ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ គ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពលករមកពីប្រទេសជិតខាង

Khmerpress November 10, 2021 10/11/2021

យោងតាមមន្ត្រីរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពលករមកពីប្រទេសជិតខាងរួមមាន៖ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះកម្លាំងពលកម្មដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ និងទេសចរណ៍។ លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា វិធានទាក់ទងនឹងស្ថានភាពចាក់ថ្នាំបង្ការដល់ពលករចំណាកស្រុក នីតិវិធីធ្វើចត្តាឡីស័ក និងការធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងត្រូវសម្រេចនៅថ្ងៃពុធ នេះ។ គួរឱ្យដឹងថា ឧស្សាហកម្មនាំចេញដ៏ធំរបស់ប្រទេសដូចជា ម្ហូបអាហារ និងផលិតកម្មកៅស៊ូ ពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មចំណាកស្រុក ប៉ុន្តែការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើចំណាកស្រុកស្ទើរតែទាំងអស់។ ជាមួយគ្នានេះដែរ លោក Pairote បានប៉ាន់ប្រមាណថា ប្រទេសនេះត្រូវការកម្មករបរទេសចំនួន ៤២០,០០០នាក់ នៅពេលនេះ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិតកម្ម និងអាហារសមុទ្រ។ លោកបានបន្ថែមថា កម្មករជាច្រើនបានចាកចេញពីប្រទេសនេះ ខណៈពេលដែលប្រទេសថៃបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតរបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយមិនបានត្រឡប់មកវិញទេ៕ ដោយ៖ ខ្មែរណូត

លោក គីស៉ីដា ត្រូវសភាតែងតាំងជានាយករដ្ឋមន្រ្តីដដែល ក្រោយគណបក្សលោក ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីចុងខែមុន

Khmerpress November 10, 2021 10/11/2021

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃពុធនេះ ត្រូវបានសភាតែងតាំងជានាយករដ្ឋមន្រ្តីដដែល បន្ទាប់ពីគណបក្សកាន់អំណាចជប៉ុន ទទួលបានជ័យជម្នះជាមួយសំឡេងគាំទ្រភាគច្រើន ក្នុងការបោះឆ្នោតសកល កាលពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក គីស៉ីដា ត្រូវសភាជប៉ុនតែងតាំងជា នាយករដ្ឋមន្រ្តីជប៉ុនម្តងរួចមកហើយ កាលពីដើម ខែតុលា ដើម្បីបន្តវេនពីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា ដែលលាលែងពីតំណែង។ ប៉ុន្តែក្រោយមក លោក គីស៉ីដា បានស្នើឲ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែតុលាដដែល ហើយគណបក្សកាន់អំណាចរបស់លោក ឈ្នះបានអាសនៈចំនួន២៦១ ក្នុងចំណោមអាសនៈសរុបទាំង៤៦៥ នោក្នុងរដ្ឋសភាជប៉ុន។ គួរបញ្ជាក់ថា នៅល្ងាចឬយប់ថ្ងៃពុធនេះ លោក គីស៉ីដា នឹងប្រកាសពីសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោក ជាថ្មីម្តងទៀត ហើយបង្ហាញពីផែនការស្តារសេដ្ឋកិច្ចជាតិ រួមជាមួយគោលនយោបាយសំខាន់ៗផ្សេងៗទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បារាំងនឹងសាងសង់ រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរថ្មីៗ បន្ថែមទៀត

Khmerpress November 10, 2021 10/11/2021

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសបារាំងនឹងចាប់ផ្តើមសាជាថ្មី ការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីធានាឲ្យបាននូវ ភាពឯករាជ្យផ្នែកថាមពលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ លោក ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា «ជាលើកដំបូង ក្នុងរយៈពេលជាច្រើនមកនេះ ពួកយើងនឹងចាប់ផ្តើមជាថ្មី នូវការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅក្នុងប្រទេសយើង ហើយនឹងបន្តអភិវឌ្ឍថាមពលដែលប្រើប្រាស់ឡើងវិញបាន»។ វាជាការឆ្លើយតបចំពោះ ការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ និងការចំណាយលើឧស្ម័នក៏ដូចជាអគ្គិសនី ដែលប្រជាជនបារាំង បានប្រឈមក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកប្រធានាធិបតីបារាំង បានបកស្រាយថា ការសម្រេចចិត្តដូចខាងលើ គឺដើម្បីធានានូវភាពឯករាជ្យផ្នែកថាមពលរបស់ប្រទេសបារាំង និងដើម្បីធានានូវការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេស ព្រមទាំងដើម្បីសម្រេចគោលដៅជាពិសេស ក្នុងការឆ្ពោះទៅរកស្ថានភាព អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ គួរបញ្ជាក់ថា លោក ម៉ាក្រុង មិនបាននិយាយលម្អិតអ្វីទៀតទេ ប៉ុន្តែរដ្ឋាភិបាលលោក ត្រូវគេរំពឹងថា នឹងប្រកាសពីគម្រោងសាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួន៦ថែមទៀត ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កាលពីឆ្នាំ២០២០ បារាំងធ្លាប់បានប្រកាសថា ខ្លួននឹងមិនទាន់សម្រេចលើ ការសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីៗទៀតឡើយ រហូតទាល់តែរ៉េអាក់ទ័រនុយក្លេអ៊ែរ Flamanville […]

ថៃ៖ មនុស្សជិត ៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress November 10, 2021 10/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៩៧៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៦៩៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩៨៩,៤៧៣ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៨២៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៧៣,១៨៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សុរប ៨១.៣៤លានដូស ក្នុងនោះប្រជាជន ៣៤.៤៤លាននាក់ (៤៩.២៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

សត្វតោ៤ក្បាលឆ្លងជំងឺកូវីដ-១៩ ពីមនុស្សដែលមកទស្សនាពួកវា ក្នុងសួនសត្វនៅសិង្ហបុរី

Khmerpress November 10, 2021 10/11/2021

(សិង្ហបុរី)៖ សត្វតោអាស៊ីចំនួន ០៤ក្បាលនៅសួនសត្វពេលរាត្រី (Night Safari) នៃប្រទេសសិង្ហបុរី បានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 បន្ទាប់ពីបានប៉ះពាល់ជាមួយបុគ្គលិកមកពីអង្គការ មែនដៃ (Mandai Wildlife Group) ដែលបានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ សេវាកម្មថែទាំសត្វ និងពេទ្យសត្វ (AVS) នៃប្រទេសសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សត្វតោអាស៉ីចំនួន ០៤ក្បាលខាងលើ បានបង្ហាញរោគសញ្ញាស្រាល រួមទាំងក្អក កណ្តាស់ និងអស់កម្លាំង តាំងតែពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈសត្វតោអាហ្រ្វិកមួយក្បាលទៀត ក៏បានបង្ហាញរោគសញ្ញាដូចនេះដែរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយកំពុងស្ថិតក្រោមការធ្វើតេស្ត។ AVS បានឲ្យដឹងបន្ថែមថា «នេះគឺដោយសារការប៉ះពាល់ជាមួយបុគ្គលិកមកពីអង្គការ មែនដៃ ដែលបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ចំពោះជំងឺនេះ»។ ជុំវិញបញ្ហានេះ AVS ក៏បានបង្គាប់ទៅកាន់អង្គការ មែនដៃ ឱ្យដាក់សត្វតោអាស៊ីចំនួន ០៩ក្បាល និងសត្វតោអាហ្វ្រិកចំនួន ០៥ក្បាលនៅដាច់ដោយឡែកមួយរយៈសិន នៅក្នុងរូងរៀងៗខ្លួន […]

ថៃបញ្ជាទិញថ្នាំកូវីដប្រភេទ Molnupiravir ចំនួន ២លានគ្រាប់សម្រាប់ប្រើប្រាស់ជាមួយអ្នកជំងឺដែលមានលក្ខខណ្ឌចាំបាច់មួយចំនួន

Khmerpress November 10, 2021 10/11/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី០៩​ ខែវិច្ឆិកា ម្សិលមិញនេះគណៈរដ្ឋមន្ត្រីថៃបានសម្រេចជាផ្លូវការហើយក្នុងការបញ្ជាទិញថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Molnupiravir ដើម្បីទុកប្រើប្រាស់ជាមួយនឹងក្រុមអ្នកជំងឺស្ថិតនៅក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន។ តាមគម្រោងគឺថៃនឹងបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ប្រអប់ ហើយបើគិតជាចំនួនថ្នាំសរុបគឺមានចំនួន ២ លានគ្រាប់។ គួរបញ្ជាក់ថា Molnupiravir គឺជាថ្នាំលេបប្រឆាំងជំងឺកូវីដ ១៩ដំបូងបំផុតនៅលើពិភពលោក ហើយថ្នាំនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ដោយសារថ្នាំលេបចំនួន ២លានគ្រាប់ដែលថៃនឹងទទួលបាននោះគឺជាចំនួនតិចតួចនៅឡើយបើធៀបនឹងចំនួនពលរដ្ឋថៃ ដូចនេះរដ្ឋាបាលភិបាលថៃបានកំណត់ថា ថ្នាំលេបនេះនឹងទុកប្រើប្រាស់ចំពោះក្រុមអ្នកជំងឺដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងមានលក្ខខណ្ឌសុខភាពមួយចំនួនបន្ថែមទៀតដូចជា មានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មានជំងឺសរសៃឈាមបេះដូង មានជំងឺតម្រងនោមរ៉ាំរ៉ៃ មានជំងឺប្រព័ន្ធប្រសាទ មានជំងឺមហារីក មានជំងឺទឹកនោមផ្អែម ឬមានជំងឺធាត់ជាដើម។ លោករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរថា ថ្នាំ Molnupiravir មួយប្រអប់គឺមានតម្លៃ ១០,០០០ បាត​ (៣០៥ ដុល្លារ) សម្រាប់ការនាំចូលមកកាន់ប្រទេសថៃ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្ធូរបន្ថយវិធានការចូលប្រទេស សម្រាប់ប្រទេសមួយចំនួន រួមទាំងវៀតណាម និងថៃ

Khmerpress November 10, 2021 10/11/2021

អាជ្ញាធរសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ថ្មីៗនេះថា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និងហ្វីលីពីន ស្ថិតក្នុងចំណោមប្រទេសដែលនឹងត្រូវបន្ធូរបន្ថយវិធានការចូលប្រទេសបន្ថែមទៀតចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវបានអនុញ្ញាតឱ្យបង្ហាញការធ្វើតេស្តអង់ទីហ្សែនរហ័ស (ART) ដែលត្រូវបានគ្រប់គ្រងដោយវិជ្ជាជីវៈ អវិជ្ជមាន ដែលធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ មុនពេលចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប្រកាសថា ប្រទេសចំនួន ២៣ ដែលពីមុនត្រូវបានចាត់ទុកដោយសិង្ហបុរី ថាមានហានិភ័យខ្ពស់បំផុតនៃការឆ្លងជំងឺ កូវីដ-១៩ រួមទាំងឡាវ និងឥណ្ឌា នឹងមានការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនបន្ថែមទៀត នេះបើតាមកាសែត Straits Times បានរាយការណ៍។ គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា អ្នកដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវបានអនុញ្ញាតឱ្យផ្ដល់ការជូនដំណឹងអំពីការស្នាក់នៅផ្ទះរយៈពេល ១០ថ្ងៃ (SHN) នៅផ្ទះ ឬ នៅសណ្ឋាគារតាមជម្រើសរបស់ពួកគេដើម្បីតាមដានសុខភាព ខណៈបច្ចុប្បន្ននេះ អ្នកដំណើរត្រូវបានតម្រូវឱ្យធ្វើដូច្នេះនៅឯកន្លែងស្នាក់នៅដែលរដ្ឋរៀបចំឱ្យ៕ ដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Pfizer ស្នើអាជ្ញាធរអាមេរិកអនុម័ត «វ៉ាក់សាំងដូសជំរុញ» សម្រាប់មនុស្សអាយុ ១៨ឆ្នាំឡើង

Khmerpress November 10, 2021 10/11/2021

(ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានស្នើឲ្យរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នោះទើបអត្រានៃការចាក់វ៉ាក់សាំងដូសទី ៣ នេះកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមសារព័ត៌មានអាមេរិក The Hill ការបោះជំហានរបស់ក្រុមហ៊ុន Pfizer ខាងលើនេះបានកើតឡើង ជាផ្នែកមួយនៃការជជែកដេញដោលជាយូរមកហើយ ក្នុងចំណោមអ្នកជំនាញ ទៅលើក្រុមអាយុដែលគួរតែមានសិទ្ធិ ទទួលបានការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះ។ ក្រុមប្រឹក្សាយោបល់របស់ FDA បានបោះឆ្នោតប្រឆាំងនឹងពាក្យស្នើសុំ សម្រាប់ការចាក់ដូសជំរុញដល់មនុស្សពេញវ័យទាំងអស់ កាលពីខែកញ្ញា ដែលត្រូវបានគេមើលឃើញថា ជាការ «ប៉ះទង្គិច» ដល់ការប្រកាសទុកមុនរបស់រដ្ឋបាល លោក ចូ បៃដិន អំពីផែនការជំរុញការចាក់វ៉ាក់សាំង ឲ្យបានកាន់តែទូលំទូលាយនោះ។ បច្ចុប្បន្នវ៉ាក់សាំង Pfizer-BioNTech និង Moderna ត្រូវបានអនុម័តឲ្យចាក់ដូសជំរុញ សម្រាប់មនុស្សមានន័យ […]

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៣៩៧ករណី» និងបាត់បង់ជីវិត ១២នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress November 10, 2021 10/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៣៩៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញនៅយប់ថ្ងៃអង្គារ៍នេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១២នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៥២៣នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២២៤,២០០ករណីគិតត្រឹមថ្ងៃអង្គារនេះ។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន២,៤៧០ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចាប់តាំងពីថ្ងៃបើកប្រទេសដំបូង មកទល់ពេលនេះ ភ្ញៀវទេសចរបរទេសជាង ២ម៉ឺននាក់បានមកប្រទេសថៃ ខណៈ ១៥នាក់រកឃើញវិជ្ជមានកូវីដ-១៩

Khmerpress November 8, 2021 08/11/2021

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចាប់តាំងពីប្រទេសថៃបានបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ភ្ញៀវទេសចរសរុបចំនួន ២០,០៩២ នាក់បានចូលមកប្រទេសថៃ។ នៅក្នុងចំណោមភ្ញៀវដែលចូលមក រហូតមកដល់ពេលនេះ មានភ្ញៀវបរទេសចំនួន ១៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺ កូវីដ-១៩ នៅពេលមកដល់ ឬស្មើ ០.០៧% នៃភ្ញៀវទាំងអស់។ ជាមួយគ្នានេះ ភ្ញៀវទេសចរបរទេសភាគច្រើនបានចូលប្រទេសថៃតាមអាកាសយានដ្ឋានសុវណ្ណភូមិចំនួន ១២,៩៧៨នាក់ (៥នាក់បានធ្វើតេស្តវិជ្ជមាន) បន្ទាប់មកអាកាសយានដ្ឋានភូកេតមានចំនួន ៦,៧២២នាក់ (១០នាក់បានធ្វើតេស្តវិជ្ជមាន) អាកាសយានដ្ឋានសាមុយចំនួន ៣០៩នាក់ និងអាកាសយានដ្ឋានឈៀងម៉ៃ ចំនួន ៨៣នាក់។ គួររម្លឹកផងដែរថា ក្រោមផែនការបើកដំណើរការឡើងវិញ ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវអាកាសមកពីប្រទេសដែលមានហនិភ័យទាបចំនួន ៦៣ នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែពួកគេត្រូវតែបង្ហាញថា ពួកគេបានចាក់វ់ាក់សាំង កូវីដ-១៩ ទាំងពីរលើក យ៉ាងហោចណាស់បាន ១៤ថ្ងៃ ក៏ដូចជាមានលទ្ធផលតេស្ត RT-PCR អវិជ្ជមានមិនលើសពី ៧២ម៉ោងមុនពេលហោះហើរ៕ ដោយ៖ ខ្មែរណូត