ព័ត៌មានអន្តរជាតិ

ការសិក្សាមួយរកឃើញថា ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ អ្នកជំងឺអាចប្រឈមនឹងការកើតមានបញ្ហាក្រលៀនរហូតដល់ ៣៥%

Khmerpress September 3, 2021 03/09/2021

ការសិក្សាមួយបានរកឃើញថា ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច អ្នកជំងឺកូវីដអាចត្រូវប្រឈមនឹងការកើតបញ្ហាក្រលៀនក្នុងរយៈពេលវែងបន្ថែមទៀត ហើយលទ្ធភាពនៃការកើតមានបញ្ហានេះគឺមានរហូតដល់ ៣៥% ខ្ពស់ជាងអ្នកដែលមិនធ្លាប់មានប្រវត្តិកើតជំងឺកូវីដ ១៩។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dialy Mail បានឲ្យដឹងថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅរដ្ឋបាលសុខភាពអតីតយុទ្ធជននៃប្រទេសអង់គ្លេស ខណៈក្នុងការសិក្សានេះគេបានធ្វើការប្រៀបធៀបសុខភាពពលរដ្ឋដែលធ្លាប់មានជំងឺកូវីដ ១៩ ចំនួន ៨៩,០០០ នាក់ជាមួយនឹងសុខភាពរបស់ក្រុមពលរដ្ឋចំនួន ១,៦ លាននាក់ ដែលគ្មានប្រវត្តិកើតជំងឺកូវីដ ១៩ទាល់តែសោះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្នុងរយៈពេល ៦ ខែបន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ ១៩ អ្នកជំងឺអាចប្រឈមនឹងការកើតមានបញ្ហាក្រលៀនខ្ពស់ជាងពលរដ្ឋធម្មតារហូតដល់ ៣៥% ហើយបញ្ហាក្រលៀនដែលពួកគេត្រូវជួបប្រទះនោះមានដូចជា មុខងាររបស់ក្រលៀនត្រូវចុះខ្សោយជាងធម្មតា ឬ ក្រលៀនត្រូវមានអាយុចាស់ជាងធម្មតារហូតដល់ ៣០ឆ្នាំ ហើយបញ្ហាទាំងនេះនឹងបង្កឲ្យមានបញ្ហារួមមួយគឺ ក្រលៀនមិនអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងឈាមបានល្អនោះទេ។ គួរបញ្ជាក់ផងដែរថា តាមធម្មតាពលរដ្ឋដែលមានបញ្ហាក្រលៀនចុះខ្សោយនឹងត្រូវកើតមានបញ្ហាសុខភាពមួយចំនួនដូចជា វិលមុខញឹកញាប់ បែកញើសច្រើន អស់កម្លាំង មិនឃ្លានអាហារ និងចុះខ្សោយជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Dialy Mail

វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗ ចំនួន «១៣,១៩៧ករណី» និងបាត់បង់ជីវិត ២៧០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress September 3, 2021 03/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១៣,១៩៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១១ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៩៦៣នាក់។ ក្នុងរបាយការណ៍ថ្ងៃពុធនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៧០នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៤៨៦,៧២៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២៥៩,៣២៤នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១២,១៣៨នាក់ដដែល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងបាងកក ជាប់ឈ្មោះជាទីក្រុងល្អបំផុតសម្រាប់ «ធ្វើការងារ» ដោយសារលក្ខណៈពិសេសទាំងនេះ

