ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រកាសលុបចោលការធ្វើចត្តាឡីស័ក លើជនបរទេសមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

Khmerpress June 3, 2022 03/06/2022

(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ (Han Duck-soo) នៅថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសរបស់លោកនឹងលុបចោល វិធានការធ្វើចត្តាឡីស័ក សម្រាប់ការមកដល់របស់ជនបរទេសដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខ នេះតទៅ ហើយក៏ចាប់ផ្តើមលុបចោលបទប្បញ្ញត្តិអាកាសចរណ៍ដែលបានដាក់សម្រាប់ជើងហោះហើរអន្តរជាតិផងដែរ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងរក្សាតម្រូវការការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន មុនពេលចូលមកកាន់ប្រទេសនេះ និងការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការចូលមកដល់ផងដែរ។ លោក Han បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំឆ្លើយតបជំងឺឆ្លងរាតត្បាតថា «ខណៈពេលមានតម្រូវការឱ្យធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃសម្រាប់ការមកដល់ របស់ជនបរទេសដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតមកដល់ពេលនេះ តម្រូវការបែបនេះ នឹងត្រូវបានលុបចោលចាប់ពី ថ្ងៃទី៨ ខែមិថុនាខាងមុខនេះតទៅ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេឡើយ»។ លោក Han បានបន្ថែមថា បទប្បញ្ញត្តិអាកាសចរណ៍ណាមួយដែលបានដាក់សម្រាប់ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ក៏នឹងត្រូវលុបចោលចាប់ពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះតទៅដូចគ្នា […]

អង់គ្លេស នឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលផលិតដោយអាមេរិកជូនដល់អ៊ុយក្រែន

Khmerpress June 3, 2022 03/06/2022

(ឡុងដ៍)៖ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយមធ្យមដ៏ទំនើប ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងសកម្មភាពសហការជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសនឹងបញ្ជូនកាំជ្រួចប្រភេទ M270 ដោយមិនត្រូវបានបញ្ជាក់ចំនួន ដែលអាចបាញ់គ្រាប់រ៉ុក្កែតដែលមានទិសដៅច្បាស់លាស់ ក្នុងរយៈចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។ ចក្រភពអង់គ្លេសនិយាយថា ការសម្រេចចិត្តនេះត្រូវបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តដ៏ទំនើបឲ្យអ៊ុយក្រែន។ ប្រព័ន្ធ​កាំជ្រួច​ទាំង​ពីរ​មាន​លក្ខណៈ​ស្រដៀង​គ្នា បើ​ទោះ​បី​ជា​របស់អាមេរិក​ប្រើប្រាស់​កង់​ ខណៈ​ដែល​អង់គ្លេស​ក៏​ផលិត​ដោយ​អាមេរិក​ដែរ​ ដែលដំណើរការ​លើរថពាសដែក។ អង់គ្លេស​បានឲ្យដឹងទៀតថា ទាហាន​អ៊ុយក្រែន​នឹង​ត្រូវ​ហ្វឹកហាត់​នៅ​ចក្រភព​អង់គ្លេស​ដើម្បី​ប្រើ​អាវុធទាំងនេះ។ អាមេរិក​បាន​និយាយ​ថា អ៊ុយក្រែន​បាន​សន្យា​ថា​ ខ្លួននឹង​មិនប្រើអាវុធដែលទទួលបានទាំងនេះដើម្បី​បាញ់​ចូល​ទឹកដីរុស្ស៊ីឡើយ។ ប៉ុន្តែ​រុស្ស៊ី​បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា​ ទង្វើបែបនេះជាការ​ចាក់​សាំង​លើ​ភ្លើង​៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Zelenskiy ថា បច្ចុប្បន្នរុស្ស៉ីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណ ២០%

Khmerpress June 3, 2022 03/06/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងកាន់កាប់ប្រហែល ២០% នៃទឹកដីរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២២។ លោក Zelenskiy បានថ្លែងបែបនេះនៅក្នុងសភារបស់ប្រទេសលុចសំបួ តាមរយៈសុន្ទរកថាវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រធានាធិបតីរូបនេះបាននិយាយថា «យើងត្រូវការពារខ្លួនយើងពីកងទ័ពរុស្ស៊ីស្ទើរតែទាំងស្រង់។ កងទ័ពរុស្ស៊ីទាំងអស់ដែលត្រៀមខ្លួនប្រយុទ្ធបានចូលរួមក្នុងការឈ្លានពាននេះ»។ លោកបានបន្ថែមថា ផ្នែកខាងមុខនៃសមរភូមិលាតសន្ធឹងជាង ១,០០០គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Tadashi Yanai ពីអ្នកលក់ខោអាវ និងសម្ភារផ្ទះបាយ នៅតាមផ្សារទំនើប រលាស់ខ្លួនក្លាយជាស្ថាបនិកយីហោ Uniqlo ឥឡូវឡើងជាអ្នកមានបំផុតនៅជប៉ុន

Khmerpress June 2, 2022 02/06/2022

Tadashi Yanai ស្ថាបនិក និងជាប្រធានហាងលក់រាយសម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Uniqlo បានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតក្នុងប្រទេសជប៉ុន បើទោះបីជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានបំផ្លាញទ្រព្យសម្បត្តិរបស់គាត់យ៉ាងខ្លាំងក៏ដោយ នេះបើយោងតាមបញ្ជីអ្នកមានបំផុតទាំង ៥០អាស៊ី របស់ទស្សនាវដ្ដី Forbes Asia។ លោក Tadashi បានឃើញពីទ្រព្យរបស់គាត់ធ្លាក់ចុះ ៤៤% មកនៅត្រឹម ២៣.៦ ពាន់លានដុល្លារ ដែលរងការវាយប្រហារដោយការធ្លាក់ចុះនៃការលក់នៅក្នុងទីផ្សារក្នុងស្រុក និងប្រទេសចិន។ ក្រឡេកមកមើលប្រវត្តិរបស់គាត់វិញ មុនពេលក្លាយជាមហាសេដ្ឋីលំដាប់ទី១ របស់ជប៉ុន លោក Tadashi Yanai ដែលកើតនៅឆ្នាំ១៩៤៩​ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយទេ តែដោយសារចំណង់ចំណូលចិត្តក្នុងការរកស៊ី លោកក៏បានចូលធ្វើការជាអ្នកលក់សម្លៀកបំពាក់បុរស និងសម្ភារផ្ទះបាយនៅផ្សារទំនើប Jusco បន្ទាប់ពីបញ្ចប់ការសិក្សា។ ជាមួយគ្នា ក្រោយពីចំណាយពេលមួយឆ្នាំនៅ Jusco គាត់ក៏បានលាឈប់ពីការងារ ហើយបានចូលរួមអាជីវកម្មកាត់ដេររបស់ឪពុកគាត់ដែលគេស្គាល់ ហើយដាក់ឈ្មោះវាថា Ogori Shoji។ ក្រោយមក Yanai បានផ្លាស់ទៅបើកហាង Uniqlo ដំបូងរបស់គាត់នៅឆ្នាំ១៩៨៤ នៅហ៊ីរ៉ូស៊ីម៉ា។ ដោយសារចំណង់ចំណូលចិត្ត និងការខំប្រឹងរបស់គាត់ បានធ្វើឱ្យគាត់មានភាពងាយស្រួលក្នុងការទទួលយកដំបូន្មានល្អៗ។ ដូច្នេះក្នុងរយៈពេលដប់ឆ្នាំ ហាងតូចមួយនៅជាយក្រុង បានបើកហាងរាប់សិបផ្សេងទៀត […]

អង្គការ NATO និងសហរដ្ឋអាមេរិក និយាយថា សង្គ្រាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ទៅ តាមរយៈការចរចា

Khmerpress June 2, 2022 02/06/2022

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) និងអគ្គលេខាធិការអង្គការ NATO លោក ជេន ស្តូលថិនបឺហ្គ (Jens Stoltenberg) បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនទំនងជានឹងបញ្ចប់ទៅ តាមរយៈការចរចា ប៉ុន្តែអ៊ុយក្រែន ត្រូវតែអាចមានសមត្ថភាពក្នុងការការពារខ្លួន ដើម្បីពង្រឹងជំហររបស់ពួកគេ នៅក្នុងកិច្ចចរចាសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុងវ៉ាស៊ីនតោនឌីស៉ី នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) លោក Blinken និងលោក Stoltenberg បាននិយាយថា ស្ថានភាពនៅលើសមរភូមិ នឹងមានឥទ្ធិពលដល់ការចរចា នាពេលអនាគត។ លោកអគ្គលេខាធិការ NATO បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «សង្រ្គាម គឺមិនអាចទស្សន៍ទាយទុកជាមុនបាន។ យើងអាចទស្សន៍ទាយ ពីការឈ្លានពានបាន ប៉ុន្តែតើសង្រ្គាមនេះ នឹងវិវឌ្ឍទៅជាយ៉ាងណា វាពិបាកក្នុងការទស្សន៍ទាយណាស់។ អ្វី ដែលយើងដឹង គឺសង្គ្រាមស្ទើរតែទាំងអស់ ត្រូវបញ្ចប់នៅដំណាក់កាលខ្លះ នៅក្នុងតុចរចា»។ […]

WHO វាយតម្លៃថា កូវីដ-១៩នៅកូរ៉េខាងជើងបានវិវឌ្ឍន៍ទៅកាន់កម្រិតធ្ងន់ធ្ងរមួយផ្ទុយពីការអះអាងរបស់អាជ្ញាធរក្រុងព្យុងយ៉ាង

Khmerpress June 2, 2022 02/06/2022

កូរ៉េខាងជើង៖ អង្គការសុខភាពពិភពលោក​បានឲ្យដឹងកាលពីថ្ងៃពុធ ទី១ ខែមិថុនា ម្សិលមិញនេះថា ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងទំនងជាបានវិវឌ្ឍន៍ទៅកាន់ស្ថានភាពអាក្រក់មួយ ពោលគឺផ្ទុយពីការរបាយការណ៍របស់អាជ្ញាធរក្រុងព្យុងយ៉ាងដែលអះអាងថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងជើងគឺស្ថិតនៅក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន។ របាយការណ៍ចុងក្រោយមួយដែលអាចទទួលបានពីអាជ្ញាធរសុខាភិបាលកូរ៉េខាងជើងគឺ ចំនួនពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនបានធ្លាក់ចុះយ៉ាងច្រើន ពោលគឺបានធ្លាក់ពីខ្ទង់ជាង ៣៩០,០០០នាក់មកសល់ត្រឹមជាង ១០០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈតួលេខអ្នកស្លាប់វិញគឺមានចំនួនតិចតួចបំផុតដោយគិតជាមធ្យមភាគគឺមានកម្រិតត្រឹម ០,០០២ %ប៉ុណ្ណោះ។ បើតាមលោក Michael Ryan ដែលជានាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានលើកឡើងថា គិតរហូតមកទល់នឹងពេលនេះគេនៅមិនអាចទទួលបានទិន្នន័យរបស់អ្នកជំងឺ ចំនួនថ្នាំពេទ្យឬចំនួនវ៉ាក់សាំង និងព័ត៌មានលម្អិតអំពីការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ដ្បិតទីក្រុងយ៉ាងតែងព្យាយាមលាក់បាំងព័ត៌មានសំខាន់ៗទាំងអស់នេះ។ យ៉ាងណាក្តី បើគេធ្វើការសិក្សាទៅលើស្ថានភាពជាក់ស្តែងគឺគេអាចវាយតម្លៃបានថា ការរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងជើងអាចកំពុងស្ថិតក្នុងកម្រិតអាក្រក់មួយដោយហេតុថា កូរ៉េខាងជើងជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលកម្រិតទាបបំផុតនៅលើពិភពលោក កូរ៉េខាងជើងមិនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនទាល់តែសោះ ហើយកូរ៉េខាងជើងក៏មិនបានប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមពលរដ្ឋខ្លួនដែរ ពោលគឺកូរ៉េខាងជើងគ្រាន់តែរាយការណ៍ថា បានរកឃើញអ្នកមានរោគសញ្ញាគ្រុនក្តៅដែលស្ថិតក្នុងការសង្ស័យថាបានឆ្លងកូវីដ-១៩ ចំនួន ៣,៧លាននាក់ប៉ុណ្ណោះ។ លោក Michael Ryan បានពន្យល់បន្តថា នាពេលកន្លងមកប្រទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជាច្រើនដូសជូនពលរដ្ឋខ្លួននិងមានប្រព័ន្ធសុខាពិបាលកម្រិតខ្ពស់ទៅហើយនោះនៅតែប្រកាសន្នពីអំពីហានិភ័យនៃជំងឺកូវីដ-១៩ ដូចនេះវាមិនអាចទៅរួចទេដែលកូរ៉េខាងជើងអាចប្រយុទ្ធយកឈ្នះកូវីដ-១៩ បានលឿនយ៉ាងនេះ។ ផ្ទុយទៅវិញបើអ្នកមានរោគសញ្ញាគ្រុនក្តៅទាំងជាង ៣,៧លាននោះសុទ្ធតែវិជ្ជមានកូវីដ-១៩ ពិតមែននោះ គឺវាច្បាស់ណាស់ថាកូរ៉េខាងជើងមិនអាចទប់ទល់នឹងរលកនៃការរាតត្បាតបាននោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រុស្ស៉ី អះអាងថា មិនបានច្រានចោលកិច្ចចរចារវាងលោក ពូទីន និងលោក ហ្សេលេនស្គី ទេ

Khmerpress June 2, 2022 02/06/2022

(មូស្គូ)៖ រុស្ស៉ី បាននិយាយថាខ្លួនមិនបានច្រានចោលជំនួបរវាងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីនោះទេ ប៉ុន្តែគ្រាន់តែកិច្ចចរចាបានជាប់គាំងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ប៉េសកូវ ក៏បានបញ្ជាក់ដែរថា កិច្ចការក្នុងការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន បានជាប់គាំងជាយូរមកហើយ និងមិនទាន់ត្រូវបានចាប់ផ្ដើម ដំណើរការឡើងវិញនោះទេ។ គួរបញ្ជាក់ថា បើតាមលោក ប៉េសកូវ ប្រជាជននៅក្នុងតំបន់ ខឺសុន (Kherson), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) និងតំបន់ដុនបាស់ (Donbas) ដែលផ្នែកខ្លះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី ត្រូវតែធ្វើការសម្រេចចិត្តពីជោគវាសនារបស់ពួកគេដោយខ្លួនឯង ហើយវិមានក្រឹមឡាំងជឿជាក់ថាពួកគេនឹងធ្វើការសម្រេចចិត្តដ៏ល្អប្រសើរមួយ។ ប៉ុន្តែ អ៊ុយក្រែនបានព្រមានថាការក្រសោបយក ឬបង្កើត ឧបសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះដោយរុស្ស៉ី នឹងបំផ្លាញដល់កិច្ចចរចាសន្តិភាពរវាងភាគីទាំង ២៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង់គ្លេសបញ្ជាក់ថាបានរកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ

Khmerpress June 2, 2022 02/06/2022

អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពនៃប្រទេសអង់គ្លេសបានបញ្ជាក់ថា បានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់នៅក្នុងសហគមន៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនានេះ។ ជំងឺអុតស្វា Monkeypox ដែលមានប្រភពមកពីតំបន់ភាគខាងលិចនិងភាគកណ្តាលនៃប្រទេសអាហ្វ្រិកខាងត្បូងនោះត្រូវបានគេកត់សម្គាល់ថា អាចបង្កការចម្លងតាមរយៈការប៉ះពាល់ដោយជិតស្និតជាមួយអ្នកជំងឺ ជាពិសេសនោះគឺចម្លងតាមទឹករងៃឬសារធាតុរាវផ្សេងៗនៅលើរាងកាយរបស់អ្នកជំងឺ។ ប្រភពខាងលើបានបន្តថា សម្រាប់នៅក្នុងចក្រភពអង់គ្លេសទាំងមូលគឺគេបានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ១៩០ករណីហើយ ដោយក្នុងនោះមានករណីឆ្លងគួរឲ្យកត់សម្គាល់មួយចំនួនផងដែរ ដូចជា ២ករណីបានកើតមានចំពោះស្ត្រី ១១១ករណីបានកើតមានក្នុងចំណោមក្រុមបុរសស្រលាញ់បុរសដូចគ្នា និងក្រៅពីនេះករណីឆ្លងត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរទូទៅ។ គួរបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៥៥០នាក់ហើយ ដោយករណីឆ្លងទាំងនោះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣០ផ្សេងគ្នាដោយមិនរាប់បញ្ចូលប្រទេសអាហ្វ្រិកខាងត្បូងដែលប្រភពដើមនៃមេរោគនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រីលង្កាកំពុងចរចាខ្ចីប្រាក់ចំនួន ៣ប៊ីលានដុល្លារពីមូលនិធិ IMF

Khmerpress June 2, 2022 02/06/2022

(កូឡុំបូ)៖ ប្រទេសស្រីលង្កាកំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីខ្ចីប្រាក់យ៉ាងហោចណាស់ ៣ប៊ីលានដុល្លារ តាមរយៈគ្រឹះស្ថានផ្តល់ប្រាក់កម្ចីបន្ថែម (EEF) របស់មូលនិធិ IMF។ នេះបើយោងតាមសេចក្តីរាយការណណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីពីប្រភពចំនួនពីរបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលស្រីលង្ការំពឹងថានឹងមានកិច្ចពិភាក្សាបច្ចេកទេសមួយផ្សេងទៀតជាមួយ IMF នៅដើមខែមិថុនានេះ ហើយសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកភ្លាមៗនៅចុងខែនេះ។ អ្នកនាំពាក្យរបស់មូលនិធិ IMF មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយផងដែរ។ ប្រទេសស្រីលង្កាបានស្នើសុំឱ្យមានផែនការសង្គ្រោះមួយដើម្បីយកឈ្នះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។ ប្រទេសនេះបានបរាជ័យសងបំណុលបរទេសមួយចំនួនកាលពីដើមឆ្នាំនេះ ហើយកំពុងតស៊ូក្នុងការចំណាយសម្រាប់ការនាំចូលទំនិញមូលដ្ឋានដូចជាប្រេងឥន្ធនៈ និងថ្នាំពេទ្យជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

តម្លៃ​ប្រេង​ឡើង​ដល់​ ១២៤​ដុល្លារក្នុង ១បារ៉ែល បន្ទាប់ពី​បណ្ដាប្រទេសសហភាព​អឺរ៉ុប​ហាមឃាត់​ការ​នាំ​ចូល​ប្រេងរុ​ស្ស៊ី ៩០%

Khmerpress June 1, 2022 01/06/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែមកនេះ បន្ទាប់ពីបណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើការហាមឃាត់ភាគច្រើនលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែន។ ប្រេងឆៅប្រភេទ Brent បានឡើងពី ១២៤ដុល្លារ ទៅ ១២៤.០៣ដុល្លារ កើនឡើង ៣.៩% ក្នុងមួយបារ៉ែល ដែលនេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៩ ខែមីនាមក។ ជាមួយគ្នានេះ ប្រេងឆៅ West Texas ដែលកំពុងជួញដូរបានឡើងដល់ ៣.៥% ដល់តម្លៃ ១១៩.០៥ដុល្លារ។ ការកើនឡើងតម្លៃកាលពីថ្ងៃអង្គារនេះ បានដាក់សម្ពាធបន្ថែមទៀតលើទីផ្សារប្រេងដែលធ្វើឱ្យផ្គត់ផ្គង់កាន់តែតឹងតែង ចំពេលដែលតម្រូវការក៏កំពុងកើនឡើង។ គួរបញ្ជាក់ថា ការកើនឡើងដល់កម្រិតខ្ពស់បំផុត​ ១នេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយការនាំចូលប្រេងចំនួន ៩០% ពីវិមានក្រឹមឡាំងនៅចុងឆ្នាំ២០២២ ដោយដោះស្រាយភាពជាប់គាំងបន្ទាប់ពីហុងគ្រី ដែលជាអ្នកប្រើប្រាស់ប្រេងដ៏ធំរបស់រុស្សី បានបើកកិច្ចពិភាក្សាដែលបានដំណើរការអស់ជាច្រើនសប្តាហ៍។ ការ​ហាមឃាត់នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​ប្រាំមួយ​របស់​ប្លុក​នេះ ទៅលើ​ក្រុង​ម៉ូស្គូ​ចាប់​តាំង​ពី​សង្រ្គាម​អ៊ុយក្រែន​បានចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងក៏ត្រូវបានជំរុញដោយការលុបចោលការរឹតបន្តឹងជំងឺរាតត្បាតនៅក្នុងក្រុមហ៊ុននាំចូលដ៏ធំបំផុតរបស់ពិភពលោក គឺប្រទេសចិន។ ប្រទេសនេះបានបន្ធូរបន្ថយវិធានការ (zero-COVID) បន្ទាប់ពីបិទជិតបីខែ ហើយការចាក់សោរដ៏តឹងរ៉ឹង បានបង្ហាញថា តម្រូវការប្រេងឆៅរបស់ចិនធ្លាក់ចុះក្នុងប៉ុន្មានខែថ្មីៗនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត