ព័ត៌មានអន្តរជាតិ

BREAKING: ប្រតិភូរុស្ស៊ី ចេញដំណើរទៅកាន់បេឡារុសហើយ ដើម្បីចូលរួមកិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែន

Khmerpress March 7, 2022 07/03/2022

(ម៉ូស្គូ)៖ ក្រុមប្រតិភូចរចារបស់រុស្ស៊ី បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសបេឡារុសហើយ ដើម្បីចូលរួមក្នុងកិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែនដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។ បេឡារុស បានធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំចំនួន ២លើករួចមកហើយ រវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី២ ខែមីនាកន្លងទៅនេះ។ ប៉ុន្តែ កិច្ចចរចាទាំង២លើកនេះ មិនទាន់អាចសម្រេចបានលទ្ធផលជាដុំកំភួនឡើយ ខណៈរុស្ស៊ីក៏មិនទាន់បានបង្ហាញសញ្ញាថា នឹងបញ្ចប់ប្រតិបត្តិការយោធានៅពេលណានោះដែរ។ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានលម្អិតពីភាគីអ៊ុយក្រែននៅឡើយទេ តែភាគីទាំង២ ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នាក្នុងទីក្រុង Brest ប្រទេសបេឡារុស៕ ផ្តល់សិទ្ធិដោយ៖ freshnews

TikTok វេទិកាកម្សាន្តរបស់ចិន ប្រកាសផ្អាក​ការ​ផ្សាយ​បន្ត​ផ្ទាល់ ការ​បង្ហោះ​ថ្មី​ៗនៅ​រុស្ស៊ី

Khmerpress March 7, 2022 07/03/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា TikTok ដែលជាកម្មវិធីវីដេអូដែលគ្រប់គ្រងដោយចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្អាកការផ្សាយបន្តផ្ទាល់ (live-streaming) និងការបង្ហោះវីដេអូទៅកាន់វេទិការបស់ខ្លួនក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមហ៊ុនពិនិត្យមើលផលប៉ះពាល់នៃច្បាប់ប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រដោយប្រធានាធិបតី Vladimir Putin ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយនៅក្នុងការបង្ហោះជាបន្តបន្ទាប់នៃ Twitter ថា “យើងគ្មានជម្រើសអ្វីក្រៅពីផ្អាកការផ្សាយបន្តផ្ទាល់ និងមាតិកាថ្មីចំពោះសេវាកម្មវីដេអូរបស់យើង ខណៈពេលដែលយើងពិនិត្យមើលផលប៉ះពាល់សុវត្ថិភាពនៃច្បាប់នេះ” ។ គួររម្លឹកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បានថ្កោលទោសច្បាប់ថ្មីនេះដែលគំរាមកំហែងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំសម្រាប់ការផ្សព្វផ្សាយអ្វីដែលវិមានក្រឹមឡាំងពិពណ៌នាថាជា “ព័ត៌មានក្លែងក្លាយ”៕ ដោយ៖ ខ្មែរណូត

រុស្ស៊ីនឹងនឹងកាន់តែយ៉ាប់ ខណៈសហរដ្ឋ​អាមេរិក និង​អឺរ៉ុប កំពុង​ពិចារណា​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី

Khmerpress March 7, 2022 07/03/2022

សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (០៦ មីនា) ថា ខ្លួនកំពុងពិភាក្សាយ៉ាងសកម្ម ជាមួយបណ្តាប្រទេសអឺរ៉ុបអំពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីដែលជាការពិន័យលើសេដ្ឋកិច្ចបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូសម្រាប់ការលុកលុយអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រទេសលោកខាងលិចកំពុងពិចារណាលើការរំពឹងទុកនៃការធ្វើពហិការមួយ ទាក់ទងនឹងរឿងនាំចូលប្រេងនេះដែរ ហើយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានអំពាវនាវឱ្យធ្វើបែបនេះ ដោយនិយាយថាប្រេងរុស្ស៊ី គឺ “ក្លិនឈាមរបស់អ៊ុយក្រែន”។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ទូរទស្សន៍ NBC ថា “ឥឡូវនេះយើងកំពុងពិភាក្សាយ៉ាងសកម្មជាមួយដៃគូអ៊ឺរ៉ុបរបស់យើងអំពីការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ប្រទេសរបស់យើង ស្របពេលជាមួយគ្នានេះការរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងជាសកល” ។ លោកបានបន្ថែមថា “សកម្មភាពដែលយើងបានធ្វើកន្លងមកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៊ី” ដោយសំដៅទៅលើទណ្ឌកម្មដ៏តឹងរ៉ឹងដែលធ្វើឱ្យរុស្ស៊ីឯកោខាងសេដ្ឋកិច្ច និងប្រធានាធិបតីរបស់ខ្លួនគឺលោក វ្ល៉ាឌីមៀ ពូទីន។ គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន សេតវិមានបាននិយាយថា ខ្លួនកំពុងស្វែងរកវិធីកាត់បន្ថយការប្រើប្រាស់ប្រេងរបស់រុស្ស៊ី ខណៈពេលដែលការឡើងថ្លៃចំពោះតម្លៃប្រេង ប៉ុន្តែសម្ពាធបានកើតមានលើបណ្តាប្រទេសលោកខាងលិច ឱ្យកាត់ផ្តាច់ការនាំចូលថាមពលពីរុស្ស៊ី ដែលជាមធ្យោបាយមួយដើម្បីរឹតបន្តឹងនៅលើវិមានក្រឹមឡាំង៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ព្រមានថារុស្ស៊ីកំពុងត្រៀមវាយប្រហារលើទីក្រុង Odessa

Khmerpress March 7, 2022 07/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានថារុស្ស៊ីកំពុងត្រៀមខ្លួនបើកការវាយប្រហារ លើទីក្រុង អូដេសសា (Odessa) ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រដ៏សំខាន់របស់អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ពីមុន, ប្រជាជនរុស្ស៊ីធ្លាប់ធ្វើដំណើរមកកាន់ទីក្រុង Odessa ហើយពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចុះឥលូវនេះ? កាំភ្លើងធំ, គ្រាប់បែក ប្រឆាំងនឹងទីក្រុង Odessa ទៅវិញ។ វានឹងក្លាយជាបទឧក្រិដ្ឋសង្រ្គាម ពោលគឺបទឧក្រិដ្ឋសង្រ្គាមជាប្រវត្តិសាស្ត្រ»។ គួរបញ្ជាក់ថា ជុំវិញការព្រមានរបស់លោក ហ្សេលេនស្គីនេះដែរ, សហរដ្ឋអាមេរិកបាននិយាយថាខ្លួនមិនជឿទេថារុស្ស៊ីអាចនឹងបើកការវាយប្រហារ ភ្លាមៗ ឬក្នុងពេលដ៏ខ្លីលើទីក្រុង Odessa៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី អះអាងថា អ៊ុយក្រែនបំផ្លាញភស្ដុតាង «កម្មវិធីអាវុធជីវសាស្ត្រ» គាំទ្រដោយសហរដ្ឋអាមេរិក

Khmerpress March 7, 2022 07/03/2022

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថារដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាឱ្យយោធារបស់ខ្លួនបំផ្លាញភស្តុតាងនៃអាវុធជីវសាស្ត្រដែល ផ្ដល់ជំនួយដោយសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការបំផ្លាញហ្សែននៃវីរុសជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។ ការអះអាងខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី កើតមានឡើង បន្ទាប់ពីសេចក្ដីរាយការណ៍ថាកងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយមាន គោលដៅលើមន្ទីរពិសោធន៍មួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន ដែលដំណើរការក្រោមជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ, ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបាន ឯកសារជាច្រើនពីបុគ្គលិកនៃមន្ទីរពិសោធន៍របស់អ៊ុយក្រន ជុំវិញការបំផ្លាញកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ជាបន្ទាន់នូវភស្ដុតាងនានាដែលមាន ជាប់ពាក់ព័ន្ធនឹងហ្សែននៃវីរុសដ៏កាចសាហាវជាច្រើន ក្នុងនោះរួមមានទាំងវីរុសនៃជំងឺអង់ត្រាក់ ជាដើម»។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បង្ហាញការគាំទ្រចំពោះកិច្ចចរចាពាក់ព័ន្ធនឹង រោងចក្រនុយក្លេអ៊ែរ របស់អ៊ុយក្រែន

Khmerpress March 7, 2022 07/03/2022

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាលោកស្វាគមន៍ ចំពោះកិច្ចចរចាស្ដីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេស អ៊ុយក្រែន ចំពោះមុខការបារម្ភពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ នៅក្នុងកិច្ចសន្ទនានោះ លោក ពូទីន ក៏បានចោទប្រកាន់ផងដែរថាក្រុមអ្នកជាតិនិយមអ៊ុយក្រែន បានធ្វើសកម្មភាពបង្ករឿងនៅឯ រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia)។ លោកបន្ថែមដូច្នេះថា «ការព្យាយាមទម្លាក់កំហុសលើយោធារុស្ស៊ី ចំពោះហេតុការណ៍ គ្រោះថ្នាក់នេះ គឺជាយុទ្ធនាការឃោសនាដ៏អគតិ»។ គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីស្វាគមន៍ចំពោះកិច្ចចរចាស្ដីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមែន រោងចក្រនុយក្លេអ៊ែរ ឈ័រណូប៊ីល (Chernobyl) ដែលត្រូវបានស្នើឡើងដោយអគ្គនាយកទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ម៉ារីយ៉ាណូ ក្រូសស៊ី (Rafael Mariano Grossi) នោះទេ៕ ផ្តល់សិទ្ធិដោយ៖ […]

ចិន ប្រកាសធ្វើសមយុទ្ធយោធា នៅក្បែរឆ្នេរសមុទ្រវៀតណាម ក្នុងតំបន់សមុទ្រចិនខាងត្បូង

Khmerpress March 5, 2022 05/03/2022

(ប៉េកាំង)៖ ចិន បានប្រកាសពីការធ្វើសមយុទ្ធយោធាមួយមានរយៈពេលជាង១សប្ដាហ៍ នៅឯសមុទ្រចិនខាងត្បូង ក្នុងតំបន់មួយដែល ស្ថិតនៅចន្លោះរវាងខេត្តហៃណាន់ (Hainan) និងប្រទេសវៀតណាម ដោយព្រមានឱ្យកប៉ាល់នានានៅឱ្យឆ្ងាយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ, រដ្ឋបាលសុវត្ថិភាពសមុទ្រនៃខេត្តហៃណាន់របស់ចិន បានបញ្ជាក់ថា សមយុទ្ធយោធាខាងលើ នឹងត្រូវចាប់ផ្ដើមចាប់ពីប្រកាសនេះ រហូតដល់ថ្ងៃទី១៥ ខែមីនា។ ប៉ុន្តែ ទាំងក្រសួងការពារជាតិចិន និងក្រសួងការបរទេសវៀតណាម មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈសមយុទ្ធយោធានេះរបស់ ចិន កើតមានឡើងក្នុងបរិបទដែលពិភពលោកកំពុងផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតី ហ្សេលេនស្គី ប្រកាសប្រាប់ពិភពលោកថា «នៅពេលនេះសន្តិភាពមានតម្លៃជាងរឿងអ្វីៗទាំងអស់សម្រាប់អ៊ុយក្រែន»

Khmerpress March 5, 2022 05/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយប្រកាសប្រាប់ពិភពលោកថា នៅពេលនេះសន្តិភាពគឺមានសារៈសំខាន់បំផុត ជាងរឿងអ្វីៗទាំងអស់ ហើយលោកមិនចង់ឱ្យប្រទេសរបស់លោក ជួបប្រវិត្តសាស្ត្រដូចនៅក្នុងសម័យក្រិកបុរាណ ដែលកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពែក្សរាប់សែននាក់នោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Business insider នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនចង់ឃើញអ៊ុយក្រែន ជួបប្រវត្តិសាស្ត្រដូចសម័យកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយ កងទ័ពពែក្សរាប់សែននាក់នោះទេ។ ខ្ញុំត្រូវការសន្តិភាព, ខ្ញុំពិតជាត្រូវការសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ»។ គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី២ ហើយក៏មិនទាន់មានសញ្ញាថាសង្រ្គាមនេះនឹងបញ្ចប់នៅពេលណានោះទេ ខណៈប្រជាជនអ៊ុយក្រែនជាង ១លាននាក់ត្រូវភៀសខ្លួនរត់ចោលផ្ទះសម្បែង និងស្រុកកំណើត ដើម្បីគេចចេញពីសង្រ្គាមនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: រុស្ស៊ី ប្រកាស «បទឈប់បាញ់» ក្នុងទីក្រុង Mariupol និង Volnovakha ដើម្បីបើកច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិល

Khmerpress March 5, 2022 05/03/2022

(ម៉ូស្គូ)៖ រុស្ស៊ី បានប្រកាសពីដាក់ចេញបទឈប់បាញ់មួយ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងបើកច្រករបៀងមនុស្សធម៌មួយ សម្រាប់ជនស៊ីវិល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ, ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ថ្ងៃនេះ (ថ្ងៃសៅរ៍នេះ) គឺត្រូវនឹងថ្ងៃទី៥ ខែមីនា នៅវេលាម៉ោង១០ព្រឹកនេះ (ម៉ោងក្នុងទីក្រុងម៉ូស្គូ) ខាងភាគីរុស្ស៊ីបានសម្រេចប្រកាសដាក់ចេញបទឈប់បាញ់ និងបើកច្រករបៀង មនុស្សធម៌ សម្រាប់ឱ្យជនស៊ីវិលចាកចេញពីទីក្រុង ម៉ារីយូប៉ូល (Mariupol) និងទីក្រុងវ៉ុលណូវ៉ាខា (Volnovakha)»។ ក្រសួងការពារជាតិរុស្ស៊ី បន្ថែមថាការបង្កើតច្រករបៀងមនុស្សធម៌ ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ហើយវា នឹងត្រូវអនុវត្តចាប់ម៉ោង ៦៖០០នាទីព្រឹកម៉ោងសកល ឬត្រូវនឹងម៉ោង៨៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ុយក្រែន)។ ជាមួយគ្នាដែរ កិច្ចចរចាជុំទី៣ រវាងអ្នកតំណាងនៃប្រទេសទាំង២ ក៏គ្រោងនឹងជួបគ្នាឆាប់ៗនេះដែរ នៅថ្ងៃសៅរ៍ ឬនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប៉ុន្តែពាក់ព័ន្ធនឹងបទឈប់បាញ់ដែលរុស្ស៊ីបានប្រកាស ខាងភាគីអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋថៃមួយចំនួនស័្មគ្រចិត្តទៅជួយកងកម្លាំងអ៊ុយក្រែន

Khmerpress March 5, 2022 05/03/2022

ថៃ៖ ពលរដ្ឋថៃមួយចំនួនបានស្ម័គ្រចិត្តទៅចូលរួមជាមួយកងកម្លាំងអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងជាមួយនឹងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែមីនា ម្សិលមិញនេះ។ ការស្ម័គ្រចិត្តទៅចូលរួមជាមួយកងកម្លាំងយោធាអ៊ុយក្រែនពីសំណាក់ពលរដ្ឋថៃនេះបានកើតឡើងបន្ទាប់ពីស្ថានទូតអ៊ុយក្រែនកាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅបានប្រកាសអំពាវនាវតាមរយៈបណ្តាញសង្គម Facebook ឲ្យពលរដ្ឋបរទេសគ្រប់ជាតិសាសន៍ដែលជាមិត្តរបស់អ៊ុយក្រែន ឬអ្នកជាស្រលាញ់ប្រជាធិបតេយ្យនិងសន្តិភាពមកជួយកងកម្លាំងអ៊ុយក្រែនក្នុងលក្ខខណ្ឌស្ម័គ្រចិត្តដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ទ័ពរុស្ស៊ី។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋថៃប្រមាណជា ២០នាក់ហើយដែលបានទៅដល់ស្ថានទូតអ៊ុយក្រែនដើម្បីចុះឈ្មោះទៅចូលរួមជួយអ៊ុយក្រែនដោយស័្មគ្រចិត្ត ខណៈគេរំពឹងថានិន្នាការនេះនឹងបន្តកើតមានជាច្រើននាក់បន្ថែមទៀតផងដែរ។ លោក Dej អាយុ ៣៩ឆ្នាំ ដែលជាពលរដ្ឋថៃស័្មគ្រចិត្តទៅជួយអ៊ុយក្រែនម្នាក់បានប្រាប់ឲ្យដឹងថា គាត់ពិតជាស្អប់ខ្ពើមការឈ្លានពាននិងការគំរាមកំហែងពីសំណាក់ក្រុមប្រទេសដែលមានឥទ្ធិពលខ្លាំងមកលើប្រទេសទន់ខ្សោយណាស់ ដូចនេះហើយទើបគាត់មានទឹកចិត្តចង់ជួយកងកម្លាំងអ៊ុយក្រែនយ៉ាងមោះមុតតែម្តង៕ ដោយើ ខ្មែរណូត