អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះបានឲ្យដឹងថា ជំងឺអុតស្វា Monkeypox ហាក់កំពុងរាតត្បាតខ្លាំងឡើងវិញជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក ខណៈការរាតត្បាតលើនេះមិនជាការរាតត្បាតនៅក្នុងសហគមន៍ចំពោះពលរដ្ឋទូទៅឡើយ តែវាជារាតត្បាតនៅក្នុងចំណោមក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យ។ គេនៅចាំបានថា កាលពីអំឡុងពេលប្រហែលជាមួយខែមុនគឺមានករណីឆ្លងជំងឺអុតស្វា Monkeypox មួយករណីត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងសាកលវិទ្យាល័យ Pennsylvania State University តែគិតត្រឹមពេលនេះមេរោគបានបន្តចម្លងទៅកាន់ក្រុមនិស្សិតនៅតាមសាកលវិទ្យាមួយចំនួនហើយនៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា អាមេរិកគឺជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វា Monkeypox ច្រើនជាងគេនៅលើពិភពលោក ដោយមានតួលេខអ្នកឆ្លងសរុបប្រមាណជា ២០,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបនៅទូទាំងពិភពលោក។ កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលអាមេរិកប្រកាសថា ការរាតត្បាតអ៊ុតស្វា Monkeypox នៅអាមេរិកបានធ្លាក់ចុះប្រមាណជា ២១% ម្តងហើយ ដែលវាជាសញ្ញាដ៏ល្អប្រសើរមួយសម្រាប់ទាំងអាជ្ញាធរនិងពលរដ្ឋនៅតាមសហគមន៍។ យ៉ាងណាក្តី នៅពេលនេះអាជ្ញាធរសុខាភិបាលអាមេរិកត្រូវប្រឈមនឹងបញ្ហារសើបថ្មីមួយទៀត នោះគឺការយកឈ្នះលើការរាតត្បាតជំងឺអ៊ុតស្វានៅក្នុងចំណោមក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យវិញម្តង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៥៧,០០០នាក់ នៅក្នុងប្រទេសចំនួន ៩៦ផ្សេងគ្នាដោយមិនគិតប្រទេសនៅក្នុងតំបន់អាហ្រ្វិកដែលជាកន្លែងធ្លាប់មានការរាតត្បាតមេរោគជាធម្មតានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត