ព័ត៌មានអន្តរជាតិ

វិចិត្រករ​ដៃឯកម្នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួន បន្ទាប់ពីបានគូរវាសថ្នាំ​ពណ៌យ៉ាងក្រវេមក្រវាមលើ​ជញ្ជាំង​វត្ត​ព្រះកែវ

Khmerpress March 29, 2023 29/03/2023

ប៉ូលីស​ថៃបានចាប់ខ្លួន​បុរសកំពូលស្នាដៃម្នាក់ ដែលបាន​បាញ់​ថ្នាំ​ពណ៌យ៉ាងក្រវេមក្រវាមនៅលើ​ជញ្ជាំង​វត្ត​ព្រះកែវ ដែលស្ថិតនៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃ។ ប៉ូលីស​បាន​ចាប់​ខ្លួនបុរសម្នាក់នោះ​ភ្លាមៗ មុន​​នាំ​ខ្លួនគាត់​ទៅ​សាក​សួរ​ចម្លើយដើម្បី​កាត់​ទោស។ ប្រភពបាននិយាយថា ​បុរសរូបនេះល្មើស​ច្បាប់​ជាច្រើន​ដងមកហើយ ប៉ុន្តែ​មិន​ដែលចាប់បាននោះទេ លុះ​រហូតដល់ថ្ងៃទី២៨ ខែមីនា វេលាម៉ោង ៥ និង ៣០ នាទីល្ងាច គាត់ក៏ត្រូវបានប៉ូលីសក្របួចចាប់បាន។ ស្នងការ​នគរបាល​ព្រះបរមរាជវាំងថៃ បានដឹកនាំកម្លាំងល្បាតតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ Sutthawee Soikham ដែលមានអាយុ ២៤ឆ្នាំ មានទីលំនៅខេត្ត Khon Kaen ខណៈកំពុងបាញ់ថ្នាំខ្មៅលើរបងវត្តព្រះកែវ នៅលើផ្លូវ Na Phra Lan ស្រុក Phra Nakhon ទីក្រុងបាងកក។ ជនជាប់ចោទត្រូវបានគេស្គាល់ថា ​ជា​វិចិត្រករឯករាជ្យរបស់ក្រុមសិល្បៈរំដោះជាតិ ហើយគាត់តែងតែប្រើប្រាស់បណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Suttawee Soikham» និងហ្វេសប៊ុកក្រុមរបស់គាត់ ដើម្បីនិយាយអវិជ្ជមានពីនយោបាយ ដែលប៉ះពាល់លើមាត្រា ១១២ និងមាត្រា ១១៦ ក្នុងច្បាប់របស់ប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

របបយោធាមីយ៉ាន់ម៉ា ប្រកាសរំលាយគណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី

Naren March 29, 2023 29/03/2023

(ណៃពិដោរ)៖ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសថាគណបក្សរបស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីប្រកាសមួយកាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ទូរទស្សន៍ Myawaddy TV បានបញ្ជាក់ថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោម គណបក្សនយោបាយចំនួន៤០ ដែលមិនបានបំពេញតាមក្រិតក្រមនៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។ កាលពីខែមករាកន្លងទៅនេះ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសទុកពេល២ខែ សម្រាប់គណបក្សនយោបាយទំាងអស់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី ដែលអ្នករិះគន់អះអាងថាមានការរឹតត្បិតខ្លាំង នៅមុនការបោះឆ្នោតសកលដែលមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ចូលមកដល់។ គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ធ្លាប់បានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតសកលដែលប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង សន្យាថានឹងរៀបចំឡើងនោះទេ ដោយអះអាងថាគឺជាការបោះឆ្នោតខុសច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ

Khmerpress March 28, 2023 28/03/2023

អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney ​បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប៉ូលិសថៃម្នាក់តែងផ្តល់ការម៉ាស្សាដោយមិនគិតថ្លៃដល់ពលរដ្ឋដែលទៅដាក់ពាក្យបណ្តឹង ព្រោះហេតុផលគួរឲ្យគោរពមួយនេះ

Khmerpress March 28, 2023 28/03/2023

ថៃ៖ ស្ថានីយ៍ប៉ូលិសមួយកន្លែងនៅក្នុង​ប្រទេសថៃត្រូវបានគេប្រទះឃើញមានការផ្តល់សេវាម៉ាស្សាដោយមិនគិតថ្លៃ ដើម្បីជួយស​ម្រួលឲ្យប្រជាពលរដ្ឋដែលត្រូវមកដាក់ពាក្យបណ្តឹងមានអារម្មណ៍ស្រស់ថ្លានិងបាត់ស្រេ្តស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ស្ថានីយ៍ប៉ូលិសដែលមានការផ្តល់ជូនពិសេសនេះ គឺស្ថានីយ៍ប៉ូលិស Nong Trud ដែលស្ថិតនៅក្នុងស្រុក Muang ខេត្ត Trang ភាគខាងលិចប្រទេសថៃ។ ការផ្តល់ជូនសេវាម៉ាស្សាដោយមិនគិតថ្លៃខាងលើនេះមិនមែនជាគោលការណ៍របស់អាជ្ញាធរឡើយ តែវាគឺជាផ្តល់ជូនដោយស័្មគ្រចិត្តពីសំណាក់លោកអនុសេនីយ៍ឯក Pakronkrit Thongsu ដែលជាប៉ូលិសប្រចាំនៅតុការិយាល័យជួរមុខនៃស្ថានីយ៍ប៉ូលិស Nong Trud។  អនុសេនីយ៍ឯករូបនេះបានឲ្យដឹងថា ក្រៅតែពីមានការងារជាប៉ូលិសហើយគឺរូបគាត់ជាគ្រូបណ្តុះបណ្តាលផ្នែកម៉ាស្សាយ៉ាងស្ទាត់ជំនាញម្នាក់ ហើយនាពេលកន្លងមករូបលោកធ្លាប់បានធ្វើការបណ្តុះបណ្តាលសិក្ខាកាមនៅតាមសាលាជាច្រើននៅទូទាំងប្រទេសថៃផងដែរ។ លោកប៉ូលិសវ័យ ៥៨ឆ្នាំរូបនេះបានបន្តថា មូលហេតុដែលគាត់សម្រេចផ្តល់ការម៉ាស្សាជូនពលរដ្ឋដោយមិនគិតថ្លៃដូចនេះ គឺដោយសារតែគាត់បានសង្កេតឃើញថា ក្រុមពលរដ្ឋដែលបានមកដល់ស្ថានីយ៍ប៉ូលិសទាំងអស់នោះតែងមានអារម្មណ៍តានតឹង មួរមៅ និងមានកំហឹងក្នុងខ្លួនយ៉ាងខ្លាំង ហើយក្រោយពេលរូបលោកបានផ្តល់ការម៉ាស្សាទៅកាន់ពួកគេរួច គឺពួកគេអាចត្រលប់មកមានអារម្មណ៍ធូរស្រាល និងមានការអត់ធ្មត់ខ្ពស់ជាងមុន។ សម្រាប់លោក Pakronkrit Thongsu បានយល់ឃើញថា ការផ្តល់ការម៉ាស្សានេះ គឺជាផ្នែកមួយដែលអាចជួយសម្រួលដល់បញ្ហាផ្លូវអារម្មណ៍របស់ពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព ហើយរូបលោកពេញចិត្តក្នុងការផ្តល់ជូនសេវានេះដោយមិនគិតថ្លៃអ្វីទាល់តែសោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចាក់បញ្ចាំងមិនទាន់បានមួយសប្តាហ៍ផង រឿង «John Wick» វគ្គ៤ រកចំណូលបានរហូតដល់ ១៣៧.៥លានដុល្លារ ជុំវិញពិភពលោក

Naren March 27, 2023 27/03/2023

(បរទេស)៖ ភាពយន្តបែបវាយប្រហារ «John Wick: Chapter 4» ត្រូវបានគេដឹងថា បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនាថ្មីៗនេះ ហើយគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ រកចំណូលបានរហូតដល់ ១៣៧.៥លានដុលា្លរជុំវិញពិភពលោក ពោលគឺចំណូលនេះរកបាន ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនទាន់គ្រប់មួយសប្តាហ៍ផង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ខ្សែភាពយន្ត «John Wick: Chapter 4» រកចំណូលបានចំនូន ៧៣.៥លានដុល្លារ នៅអាមេរិកខាងជើង និង៦៤លានដុល្លារ ពីបណ្តាប្រទេសនានា ដែលធ្វើឲ្យចំណូលសរុបទូទាំងពិភពលោករកបាន ១៣៧.៥លានដុល្លារ។ ភាពយន្តបែបបាញ់ប្រហារ «John Wick» វគ្គ៤ គឺមានរយៈពេល ២ម៉ោង ៤៩នាទី ហើយចំណាយប្រាក់ក្នុងការផលិត យ៉ាងតិច១០០លានដុល្លារ។ ក្នុងវគ្គទីបួននេះ តួអង្គ Wick បានរកឃើញវិធីក្នុងការកម្ចាត់បក្សដែលគ្រប់គ្រងបណ្ដាញឃាតករ និងឧក្រិដ្ឋជននៅជុំវិញពិភពលោក ដើម្បីអាចទទួលបានសេរីភាពមកវិញ។ យ៉ាងណាក្ដីតួអង្គ Wick (វីក) ត្រូវកម្ចាត់សត្រូវដ៏មានអំណាចម្នាក់ជាមុនសិន ដែលសត្រូវម្នាក់នេះធ្លាប់ជាមិត្តចាស់របស់ខ្លួន គឺសម្តែងដោយកំពូលតារាហុងកុងកុំកុំ […]

Jack Ma វិលត្រឡប់ចូលប្រទេសចិនវិញហើយ បន្ទាប់ពីបាត់មុខជាសាធារណៈជិត ២ឆ្នាំ

Naren March 27, 2023 27/03/2023

(បរទេស)៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានវិលត្រឡប់ចូលទឹកដីប្រទេសចិនវិញហើយ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេលជិត ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ កំពូលមហាសេដ្ឋីចិន Jack Ma បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា ដោយសង្ស័យថា បាន «ឃុបឃិតជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលចិននៅក្រៅប្រទេស» ដើម្បី «ញុះញង់ឱ្យមានអបគមន៍»។ ជុំវិញការបាត់មុខរបស់ Ma ជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេប្រទះឃើញរូបថតរបស់លោកទៅរស់នៅក្រៅប្រទេសដោយក្នុងនោះគេឃើញមានវត្តមានរបស់លោកនៅប្រទេសជប៉ុន អូស្រ្តាលី និងប្រទេសថៃជាដើម។ ប្រភពពីសារព័ត៌មាន South China Morning Post (SCMP) បានរាយការណ៍ពីការវិលត្រឡប់ចូលប្រទេសចិនវិញរបស់ Ma តាមរយៈរូបភាពដែលលោកបានទៅលេងសាលាដែលលោកបានបង្កើតឡើងនៅទីក្រុង Hangzhou និងជាផ្ទះរបស់ក្រុមហ៊ុន […]

អាមេរិក៖ អាជ្ញាធរក្នុងទីក្រុង Philadelphia កំពុងតាមដានប្រព័ន្ធផ្គត់ផ្គង់ទឹក ក្រោយសារធាតុគីមីហូរចូលទន្លេ Delaware

Khmerpress March 27, 2023 27/03/2023

(ហ្វីឡាដែលហ្វី)៖ ក្រុមន្ត្រីអាមេរិក នៅក្នុងទីក្រុងហ្វីឡាដែលហ្វី (Philadelphia) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន បន្ទាប់ពីមានការលេចធ្លាយ សារធាតុគីមីចូលទន្លេ Delaware ហើយថាទឹកនឹងមានសុវត្ថិភាពសម្រាប់ផឹក និងការប្រើប្រាស់ យ៉ាងហោចរហូតដល់យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។ បើតាមក្រុមមន្ត្រីនៅក្នុងតំបន់ សារធាតុគីមីចំនួនបីប្រទេសផ្សេងគ្នា ដូចជា ប៊ូទីល អាគ្រីឡាត (butyl acrylate) អេទីល អាគ្រីឡាត (ethyl acrylate) និងមេទីល មេតាគ្រីឡាត (methyl methacrylate) ដែលសុទ្ធសឹងតែអាចបង្កផលប៉ះពាល់ដល់សុខភាព ត្រូវបានបញ្ចេញចោល និងហូរចូលទឹកទន្លេ​កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយរោងចក្រគីមីមួយកន្លែង។ ភ្លាមៗនោះដែរ អាជ្ញាធរបានផ្ញើសារប្រកាសអាសន្នតាមទូរស័ព្ទដៃទៅកាន់ប្រជាជន និងបានផ្ដល់អុសាសន៍ឱ្យពួកគេទិញទឹកសុទ្ធប្រើប្រាស់ជាបណ្ដោះអាសន្ន ប៉ុន្តែ ក្រោយមកអនុសាសន៍ នេះត្រូវបានលុបចេញវិញកាលពីល្ងាចថ្ងៃអាទិត្យ ហើយណាមួយមិនទាន់មានការរកឃើញ សារធាតុទំាងបីខាងលើណាមួយនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹករបស់ទីក្រុងហ្វីឡាដែលហ្វី នៅឡើយទេ។ គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ទឹករ៉ូប៊ីណេ មានប្រភពពីស្ថានីយផ្គត់ផ្គង់ទឹក Baxter Drinking Water នៅតែអាចផឹក និងប្រើបានដោយសុវត្ថិភាពរហូតដល់ម៉ោង […]

បន្ទាប់ពីភាពតានតឹងបន្ទះឈីបរវាងអាមេរិក-ចិន ពេលនេះអាមេរិកកំពុងបង្វែរកាវិនិយោគទៅប្រទេសផ្សេង

Naren March 27, 2023 27/03/2023

(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍មុនជាមួយនឹងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ថាសហរដ្ឋអាមេរិក នឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងការវេចខ្ចប់បន្ទះឈីប (Semiconductor) ក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលចេញផ្សាយដោយកាសែតអាមេរិក Fidelity លោក Trudeau បានប្រកាសថា មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមរិក International Business Machines Corporation (IBM) ដើម្បីអភិវឌ្ឍសមត្ថភាព semiconductor និងបន្ធូរបន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតបរទេស ជាពិសេសគឺប្រទេសចិនបន្ទាប់ពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យប្រទេសទាំងពីរមានភាពតានតឹងជាខ្លាំង។ តាមរយៈច្បាប់ផលិតកម្មការពារជាតិអាមេរិកនឹងផ្តល់កញ្ចប់ថវិកាចំនួន ២៥០លានដុល្លារ។ លោក Biden បានប្រកាសថាលោកនឹងវិនិយោគ ៥០លានដុល្លារ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកកាណា ក្នុងកាវិនិយោគលើកការវេចខ្ចប់ឧបករណ៍ Semiconductor។ Biden បានបន្ថែមទៀតថា អាមេរិកអាចនឹងវិនិយោគរហូតដល់ ១៨២លានដុល្លារក្នុងប្រទេសកាណាដា សម្រាប់គម្រោង Semiconductor ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក ចូ បៃដិន ប្រកាសអាសន្នសម្រាប់រដ្ឋ Mississippi ដែលរងការវាយលុកយ៉ាងដំណំពីព្យុះថូណេដូ ខណៈចំនួនមនុស្សបាត់បង់ជីវិតកើនដល់ ២៦នាក់

Khmerpress March 26, 2023 26/03/2023

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមឱ្យមានការប្រកាសភាពអាសន្ន សម្រាប់រដ្ឋមីស៉ីស៉ីពី (Mississippi) នៅថ្ងៃអាទិត្យនេះ ក្រោយពីព្យុះថូណេដូកំណាចមួយ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋមួយនេះ ដោយផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៥នាក់នៅទីនោះ ព្រមទាំងម្នាក់ទៀតនៅរដ្ឋអាឡាបាម៉ា (Alabama)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។ សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីអាមេរិក បានបង្គាប់ឱ្យបញ្ចេញជំនួយសហព័ន្ធ ដើម្បីជួយបំពេញបន្ថែមដល់ កិច្ចប្រឹងប្រែងរបស់អាជ្ញាធររដ្ឋ Mississippi ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន នៃតំបន់ដែលបានទទួលរងការប៉ះពាល់។ សេតវិមាន​បានគូសបញ្ជាក់ថា ជំនួយនឹងបានដល់ជនរងគ្រោះទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់ខារ៉ូល (Caroll), ហាមហ្វ្រេ (Hamphreys), ម៉ុនរ៉ូ (Monroe), និងសាកគី (Sharkey) ជាដើម។ គួរបញ្ជាក់ថា ខ្យល់ព្យុះថូណេដូ បានបោកបក់យ៉ាងកំរោលកាត់រដ្ឋ Mississippi កាលពីវេលាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ហើយក្រៅពីឆក់យកជីវិតមនុស្ស វាក៏បានបំផ្លាញអគាររាប់រយខ្នង និងបន្សល់ទុកដាននៃ​ការបំផ្លិចបំផ្លាញរបស់វា នៅពាសពេញរដ្ឋអាមេរិកមួយនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន ប្រកាសថា នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅក្នុងប្រទេសបេឡារុស

Khmerpress March 26, 2023 26/03/2023

(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅក្នុងប្រទេសបេឡារុស ដើម្បីជាសញ្ញាព្រមានធ្ងន់មួយចំពោះអង្គការណាតូ (NATO) ជុំវិញការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួន។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។ លោកប្រធានាធិបតីរុស្ស៉ី បានប្រៀបប្រដូចផែនការខាងលើរបស់លោក ទៅនឹងការដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបយ៉ាងដូច្នោះ ហើយលោក ពូទីន បានគូសបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនផ្ទេរការគ្រប់គ្រង់អាវុធទាំងនោះ ឱ្យទៅបេឡារុសតែម្តងឡើយ។ ប៉ុន្តែនេះអាចនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០មក ដែលរុស្ស៉ីចង់ដាក់ពង្រាយ​អាវុធនុយក្លេអ៊ែរ នៅក្រៅប្រទេសរបស់ខ្លួន។ លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «វាមិនមែនជារឿងខុសប្រក្រតីអ្វីនោះទេ។ ជាចម្បងនោះគឺសហរដ្ឋអាមេរិក បាននិងកំពុងធ្វើយ៉ាង​ដូច្នោះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ពួកគេបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួន នៅលើទឹកដីនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេ។ យើងបានឯកគ្នាថាពួកយើងនឹងត្រូវតែធ្វើដូចគ្នា ហើយវាមិនបំពានលើកាតព្វកិច្ចអន្តរជាតិរបស់យើង ស្តីពីការមិនរីកសាយនៃអាវុធនុយក្លេអ៊ែរឡើយ»។ គួរបញ្ជាក់ថា អាវុធនុយក្លេអ៊ែរតាក់ទិច គឺសំដៅលើប្រភេទអាវុធនុយក្លេអ៊ែរ ដែលប្រើប្រាស់ជាពិសេសសម្រាប់ យកប្រៀបនៅលើសមរភូមិ មិនមែនជានុយក្លេអ៊ែរ ដែលមានសមត្ថភាពរំលាយ ទីក្រុងមួយទាំងមូល ឱ្យបាត់ចេញពីផ្ទៃផែនដីនោះឡើយ។ […]