(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំពិធីធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ។ ទន្ទឹមការរៀបចំពិធីធម្មយាត្រានេះ ក៏មានការយាង និងនិមន្តធ្វើសេចក្តីថ្លែងការណ៍ជាខេមរភាសា និងភាសាអង់គ្លេសដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសរំលេចថា កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការអភិវឌ្ឈន៍។ ដោយមើលឃើញអំពីសារសំខាន់នៃសន្តិភាព គណៈសង្ឃនាយកទាំងពីរគណៈ បាន សុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការបិណ្ឌបាត្រនេះ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ និងសាកលលោកទាំងមូលផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នេះ […]