(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានស្នើសូមអ្នកគាំទ្រដែលមិនមានសំបុត្រ មេត្តាកុំផ្លោះរបងចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋានជាតិអូឡាំពិក។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ នឹងត្រូវដាក់ការពារតាមរបង ដើម្បីការពារបាតុភាពបែបនេះ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតកីឡាស៉ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។ លោក កែវ សារ៉េត បានបញ្ជាក់ប្រាប់បណ្តាញ Fresh News ថា ពហុកីឡដ្ឋានជាតិអូឡាំពិក មានកៅអីប្រមាណ ២៩,០០០កន្លែង ក្នុងនោះនៅទីតាំងម្លប់មានតែ ៥,០០០កន្លែង ហេតុនេះហើយទោះបីជាអ្នកគាំទ្រ ដែលមិនមានសំបុត្រ ផ្លោះរបងចូលមើលបាល់ទាត់ ក៏មិនមែនកន្លែងអង្គុយដែរ។ លោកបានរំលឹកព្រឹត្តិការណ៍មិនគប្បីមួយ នៅពេលកន្លងមក ដែលអ្នកគាំទ្រដែលមិនមានសំបុត្រ ផ្លោះរបងចូលមើលបាល់ទាត់។ «យើងមិនចង់ឲ្យមានទិដ្ឋភាពបែបហ្នឹងទេ។ សមត្ថកិច្ចជាច្រើន នឹងត្រូវដាក់ការពារ ក្រោយការប្រជុំនៅពេលខាងមុខនេះ។ សម្តេចតេជោ ក៏ព្រួយបារម្ភដែរ ចំពោះរឿងផ្លោះរបង។ បើអត់មានសំបុត្រទេ សូមបងប្អូនមើលតាមទូរទស្សន៍ និងតាមផ្ទាំងបញ្ចាំង (slide) ដែលត្រូវរៀបចំដោយអាជ្ញាធរ»។ […]