ព័ត៌មានអន្តរជាតិ

សេតវិមានទទួលស្គាល់ថា លោក បៃដិន នឹងជួបប្រធានាធិបតីអ៊ុយក្រែន នៅអាមេរិកក្នុងសប្តាហ៍ក្រោយ ហើយនឹងមានការប្រកាសជំនួយបន្ថែម

Khmerpress September 16, 2023 16/09/2023

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានទទួលស្គាល់ជាផ្លូវការថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ហើយក៏នឹងមានការប្រកាសជំនួយបន្ថែមសម្រាប់អ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ព័ត៌មានស្តីពីគម្រោងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មកកាន់សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ វានឹងជាដំណើរទស្សនកិច្ចលើកទី២ហើយ របស់លោកប្រធានាធិបតីអ៊ុយក្រែនមកកាន់ទីនេះ គិតចាប់តាំងពីសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីបានផ្ទុះឡើង។ លោក ហ្សេលេនស្គី បានមកធ្វើទស្សនកិច្ចនៅអាមេរិកជាលើកដំបូង កាលពីចុងឆ្នាំ២០២២ ក្រោយផ្ទុះសង្រ្គាម។ គួរបញ្ជាក់ថា សម្រាប់លោក បៃដិន គឺលោកធ្លាប់បានទៅបំពេញទស្សនកិច្ចដល់ទីក្រុងកៀវ កាលពីខែកុម្ភៈ ឆ្នាំនេះ ក្នុងឱកាសខួប១ឆ្នាំ នៃសង្រ្គាមអ៊ុយក្រែន។ បើយោងតាមលោក Sullivan លោក ហ្សេលេនស្គី ក៏ត្រូវបានរំពឹងថា នឹងជួបជាមួយថ្នាក់ដឹកនាំសភាមកពី​គណបក្សនយោបាយអាមេរិកទាំង២ផងដែរ អំលុងពេលរូបលោកស្ថិតនៅទីក្រុងវ៉ាស៉ីនតោន៕ […]

នាយករដ្ឋមន្រ្តីថៃលោក Srettha បង្ហាញការមិនយល់ស្រប ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត

Khmerpress September 15, 2023 15/09/2023

(បាងកក)៖ នាថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បានចេញមុខនិយាយ​ប្រឆាំង ការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត ប៉ុន្តែលោកបានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងបន្តគោលនយោបាយ គាំទ្រការប្រើប្រាស់វា​សម្រាប់គោលដៅវេជ្ជសាស្រ្តដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ កាលពីឆ្នាំ២០២២ ថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ សម្រាប់​​បម្រើដល់គោលដៅវេជ្ជសាស្រ្ត។ ចំណែកនៅតាមហាងកាហ្វេក៏ដូចជាតាមភោជនីយដ្ឋាន ក៏ត្រូវបានអនុញ្ញាតឱ្យប្រើកញ្ឆាក្នុងកម្រិតកំណត់ នៅក្នុងភេសជ្ជៈនិងចំណីអាហារបានផងដែរ។ ប៉ុន្តែក្នុងរយៈពេលត្រឹម១សប្តាហ៍ក្រោយការធ្វើយ៉ាងដូច្នោះ រដ្ឋាភិបាលនៃប្រទេសអាស៊ានមួយនេះ ក៏បាន​ដាក់ចេញគោលការណ៍ផ្សេងៗ ដើម្បីព្យាយាមទប់ស្កាត់លទ្ធភាពនៃការប្រើប្រាស់កញ្ឆដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ រួមទាំង​ការប្រើប្រាស់ដោយកុមារ។ ថ្លែងក្នុងបទសម្ភាសជាមួយវែបសាយព័ត៌មានថៃ The Standard លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយយ៉ាងដូច្នេះថា «គោលនយោបាយស្តីពី​កញ្ឆា នឹងនៅតែផ្តោតលើការប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្រ្តដដែល។ រីឯពាក់ព័ន្ធការប្រើប្រាស់វាសម្រាប់គោលដៅកម្សាន្ត​វិញនោះ គឺខ្ញុំមិនយល់ស្របឡើយ»។ គណបក្ស ភឿថា (Pheu Thai) របស់លោក ស្រេតថា កំពុងដឹកនាំរដ្ឋាភិបាលចម្រុះមានគណបក្សសរុបចំនួន១១ ដែលបានឡើងកាន់អំណាច កាលពីខែសីហាកន្លងទៅ។ ដៃគូធំបំផុត​របស់ Pheu Thai គឺគណបក្ស ភូមិចាយថៃ […]

បារាំងហាមឃាត់ការលក់ iPhone 12 ក្រោយរកឃើញថាមានបញ្ហាវិទ្យុសកម្មកើនឡើងខ្ពស់

Khmerpress September 15, 2023 15/09/2023

(បរទេស)៖ ថ្មីៗនេះនិយតករប្រទេសបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ ក្រោយរកឃើញថាម៉ូដែលនេះបានរំលោភលើដែនកំណត់នៃការប៉ះពាល់និងវិទ្យុសកម្មរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបាននិយាយថា ម៉ូដែល iPhone 12 របស់ Apple នេះបានបញ្ចេញលើសវិទ្យុសកម្មដែលអនុញ្ញាត នឹងតម្រូវឱ្យ Apple ត្រូវតែបញ្ឈប់ការដាក់លក់ជាបន្ទាន់។ តាមរយៈការធ្វើតេស្តពីភ្នាក់ងារ ANFR ទៅលើស្មាតហ្វូនចំនួន ១៤១គ្រឿងទាក់ទងនឹងរង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្ម (SAR) ពីក្រុមហ៊ុននានារួមទាំងស្មាតហ្វូនរបស់ Apple នោះបានរកឃើញថា ម៉ូដែល iPhone 12 ដែលបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជាង ៣ឆ្នាំនេះបានផ្តល់ផលប៉ះពាល់ខ្ពស់ដល់អ្នកប្រើប្រាស់។ បញ្ហានោះគឺ iPhone 12 បានបញ្ចេញថាមពលលើសកម្រិតរហូតដល់ ៥.៧៤វ៉ាត់ក្នុងមួយគីឡូក្រាមនៅពេលដែលស្មាតហ្វូននេះត្រូវបានដាក់ក្នុងហោប៉ៅ ដែលជាស្តង់ដារសហភាពអឺរ៉ុបសម្រាប់រង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្មគឺកំណត់ត្រឹមតែ ៤.០វ៉ាត់ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ ANFR បាននិយាយថា Apple ត្រូវតែអនុវត្ត «មធ្យោបាយដែលមានទាំងអស់» ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស […]

អវកាសយានិកអាមេរិក បំបែកកំណត់ត្រាថ្មីសម្រាប់ការស្នាក់នៅរយៈពេលយូរបំផុត ក្នុងទីអវកាស

Khmerpress September 14, 2023 14/09/2023

(វ៉ាស៉ីនតោន)​៖ អវកាសយានិកអាមេរិក លោក ហ្រ្វេង រូប៊ីអូ (Frank Rubio) ទើបតែបានបំបែកកំណត់ត្រាថ្មី សម្រាប់ការបំពេញបេសកកម្ម​រយៈពេលយូរបំផុត ក្នុងទីអវកាសដែលសម្រេចបានដោយជនជាតិអាមេរិក បន្ទាប់ពីរូបលោកបានចំណាយពេលស្នាក់នៅ លើស៣៥៥ថ្ងៃនៅលើ​ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ លោក រូប៊ីអូ បានបំបែកកំណត់ត្រាខាងលើកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបើតាមផែនការកំណត់ រូបលោកនឹងត្រូវធ្វើដំណើរត្រឡប់ចុះមកកាន់​ផ្ទៃផែនដីវិញនៅថ្ងៃទី២៧ ខែកញ្ញា ដែលនាពេលនោះ លោកនឹងចំណាយពេលសរុប៣៧១ថ្ងៃ ស្ថិតនៅក្នុងទីអវកាស។ ចំណែកកំណត់ត្រា​ចាស់ គឺត្រូវសម្រេចបានកាលពីឆ្នាំ២០២២ ដោយអវកាសយានិកអាមេរិក លោក ម៉ាក វែន (Mar Vande) ដែលបានស្នាក់នៅទីអវកាស​រយៈពេល៣៥៥ថ្ងៃ។ គួរបញ្ជាក់ថា ខាងលើគឺជាកំណត់ត្រានៃការស្នាក់នៅទីអវកាសបានយូរថ្ងៃជាប់គ្នាបំផុត សម្រាប់សហរដ្ឋអាមេរិក ខណៈអតីតអវកាសយានិក​រុស្ស៉ីលោក វ៉ាឡឺរី ប៉ូលីយ៉ាកូវ (Valeri Polyakov) នៅតែបន្តជាម្ចាស់កំណត់ត្រាពិភពលោក ជាមួយរយៈពេលស្នាក់នៅក្នុងទីអវកាស​រហូតដល់៤៣៧ថ្ងៃ។ ដោយឡែក សម្រាប់សហរដ្ឋអាមេរិក បើគិតពីកំណត់ត្រានៃការចំណាយពេលច្រើនថ្ងៃបំផុតស្នាក់នៅទីអវកាស អំលុងបេសកកម្មច្រើនសរុបបញ្ចូលគ្នាវិញ គឺ​បានទៅអតីតអវកាសយានិក លោកស្រី ផេកហ្គី […]

ទីក្រុងហុងកុង បិទសាលារៀនបណ្ដោះអាសន្ន ខណៈព្រមានពីគ្រោះទឹកជំនន់

Khmerpress September 14, 2023 14/09/2023

(​ហុងកុង)៖ ទីក្រុងហុងកុង បានបិទទ្វារសាលារៀនជាបណ្ដោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ បន្ទាប់ពីអាជ្ញាធរប្រកាសអាសន្នកម្រិត ខ្ពស់ទី២ ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរឧតុនិយមហុងកុង បានប្រកាសអាសន្នកម្រិត «ពណ៌ក្រហម» នៅមុនម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) ដោយនិយាយថាកម្រិតកម្ពស់ទឹកភ្លៀង អាចនឹងហក់ឡើងលើស ៥០មីលីម៉ែត្រក្នុងរយៈពេលត្រឹមមួយម៉ោង។ ប៉ុន្តែ ទីផ្សារភាគហ៊ុនរបស់ទីក្រុងហុងកុងនៅតែបន្តបើកទ្វារដដែល រហូតទាល់តែមានការប្រកាសអាសន្ន «ពណ៌ខ្មៅ» ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត។ គួរបញ្ជាក់ថា ការសម្រេចចិត្តបិទទ្វារសាលារៀនដោយអាជ្ញាធរហុងកុង ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មានអស់រយៈពេលជាង ១៤០ឆ្នាំមកនេះ ដោយសម្លាប់មនុស្ស២នាក់ និងជាច្រើននាក់រងរបួស កាលពីសប្ដាហ៍មុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរចិន បើកប្រតិបត្តិការតាមចាប់សត្វក្រពើជាង ៧០ក្បាល ដែលរួចចេញពីកសិដ្ឋាន ដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេស

Khmerpress September 13, 2023 13/09/2023

(ប៉េកាំង)៖ អាជ្ញាធរនៅក្នុងទីក្រុងមួយរបស់ចិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកប្រតិបត្តិការមួយដើម្បីតាមចាប់សត្វក្រពើជាច្រើនក្បាលដែល បានរួចចេញពីកសិដ្ឋានចិញឹមក្រពើមួយកន្លែង នៅពេលមានទឹកជំនន់នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុងមួយដែលបាននាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារលើភាគខាងត្បូងប្រទេសចិនកាលពីសប្ដាហ៍មុន និងបង្កជា គ្រោះទឹកជំនន់ក្នុងទីក្រុងហុងកុង និងតំបន់មួយចំនួនទៀត។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថាទឹកជំនន់នៅទីក្រុងម៉ៅមីង (Maoming) ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) បានធ្វើឱ្យសត្វក្រពើប្រហែលជា ៧០ក្បាលរួចចេញពីកសិដ្ឋានមួយកន្លែង។ អាជ្ញាធរបានព្រមានឱ្យប្រជាជនក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្ថិតនៅក្នុងផ្ទះជាបណ្ដោះអាសន្ន ខណៈក្រុមអ្នកជំនាញកំពុងតាម ស្វែងរក និងចាប់សត្វក្រពើទាំងនោះមកវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

បុរសជនជាតិអាមេរិកដែលធ្លាក់ខ្លួនឈឺ និងជាប់នៅជម្រៅជាង១,០០០ម៉ែត្រក្នុងរូងភ្នំនៃប្រទេសតួកគី ត្រូវបានជួយសង្រ្គោះដោយជោគជ័យ

Khmerpress September 12, 2023 12/09/2023

(អង់ការ៉ា)៖ អ្នករុករករូងភ្នំជនជាតិអាមេរិកម្នាក់ ដែលជាប់នៅជម្រៅប្រមាណជាង១,០០០ម៉ែត្រក្នុងរូងភ្នំមួយ នៅភាគខាងត្បូងប្រទេសតួកគី ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ គឺត្រូវបានជួយសង្រ្គោះដោយជោគជ័យចេញពីរូងភ្នំនោះហើយនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះ ដែល​បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ លោក ម៉ាក ឌីកគី (Mark Dickey) ដែលជាអ្នករុករករូងភ្នំមានបទពិសោធម្នាក់ បានស្ថិតក្នុងបេសកកម្មរុករកអន្តរជាតិមួយ ដើម្បីកំណត់ផែនទីនៃរូងភ្នំ ម័រកា (Morca) នៅតំបន់ជួរភ្នំ ធួរើស (Taurus) ភាគខាងត្បូងតួកគី នៅពេលរូបលោកបានធ្លាក់ខ្លួនឈឺធ្ងន់ កាលពីថ្ងៃទី២ ខែកញ្ញា ដោយសារមានអាការៈហូរឈាមចេញពីក្រពះពោះវៀន។ អាជ្ញាធរតួកគីបានឱ្យដឹងថា លោក Dickey ត្រូវបានជួយសង្រ្គោះចេញផុតពី​ក្នុងរូងភ្នំ Morca កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ ហើយប្រតិបត្តិការជួយសង្រ្គោះ បានបិទបញ្ចប់ទៅដោយជោគជ័យ។ Morca គឺជារូងភ្នំមានជម្រៅបំផុតលំដាប់ទី៣ ប្រចាំនៅប្រទេសតួកគី។ គួរបញ្ជាក់ថា ក្រុមអ្នកជំនាញសរុបជិត២០០នាក់ រួមមានវេជ្ជបណ្ឌិត បុគ្គលិកសង្រ្គោះបន្ទាន់ និងអ្នករុករករូងភ្នំពោរពេញដោយបទពិសោធ មកពីប្រទេសដូចជាប៊ុលហ្ការី ក្រូអាស៉ី ហុងគ្រី អ៉ីតាលី ប៉ូឡូញ និងតួកគី […]

ថៃ នឹងចែកប្រាក់សរុបជាង ១,៥ពាន់លានដុល្លារឲ្យពលរដ្ឋដើរទិញទំនិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈជំរុញសកម្មភាពអាជីវកម្មក្នុងស្រុក

Khmerpress September 12, 2023 12/09/2023

ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃគ្រោងធ្វើការចែកប្រាក់សរុបចំនួន ៥៦០ពាន់លានបាត (១,៥៨០ ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋគោលដៅចំនួន ៥៥លាននាក់ ដើម្បីឲ្យពួកគេយកទៅទិញទំនិញផ្សេងៗ ខណៈគោលបំណងនៃការអនុវត្តយន្តការនេះ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិថៃឲ្យសន្ទុះឡើងវិញ ក្រោយសេដ្ឋកិច្ចថៃបានធ្លាក់ចុះឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានបញ្ជាក់ថា ការចែកប្រាក់នេះគឺមិនមែនជាការចែកក្រដាសប្រាក់សុទ្ធនោះទេ តែវាជាការចែកជូនខិត្តប័ណ្ណមានតម្លៃ ១០,០០០បាត (២៨២ ដុល្លារអាមេរិក) អមដោយលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌរួមមួយក្នុងការផ្តល់ជូនខិត្តប័ណ្ណនេះ គឺខិត្តប័ណ្ណត្រូវបានផ្តល់ជូនដល់ក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដោយពលរដ្ឋម្នាក់អាចទទួលបានខិត្តប័ណ្ណចំនួន ១សន្លឹកសម្រាប់ដើរទិញឥវ៉ាន់ផ្សេងៗពីក្នុងហាងដែលបានសហការណ៍ជាមួយអាជ្ញាធរថៃ ខណៈខិត្តប័ណ្ណនោះនឹងមានសុពលភាពរហូតដល់ ៦ខែក្រោយពីការចែកជូន។ ក្នុងការទិញទំនិញនោះទៀតសោធពលរដ្ឋជាម្ចាស់ខិត្តប័ណ្ណក៏ទំនងជាត្រូវបន្ថែមលុយផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ ក្នុងករណីដែលពួកគេចង់ទិញអីវ៉ាន់ដែលមានតម្លៃខ្ពស់ៗ ឬប្រភេទទំនិញណាដែលកំណត់ទទួលយកការទូទាត់ជាប្រាក់សុទ្ធខ្លះនិងទទួលយកប្រាក់ជាខិត្តប័ណ្ណខ្លះ។ តាមរយៈយន្តការនេះគឺក្រុមអ្នកលក់ទំនិញអាចបន្តដង្ហើមអាជីវកម្មរបស់ពួកគេបាន ហើយពលរដ្ឋដែលកំពុងមានបញ្ហាសេដ្ឋកិច្ចក៏រីករាយក្នុងការទទួលបានទំនិញយកទៅប្រាស់ជាមួយតម្លៃទាបបំផុត ខណៈរដ្ឋាភិបាលថៃគឺជាអ្នកចំណាយប្រាក់មួយចំនួនដើម្បីសម្របសម្រួលយន្តការនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន រងការចោទប្រកាន់ថាគិតតែពីប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនអើពើពីសិទ្ធិមនុស្សនៅវៀតណាម និងឥណ្ឌា

Khmerpress September 12, 2023 12/09/2023

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរងការចោទប្រកាន់ពីសំណាក់អង្គការការពារសិទ្ធិមនុស្សថាសម្លឹងឃើញតែប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនបានអើពើលើពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម និងឥណ្ឌា ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ការរិះគន់របស់ក្រុមអង្គការសិទ្ធិមនុស្ស កើតមានឡើង បន្ទាប់ពីព្រឹត្តិ​បត្រព័ត៌មានរបស់សេតវិមានចេញផ្សាយអំឡុងទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ ប្រទេសវៀតណាម នៅត្រង់ផ្នែកសិទ្ធិមនុស្សមានត្រឹមតែ១១២ពាក្យប៉ុណ្ណោះនៅក្នុងព្រឹត្តិ​បត្រព័ត៌មាននេះដែលមានជាង ២,៦០០ពាក្យ។ រាប់ចាប់ពីធុរកិច្ច រហូតដល់ទស្សនវិស័យយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់វៀតណាម កាលពីថ្ងៃអាទិត្យ និងកាលពីថ្ងៃចន្ទកន្លងទៅនេះ និងទៅកាន់ ឥណ្ឌាកាលពីចុងសប្ដាហ៍មុន ត្រូវបានគេមើលឃើញថាផ្តោតតែទៅលើការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំង២ ដែលទីក្រុងវ៉ាស៊ីនតោនយល់ថាអាចជួយ ខ្លួនទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។ សម្រាប់អង្គការការពារជាតិសិទ្ធិមនុស្ស ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន គឺជារឿងមួយគួរឱ្យសោកស្ដាយ ដោយហេតុថាលោកមិនបានធ្វើតាមអ្វីដែលបាន សន្យាថានឹងតម្កល់ទុកការលើកកម្ពស់សិទ្ធិមនុស្សជាអាទិភាពមួយ នៅពេលឡើងកាន់អំណាចក្នុងឆ្នាំ២០២១។ នៅឯទីក្រុងហាណូយ លោក បៃដិន បាននិយាយថាសហរដ្ឋអាមេរិក និងវៀតណាម បានដំឡើងទំនាក់ទំនងការទូតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ» និងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យ cloud computing […]

Apple បានខាតបង់ទឹកប្រាក់អស់ខ្ទង់ ២០០ពាន់លានដុល្លារត្រឹមតែរយៈពេល ២ថ្ងៃក្នុងប្រទេសចិន

Khmerpress September 11, 2023 11/09/2023

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានខាតបង់ទឹកប្រាក់អស់ប្រមាណ ២០០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិនធ្វើការហាមឃាត់មន្រ្តីដែលបម្រើការងារក្នុងជួររដ្ឋាភិបាលទៅលើការប្រើប្រាស់ iPhone។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន EconomicTimes នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ដូចដែលបានដឹងរួចមកហើយថា កាលពីសប្តាហ៍មុនប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ។ ខណៈការហាមប្រាមនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំទីបីរបស់ខ្លួន។ តាមរយៈរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ប្រទេសចិន រួមទាំងហុងកុង និងតៃវ៉ាន់ គឺជាទីតាំងដល់មានសក្តានុពលបំផុតរបស់ Apple ដែលបង្កើតបានប្រមាណ ១៨ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនអាមេរិកដ៏ធំនេះ ហើយក៏ជាកន្លែងដែលផលិតផល Apple ភាគច្រើនត្រូវបានប្រមូលផ្តុំផងដែរ។ គួរជម្រាបដែរថា ការហាមឃាត់នៅលើ iPhones នៅក្នុងប្រទេសចិននេះ គឺជាការអភិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន។ ប្រទេសទាំងពីរបានដាក់ពន្ធលើទំនិញរាប់ពាន់លានដុល្លារនៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ខណៈដែលសង្គ្រាមពាណិជ្ជកម្មបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មទាំងសងខាង ហើយវាក៏បានបង្កើនក្តីបារម្ភអំពីសេដ្ឋកិច្ចពិភពលោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews