប្រទេសដោយសារករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមកាសែត Global Times របស់ចិន។ នៅថ្ងៃសប្តាហ៍នេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) ដែលជានិយ័តករអាកាសចរណ៍ស៊ីវិលចិន បានប្រកាសពីការផ្អាកជើងហោះហើរចូលក្នុងប្រទេសចំនួន ៨ជើងបន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍អាមេរិកចំនួន៣។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលុបជើងហោះហើរចុងក្រោយបំផុតនេះ បាននាំឱ្យជើងហោះហើរដែលត្រូវបានផ្អាកសរុបមានចំនួនរហូតដល់ទៅ ៨៤ជើងនៅឆ្នាំនេះ។ កាសែត Global Times បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការជើងហោះហើរចំនួន ៤ជើងពីទីក្រុង San Francisco ទៅកាន់ទីក្រុង Shanghai ឡើយចាប់ពីថ្ងៃទី២៤ ខែមករាតទៅ ហើយក្រុមហ៊ុន Delta Air Lines នឹងត្រូវលុបចោលជើងហោះហើរចំនួន ២ជើងពីទីក្រុង Seattle ទៅកាន់ទីក្រុង Shanghai ចាប់ពីសប្តាហ៍នៃថ្ងៃទី៣១ ខែមករាតទៅ។ លើសពីនេះទៀត ក្រុមហ៊ុន American Airlines (AA) នឹងត្រូវបង្ខំចិត្តផ្អាកជើងហោះហើរចំនួន ២ជើងពីទីក្រុង Dallas ទៅកាន់ទីក្រុង […]

ថៃគ្រោងបន្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កឡើងវិញ សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួច នៅខែកុម្ភៈខាងមុខ

Khmerpress January 20, 2022 20/01/2022

(បាងកក)៖ អាជ្ញាធរប្រយុទ្ធប្រឆាំង COVID-19 របស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ថៃនឹងបន្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួច ហៅថា «Test & Go» ឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ កម្មវិធី Test & Go ខាងលើ ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពី១ខែមុន ក្រោយដំណើរការបានត្រឹម៧សប្តាហ៍ប៉ុណ្ណោះ ដោយសារតែ ការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron បូករួមនិងភាពស្រពិចស្រពិល អំពីប្រសិទ្ធភាពវ៉ាក់សាំងបច្ចុប្បន្ន ក្នុងការប្រឆាំងទប់ទល់ជាមួយវា។ ប្រទេសថៃ គ្រោងបន្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កនេះឡើងវិញ ក្រោមគោលដៅស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលបានទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារតែវិបត្តិ COVID-19។ ចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០២១ ដែលបានទៅធ្វើដំណើរកម្សាន្តនៅថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយប្រចាំតំបន់អាស៉ី គឺមានការកើនឡើងត្រឹមតែ០.៥ភាគរយប៉ុណ្ណោះ បើធៀបនឹងតួលេខមុនផ្ទុះជំងឺរាតត្បាតសកលនេះ កាលពីឆ្នាំ២០១៩ គឺដល់ទៅជិត៤០លាននាក់។ គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរាយការណ៍ករណីឆ្លង COVID-19 […]

Novavax ក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសអូស្រ្តាលី

Khmerpress January 20, 2022 20/01/2022

(កង់បេរ៉ា)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax នាថ្ងៃព្រហស្បតិ៍នេះ បានក្លាយជាវ៉ាក់សាំងទី៥ ដែលទទួលបានការអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ កន្លងមក អូស្រ្តាលីបានបញ្ជាទិញវ៉ាក់សាំងចំនួន ៥១លានដូស ពីក្រុមហ៊ុន Novavax។ សម្រាប់បច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុនដទៃទៀត ដូចជា Pfizer, AstraZeneca និង Moderna កំពុងត្រូវបានប្រើប្រាស់រួចជាស្រេច នៅក្នុងប្រទេសអូស្រ្តាលី។ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson គឺក៏ត្រូវបានអនុម័តរួចហើយដែរ ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលីមិនបានទិញមកប្រើទេ។ វ៉ាក់សាំង Novavax នឹងត្រូវប្រើសម្រាប់ចាក់ឱ្យប្រជាជនអូស្រ្តាលី មានអាយុចាប់ពីឆ្នាំ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំង ប៉ុន្តែវានឹងមិនត្រូវយកទៅប្រើជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយនោះឡើយ។ វ៉ាក់សាំងនេះ ត្រូវការចាក់២ដូស ក្នុងគម្លាតរយៈពេល៣សប្តាហ៍ពីគ្នា។ គួរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជាង២០លាននាក់ ដែលស្មើនឹងជិត៨០ភាគរយ នៃប្រជាជនអូស្រ្តាលីសរុបទាំង ២៦លាននាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់២ដូស […]

នូវែលសេឡង់នឹងបង្កើនការរឹតត្បិត ក្នុងករណី «អូមីក្រុង» រាតត្បាតក្នុងសហគមន៍ ប៉ុន្តែនឹងពុំមានការបិទខ្ទប់ទៀតឡើយ

Khmerpress January 20, 2022 20/01/2022

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា វិធានការរឹតត្បិតនឹងត្រូវរឹតបន្តឹងថែមទៀត នៅទូទាំងប្រទេស ប្រសិនបើមានផ្ទុះការឆ្លងរាលដាលវីរុស COVID-19 បំប្លែងថ្មី Omicron ក្នុងសហគមន៍ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា នឹងមិនមានការបិទខ្ទប់ ឬ lockdown ទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ លោកស្រី អាដឺន បានថ្លែងថា នៅពេលដែលមានភស្តុតាងបង្ហាញពី ការឆ្លងរាតត្បាត Omicron នៅក្នុងសហគមន៍ ប្រទេសនូវែលសេឡង់ នឹងត្រូវរឹតបន្តឹងវិធានការការពារ រួមមានការដាក់កាតព្វកិច្ចឱ្យប្រជាជនពាក់ម៉ាស ក៏ដូចជាការដាក់កំហិតចំនួនមនុស្សជួបជុំគ្នា នៅតាមទីសាធារណៈ។ មកទល់ពេលនេះ នូវែលសេឡង់បានរកឃើញករណីឆ្លង Omicron ច្រើនគួរសម ប៉ុន្តែពួកវាសុទ្ធតែជាករណីនាំចូល ដោយមិនទាន់មានករណីឆ្លងក្នុងសហគមន៍នៅឡើយទេ។ គួរបញ្ជាក់ថា ព្រំប្រទល់របស់នូវែលសេឡង់ ត្រូវបានបិទមិនទទួលជនបរទេស ចាប់តាំងតែពីខែមីនា ឆ្នាំ២០២០មក ហើយគម្រោងក្នុងការបើកព្រំប្រទល់ឡើងវិញជាដំណាក់កាល ត្រូវបានពន្យារពេលពីពាក់កណ្តាលខែមករានេះ ទៅដល់ចុងខែកុម្ភៈ ខាងមុខវិញ ដោយសារតែក្តីបារម្ភ […]

WHO បញ្ជាក់ថា គិតត្រឹមពេលនេះកូវីដ-១៩ គឺនៅវែងឆ្ងាយទៀតណាស់ មិនងាយចប់នោះទេ

Khmerpress January 20, 2022 20/01/2022

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គិតត្រឹមពេលនេះការរាតត្បាតនៃជំងឺកូវីដ-១៩ គឺនៅវែងឆ្ងាយពីទីបញ្ចប់ណាស់ នេះបើយោងតាមអត្ថបទសារព័ត៌មួយដែលបានចុះផ្សាយដោយការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២០ ខែមករានេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងស្របពេលដែលប្រទេសធំៗមួយចំនួនដូចជា អាឡឺម៉ង់ ប្រេស៊ីល និងបារាំងសុទ្ធតែបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងរយៈ ២៤ម៉ោងចុងក្រោយនេះ ខណៈបារាំងមានតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃរហូតជិតដល់កន្លះលាននាក់។ លោកវេជ្ជបណ្ឌិត​ Tedros Adhanom Ghebreyesus ដែលជាប្រធានអង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានពីទីស្នាក់ការកណ្តាលនៅឯទីក្រុងហ្សឺណែវថា ក្នុងពេលនេះគេនៅមិនទាន់រកឃើញថាជំងឺកូវីដ-១៩នឹងត្រូវបញ្ចប់នៅទីណានិងពេលណានោះទេ ពោលគឺវានឹងបន្តរាតត្បាតក្នុងរយៈពេលយូរទៀតហើយគេក៏មិនអាចព្យាករណ៍បានថាយូររហូតដល់ពេលណាដែរ។ លោកបានបន្តថា បើទោះជាយើងមានវ៉ាក់សាំងដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ក៏ដោយ តែកូវីដ-១៩ក៏នៅបន្តបំប្លែងខ្លួនទៅជាមេរោគកាចសាហាវក្នុងទម្រង់ផ្សេងៗទៀតបានផងដែរ។ ជាក់ស្តែងដូចក្នុងពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុងបានកំពុងតែបង្កការរាតត្បាតយ៉ាងលឿននៅជុំវិញពិភពលោក ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រទេសមួយចំនួនសុទ្ធតែបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន បើទោះជាប្រទេសទាំងនោះបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានចំនួនច្រើនរួចហើយក៏ដោយ៕ ដោយ៖ ខ្មែរណូត

ការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ២០១៩មានមនុស្សជាង ១,២លាននាក់បានបាត់បង់ជីវិតដោយសារប្រើប្រាស់ថ្នាំផ្សះលើសកម្រិត

Khmerpress January 20, 2022 20/01/2022

ការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ ២០១៩កន្លងទៅមានពលរដ្ឋនៅជុំវិញពិភពលោកជាង ១,២ លានបានស្លាប់បាត់បង់ជីវិតដោយសារពពួកមេរោគដែលធន់នឹងថ្នាំពេទ្យ ខណៈតួលេខអ្នកស្លាប់នេះគឺមានចំនួនច្រើនជាងអ្នកស្លាប់ដោយជំងឺអេដស៍ និងជំងឺគ្រុនចាញ់ទៅទៀត។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកថ្នាំពេទ្យជាច្រើននាក់មកពីបណ្តាប្រទេសផ្សេងៗគ្នានិងបានសិក្សាអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំនៅក្នុងប្រទេសចំនួន ២០៤ នៅជុំវិញពិភពលោក ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករានេះ។ បើតាមការពន្យល់របស់ក្រុមអ្នកជំនាញបានឲ្យដឹងថា ហេតុផលដែលធ្វើឲ្យពលរដ្ឋទាំងអស់នេះត្រូវស្លាប់បាត់បង់ជីវិតក៏ព្រោះតែក្នុងរាងកាយរបស់ពួកគាត់មានបាក់តេរីឬពពួកមេរោគដែលធន់នឹងថ្នាំពេទ្យ ហើយបញ្ហានេះទៀតសោធគឺបង្កឡើងដោយសារពួកគាត់បានប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតឬប្រើប្រាស់ដោយមិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត។ នៅក្នុងការសិក្សាដដែលនេះបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងជាង ១,២លាននាក់ខាងលើនេះគឺបានស្លាប់ដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតឬប្រើប្រាស់មិនបានត្រឹមត្រូវ ខណៈបញ្ហានេះក៏មានការពាក់ព័ន្ធជាមួយករណីស្លាប់ចំនួន ៤,៩៥លាននាក់ផ្សេងទៀតផងដែរ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍មួយព្រមានពីផលប៉ះពាល់នៃការប្រើថ្នាំផ្សះរួចហើយ និងថែមទាំងបានហាមឃាត់មិនឲ្យមានការប្រើប្រាស់ថ្នាំផ្សះចំនួន ៤៣ប្រភេទទៀតផង ព្រោះតែថ្នាំទាំងនោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព៕ ដោយ៖ ខ្មែរណូត

គម្រោងពង្រីកព្រលានយន្តហោះសុវណ្ណភូមិថៃ នឹងចាប់ផ្តើមនៅខែកក្កដា ដែលអាចទទួលអ្នកដំណើរបាន ៦៥លាននាក់

Khmerpress January 20, 2022 20/01/2022

(បាងកក)៖ គម្រោងពង្រីកព្រលានយន្តហោះសុវណ្ណភូមិតម្លៃ ៧,៨ប៊ីលានបាត (ប្រហែល ២៣៦លានដុល្លារ) រំពឹងថានឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំនេះ ដោយមានការដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ លោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានឱ្យដឹងថា គម្រោងនេះត្រូវបានអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រីថៃ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Airports of Thailand (AoT ) និងគណៈកម្មការទទួលបន្ទុកពង្រឹងសមត្ថភាពព្រលានយន្តហោះសុវណ្ណភូមិរបស់រដ្ឋាភិបាលថៃ។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងដែលមានឈ្មោះថា គម្រោងពង្រីកភាគខាងកើត នឹងចំណាយពេល ២ឆ្នាំ ៥ខែ ដើម្បីបញ្ចប់ការសាងសង់។ លោកថ្លែងថា នៅពេលតំបន់ដែលត្រូវបានពង្រីកបើកដំណើរការនៅខែមីនា ឆ្នាំ២០២៥ ព្រលានយន្តហោះសុវណ្ណភូមិនឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៦៥លាននាក់ក្នុងមួយឆ្នាំ ដែលកើនឡើងពី ៤៥លាននាក់ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ពោលគឺមានកំណើន ៤៤% ស្របតាមចំនួនអ្នកដំណើរដែលត្រូវបានព្យាករថានឹងប្រើប្រាស់ព្រលានយន្តហោះសុវណ្ណភូមិនៅឆ្នាំនោះ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kerati Kijmanawat អនុប្រធានក្រុមហ៊ុន AoT ថា ម្រោងនេះនឹងបង្កើនទំហំ ៦៦.០០០ម៉ែត្រការ៉ែបន្ថែមទៀត ដែលអាចបង្កើនបញ្ជរចុះឈ្មោះអ្នកដំណើរ ១០៨បន្ថែម ខ្សែពានអ៊ីវ៉ាន់ចំនួន៦ និងកន្លែងត្រួតពិនិត្យសន្តិសុខចំនួន៩ ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ប្រឈមនឹងការចុះចេញពីតំណែង ក្រោយបានទៅចូលរួមពិធីជប់លៀងនៅអំឡុងពេលមានការបិទខ្ទប់ទីក្រុង

Khmerpress January 20, 2022 20/01/2022

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន កំពុងប្រឈមមុខនឹងការដាក់សម្ពាធឱ្យលាលែងពីតំណែង ជុំវិញការចូលរួមពិធីជប់លៀងដែលធ្វើឡើងក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង។ អតីតរដ្ឋមន្ត្រីខុទ្ទកាល័យម្នាក់មកពីគណបក្សអភិរក្សរបស់លោក ចនសុន បានអំពាវនាវឱ្យគាត់ចុះចេញពីតំណែង ហើយនៅក្នុងសភាកាលពីថ្ងៃពុធ អតីតលេខាធិការ Brexit លោក David Davis ក៏បានបន្ទោសលើរូបលោក ពីបទគេចចេញពីការទទួលខុសត្រូវ ហើយបានប្រាប់គាត់ថាឱ្យចុះពីតំណែងទៅ។ ចំណែកលោក ចនសុន ផ្ទាល់បាននិយាយថា លោកនឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើការចោទប្រកាន់នេះ។ ពិធីជប់លៀងទាំងនោះត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅឯគេហដ្ឋានរបស់លោក ចនសុន នៅឯ Downing Street និងកន្លែងផ្សេងទៀតក្នុងឆ្នាំ២០២០ និងកាលពីឆ្នាំមុន នៅអំឡុងពេលដែលមានការរឹតបន្តឹងតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ យ៉ាងណាលោក ចនសុន បានសារភាពថា គាត់បានចូលរួមពិធីជប់លៀងមួយប៉ុណ្ណោះ នៅឯសួនច្បារ Downing Street ក្នុងខែឧសភា ឆ្នាំ២០២០ ហើយលោកបានសុំទោសចំពោះទង្វើនេះ ខណៈបក្ស​ប្រឆាំង​ក្នុងសភាកំពុង​បង្កើន​ការ​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង៕ ដោយ៖ ខ្មែរណូត

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៦១៥ករណី» ក្នុងនោះ១,១៨៥នាក់ជាករណីអូមីក្រុង

Khmerpress January 20, 2022 20/01/2022

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,១៨៥ករណីបន្ថែមទៀតគិតត្រឹមថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន៤១០នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនដល់៨៤៤នាក់ បន្ទាប់ពីបានរាយការណ៍ថា មានករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៦,០៧៧ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews