ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូនទំនិញ១គ្រឿង រត់ហួសផុតផ្លូវធ្លាក់ចូលទឹក ពេលចុះចតនៅទីក្រុងហុងកុង

Liny Chan October 20, 2025 20/10/2025

(ហុងកុង)៖ ប្រតិបត្តិករអាកាសយានដ្ឋានទីក្រុងហុងកុង នាថ្ងៃចន្ទ ទី២០ ខែតុលា បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនទំនិញ១គ្រឿង មកពីទីក្រុងឌូបៃ បានរត់ហួសផុតផ្លូវចុះចត ហើយធ្លាក់ចូលទៅក្នុងទឹក អំឡុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីមនុស្សស្លាប់២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ឧប្បត្តិហេតុខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៤ទាបភ្លឺ ម៉ោងនៅហុងកុង នាថ្ងៃចន្ទនេះ ហើយស្ថានភាពយន្តហោះ ក្រោយពេលកើតហេតុ គឺត្រូវបានឃើញថា ក្បាលនិងកន្ទុយដាច់ចេញពីគ្នា។ ទោះជាបែបនេះក្តី ក្រុមការងារយន្តហោះទាំង៤នាក់ ត្រូវបានជួយសង្រ្គោះ ខណៈបុគ្គលិកព្រលានយន្តហោះម្នាក់ ក៏ត្រូវបានជួយសង្រ្គោះផងដែរ ប៉ុន្តែម្នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក កាសែតហុងកុង South China Morning Post បានរាយការណ៍ថា មានបុរស២នាក់ស្លាប់ ដែលស្ថិតក្នុងយានជំនិះនៅលើដី។ គួរបញ្ជាក់ថា យោងតាមវែបសាយ Flightradar24 យន្តហោះដែលជួបឧប្បត្តិហេតុខាងលើ គឺជាយន្តហោះដឹកជញ្ជូនទំនិញប្រភេទ Boeing 747 និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ AirACT៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អតីតនាយករដ្ឋមន្រ្តីថៃ អាភីស៉ីត ត្រឡប់មកធ្វើមេដឹកនាំគណបក្ស Democrat Party សារជាថ្មី

Nisaiy KP October 19, 2025 19/10/2025

(បាងកក)៖ គណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលជាបក្សនយោបាយចំណាស់បំផុតរបស់ប្រទេសថៃ បានតែងតាំង អតីតនាយករដ្ឋមន្រ្តី លោក អាភីស៉ី វេចាជីវ៉ា (Abhisit Vejjajiva) ជាមេដឹកនាំរបស់ខ្លួនសារជាថ្មី នៅមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥។ លោក អាភីស៉ីត ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទទួលបានការគាំទ្រ៩៦ភាគរយ ក្នុងការបោះឆ្នោតក្នុងចំណោមសមាជិកបក្ស កាលពីថ្ងៃសៅរ៍។ លោកបានលាលែងពីតំណែងជាមេដឹកនាំបក្ស Democrat កាលពីឆ្នាំ២០២៣ ក្រោយមានបញ្ហាបែកបាក់ផ្ទៃក្នុងជាច្រើនឆ្នាំ បូករួមជាមួយការធ្លាក់ចុះប្រជាប្រិយភាព ចាប់តាំងពីការបង្រ្កាបបាតុកម្មដ៏អាក្រក់ កាលពីឆ្នាំ២០១០ ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង៩០នាក់ និងរងរបួសជាង ២០០០នាក់។ គួរបញ្ជាក់ថា ការវិលត្រឡប់របស់លោក អាភីស៉ីត អាចនឹងជួយជំរុញប្រជាប្រិយភាពរបស់បក្សឡើងវិញ នៅមុនការបោះឆ្នោតសកល ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរ៉ាក់គុល បានសន្យាថា នឹងរំលាយសភា ក្នុងពេលប៉ុន្មានខែខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

នារីតារាចម្រៀង និងតារាម៉ូដែល ជនជាតិបេឡារុសម្នាក់ បានបាត់បង់ជីវិត ក្រោយត្រូវគេបញ្ឆោតឱ្យទៅប្រទេសថៃ

Nisaiy KP October 19, 2025 19/10/2025

(ហុងកុង)៖ នារីអាយុ២៦ឆ្នាំម្នាក់ ដែលជាតារាចម្រៀងនិងតារាម៉ូដែលជនជាតិបេឡារុស ត្រូវបានគេសម្លាប់ រួចថែមទាំងវះយកសរីរាង្គ បន្ទាប់ពីនាងបានចាញ់បោកគេទៅកាន់ប្រទេសថៃ ហើយត្រូវបានជួញដូរឱ្យទៅបម្រើការ នៅកន្លែងប្រព្រឹត្តអំពើឆបោកតាមអនឡាញ នៅឯប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានហុងកុង The Standard ក្នុងសប្តាហ៍នេះ។ នារីខាងលើមានឈ្មោះ Vera Kravtsova ដែលជាដំបូង ត្រូវបានគេបោកបញ្ឆោតឱ្យទៅកាន់ប្រទេសថៃ ដើម្បីបានការងារជាម៉ូដែល ប៉ុន្តែនៅពេលទៅដល់ទីក្រុងបាងកក កាលពីខែកញ្ញា រូបនាងក៏ត្រូវបានគេនាំឆ្លងព្រំដែនទៅប្រទេសមីយ៉ាន់ម៉ា ហើយបង្ខំឱ្យធ្វើការ​​បម្រើកន្លែងប្រព្រឹត្តបទល្មើសឆបោកអនឡាញ នៅទីក្រុង Yangon ទៅវិញ។ បន្ទាប់ពីពុំសូវស្តាប់បង្គាប់ និងធ្វើការឆបោកមិនបានល្អតាមគោលដៅកំណត់ នាង Kravtsova ត្រូវបានពួកឧក្រិដ្ឋជននោះ សម្រេចចិត្តលក់បន្តឱ្យទៅពួកសង្គមងងឹតជួញដូរសរីរាង្គមនុស្ស កាលពីដើមខែតុលានេះ ហើយក៏ត្រូវបានគេសម្លាប់។ ក្រោយមក សាកសពនាងត្រូវបានបូជា ខណៈពួកឧក្រិដ្ឋជន បានទាក់ទងទៅគ្រួសាររបស់នាង ហើយទាមទារប្រាក់កន្លះលានដុល្លារ ដើម្បីអាចបានអដ្ឋិធាតុនាងត្រឡប់ទៅវិញ។ ក្រសួងការបរទេសនៃប្រទេសបេឡារុស ក៏បានទទួលស្គាល់ករណីខាងលើផងដែរ ហើយនាពេលនេះ កំពុងជួយគ្រួសារជនរងគ្រោះ តាមរយៈច្រកការទូត។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ ជនរងគ្រោះនៃអំពើជួញដូរមនុស្សសរុបខ្ទង់សែននាក់ និងចម្រុះជាតិសាសន៍ កំពុងត្រូវបានបង្ខាំងទុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យធ្វើការតាមកន្លែងប្រព្រឹត្តអំពើឆបោកអនឡាញ ប្រៀបដូចជាទាសករសម័យទំនើប ខណៈប្រទេសថៃត្រូវបានកំណត់មុខសញ្ញាថា ជាគោលដៅចម្បង ដែលពួកឧក្រិដ្ឋជនប្រើប្រាស់​ […]

អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន​ នឹងបេីកកិច្ចចរចាសន្តិភាព នៅកាតា​ ក្រោយការប៉ះទង្គិចតាមព្រំដែន

Nisaiy KP October 19, 2025 19/10/2025

(ដូហា)៖ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងបើកកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា នៃប្រទេសកាតា នាថ្ងៃសៅរ៍ ទី១៩ ខែតុលា បន្ទាប់ពីប្រទេសជិតខាងក្នុងតំបន់អាស៉ីខាងត្បូងទាំងពីរនេះ បានបន្តបទឈប់បាញ់ ក្រោយការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅព្រំដែនរយៈពេលមួយសប្តាហ៍។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការចរចាជាមួយភាគីប៉ាគីស្ថាន នឹងប្រព្រឹត្តទៅក្នុងទីក្រុងដូហា ខណៈក្រុមការងារដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Mullah Muhammad Yaqoob បានទៅដល់ទីនោះហេីយ។ ក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ លោក Khawaja Muhammad Asif នឹងដឹកនាំការពិភាក្សាជាមួយតំណាងក្រុមតាលីបង់អាហ្វហ្គានីស្ថាន។ កិច្ចពិភាក្សានឹងផ្តោតលើវិធានការបន្ទាន់ដើម្បីបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែនប្រឆាំងប៉ាគីស្ថាន និងស្ដារសន្តិភាព ស្ថិរភាពនៅតាមព្រំដែន។ គួរបញ្ជាក់ថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្របានបន្តបទឈប់បាញ់រយៈពេល ៤៨ម៉ោងសម្រាប់ការចរចានៅទីក្រុងដូហា ខណៈដែលពួកគេព្យយាមស្វែងរកដំណោះស្រាយការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់រងរបួស នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ផ្អើលពេញព្រលាន! ពួក Hacker លួចចូលប្រព័ន្ធបំពងសម្លេងនៅព្រលានយន្តហោះ ៤ កន្លែងនៅអាមេរិក-កាណាដា ផ្សាយសារសរសើរហាម៉ាស់ និងរិះគន់លោកត្រាំ

Liny Chan October 17, 2025 17/10/2025

(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានគេរាយការណ៍ថា ពួក Hacker បានធ្វើការវាយលុកចូលទៅក្នុងប្រព័ន្ធបំពងសម្លេងសាធារណៈ (PA systems) នៃអាកាសយានដ្ឋានតូចៗចំនួន ៤ កន្លែង ក្នុងនោះ ៣ នៅប្រទេសកាណាដា និង ១ នៅសហរដ្ឋអាមេរិក។ ពួក Hacker ទាំងនោះបានចាក់ផ្សាយនូវសារមួយដែលសរសើរដល់ក្រុមហាម៉ាស់ (Hamas) និងរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ ហេតុការណ៍នេះ បានបង្កឱ្យមានការស៊ើបអង្កេតជាបន្ទាន់ពីសំណាក់អាជ្ញាធរទាំងសងខាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ យោងតាមប៉ូលីសកាណាដា (RCMP) ប្រចាំទីក្រុង Kelowna រដ្ឋ British Columbia បានចេញសេចក្តីថ្លែងការណ៍ថា «សេវាកម្មផ្សាយពាណិជ្ជកម្មតាមស្ទ្រីម» នៅអាកាសយានដ្ឋានអន្តរជាតិ Kelowna «ត្រូវបានលួចចូលបណ្ដោះអាសន្ន ហើយខ្លឹមសារដែលគ្មានការអនុញ្ញាតត្រូវបានចែករំលែក»។ ស្របពេលជាមួយគ្នានោះ នៅអាកាសយានដ្ឋានអន្តរជាតិ Victoria ក្នុងរដ្ឋ British Columbia ពួក Hacker ក៏បានផ្សាយសារជាភាសាបរទេស និងចាក់តន្ត្រីតាមប្រព័ន្ធ PA ផងដែរ។ […]

មេបញ្ជាការទ័ពជើងទឹកអាមេរិកប្រចាំអាមេរិកឡាទីន នឹងលាលែងចេញពីតំណែង ចំពោះមុខការបារម្ភពីហានិភ័យជម្លោះជាមួយវ៉េណេស៊ុយអេឡា

Naren October 17, 2025 17/10/2025

(វ៉ាស៊ីនតោន)៖ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់អាមេរិកឡាទីន នឹងលាលែងចេញពីតំណែងនៅដំណាច់ឆ្នាំ២០២៥នេះ ២ឆ្នាំមុនចូលនិវត្តន៍។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា នៅក្នុងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំពេលរដ្ឋបាលលោក ត្រាំ កំពុងសម្ញែងសាច់ដុំយោធាដាក់វ៉េណេស៊ុយអេឡា។ មន្ត្រីអាមេរិកម្នាក់ដែលបានដឹងពីបញ្ហាខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានភាពតានតឹងរវាងលោកឧត្តមនាវី Alvin Holsey និងលោក Hegseth ពាក់ព័ន្ធនឹងប្រតិបត្តិការនៅក្នុងតំបន់សមុទ្រ Caribbean។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Jack Reed ដែលជាសមាជិកនៃ គណៈកម្មាធិការសេវាប្រដាប់អាវុធនៃព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ បានចាត់ទុកថាប្រកាសពីលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Holsey ជាបញ្ហាមួយ ស្របពេលមានការភ័យខ្លាចពីហានិភ័យនៃការផ្ទុះឡើងនូវជម្លោះរវាងសហរដ្ឋអាមេរិកជាមួយវ៉េណេស៊ុយអេឡា។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Hegseth មិនបានបញ្ជាក់ពីមូលហេតុនៃការលាលែងពីតំណែងរបស់លោក Holsey នោះទេ។ លោក Holsey វិញបាននិយាយថារូបលោកនឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ។ គួរបញ្ជាក់ថា ការលែងចេញពីតំណែងរបស់លោក Holsey កើតមានឡើងចំពេលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធានៅក្នុងតំបន់ Caribbean ក្នុងនោះរួមមានទាំង ការដាក់ពង្រាយនាវាពិឃាដប្រដាប់ដោយមីស៊ីល យន្ដហោះចម្បាំង F-35 នាវាមុជទឹកនុយក្លេអ៊ែរ […]

ផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលរបួសមនុស្ស ៩នាក់

Liny Chan October 16, 2025 16/10/2025

(បាងកក)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ហេតុការណ៍ផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស៩នាក់រងរបួស ហើយឈានដល់ការរកឃើញគ្រឿងផ្ទុះទី២ថែមទៀត នៅក្បែរកន្លែងកើតហេតុ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ករណីខាងលើបានកើតឡើង នៅម៉ោងជិត៩ព្រឹក ក្បែរហាងលក់តែនិងកាហ្វេមួយកន្លែង ចម្ងាយប្រហែល២០០ម៉ែត្រ ពីស្ថានីយប៉ូលិសស្រុក Yi-ngo។ ការផ្ទុះគ្រាប់បែកនោះ បានបង្ករបួសដល់មន្រ្តីប៉ូលិស៣នាក់ និងជនស៉ីវិល៦នាក់ ដោយជនរងគ្រោះ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នករបួសមានអាយុ​ចន្លោះចាប់ពី២៩ឆ្នាំ​ ដល់៧៩ឆ្នាំ។ ក្រោយការផ្ទុះគ្រាប់បែក ដែលត្រូវបានបំផ្ទុះពីចម្ងាយ១គ្រាប់នោះហើយ អាជ្ញាធរថៃ ក៏បានរកឃើញ​គ្រាប់បែកកែច្នៃ១គ្រាប់ទៀត លាក់នៅក្នុងធុងសម្រាម ក្បែរកន្លែងកើតហេតុផងដែរ។ គួរបញ្ជាក់ថា បើតាមការសន្និដ្ឋានជាបឋម ករណីនេះ គឺជាសកម្មភាពវាយប្រហាររបស់ក្រុមចលនាបះបោរ កំណត់គោលដៅប្រឆាំង​លើមន្រ្តីប៉ូលិសថៃ ដែលជាទូទៅតែងនាំគ្នាទៅហាងខាងលើជាប្រចាំ ប៉ុន្តែជនស៉ីវិល ក៏បានក្លាយជាជនរងគ្រោះដែលមិនបានគ្រោងទុក រួមជាមួយគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិកថា ការដំឡើងពន្ធបន្ថែម១០០ភាគរយលើចិន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងប៉េកាំង

Liny Chan October 15, 2025 15/10/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយថា ការដំឡើងពន្ធបន្ថែម១០០ភាគរយលើទំនិញចិន ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើ​សកម្មភាពបន្ទាប់របស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Greer បាននិយាយថា ក្រុមមន្រ្តីអាមេរិកនិងចិន បានបន្តបើកកិច្ចពិភាក្សាជាមួយគ្នា នៅទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃចន្ទ ហើយភាគីទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយ ជុំវីញការរឹតត្បិតរបស់ចិន លើការនាំចេញរ៉ែកម្រ។ ទីផ្សារហិរញ្ញវត្ថុ បានស្ថិតក្នុងភាពប្រែប្រួលខ្លាំង ចាប់តាំងពីលោក ត្រាំ បានប្រកាសពន្ធ១០០ភាគរយថ្មីទៀតលើទំនិញរបស់ចិន បន្ថែមពីលើ​ពន្ធដែលមានស្រាប់គិតជាមធ្យម៥៥ភាគរយ ដោយលោកបានអះអាងថា វាជាចំណាត់ការសងសឹក ដោយសារទីក្រុងប៉េកាំង ពង្រីកការគ្រប់គ្រង​លើការនាំចេញរ៉ែកម្រ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងក្រសួងពាណិជ្ជកម្មចិន បាននិងកំពុងធ្វើការដើម្បីបន្ធូរបន្ថយក្តីបារម្ភ ដោយ​ព្យាយាមធានាដល់វិនិយោគិនថា កិច្ចពិភាក្សានៅតែកំពុងបន្ត ដើម្បីទប់ស្កាត់ការកើនឡើងកម្តៅខ្លាំងសាជាថ្មី នៃសង្រ្គាមពាណិជ្ជកម្ម។ លោក Greer បានអះអាងថា លោក ត្រាំ នៅតែមានឆន្ទៈចរចាគ្នា ប៉ុន្តែចិនចាំបាច់ត្រូវបង្ហាញភាពបត់បែន។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ […]

រដ្ឋបាលលោក ត្រាំ ថាបុគ្គលិកជាង៤១០០នាក់ ត្រូវបានបញ្ឈប់ពីការងារ ចាប់តាំងពីមានវិបត្តិជាប់គាំងកញ្ចប់ថវិកា

Liny Chan October 15, 2025 15/10/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ឈប់បុគ្គលិកសរុប៤១០៨នាក់ គិតចាប់តាំងពីថ្ងៃទី១ ខែតុលា ជាថ្ងៃដែលរដ្ឋាភិបាលអាមេរិកចាប់ផ្តើមការបិទទ្វារ ដោយសារតែវិបត្តិជាប់គាំងកញ្ចប់ថវិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ យ៉ាងណាមិញ តួលេខនេះគឺជាចំនួនមួយចម្រៀកតូចប៉ុណ្ណោះ នៃបុគ្គលិកសរុបរបស់រដ្ឋាភិបាលអាមេរិក។ ទីភ្នាក់ងារនិងស្ថាប័នអាមេរិក មានបុគ្គលិករហូតដល់ទៅប្រមាណ២លាននាក់ កាលពីពេលចាប់ផ្តើមនៃអាណត្តិទី២របស់រដ្ឋបាលលោក ត្រាំ។ លោក ត្រាំ បានទម្លាក់កំហុសសម្រាប់ការជម្រុះបុគ្គលិករដ្ឋនេះ ទៅលើការបិទទ្វាររដ្ឋាភិបាល។ គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក ត្រូវជួបវិបត្តិជាប់គាំងកញ្ចប់ថវិកាដូចខាងលើ ដោយសារតែលោក ត្រាំ និងក្រុមសមាជិកសភា មិនអាចឯកភាពគ្នាជុំវិញផែនការចំណាយ សម្រាប់ទីភ្នាក់ងារសហព័ន្ធ។ នាពេលនេះ លោក ត្រាំ កំពុងព្យាយាមដាក់សម្ពាធ​គណបក្សប្រជាធិបតេយ្យ ឱ្យទទួលយកផែនការចំណាយរបស់លោក តាមរយៈការបញ្ឈប់បុគ្គលិកសហព័ន្ធ និងកាត់ចោលកម្មវិធីនានា ដែលលោកយល់ថា ផ្តល់ប្រយោជន៍សម្រាប់បក្សប្រជាធិបតេយ្យ។ គិតចាប់តាំងពីឆ្នាំ១៩៨១មក សហរដ្ឋអាមេរិក ធ្លាប់មានវិបត្តិបិទរដ្ឋាភិបាល ឬជាប់គាំងកញ្ចប់ថវិកា សរុប១៥លើក ដែលប៉ះពាល់ដល់បុគ្គលិកសរុបរាប់សែននាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន ថានឹងប្រយុទ្ធរហូតដល់ទីបំផុត ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

Liny Chan October 14, 2025 14/10/2025

(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារ ទី១៤ ខែតុលា បាននិយាយថាត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរហូតដល់ទីបំផុត នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថានឹងដំឡើងពន្ធបន្ថែម ១០០ភាគរយលើមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមពន្ធគយ និងសង្រ្គាមពាណិជ្ជកម្ម ជំហររបស់ចិននៅតែដដែល មិនមានការប្រែប្រួលឡើយ។ ពោលប្រសិនបើអ្នក (សហរដ្ឋអាមេរិក) ចង់ប្រយុទ្ធគ្នា យើងនឹងកំដររហូតដល់ទីបំផុត។ តែប្រសិនបើអ្នកចង់ចរចា នោះទ្វាររបស់យើងនឹងបើក ចំហជានិច្ច»។ គួរបញ្ជាក់ថា ការព្រួយបារម្ភផ្ទុះឡើងជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅថាសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង២ នឹងវិវត្តន៍កាន់តែអាក្រក់ឡើងៗ ក្រោយលោក ត្រាំ ប្រកាសយកពន្ធគយបន្ថែម ១០០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីចិន។ នេះជាការបញ្ក្ចេញប្រតិកម្មឆ្លើយតបរបស់លោក ត្រាំ ទៅនឹងការប្រកាសរបស់ទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុន ក្នុងការរឹតត្បិតលើការនាំចេញរ៉ែកម្រដែលបច្ចុប្បន្នចិនកំពុងក្ដោបក្ដាប់ធំជាងគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News