(កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងវត្តមាននៃលោករដ្ឋលេខាធិការប្រចាំការ, លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងបី, អភិបាលរងនៃគណៈអភិបាលខេត្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប, ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ, ព្រមទាំងប្រជាសហគមន៍យ៉ាងច្រើនកុះករ។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង […]