ព័ត៌មានអន្តរជាតិ

ចិន ថានឹងមិនយកចិត្តទុកដាក់ឡើយ ចំពោះល្បែងដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

Liny Chan April 17, 2025 17/04/2025

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាចិននឹងមិនយកចិត្តទុកដាក់ឡើយ បើទោះជាសហរដ្ឋអាមេរិកនៅតែបន្តលេងល្បែងដំឡើងពន្ធក៏ដោយ បន្ទាប់ពីសេតវិមានព្រមានថាចិនថា អាចនឹងប្រឈមនឹងការយកពន្ធគយរហូតដល់ទៅ២៤៥ភាគរយ ដោយសារតែវិធានការសងសឹករបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេតវិមាន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្ហើបឱ្យដឹងថាពន្ធគយសរុបលើទំនិញនាំចូលពីចិន ក្នុងនោះរួមមានការយកពន្ធគយទៅវិញទៅមក ១២៥ភាគរយ ពន្ធគយ ២០ភាគរយដើម្បីដោះស្រាយវិបត្តិថ្នាំញៀន fentanyl ព្រមទាំងពន្ធគយចន្លោះពី ៧.៥ភាគរយ ដល់១០០ភាគរយ ដើម្បីដោះស្រាយការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ចិនបានដាក់ពាក្យបណ្ដឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដោយចោទ វ៉ាស៊ីនតោន ថាកំពុងរំលោភបំពានលើច្បាប់ពាណិជ្ជកម្មសកលរបស់អង្គការ WTO។ វ៉ាស៊ីនតោនវិញបាននិយាយថាលោក ត្រាំ បើកចំហទ្វារដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ប៉ុន្តែថាប៉េកាំងគួរតែ ធ្វើសកម្មភាពមុន ដោយទទូចថាចិនត្រូវការលុយរបស់អាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កោះតៃវ៉ាន់អះអាងថា នឹងស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដំបូងគេ ដែលបើកកិច្ចចរចាបញ្ហាពន្ធជាមួយអាមេរិក

Naren April 11, 2025 11/04/2025

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃសុក្រ ទី១១ ខែមេសា ថា ដែនកោះនេះនឹងស្ថិតនៅក្នុងចំណោម ក្រុមដៃគូពាណិជ្ជកម្មដំបូងគេ ដែលបើកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាពន្ធគយ ហើយរូបលោកបានប្តេជ្ញាថា នឹងត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងពន្យារពេលបណ្តោះអាសន្ន ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធគយខ្ពស់ លើរាប់សិបប្រទេសនិងតំបន់ ហើយក្នុងនោះតៃវ៉ាន់ ដែលមានឧស្សាហកម្មផលិតបន្ទះឈីបដ៏ធំ បានប្រឈមមុខជាមួយការយកពន្ធ ក្នុងអត្រា៣២ភាគរយ។ បណ្តាប្រទេសនៅអាស៉ី បាននាំគ្នាអះអាងរួចជាស្រេចថា ពួកគេបានចាប់ផ្តើម ឬក៏កំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមការចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញរឿងពន្ធគយនោះ ហើយសេតវិមានក៏បានអះអាងដែរថា ប្រទេសជាង៧០ បានទាក់ទងទៅ ដើម្បីស្នើសុំចាប់ផ្តើមការចរចាគ្នា។ ថ្លែងប្រាប់ក្រុមថ្នាក់ដឹកនាំវិស័យធុរកិច្ចតៃវ៉ាន់ នៅទីក្រុង Taichung លោក Lai បាននិយាយដូច្នេះថា «យើងស្ថិតក្នុង​ចំណោមក្រុមដំបូងគេ នៃបណ្តាដៃគូពាណិជ្ជកម្មអាមេរិក ដែលត្រូវចាប់ផ្តើមកិច្ចចរចា ហើយរដ្ឋាភិបាលយើង នឹងត្រៀមខ្លួនយ៉ាងប្រសើរ។ បំណងប្រាថ្នារបស់តៃវ៉ាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក […]

ចិនសន្យាផ្តល់ជំនួយមនុស្សធម៌សរុប ១៣៧លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ាស្តារប្រទេសឡើងវិញ ក្រោយគ្រោះរញ្ជួយដី

Naren April 11, 2025 11/04/2025

(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់សរុប ១ពាន់លានយាន់ ឬស្មើនឹង១៣៧លានដុល្លារ ដល់មីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះមហន្តរាយរញ្ជួយដី កាលពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិនបាននិយាយថា មូលនិធិជំនួយខាងលើ នឹងជួយផ្តល់នូវស្បៀងអាហារ ថ្នាំពេទ្យ និងជម្រកស្នាក់នៅ ដែលត្រូវការចាំបាច់បន្ទាន់ ហើយចំណាយទៅលើកិច្ចការផ្សេងៗទៀត ដូចជាការទប់ស្កាត់ការឆ្លងជំងឺ និងការវាយតម្លៃគ្រោះមហន្តរាយ ជាដើម។ ទីក្រុងប៉េកាំងបានបញ្ជូនក្រុមសង្រ្គោះ និងអ្នកជំនាញជាង៣០ក្រុម ទៅកាន់មីយ៉ាន់ម៉ា ហើយបាននិយាយថា ខ្លួននឹងចូលរួម​ក្នុងការងារវាយតម្លៃការខាតបង់ ដោយសារគ្រោះមហន្តរាយ និងការស្ថាបនាប្រទេសឡើងវិញ។ អង្គការកាកបាទក្រហមចិន ក៏បាន​ផ្តល់ថវិកា១.៥លានយាន់ ឬស្មើនឹង២០៦ ០០០ដុល្លារ ដល់មីយ៉ាន់ម៉ាផងដែរ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា គឺជារញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល១ទសវត្សរ៍មកនេះ ហើយវាបានសម្លាប់មនុស្សយ៉ាងហោច ៣៦៤៥នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សេតវិមាន៖ លោកប្រធានាធិបតី ត្រាំ ដំឡើងការយកពន្ធគយលើទំនិញនាំចូលពីចិនដល់ ១៤៥ភាគរយ

Naren April 11, 2025 11/04/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា បានដំឡើងការយកពន្ធគយពីទំនិញនាំចូលពីចិនដល់១៤៥ភាគរយ បន្ទាប់ពីចិនចាត់វិធានការ សងសឹកដោយយកពន្ធ ៨៤ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។ កាលពីថ្ងៃពុធ លោក ត្រាំ បានប្រកាសយកពន្ធគយលើទំនិញនាំចូលពីចិន ១២៥ភាគរយ ដែលត្រូវបានលោកអះអាងថាធ្វើឡើងដើម្បីទប់ទល់នឹងឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយចិន និងជាការដាក់ពិន័យលើចិនដែលហ៊ានចាត់វិធា​នការសងសឹកពន្ធប្រឆាំងសហរដ្ឋអាមេរិក។ ខាងសេតវិមាន ក៏បានចេញមកបញ្ជាក់ផងដែរថាចិនបានប្រឈមនឹងអត្រាយកពន្ធអប្បបរមា ១៤៥ភាគរយ លើទំនិញទាំងអស់ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។ សេតវិមានបន្ថែមថាការយកពន្ធ ១២៥ភាគរយ ត្រូវបូកបន្ថែមពីលើពន្ធ២០ភាគរយដែលរដ្ឋបាលលោក ត្រាំ បានប្រកាសយកពន្ធពីចិន ដោយសារតែលោក ត្រាំ​បានចោទចិនថាបានបរាជ័យក្នុងការជួយទប់ស្កាត់ការនាំចូលថ្នាំញៀន fentanyl ទៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានប្រកាសផ្អាកការយកពន្ធគយទៅវិញទៅមកកម្រិតខ្ពស់លើប្រទេសច្រើនជាង៧០ រយៈពេល៩០ថ្ងៃ ដើម្បីបើកផ្លូវចរចា ហើយកំណត់យកពន្ធ ១០ភាគរយជាសកលលើគ្រប់ប្រទេស លើកតែចិនមួយចេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក Xi Jinping៖ ការទប់ស្កាត់ប្រទេសចិនគឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន

Naren April 11, 2025 11/04/2025

(ប៉េកាំង)៖ ទាក់ទិននឹងទំនាក់ទំនងចិននិងអាមេរិក កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងក្នុងពេលជួបជាមួយលោក បៃឌិន អតីតប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ារដ្ឋនាធីប្រទេសប៉េរូថា ការទប់ស្កាត់ប្រទេសចិនគឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន។ ចិននិងអាមេរិក ក្នុងនាមជាប្រទេសធំទាំងពីរ ពេលទាក់ទងគ្នាភាគីណាមួយក៏មិនអាចកែប្រែភាគីដៃគូតាមគំនិតរបស់ខ្លួនទេ។ ចិនអាមេរិកមិនអាចបំផ្លាញផលប្រយោជន៍ស្នូលរបស់គ្នា ហើយក៏រឹតតែមិនអាចធ្វើបដិបក្ខថែមទៀត។ ក្រោមបរិបទបច្ចុប្បន្ននេះ ផលប្រយោជន៍រួមរវាងចិននិងអាមេរិកមិនមែនកាត់បន្ថយទេ ផ្ទុយទៅវិញបានកើនឡើងច្រើនជាងមុន។ ការអភិវឌ្ឍទំនាក់ទំនងចិនអាមេរិក គួរគិតគូរដល់សុខុមាលភាព របស់ប្រជាជននៃប្រទេសទាំងពីរ ប្រមូលផ្តុំនូវកម្លាំងរបស់ប្រជាជន នៃប្រទេសទាំងពីរ។ចិននិងអាមេរិកគួរគិតគូរពីជោគវាសនាអនាគតរបស់មនុស្សជាតិ ដើរតួនាទីយ៉ាងសកម្ម ដើម្បីសាមគ្គីភាពពិភពលោក។ បើសិនជាប្រទេសទាំងពីរចិននិងអាមេរិកធ្វើជាដៃគូ ស្វែងរកចំណុចខុសគ្នានិងទុកចំណុច មិនដូចជានៅមួយអន្លើ នោះទំនាក់ទំនងចិននិងអាមេរិកក៏នឹងទទួលបានការអភិវឌ្ឍជានិរន្តភាព។ ការប្រកួតប្រជែងរវាង ប្រទេសមហាអំណាច មិនគួរជាប្រធានបទសំខាន់ក្នុងយុគសម័យនេះឡើយ សាមគ្គីភាពនិងការសម្របសម្រួល ទើបអាចពុះពារឧបសគ្គក្នុងកាលៈទេសៈនេះ។ ចិននិងអាមេរិក ត្រូវបន្តឈ្វេងយល់វិធីសាស្ត្ររួមរស់ជាមួយគ្នាយ៉ាងត្រឹមត្រូវ។ ភាគីចិនមានឆន្ទៈរួមជាមួយអាមេរិកបន្តរក្សាកិច្ចសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីបន្តនិន្នាការប្រកបដោយស្ថិរភាព ដែលទទួលបានមក ដោយមិនងាយស្រួល។ សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចត្រូវបានដកហូតទេ ហើយក៏មិនអាចមើលរំលងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News វិទ្យុមិត្តភាពកម្ពុជាចិន

ពន្ធសងសឹក ៨៤ភាគរយរបស់ចិន លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ចូលជាធរមាន

Naren April 10, 2025 10/04/2025

(ប៉េកាំង)៖ ការយកពន្ធគយ ៨៤ភាគរយរបស់ចិន លើទំនិញទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិកបានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម កាន់តែស្រួចស្រាល់រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងអង្រួនទីផ្សារពិភពលោក និងបង្កការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ពន្ធគយរបស់ចិន នឹងត្រូវអនុវត្តលើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកដែលហូរចូលទៅកាន់ទីផ្សាររបស់មហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក។ តាមតំណាងពាណិជ្ជកម្មរបស់អាមេរិក ទំនិញអាមេរិកដែលត្រូវបាននាំចូលទៅកាន់ទីផ្សារចិនមានទំហំ ១៤៣.៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃលើប្រទេសជាច្រើន លើកលែងតែប្រទេសចិនដែលលោកបានដំឡើងការយកពន្ធដល់ ១២៥ភាគរយ។ នៅក្រោមការផ្អាកជាបណ្ដោះអាសន្ននៃការយកពន្ធគយថ្មីកម្រិតខ្ពស់ដែលបានចូលជាធរមានកាលពីថ្ងៃ សហរដ្ឋអាមេរិកនឹងកំណត់យកពន្ធ១០ភាគរយជាសកលពីបណ្ដាប្រទេស ទាំងអស់ លើកលែងតែចិន។ តែព្រមពេលជាមួយគ្នា លោក ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានព្យាករថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោក មិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ថាកិច្ចព្រមព្រៀងពន្ធគយ នឹងត្រូវបានធ្វើឡើងជាមួយប្រទេសទាំងអស់ រួមមានទាំងចិន

Naren April 10, 2025 10/04/2025

(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានព្យាករថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោកមិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ថ្លែងចេញពីសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយចិន។ កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់។ តែទោះជាបែបនេះក្ដី មេដឹកនាំចិនមិនទាន់ដឹងថានឹងត្រូវដោះស្រាយវាដោយរបៀបណានោះទេ»។ គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្អាកការអនុវត្តការយកពន្ធដែលបានចូលជាធរមានកាលពីថ្ងៃពុធ រយៈពេល៩០ថ្ងៃ​ លើបណ្ដាប្រទេសជាច្រើន លើកលែងតែចិន ដែលលោកបានបង្កើន ការយកពន្ធដល់ទៅ ១២៥ភាគរយ៕ ផ្តល់សិទ្ធិដោយ Fresh News

សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើប្រទេសចិន រហូតដល់១០៤% លើទំនិញទាំងអស់នាំមកពីចិន

Liny Chan April 9, 2025 09/04/2025

(CNN): ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ។ នេះបើយោងតាម អ្នកនាង Karoline Leavitt នាយករដ្ឋបាលព័ត៌មានរបស់សេតវិមាន បានប្រកាសនៅថ្ងៃអង្គារ៍នេះ ចេញផ្សាយសារព័ត៌មាន CNN យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។ទំនិញទាំងអស់មកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ១០៤%។ សូមជំរាបថា កាលពីសប្តាហ៍មុន ចិនបានប្រកាសវិធានការសងសឹកយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំងពីរនេះកាន់តែឡើងកម្ដៅ។ ភ្លាមៗលោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួន លើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ នៅពេលនេះ សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើប្រទេសចិន រហូតដល់១០៤%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេបក្សប្រឆាំងកូរ៉េខាងត្បូង លាលែងពីតំណែង ខណៈគេរំពឹងថាលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី

Liny Chan April 9, 2025 09/04/2025

(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃពុធ ទី៩ ខែមេសា ថាលោកនឹងលាលែងចេញពីតំណែងជាប្រធានបក្ស នៅចំពោះមុខការរំពឹងថារូបលោកអាចនឹងប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនំាគណបក្ស លោក Lee បានគូសបញ្ជាក់ថា «ខ្ញុំនឹងចាប់ផ្ដើមការងារថ្មីចាប់ពីពេលនេះតទៅ»។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ឬក៏ទទួលស្គាល់ថារូបលោកនឹងឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីដែរឬក៏យ៉ាងណានោះទេ? លោក Lee មានអាយុ ៦១ឆ្នាំ បានបរាជ័យក្រោមថ្វីដៃរបស់លោក Yoon Suk Yeol ក្នុងសំឡេងប្រកៀកប្រតិកគ្នា នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង កាលពី ឆ្នាំ២០២២។ តែកាលពីឆ្នាំ២០២៤ លោក Lee បានដឹកនាំគណបក្សប្រជាធិបតេយ្យឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភា។ ផ្ទុយពីគណបក្សប្រជាធិបតេយ្យ គណបក្សអំណាចប្រជាជន (People Power Party) មានជម្រើសច្រើនក្នុងការតែងតាំងបេក្ខជនប្រធានាធិបតីរបស់ខ្លួន ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soon និងចៅហ្វាយក្រុងសេអ៊ូលជាដើម។ ប៉ុន្តែ មកទល់នឹងពេលនេះ ការស្ទង់មតិបានបង្ហាញថាលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពខ្លាំងជាងគេ ហើយអាចនឹងក្លាយជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់ ប្រសិនបើរូបលោកប្រកាស ឈរឈ្មោះ។ […]