ព័ត៌មានជាតិ

អាមេរិកនិងចិន ព្រមព្រៀងគ្នាទម្លាក់ពន្ធចុះមកវិញរហូតដល់១១៥ភាគរយ ហើយផ្អាករយៈពេល៩០ថ្ងៃ

Liny Chan May 12, 2025 12/05/2025

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី១២ ខែឧសភា សហរដ្ឋអាមេរិកនិងចិន បានប្រកាសថា ប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ដើម្បីទម្លាក់ពន្ធគយបដិការចុះមកវិញ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង ទីបំផុតព្យាយាមបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានបង្កភាពរង្គោះរង្គើជាខ្លាំង ចំពោះសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អាមេរិកនិងចិនបានឈានដល់ កិច្ចព្រមព្រៀងផ្អាកចំណាត់ការពន្ធបដិការរយៈពេល៩០ថ្ងៃ ហើយពន្ធនេះ នឹងត្រូវទម្លាក់ចុះមកវិញក្នុងអត្រា១១៥ភាគរយ។ កន្លងមក អំឡុងការកើនឡើងកម្តៅនៃជម្លោះពាណិជ្ជកម្ម អាមេរិកបានដំឡើងពន្ធបដិការសរុបដល់១៤៥ភាគរយ លើទំនិញរបស់ចិន ខណៈចិនបានឆ្លើយតបវិញ ដោយដំឡើងពន្ធ១២៥ភាគរយលើទំនិញរបស់អាមេរិក។ ប្រការនេះមានន័យថា តាមរយៈការព្រមព្រៀងខាងលើ ពន្ធអាមេរិកលើចិន នឹងត្រូវធ្លាក់មកនៅត្រឹម៣០ភាគរយ ខណៈពន្ធចិនលើអាមេរិក នឹងធ្លាក់មកត្រឹម១០ភាគរយ។ គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើកើតមានឡើង ក្រោយជំនួបចរចាលើកដំបូងបំផុត ស្តីពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិង​ចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស និងបញ្ចប់ទៅជាមួយលទ្ធផលវិជ្ជមាន កាលពីចុងសប្តាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

iPhone ជំនាន់ក្រោយអាចនឹងផលិតឡើងពីកញ្ចក់ស្ទើរតែទាំងស្រុង និងមានរាងកោង

Liny Chan May 12, 2025 12/05/2025

(បរទេស)៖ មាន​របាយការណ៍​ថា Apple កំពុង​រៀបចំ​ដាក់ចេញ iPhone បែបថ្មីបំផុតរបស់ខ្លួន​នៅ​ឆ្នាំ២០២៧ ដែលមាន​រចនាបថ​ធ្វើពី​កញ្ចក់​ស្ទើរតែ​ទាំងអស់ និង​អេក្រង់​កោងពី​ផ្នែកមួយ​ទៅ​ផ្នែកមួយ ដោយ​គ្មាន​រន្ធ​កាត់​ណាមួយឡើយ។ ការរចនានេះ​ គឺ​មាន​បំណងផ្តល់បទពិសោធន៍​អេក្រង់​មួយ​ដែល​រលូន និងត្រជាក់ភ្នែកដល់អ្នកប្រើប្រាស់ និងចំពេលនៃការប្រារព្ធខួប២០ឆ្នាំនៃការចេញលក់ iPhone។ នេះបើយោងតាមប្រភពពីអ្នកវិភាគល្បីមកពី Bloomberg គឺលោក Mark German និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Verge នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ iPhone ថ្មីនេះអាច​នឹងមាន​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ឲ្យ​មាន notch ឬ​រន្ធ punch-hole ទៀតទេ ហើយ​អាច​ប្រើ​ប្រាស់​បន្ទះ​កញ្ចក់បន្តគ្នា​ឲ្យគ្របដណ្ដប់​លើ​ទាំងម៉ាស៊ីន។ Apple ក៏អាច​នឹងចេញ iPhone បើកបិទបាន (foldable) ដំបូង​ក្នុងពេលដូចគ្នាផងដែរ ខណៈ iPhone ដែលអាចបើកបិទបាន​នេះ អាច​នឹងមានអេក្រង់ខាងក្នុង ៧.៨ អ៊ីញ ដោយគ្មានស្នាម និង​អេក្រង់ខាងក្រៅ ៥.៦ អ៊ីញ។ វានឹង​ប្រើ​បច្ចេកវិទ្យា touch ទៅលើអេក្រង់ OLED ដែលបាន​រួមបង្កើត​ជាមួយ Samsung។ បច្ចេកវិទ្យានេះ​នឹងធ្វើ​ឲ្យ​ម៉ាស៊ីនស្ដើង​ចុះ […]

កំណត់ហេតុរបស់ក្រសួងធម្មការ នៃការដោះស្រាយករណីបុរសម្នាក់តាំងខ្លួនជាឥសី នៅជើងភ្នំត្បែង ខេត្តព្រះវិហារ ដែលតារាចម្រៀង មាស សុខសោភា ធ្លាប់ឧបត្ថម្ភលុយរាប់ម៉ឺនដុល្លារ

Liny Chan May 12, 2025 12/05/2025

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កំណត់ហេតុដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយផ្ទុះរឿងឡើងវិញនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឲ្យជឿនូវជំនឿ ដែលមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ដើម្បីទទួលបាននូវលាភសក្ការៈអ្វីមួយ ពិសេសពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។ ផ្អែកតាមកំណត់ហេតុដែលបានជជែកដោះស្រាយគ្នាក្រោមព្រះវត្តមាន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា និងមានការចូលរួមពីលោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត បានសម្រេចឲ្យបុគ្គលឈ្មោះ ហន ភា លុបរាល់នូវវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា។ លោក ហួត គា ប្រធានមន្ទីរធម្មការ […]

នាវាកងទ័ពជើងទឹករបស់ចិនពីរគ្រឿង មកដល់កម្ពុជា ត្រៀមចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥

Liny Chan May 12, 2025 12/05/2025

(ព្រះសីហនុ)៖ នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវា​កង​ទ័ពជើងទឹកចិនចំនួនពីរគ្រឿង គឺនាវា០៧១ និងលេខ៩៨៩ បានចូល​ចត​​នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព។ នាវាទាំងពីរគ្រឿង បាន​ដឹក​កម្លាំង​ និង​សម្ភារៈ​ បរិក្ខា​រសិក​មួយចំនួន ដើម្បីចូល​រួម​ធ្វើ​សមយុទ្ធនាគមាសឆ្នាំ២០២៥។ ការមក​ដល់​នៅកំពង់ផែរាម​ របស់នាវា​កងទ័ព​ជើង​ទឹក​ចិន​នាឱកាលនេះ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោកឧត្តម​សេនីយ៍​ទោ​ ប៉ែន​ សុក្រឹត​វិទ្យា​ នាយ​ទីចាត់ការ​ហ្វឹកហ្វឺន​តំណាង​នាយ​ឧត្ដមសេនីយ៍​ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ព្រមទាំង​នាយ​នាវី​មូលដ្ឋាសមុទ្រ​ចំនួន​៧០រូប​ និង​ក្រុម​ការងារ​សម្របសម្រួល​ដឹកនាំ​ធ្វើ​សមយុទ្ធ​នាគ​មាស​២០២៥​ របស់​កម្ពុជា​។ ដោយ​ឡែក​ប្រតិភូ​ចិន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ LYU Guangkun​ ឧបការី​ នាយ​សេនាធិការ​យោធភូមិភាគ​ខាងត្បូង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ និងជា​ប្រធានក្រុមការងារ​ ដឹកនាំ​ធ្វើ​សមយុទ្ធ​នាគ​មាស​​របស់​ភាគី​ចិន​ អមដោយ​ វរនាវីឯក​ chen yue long មេបញ្ជា​ការ​នាវាវរនាវីឯក​ jia jian rong មេបញ្ជាការនយោបាយ​ នាវា​៩៨៩។ សូមបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ព​រំដោះប្រជាជនចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ «ប្រតិ​បត្តិ​ការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ […]

ព្រះរាជអាជ្ញាចោទប្រកាន់ក្មេងទំនើងមួយក្រុម ដែលកា-​ប់ជនរងគ្រោះ និងកា-ប់យកផ្លាកលេខម៉ូតូ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

Liny Chan May 12, 2025 12/05/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះ និងកាប់យកផ្លាកលេខម៉ូតូដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង ១០នាទីរំលងអាធ្រាត មានក្មេងទំនើងមួយក្រុមមានគ្នាចំនួន ២១នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅរារាំងពីមុខ និងពីក្រោយ ម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿងដែលកំពុងជិះគ្នាពីរនាក់នៅចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកបក្ខពួកនៃក្រុមក្មេងទំនើងខាងលើក៏បានចុះពីលើម៉ូតូ និងប្រើប្រាស់កាំបិតផ្គាក់ចំនួន ០១ដើម កាំបិតប៉័ងតោចំនួន ០១ដើម និងដាវកែច្នៃចំនួន ០១ ដើម កាប់ ទៅលើជនរងគ្រោះម្នាក់ចំខ្នងចំនួន ០១ កាំបិត ទើបជនរងគ្រោះទាំងពីរនាក់បានផ្ដួលម៉ូតូចោលរួចរត់ចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ហើយភ្លាមនោះបក្ខពួកនៃក្រុមក្មេងទំនើងក៏បានបន្តប្រើប្រាស់ដាវកែច្នៃចំនួន ០១ដើម ដេញកាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលចំនួន ០១ដាវទៀត បណ្តាលឱ្យរយះហូរឈាមរងរបួសធ្ងន់ធ្ងរ ចំណែក ជនរងគ្រោះម្នាក់ទៀតក៏បានរត់ចូលទៅក្នុងកំពង់ផែស្ងួតតេងឡាយ ដើម្បីឱ្យគេជួយ។ ឃើញដូច្នេះ បក្ខពួកក្រុម ក្មេងទំនើងនោះក៏បាននាំគ្នាកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតជាច្រើនកន្លែង ព្រមទាំងបាន កាប់ផ្តាច់កន្ទុយម៉ូតូដែលជាប់ផ្លាកលេខ […]

អភិបាលរងខេត្តស្វាយរៀង៖ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

Nisaiy KP May 11, 2025 11/05/2025

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់។ ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូនជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ និយោជិត ដែលកម្មវិធីនេះ រៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន)។ ថ្លែងទៅកាន់អង្គពិធី លោកអភិបាលរងខេត្ត បានអំពាវនាវដល់កម្មករ កម្មការិនីនិងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកទុកដាក់ក្នុងការថែរក្សាការពារអាយុជីវិត ជាពិសេសដល់ក្រុមគ្រួសារខ្លួននិងអ្នកដទៃដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា តាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយអនុវត្តច្បាប់សំដៅការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។ លោក ក៏បានក្រើនរំលឹកទៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់ ជាអ្នកចាប់ផាកពិន័យផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កីឡាចំបាប់កម្ពុជា ឈ្នះមេដាយសំរឹទ្ធដំបូង នៃព្រឹត្តិការណ៍ Southeast Asian & Invitation Championship នៅសិង្ហបុរី

Nisaiy KP May 11, 2025 11/05/2025

(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរីហើយ ខណៈថ្ងៃដំបូង កម្ពុជា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ដែលដណ្ដើមបានដោយកីឡាករ បុន ប៊ុនណា លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់ ៧០គីឡូក្រាម។ គួរដឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានអត្តពលិកមកពីប្រទេសជាច្រើនចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១៧នាក់ចូលរួមផងដែរ ដោយមានកីឡាករ-កីឡាការិនី ១២រូប ដើម្បីប្រជែងមេដាយជូនជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ បេសកកម្មប្រកួតលក្ខណៈអន្ដរជាតិនេះដែរ ធ្វើឡើងក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការងារ៖ ករណីជជែកអំពីគ្រោះថ្នាក់ចរាចរណ៍រវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិត ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់

Nisaiy KP May 11, 2025 11/05/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណី អំពីការជជែកវែកញែករវាងរដ្ឋបាលរោងចក្រ និងកម្មករនិយោជិតនៃក្រុមហ៊ុនស៊ីង កៃ សេន ហ្គាមិន ឯ.ក ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់។ ក្រោយមានករណីនេះភ្លាម ក្រសួង បានចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងសម្របសម្រួលដោះស្រាយដោយលទ្ធផលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ព្រោះភាគីរដ្ឋបាលក្រុមហ៊ុនព្រមព្រៀងមិនធ្វើលិខិតព្រមាននោះទេខណៈភាគីកម្មករនឹងប្រគល់ជូនលិខិតពេទ្យបញ្ជាក់ពីគ្រោះថ្នាក់ចរាចរណ៍ទៅកាន់ក្រុមហ៊ុនផងដែរ។ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់លើសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យដែលជាកិច្ចការងារអាទិភាពបំផុតមួយក្នុងចំណោមកិច្ចការអាទិភាពរបស់ក្រសួង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១០ ខែឧសភា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៧ព្រឹក ថ្ងៃទី១១ ខែឧសភា សន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»

Nisaiy KP May 11, 2025 11/05/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៨.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews