(ភ្នំពេញ)៖ តុលាការកំពូល បានសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ហៅកាត់ថា (CACJ) (Council Of ASEAN Chief Justices) និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន ដែលដឹកនាំគណៈប្រតិភូដោយលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចជ្រើសតាំងប្រធានតុលាការកំពូលនៃសាធារណរដ្ឋហ្វីលីពីនជាប្រធាន CACJ និងក្រោយពីបានស្តាប់ ពិភាក្សាលើរបាយការណ៍របស់ក្រុមការងារជំនាញចំនួន៩ ព្រមទាំងការពិភាក្សាលើសំណើផ្សេងៗ ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ានបានទទួលស្គាល់ពីវឌ្ឍនភាព ការងារតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញនាពេលកន្លងមកលើកិច្ចការទាក់ទងនឹងគេហទំព័រតុលាការអាស៊ាន, ការសម្របសម្រួលកិច្ចដំណើរការក្នុងរឿងក្តីរដ្ឋប្បវេណី, បច្ចេកវិទ្យា ព័ត៌មានវិទ្យានិងការគ្រប់គ្រងសំណុំរឿង, ការអប់រំនិងបណ្តុះបណ្តាលតុលាការ, វិវាទឆ្លងដែនពាក់ព័ន្ធ នឹងកុមារ, ការធ្វើសវនាការតាមប្រព័ន្ធវីដេអូ, កិច្ចសហប្រតិបត្តិការអាស៊ានបូក, ការសិក្សាអំពីកិច្ចការ អនាគតរបស់ CACJ និងសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន-អន្តរជាតិសម្រាប់ឧត្តមភាពតុលាការ IFCE (ASEAN-International Framework for Court Excellence)។ […]