Khmerpress September 2, 2021 02/09/2021

ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់កំពូល ជាទីក្រុងល្អបំផុតមួយសម្រាប់ «ធ្វើការងារ» នៅក្នុងការស្ទង់មតិ ដែលធ្វើឡើងដោយគេហទំព័រ Holidu។ គេហទំព័របានធ្វើការវិភាគទៅលើកត្តាការងារ និងវិស្សមកាលនៅក្នុងប្រទេសជាង ១៥០ ។ ក្នុងនោះកត្តាការងាររួមមានការតភ្ជាប់ពីចម្ងាយ កន្លែងធ្វើការរួមគ្នា ការធ្វើដំណើរ និងការជួបជុំក្រោយពេលធ្វើការ ខណៈកត្តាវិស្សមកាលរួមមាន ការស្នាក់នៅអាហារ បរិយាកាស ការទាក់ទាញភ្ញៀវទេសចរ។ ផ្អែកលើកត្តាទាំងនេះគេហទំព័របានបង្ហាញបញ្ជីឈ្មោះទីក្រុងកំពូលទាំង ៥ រួមមាន៖ ទីក្រុង​បាងកក​, ប្រទេស​ថៃ ,ញូវដេលីប្រទេសឥណ្ឌាទីក្រុងលីសបោន ប្រទេសព័រទុយហ្កាល់ ,ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ,ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន និងទីក្រុង Budapest ប្រទេសហុងគ្រី។ គួរឱ្យដឹងថា បើយោងតាម Holidu ក្រុងបាងកកទទួលបានចំណាត់ថ្នាក់កំពូល ព្រោះវាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតម្លៃសមរម្យបំផុតនៅលើពិភពលោក។ ឧទាហរណ៍ ការស្នាក់នៅក្នុងទីក្រុងបាងកកអាចមានតម្លៃថ្លៃ ប៉ុន្តែអាហារមានតម្លៃថោក។ គេហទំព័រនេះក៏បាននិយាយផងដែរថា មនុស្សភាគច្រើននៅក្នុងរដ្ឋធានីថៃ និយាយភាសាអង់គ្លេស ហើយទីក្រុងផ្តល់ជូននូវសម្ភារៈទំនើប ៗ៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

ក្រុមហ៊ុន Pfizer ធ្វើការសាកល្បងថ្នាំលេបបង្ការកូវីដ ១៩ ថ្មីមួយ

Khmerpress September 2, 2021 02/09/2021

កាលពីថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Merck & Co បានប្រកាសថា ដំណើរការនៃផលិតវ៉ាក់សាំងបង្ការជំំងឺកូវីដ ១៩ ជាប្រភេទថ្នាំលេបបានឈានដល់ដំណាក់កាលពិសោធន៍ថ្មីមួយទៀតហើយ ដែលវាជាការបោះជំហ៊ានវិជ្ជមានទៅមុខមួយកម្រិតទៀតផងដែរសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ គេនៅចាំបានថា កាលពីអំឡុងខែមិថុនាកន្លងទៅក្រុមហ៊ុនផលិតឱសថធំៗទាំង ២ ខាងលើនេះ ធ្លាប់បានប្រកាសពីសាកល្បងប្រើប្រាស់ថ្នាំលេបបង្ការជំងឺកូវីដម្តងរួចហើយ ដោយពេលនោះក្រុមហ៊ុនបានបង្ហាញនូវក្តីរំពឹងថា ថ្នាំលេបបង្ការកូវីដអាចនឹងមានវត្តមានជាផ្លូវការនៅចុងឆ្នាំនេះទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សម្រាប់ការសាកល្បងថ្មីនេះគឺគេនឹងធ្វើការពិសោធន៍ចំពោះក្រុមយុវជនចំនួន ១,១៤០ នាក់ ដែលជាអ្នកគ្មានជំងឺប្រចាំខ្លួន ហើយថ្នាំលេបដែលគេនឹងប្រើប្រាស់សម្រាប់ពួកគាត់នោះគឺជាថ្នាំប្រភេទ PF-07321332 ដែលត្រូវបានគេបំប្លែងចេញពីវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer។ ប្រសិនបើលទ្ធផលនៃការពិសោធន៍លើនេះទទួលបានជោគជ័យទៀតគឺគេនឹងអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាថ្នាំគ្រាប់បានជាផ្លូវការតែម្តង ខណៈវ៉ាក់សាំងគ្រាប់នឹងមានគុណសម្បត្តិជាច្រើនបើធៀបទៅនឹងវ៉ាក់សាំងចាក់ ដូចជាងាយស្រួលចែកចាយ រក្សាទុក ចំណេញពេលវេលា ហើយចំពោះពលរដ្ឋត្រូវមកទទួលវ៉ាក់សាំងក៏មានភាពងាយស្រួលដែរ ពោលគឺពួកគេចាំបាច់ត្រូវប្រឈមនឹងអារម្មណ៍ខ្លាចម្ជុលនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីហៅថា «Mu» កំពុងរាលដាលដល់ប្រទេសជប៉ុនហើយ

Khmerpress September 2, 2021 02/09/2021

ប្រទេសជប៉ុនបានបញ្ជាក់ពីការឆ្លងដំបូងរបស់ខ្លួន ជាមួយនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មីហៅថា «Mu» ខណៈកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ វាក៏ត្រូវបានចាត់ថ្នាក់ថាជាវ៉ារ្យ៉ង់ «គួរឱ្យចាប់អារម្មណ៍» ដោយអង្គការសុខភាពពិភពលោកផងដែរ។ ការបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញពីអ្នកដំណើរចំនួន ២នាក់ ដែលបានធ្វើតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នៅកន្លែងធ្វើចត្តាឡីស័កនៅឯអាកាសយានដ្ឋានចំនួន ២ របស់ប្រទេសជប៉ុន ហើយក្រោយមកបុគ្គលិកសុខាភិបាលជប៉ុន ក៏បានសិក្សាលើហ្សែនរបស់ជំងឺពីសំណាករបស់អ្នកដំណើរទាំង ២នាក់។ អ្នកដំណើរទាំង ២នាក់ មានម្នាក់គឺជាស្ត្រីអាយុ ៤០ឆ្នាំ ដែលបានមកដល់អាកាសយានដ្ឋានណារីតា ពីប្រទេសអារ៉ាប់រួមកាលពីចុងខែមិថុនា ខណៈស្ត្រីម្នាក់ទៀត គឺមានអាយុ ៥០ឆ្នាំ ដែលបានចុះចតនៅអាកាសយានដ្ឋានហាណេដា ពីចក្រភពអង់គ្លេសកាលពីដើមខែកក្កដា។ ជាមួយគ្នានេះ អគ្គនាយកវិទ្យាស្ថានជាតិជំងឺឆ្លងលោក Wakita Takaji ក៏បានអំពាវនាវឱ្យមានការប្រមូលទិន្នន័យបន្ថែមទៀត ហើយថា វ៉ារ្យ៉ង់ផ្សេងៗគ្នាកំពុងត្រូវបានបញ្ជាក់ជាបន្ដបន្ទាប់ ប៉ុន្តែគួរតែផ្ដោតសំខាន់ចំពោះការបំប្លែងខ្លួនណាដែលមានការចម្លងឆាប់រហ័ស។ គួរឱ្យដឹងដែរថា វ៉ារ្យ៉ង់ថ្មី Mu ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសកូឡុំប៊ី កាលពីខែមករា ហើយក្រោយមកវាបានចម្លងទៅយ៉ាងតិច ៣៩ ប្រទេស ភាគច្រើននៅអាមេរិកខាងត្បូង និងតំបន់អឺរ៉ុប។ WHO ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយសារវ៉ារ្យ៉ង់ថ្មីនេះមានសក្ដានុពលអាចគេចពីអង់ទីករប្រឆាំងជំងឺ COVID-19 ដែលកកើតចេញពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 […]

ប្រទេសកូរ៉េខាងជើងបានច្រានចោលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣ លានដូស របស់ក្រុមហ៊ុន Sinovac ហើយថា វាគួរតែបញ្ជូនទៅប្រទេសដែលត្រូវការជាងខ្លួន

Khmerpress September 2, 2021 02/09/2021

អង្គការយូនីសេហ្វដែលទទួលបន្ទុកគម្រោង COVAX សម្រាប់ប្រទេសមានប្រាក់ចំណូលទាប បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានច្រានចោលជំនួយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ លានដូស របស់ក្រុមហ៊ុន Sinovac Biotech ដោយប្រទេសកូរ៉េខាងជើងផ្ទាល់បាននិយាយថា វ៉ាក់សាំងបង្ការទាំងនោះគួរតែត្រូវបានបញ្ជូនទៅប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជម្រាបដែរថាគិតរហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ពីករណីឆ្លង COVID-19 ណាមួយឡើយ ហើយបានដាក់ចេញវិធានការប្រឆាំងជំងឺឆ្លងដ៏តឹងរ៉ឹង រួមទាំងការបិទព្រំដែន និងការទប់ស្កាត់ការធ្វើដំណើរក្នុងស្រុក។ កាលពីខែកក្កដាកន្លងទៅ ប្រទេសកូរ៉េខាងជើងក៏បានបដិសេធការទទួលយកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផងដែរ ដោយសារការព្រួយបារម្ភពីផលរំខានធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំង ហើយមានប្រភពខ្លះនិយាយថា ប្រទេសនេះចាប់អារម្មណ៍ជាមួយនឹងវ៉ាក់សាំងបង្ការរបស់ប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ក្រសួងសាធារណៈរបស់ប្រទេសកូរ៉េខាងជើង នឹងនៅតែបន្ដទំនាក់ទំនងជាមួយភ្នាក់ងាររបស់គម្រោង COVAX ដើម្បីទទួលយកវ៉ាក់សាំងនៅពេលក្រោយៗទៀត៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

ខេត្តភូកេតកំពុងប្រឈមនឹងការរាតត្បាតកូវីដកម្រិតធ្ងន់ធ្ងរ ខណៈខេត្តទេសចរណ៍របស់ថៃមួយនេះនៅបន្តអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិចូលមកកំសាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

Khmerpress September 2, 2021 02/09/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរនៃខេត្តភូកេតប្រទេសថៃបានស្នើសុំការអនុវត្តវិធានការបន្ទាន់មួយពីសំណាក់រដ្ឋាភិបាលថៃ ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តទេសចរណ៍មួយនេះបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ។ គួរម្លឹកជូនថា ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិនាពេលកន្លងមករដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចអាចចូលមកកំសាន្តនៅក្នុងខេត្តមួយនេះដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ដោយយន្តការមួយនេះមានឈ្មោះថា “Phuket Sandbox” ។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Chalermpong Sukontapol ដែលជាប្រធានមន្ទីរពេទ្យប្រចាំខេត្តភូកេតបានឲ្យដឹងថា ពេលនេះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេតបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ ដោយករណីចម្លងមេរោគបំប្លែងខ្លួន Delta បានកើនឡើងយ៉ាងគំហុកក្នុងចំណោមក្រុមពលរដ្ឋថៃនិងភ្ញៀវទេសចរណ៍មួយចំនួនដែលបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ ដូសទៅហើយ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ដើម្បីឆ្លើយតបចំពោះបញ្ហានៅចំពោះមុខនេះ គេត្រូវអនុវត្តវិធានការមួយគឺ “យុទ្ធសាស្រ្តឈ្នះរហ័ស” ពោលគឺអាជ្ញាធរសុខាភិបាលថៃត្រូវចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋក្នុងខេត្តភូកេតឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ លោកបានបញ្ជាក់ទៀតថា បន្ថែមពីលើការការចាក់វ៉ាក់សាំងដូសជំរុញ ការសម្រេចកាត់បន្ថយសកម្មភាពជួបជុំរបស់ក្រុមប្រជាពលរដ្ឋក៏ត្រូវតែអនុវត្តផងដែរ ទើបកម្មវិធី “Phuket Sandbox” អាចបន្តអនុវត្តទៀតបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

WHO កំពុងតាមដានកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀតឈ្មោះ Mu ដែលទំនងជាអាចអត់ធន់នឹងវ៉ាក់សាំង

Khmerpress September 1, 2021 01/09/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនកំពុងតាមឃ្លាំមើលវីរុស COVID-19 បំប្លែងខ្លួនថ្មីមួយប្រភេទមានឈ្មោះថា មូ (Mu) ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។ វីរុស COVID-19 បំប្លែងថ្មីឈ្មោះថា Mu ឬមានគេស្គាល់ថា B.1.621 ត្រូវបានអង្គការ WHO ចាត់បញ្ចូលទៅក្នុងក្រុមនៃ «វីរុសបំប្លែងថ្មីដែលគួរចាប់អារម្មណ៍» ជាមួយការព្រមានថា វីរុសនេះទំនងជាអាចអត់ធន់នឹងវ៉ាក់សាំង ដែលតម្រូវឱ្យមានការសិក្សាបន្ថែម ដើម្បីស្វែងយល់ឱ្យច្បាស់ពីវីរុសបំប្លែងថ្មីនេះកាន់តែច្បាស់។ គួរបញ្ជាក់ថា ជាទូទៅគ្រប់វីរុសទាំងអស់ ក្នុងនោះរួមទាំងវីរុស SARS-CoV-2 ជាវីរុសដើមដែលបង្កជាជំងឺ COVID-19 តែងតែឆ្លងកាត់ដំណើរបំប្លែងខ្លួន ដោយជួនកាលបង្កើតចេញជាវីរុសថ្មីដែលកាចសាហាវ និងពេលខ្លះបង្កើតជាវីរុសខ្សោយ។ បច្ចុប្បន្ននេះ វីរុសបំប្លែងខ្លួនកាចសាហាវជាងគេ ដែលបាននិងកំពុងបង្កឲ្យប្រទេសជាច្រើន ជួបករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុកនោះគឺ Delta។ វីរុសបំប្លែងខ្លួន Delta (B.1.617.2) ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ចំនួន «១២,៦០៧ករណី»បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress September 1, 2021 01/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,៦០៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៦ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៤៤៤នាក់។ ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃអង្គារនេះក្រសួងសុខាភិបាលវៀតណាមមិនបានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៤៦២,០៩៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២៣៨,៨៦០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១១,០៦៤នាក់ដដែល៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃ ត្រៀមបើកកោះ ឡាន ដែលជាកោះទេសចរណ៍ដ៏ពេញនិយម ឱ្យភ្ញៀវចូលកម្សន្តឡើងវិញ

Khmerpress August 31, 2021 31/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌ Bangkok Post បានឱ្យដឹងថា ប្រទេសថៃត្រៀមបើកកោះទេសចរណ៍ដ៏ពេញនិយមមួយទៀត គឺកោះឡាន ដើម្បីបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញ បន្ទាប់ពីមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកញ្ញា។ លោក Booncherd Boonying ប្រធានសហគមន៍កោះឡាន បាននិយាយថា ក្នុងជំហានដំបូងនៃការបើកឡើងវិញ តំបន់ឆ្នេរនៅតែត្រូវបិទដដែល និងសេវាកម្មជួលកៅអីអង្គុយលំហែនៅមាត់ឆ្នេរនោះទេ។ ប៉ុន្តែរមណីយដ្ឋាន កន្លែងស្នាក់នៅ និងកន្លែងទេសចរណ៍ផ្សេងទៀតបានត្រៀមរួចរាល់សម្រាប់ភ្ញៀវទេសចរ។ ប្រធានសហគមន៍កោះឡានរូបនេះបានបន្តថា វិធានការណ៍សុវត្ថិភាព សុខភាពនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងរួមទាំងការប្រើប្រាស់ជែលលាងដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គម សម្រាប់ប្រតិបត្តិករទេសចរណ៍ និងអ្នកទេសចរដែលនឹងត្រូវបានត្រួតពិនិត្យសីតុណ្ហភាពនៅតាមកប៉ាល់ ទូកនិងកន្លែងផ្សេងទៀត។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរថៃ និងបរទេសត្រូវបានស្វាគមន៍ ប៉ុន្តែពលករចំណាកស្រុកនៅតែបន្តការហាមឃាត់។ ដោយឡែកទូកដឹកអ្នកដំណើររវាងកោះឡាន និងប៉ាតាយ៉ា នឹងដំណើរការបីដងក្នុងមួយថ្ងៃ គឺពេលព្រឹក ពេលរសៀលនិងពេលល្ងាច។ ហើយប្រសិនបើស្ថានការណ៍ប្រសើរឡើង ដោយមានភ្ញៀវទេសចរមកច្រើនទូកជាច្រើននឹងត្រូវដាក់ឲ្យដំណើរការវិញ នេះបើតាមការលើកឡើងរបស់លោក Booncherd Boonying ប្រធានសហគមន៍កោះឡាន៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost