(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានទទួលការព្យាបាលជំងឺជូនកុមារជាង ១លានករណី ហើយក្នុងនោះមន្ទីរពេទ្យត្រូវចំណាយថវិកានៅក្នុងរង្វង់ជាង៤២លានដុល្លារ នៅក្នុង១ឆ្នាំ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានធ្វើឡើងនៅក្រសួងព័ត៌មាន។ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «គ្រាន់តែឆ្នាំ២០២៣ ការពិនិត្យព្យាបាលកុមារដែលយើងឱ្យឈ្មោះថា “ការពិនិត្យខាងក្រៅ” នោះ ដែលអាចមកពិនិត្យហើយអាចត្រឡប់ទៅសម្រាកនៅផ្ទះវិញ មានប្រមាណជាង ៨៩,៩០០០ករណីហើយ នៅក្នុងនោះផងដែរ មានដែលអ្នកបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៨,៤០០០ករណីបន្ថែមទៀត អាចនិយាយបានថាចំនួននេះក៏ស្ថិតនៅក្នុងចំនួនខាងលើផងដែរ។ តួលេខទាំងអស់ហើយយើងបូកសរុបបញ្ចូលគ្នាបានចំនួនសរុបប្រមាណជាង ១,០០៦,០០០ករណី»។ លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា […]