ព័ត៌មានអន្តរជាតិ

ប្រទេសនូវែលសេឡង់ប្រកាសភាពអាសន្នថ្នាក់ជាតិ ក្រោយរងការវាយលុកពីព្យុះស៉ីក្លូន Gabrielle

Khmerpress February 14, 2023 14/02/2023

(វែលីងតោន)៖ នៅថ្ងៃអង្គារនេះ ប្រទេសនូវែលសេឡង់បានសម្រេចចេញ ការប្រកាសភាពអាសន្នថ្នាក់ជាតិ ស្របពេលព្យុះស៉ីក្លូនឈ្មោះ ហ្គាប្រ៊ីល (Gabrielle) បានបង្កការជន់លិចនិងគ្រោះរអិលបាក់ដីនៅតំបន់ជាច្រើន រួមជាមួយផលប៉ះពាល់ផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការលុបចោលជើងហោះហើរ ដោយសារព្យុះស៉ីក្លូនខាងលើ បានធ្វើមនុស្សរាប់ពាន់នាក់ខកខានការធ្វើដំណើរ ស្របពេលដែលមនុស្សខ្ទង់ម៉ឺននាក់ទៀត មិនមាន​អគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះ អាជ្ញាធរបានជម្លៀសប្រជាជន ដែលរស់នៅតាមក្បែរមាត់សមុទ្រ ហើយកំពុងបន្តទទូចឱ្យមនុស្សបន្ថែមទៀត ចាកចេញពី​លំនៅឋាន ដើម្បីជាការបង្ការ។ រដ្ឋមន្រ្តីទទួលបន្ទុកគ្រប់គ្រងគ្រោះអាសន្នរបស់នូវែលសេឡង់ បាននិយាយថា ខណៈនូវែលសេឡង់ហាក់បានឆ្លងផុតដំណាក់​កាលអាក្រក់បំផុត នៃព្យុះស៉ីក្លូន Gabrielle ហើយនោះ ការព្យាករបានបង្ហាញថា នឹងនៅបន្តមានការធ្លាក់ភ្លៀងនិងខ្យល់បោកបក់ខ្លាំងដដែល។ គួរបញ្ជាក់ថា ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ស្លាប់ឬរបួសនៅនូវែលសេឡង់ ដោយសារការវាយប្រហារនៃព្យុះស៉ីក្លូនខាងលើឡើយ។ ការប្រកាសភាពអាសន្នថ្នាក់ជាតិគឺជារឿងដ៏កម្រ សម្រាប់ប្រទេសនូវែលសេឡង់ ដ្បិតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នូវែលសេឡង់បានប្រកាសអាសន្នយ៉ាង​ដូច្នេះ សរុបតែ៣លើកប៉ុណ្ណោះ គិតមកទល់ពេលនេះ។ លើកទី១ គឺក្រោយគ្រោះរញ្ជួយដីឆ្នាំ២០១១ និងលើកទី២ នៅពេលរងការរាតត្បាតនៃជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសសិង្ហបុរី ចុះបញ្ជីអត្តពលិកជាង៥០០នាក់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

Naren February 14, 2023 14/02/2023

ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ CAMBODIA 2023 នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ បញ្ជីឈ្មោះចេញដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានអត្តពលិកចំនួន ៥១៧នាក់ ប៉ុន្តែចំនួនអត្តពលិកត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ ពេលកាន់តែកៀកទៅនឹងការប្រកួត។គណៈកម្មាធិការជ្រើសរើសរបស់ SNOC ដែលមានលោក Tan Chuan-Jin ជាប្រធានបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីបានពិគ្រោះជាមួយសមាគមកីឡាជាតិ។ អនុប្រធាន SNOC និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Ng Ser Miang បាននិយាយថា ៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអត្តពលិកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសសិង្ហបុរី។ សូមសំណាងល្អនៅកម្ពុជា យើងនឹងលើកទឹកចិត្តអ្នក»។ ម្ចាស់មេដាយមាសកីឡាហែលទឹក នៅអូឡាំពិក២០១៦ កីឡាករ Joseph Schooling, កីឡាកររត់ប្រណាំង Shanti Pereira និងកីឡាករវាយសី Loh Kean Yew ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងព្រឹត្តិការណ៍ India Open ស្ថិតក្នុងចំណោមអត្តពលិកដែលនឹងមានឈ្មោះចូលរួមស៊ីហ្គេមនៅកម្ពុជា។ […]

អាយុថ្លៃមែន! ជាប់ក្រោមគំនរបាក់បែកនៅតួកគីអស់រយៈពេល ១៨២ម៉ោងហើយ តែក្មេងប្រុសម្នាក់នៅមានសំណាងនៅរស់រានមានជីវិត

Khmerpress February 14, 2023 14/02/2023

តួកគី៖ តួលេខអ្នកស្លាប់ដោយសាគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរីនៅតែបន្តកើនឡើង ខណៈប្រតិបតិ្តការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅ ព្រឹកថ្ងៃអង្គារ​ ទី១៤ ខែកុម្ភៈនេះបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកាលពីថ្ងៃម្សិលមិញនេះ គេបានជួបប្រទះនូវរឿងដែលមិនដែលមិនគួរឲ្យជឿមួយ ដែលជាករណីជួយសង្គ្រោះជីវិតមនុស្សដ៏កម្របំផុត។ ហេតុការណ៍ដែលត្រូវបានគេចាត់ទុកថា ជាអព្ភូតហេតុដ៏អស្ចារ្យនោះ គឺមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់​ ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែកក្នុងប្រទេសតួកគីអស់រយៈពេល ១៨២ម៉ោង (ជាង ៧ថ្ងៃ) ហើយ​ តែនៅតែមានសំណាងនៅមានជីវិតនៅឡើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់សរុបនៅក្នុងហេតុការណ៍ខាងលើនេះបានកើនឡើងដល់ជាង ៣៧,០០០នាក់ហើយ ដោយក្នុងនោះ គឺជនរងគ្រោះភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសតួកគី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រមុខ NATO ទទួលស្គាល់ថាការវាយលុកទ្រង់ទ្រាយធំជាថ្មីរបស់រុស្ស៉ី នៅអ៊ុយក្រែន ចាប់ផ្ដើមហើយ

Khmerpress February 14, 2023 14/02/2023

(កៀវ)៖ ក្រុមមន្ត្រីយោធាអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេស កំពុងប្រឈមមុខនឹងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំយ៉ាងសម្បើម ពីសំណាក់កងកម្លាំងរុស្ស៉ី ខណៈ ប្រមុខអង្គការ NATO បានគាំទ្ររបាយការណ៍ដែលថាប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ីបានចាប់ផ្ដើមហើយ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ឈានចូល គម្រប់ខួបមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមមន្ត្រីយោធាអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថាទាហានអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនខែមកនេះ បាននិងកំពុងប្រឈមមុខនឹងការវាយប្រហារថ្មីមួយ ដោយ ក្នុងនោះទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុងបាកមូត (Bakhmut) បាន និងកំពុងស្ថិតនៅក្រោមការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។ ជុំវិញស្ថានការណ៍សង្គ្រាមនេះដែរ អគ្គលេខាធិការអង្គការ NATO Jens Stoltenberg បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងព្រុចសែល យ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងឃើញ នោះគឺពួកគេ (រុស្ស៉ី) កំពុងបញ្ជូនកងទ័ពបន្ថែម អាវុធបន្ថែម និងបង្កើនសមត្ថភាពបន្ថែម… ដែល នេះគឺជាការចាប់ផ្ដើមនៃការវាយលុកថ្មីមួយ»។ គួរបញ្ជាក់ថា ទីក្រុងបាកមូត នាពេលបច្ចុប្បន្ន គឺជាកម្មវត្ថុចម្បងមួយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលចង់ឱ្យកងទ័ពរុស្ស៉ីវាយដណ្ដើមកាន់កាប់ទីក្រុងនេះឱ្យបាន ដ្បិតទីក្រុងមួយនេះនឹងផ្ដល់មូលដ្ឋាន យុទ្ធសាស្ត្រថ្មីមួយដ៏សំខាន់សម្រាប់ទាហានរុស្ស៉ី នៅក្នុងតំបន់ដូណេត និងជាជ័យជម្នះដ៏កម្រមួយ ក្រោយបរាជ័យជាបន្តបន្ទាប់នាពេលកន្លងមក។ […]

សហរដ្ឋអាមេរិកព្រមានប្រជាជនកុំឱ្យធ្វើដំណើរទៅរុស្ស៉ី ហើយប្រាប់ឱ្យពលរដ្ឋដែលនៅទីនោះចាកចេញជាបន្ទាន់

Khmerpress February 13, 2023 13/02/2023

(មូស្គូ)៖ សហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងប្រាប់ឱ្យ ពលរដ្ឋខ្លួនចាកចេញពីប្រទេសរុស្ស៉ីជាបន្ទាន់ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងដោយសារ​ហានិភ័យ នៃការចាប់ខ្លួនដោយមិនមានហេតុផល ឬការធ្វើទុក្ខបុកម្នេញពីសំណាក់ស្ថាប័នអនុវត្តច្បាប់របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គ បានប្រកាសយ៉ាងដូច្នេះថា «ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ ឬធ្វើដំណើរក្នុងប្រទេសរុស្ស៉ី គួរតែនាំគ្នាចាកចេញជាប្រញាប់។ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែហានិភ័យនៃការចាប់ឃាត់ខ្លួនតាមទំនើងចិត្ត។ ចូរកុំធ្វើដំណើរមកកាន់ប្រទេសរុស្ស៉ី»។ ស្ថានទូតសហរដ្ឋអាមេរិក បានលើកដូច្នេះទៀតថា «ស្ថាប័នសន្តិសុខរុស្ស៉ីធ្លាប់បានចាប់ខ្លួនពលរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់មិនពិតប្រាកដ ហើយដាក់មុខសញ្ញា​ធ្វើទុក្ខបុកម្នេញ លើពលរដ្ឋអាមេរិកដែលស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក៏ដូចជាធ្វើទង្វើដាក់ពួកគេដែលគ្មានភាពយុត្តិធម៌និងតម្លាភាព ព្រមទាំងផ្តន្ទាទោសអ្នកទាំងនោះ នៅក្នុងសវនាការបែបលាក់​លៀម ឬដោយគ្មានភស្តុតាងរឹងមាំត្រឹមត្រូវ»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បាន​ចេញសារព្រមានជាច្រើនលើក ឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសរុស្ស៉ី។ លើកចុងក្រោយបំផុតនៃការព្រមានជាសាធារណៈបែបនេះ គឺត្រូវបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី បានចេញបញ្ជាឱ្យមានការកែនកងទ័ពបន្ថែម សម្រាប់ការធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ កាលពីខែមករាកន្លងទៅ អាជ្ញាធររុស្ស៉ីបានប្រកាសថា ប្រទេសរុស្ស៉ីបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងពលរដ្ឋអាមេរិកម្នាក់ ដែលជាប់សង្ស័យពីបទធ្វើចារកម្ម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ផ្លាកលេខហុងស៊ុយ តែមួយតួអក្សរសោះ លក់បានជាង ៣លានដុល្លារនៅក្នុងទីក្រុងហុងកុង

Khmerpress February 13, 2023 13/02/2023

ហុងកុង៖ ការឲ្យតម្លៃទៅលើលេខដែលមានសំណាងឬលេខហុងស៊ុយ​បា​នកប់ជាប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋចិននិងពលពលរដ្ឋហុងកុង ខណៈលេខនាំសំណាងទាំងនោះអាចត្រូវបានគេរាប់បញ្ចូលនៅក្នុងលេខជាច្រើនប្រភេទមានដូចជា លេខទូរស័ព្ទ លេខផ្ទះ លេខបន្ទប់ និងស្លាកលេខរថយន្តជាដើម។ ព្រោះផ្នត់គំនិតទាំងនេះហើយទើបធ្វើឲ្យស្លាកលេខរថយន្តមួយប្រភេទត្រូវបានគេដាក់ក្នុងតម្លៃរហូតដល់ ២៥លានដុល្លារហុងកុង ឬស្មើនឹងជាង ៣,១លានដុល្លារអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានបញ្ជាក់ថា​ ស្លាកលេខរថយន្តដ៏ពិសេសនេះគឺជាស្លាកលេខ ដែលមានត្រឹមតែអក្ស “R” ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការដាក់លក់ស្លាកលេខនេះ គឺត្រូវបានធ្វើឡើងតាមរយៈការរៀបចំជាពិធីដេញថ្លៃដែលមានអ្នកចូលរួមធ្វើការដេញថ្លៃចំនួន ៤៩នាក់ ហើយស្លាកលេខអក្ស “R” នេះនឹងក្លាយជាស្លាកលេខមានតម្លៃថ្លៃបំផុតលំដាប់ទី​២ នៅក្នុងទីក្រុងហុងកុង ខណៈស្លាកលេខថ្លៃបំផុតលំដាប់ទី១ គឺស្លាកលេខអក្ស “W” ដែលត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ ២៦លានដុល្លារហុងកុងឯណោះកាលពីឆ្នាំ ២០២១ កន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សព្វាវុធដែលរុស្ស៉ីផ្គត់ផ្គង់ឱ្យឥណ្ឌា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានតម្លៃសរុប១៣ពាន់លានដុល្លារ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី

Khmerpress February 13, 2023 13/02/2023

(មូស្គូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍ថា អំលុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទីក្រុងមូស្គូបានផ្គត់ផ្គង់​ឱ្យទៅឥណ្ឌា នូវសព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ១៣ពាន់លានដុល្លារ ហើយទីក្រុងញូដេលីក៏បានដាក់ការបញ្ជាទិញជាមួយរុស្ស៉ី សម្រាប់សព្វាវុធក៏ដូចជា​បរិក្ខារយោធាទំហំលើសពី ១០ពាន់លានដុល្លារថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សារព័ត៌មានរុស្ស៉ី Interfax ដែលផ្អែកលើសម្តីលោក ឌីមីទ្រី ស៊ូហ្កាយេវ (Dmitry Shugayev) ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស បានរាយការណ៍ថា ឥណ្ឌា ចិន និងប្រទេសមួយចំនួននៃតំបន់អាស៉ីអាគ្នេយ៍ នៅតែមានការចាប់អារម្មណ៍ក្នុងការទិញសព្វាវុធរបស់ប្រទេសរុស្ស៉ី។ ការនាំចេញ​ប្រចាំឆ្នាំនៃសព្វាវុធរុស្ស៉ី មានទំហំខ្ទង់ ១៤-១៥ពាន់លានដុល្លារ ហើយការបញ្ជាទិញនៅតែបន្តមានស្ថិរភាពក្បែរៗ៥០ពាន់លានដុល្លារ។ សម្រាប់ឥណ្ឌា ការផ្គត់ផ្គង់​សព្វាវុធរបស់រុស្ស៉ី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺមានទំហំ១៣ពាន់លានដុល្លារ ហើយ២០ភាគរយ នៃការបញ្ជាទិញបច្ចុប្បន្នរបស់សព្វាវុធរុស្ស៉ី គឺធ្វើឡើងដោយទីក្រុងញូដេលី។ បើតាមលោក ស៊ូហ្កាយេវ ឥណ្ឌានៅតែបន្តជាប្រទេសដែលទិញអាវុធរុស្ស៉ីច្រើនជាងគេលើពិភពលោក។ លោក ស៊ូហ្កាយេវ បានបន្តថា បណ្តាអតិថិជននៅតំបន់អាស៉ី មានការចាប់អារម្មណ៍ជាពិសេស ចំពោះប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400, ប្រព័ន្ធបាញ់មីស៉ីលពីដីទៅអាកាស ដូចជាប្រព័ន្ធ អូសា […]

ចាស់តែគុណភាព! បុរសអាយុ ៥៦ឆ្នាំម្នាក់សុខចិត្តដើរក្នុងចម្ងាយ ១,២០០គីឡូម៉ែត្រដើម្បីទៅជួបមិត្តស្រីអាយុ ៥៦ឆ្នាំដូចគ្នានៅក្នុងថ្ងៃ Valentine’s Day

Khmerpress February 13, 2023 13/02/2023

ថៃ៖ បុរសជនជាតិថៃម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ១,២០០គីឡូម៉ែត្រដើម្បីមកជួបមិត្តស្រីរបស់គាត់នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានឲ្យដឹងថា បុរសស្មោះស្នេហ៍រូបនេះមានឈ្មោះថា Suthep និងមានអាយុ ៥៦ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោក Suthep បានដើរចេញពីខេត្ត Nakhon Nayok កាលពីថ្ងៃទី ១៤ ខែមករា និងត្រូវដើរកាត់ខេត្តចំនួន ២ទើបអាចទៅដល់ផ្ទះមិត្តស្រីរបស់គាត់ដែលស្ថិតនៅក្នុងខេត្ត Satun។ លោក Suthep បានស្គាល់គ្នាជាមួយមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Thanapa Khiaw មានអាយុ ៥៦ឆ្នាំដូចគ្នារយៈពេល ៥ឆ្នាំមកហើយតាមរយៈបណ្តាញសង្គម TikTok តែពួកគាត់មិនដែលបានជួបគ្នាផ្ទាល់ឡើយ។ លោក Suthep បានប្រាប់ឲ្យដឹងថា ការសម្រេចដើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយនេះគឺដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់គាត់ចំពោះមិត្តស្រី ហើយគិតត្រឹមពេលនេះគាត់ដើរបានចម្ងាយជាង ១,១០០គីឡូម៉ែត្រហើយ ខណៈនៅត្រឹមថ្ងៃទី ១៤ ខាងមុខនេះគឺគាត់នឹងអាចដើរដល់ផ្ទះមិត្តស្រីរបស់គាត់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​

ថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ី

Khmerpress February 13, 2023 13/02/2023

ថៃ៖ ប្រទេសថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ នៅក្នុងសន្ទស្សន៍អំណាចអាស៊ី ២០២៣ (Asia Power Index 2023) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand និង BANGKOK POST កាលពីពេលថ្មីៗនេះ។ តាមប្រភពដដែល ចំណាត់ថ្នាក់ទី១០ របស់ប្រទេសថៃ គឺស្ថិតនៅក្នុង អំណាចកណ្ដាល ដែលមានលំដាប់ពិន្ទុ (១៨.៧)។ ការកំណត់ចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីនេះ គឺត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Lowy Institute ខណៈចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីទាំង ១០ សម្រាប់ឆ្នាំ២០២៣ នេះ មានដូចខាងក្រោម៖ សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសជប៉ុន ប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី ប្រទេសអូស្រ្តាលី ប្រទេសកូរ៉េខាងត្បូង ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ គួរបញ្ជាក់ថា ការកំណត់ចំណាត់ថ្នាក់ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលបំផុតរបស់ប្រទេសណាមួយគឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងជាច្រើននៅក្នុងប្រទេសទាំងនោះដូចជា កត្តាសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ ធនធាននាពេលអនាគត ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ជាដើម៕

លោក Bill Gates ជឿជាក់ថាកម្មវិធីដែលអាចឆ្លើយតបដូចមនុស្ស ChatGPT នឹងមកផ្លាស់ប្តូរពិភពលោកនាពេលអនាគត

Naren February 13, 2023 13/02/2023

(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជឿជាក់ថាកម្មវិធី Chat GPT ដែលជាប្រភេទ Chatbot និងកំពុងទទួលបានប្រជាប្រិយភាពជុំវិញពិភពលោក នឹងអាចមកជំនួសការងារមនុស្សបាននាពេលអនាគត បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាប្រជែងលើសេវាកម្មនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Handelsblatt របស់ប្រទេសអាឡឺម៉ង់លោក Bill Gate បាននិយាយថា «លោកជឿជាក់ទៅលើកម្មវិធី ChatGPT ដែលមានសមត្ថភាពឆ្លើយតបដូចមនុស្សបានយ៉ាងអស្ចារ្យចំពោះសំណួររបស់អ្នកប្រើប្រាស់ នឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់បំផុតនាពេលអនាគតដូចទៅនឹងប្រព័ន្ធអ៊ីនធឺណិតនាពេលបច្ចុប្បន្នដែលមនុស្សមិនអាចខ្វះបាន»។ លោកបានបន្ថែមទៀតថា «រហូតមកទល់ពេលនេះបញ្ញាសិប្បនិមិត្ត (AI) អាចអាន និសរសេរបាន ប៉ុន្តែមិនអាចយល់ខ្លឹមសារបានទេ» «ដូច្នេះសេវាកម្ម AI ថ្មីដូចជាកម្មវិធី ChatGPT នឹងធ្វើឱ្យការងារការិយាល័យជាច្រើនកាន់តែមានប្រសិទ្ធិភាពជាជាងការងារប្រើមនុស្សនាពេលបច្ចុប្បន្ន ខណៈវាអាចជួយសរសេរវិកក្កយបត្រ (Invoice) ចំណូល ចំណាយរបស់ក្រុមហ៊ុន ឬអាចសរសេរជាអត្ថបទបានថែមទៀតផង»។ បច្ចុប្បន្ននេះ មិនមែនមានតែ Microsoft មួយប៉ុណ្ណោះទេ ដែលបានបង្កើត ChatGPT នោះ គឺមានច្រើនក្រុមហ៊ុនទៀត ដែលបានបង្កើតរួច និងកំពុងបង្កើត […]