ព័ត៌មានអន្តរជាតិ

Elon Musk និយាយថា SpaceX គ្រោងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ

Khmerpress February 6, 2023 06/02/2023

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានឱ្យដឹងនៅពេលថ្មីៗនេះថា SpaceX គ្រោងបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត-យានអវកាស Starship ធុនធ្ងន់ជាលើកដំបូងក្នុងអំឡុងខែមីនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម Twitter អំពីការប្រើប្រាស់ Starship លោក Musk បានបង្ហោះថា «ប្រសិនបើការធ្វើតេស្តចុងក្រោយដែលនៅសល់ដំណើរការល្អ យើងនឹងព្យាយាមដាក់ឱ្យដំណើរការ Starship នៅខែក្រោយនេះតែម្តង»។ ជុំវិញការចោទសួរជាច្រើននេះបន្ទាប់ពី Musk បានបង្ហោះ Twitter នៅប៉ុន្មានខែមុនថា លោកត្រៀមនឹងបាញ់បង្ហោះរ៉ុក្កែត Starship ធុនធ្ងន់ដែលមានកម្ពស់ប្រមាណ ១២០ម៉ែត្រ (កម្ពស់របស់យាន្តអវកាស) ជាលើកដំបូង ខណៈពេលវេលាបាញ់បង្ហោះយ៉ាងលឿនអាចក្នុងខែកុម្ភៈ ឬយ៉ាងយូរនៅខែមីនាខាងមុខនេះ។ គួរបញ្ជាក់ដែរថា បេសកកម្មបាញ់បង្ហោះយានអវកាស Starship របស់កំពូលមហាសេដ្ឋី Elon Musk នេះគឺស្ថិតនៅក្រោមកិច្ចសន្យាតម្លៃប្រមាណជា ៣ពាន់លានដុល្លារ ជាមួយនឹងអង្គការ NASA ដើម្បីនាំយកមនុស្សទៅកាន់ផ្ទៃឋានព្រះចន្ទ នៅខ្ទង់ឆ្នាំ២០២៥ ដែលនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ១៩៧២មក។ […]

អាជ្ញាធរហុងកុងនឹងចែកសំបុត្រយន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកំសាន្តក្នុងដែនដីរបស់ខ្លួន

Khmerpress February 6, 2023 06/02/2023

ហុងកុង៖ ក្រោយបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមក អាជ្ញាធរហុងកុងគ្រោងនឹងចែកសំបុត្រយ​ន្តហោះ ៥០០,០០០ សន្លឹកដោយមិនគិតថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅដើរកំសាន្តក្នុងដែនដីរបស់ខ្លួនឡើងវិញ។ តាមគម្រោងគឺសំបុត្រទាំង ៥០០,០០០សន្លឹកនោះនឹងត្រូវប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣គឺក្រុមហ៊ុន Cathay Pacific​ ក្រុមហ៊ុន HK Express និងក្រុមហ៊ុន Hongkong Airlines ដើម្បីរៀបចំកម្មវិធីប្រគល់ជូនទៅកាន់អ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការផ្តល់ជូនសំបុត្រយន្តហោះដោយមិនគិតថ្លៃនេះនឹងត្រូវធ្វើឡើងដោយមានលក្ខខណ្ឌមួយចំនួនដូចជា អ្នកដំណើរទាំងអស់ត្រូវចូលទៅបំពេញឈ្មោះក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣ខាងលើ ហើយខាងក្រុមហ៊ុននឹងធ្វើការជ្រើសរើសឈ្មោះអ្នកដំណើរទាំងអស់នោះដោយចៃដន្យទៅតាមចំនួនដែលបានកំណត់។ ចំពោះកាលបរិច្ឆេទចូលទៅចុះឈ្មោះវិញ គឺត្រូវបានបែងចែកជា ៣ដំណាក់កាល ដោយដំណាក់កាលទី ១គឺចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាសម្រាប់ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ដំណាក់កាលពីទី ២ គឺចាប់ផ្តើមពីថ្ងៃទី ១ខែមេសា សម្រាប់ពលរដ្ឋចិន និងដំណាក់កាលទី ៣គឺចាប់ផ្តើមពីថ្ងៃទី ១ខែឧសភា សម្រាប់ពលរដ្ឋហុងកុងផ្ទាល់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកថា ចិនមិនទាន់ធ្វើកិច្ចការគ្រប់គ្រាន់នៅឡើយទេដើម្បីជួយដោះស្រាយវិបត្តិបំណុលរបស់ស្រីលង្កា

Khmerpress February 4, 2023 04/02/2023

(កូឡុំបូ)៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិកបានឱ្យដឹងនៅថ្ងៃពុធថា សហរដ្ឋអាមេរិកចង់ឱ្យប្រទេសចិនផ្តល់ការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមជាមួយនឹងម្ចាស់បំណុលផ្សេងទៀត ដើម្បីជួយប្រទេសស្រីលង្កាឱ្យទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសស្រីលង្កាបានចុះកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយនឹងមូលនិធិ IMF កាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែត្រូវការការធានាផ្នែកហិរញ្ញប្បទានពីអ្នកផ្តល់កម្ចីទ្វេភាគីធំៗដូចជាប្រទេសចិន និងជប៉ុនមុនពេលការបញ្ចេញប្រាក់កម្ចីអាចធ្វើទៅបាន។ ប្រទេសឥណ្ឌា ដែលជាម្ចាស់បំណុលធំទីបី បានផ្តល់ជូនការធានាហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់មូលនិធិ IMF រួចហើយកាលពីខែមុន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា៖ «អ្វីដែលចិនបានផ្តល់មកដល់ពេលនេះមិនគ្រប់គ្រាន់ទេ។ យើងត្រូវមើលឃើញការធានាដ៏គួរឱ្យទុកចិត្ត និងជាក់លាក់ថា ពួកគេនឹងបំពេញតាមស្តង់ដារ IMF ស្តីពីការបន្ធូរបន្ថយបំណុល»។ លោកស្រីមានប្រសាសន៍ថា៖ «យើង (សហរដ្ឋអាមេរិក) ត្រៀមខ្លួនដើម្បីបំពេញតួនាទីរបស់យើង។ ដៃគូក្លឹបប៉ារីសរបស់យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីបំពេញតួនាទីរបស់ពួកគេ។ ឥណ្ឌាបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ប្រទេសនេះនឹងផ្តល់នូវការធានាគួរឱ្យទុកចិត្តដែល IMF កំពុងចង់បាន»។ ធនាគារ Export-Import Bank of China បានផ្តល់ជូនការផ្អាកសងបំណុលរយៈពេលពីរឆ្នាំដល់ស្រីលង្កា ហើយធនាគារនេះបានឱ្យដឹងថា ខ្លួននឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ប្រទេសស្ថិតនៅតំបន់អាស៊ីខាងត្បូងមួយនេះដើម្បីទទួលបានកម្ចីពីមូលនិធិ IMF។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

វិបត្តិខ្ទឹមក្រហមនៅហ្វីលីពីន ជម្រុញឲ្យហាងមួយកន្លែងអនុញ្ញាតឲ្យអតិថិជនអាចយកខ្ទឹមក្រហមមកទិញអីវ៉ាន់ជំនួសលុយសុទ្ធបាន

Khmerpress February 4, 2023 04/02/2023

ហ្វីលីពីន៖ ហាងលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសហ្វីលីពីនបានសម្រេចអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនអាចធ្វើការទូទាត់រាល់ការចំណាយដោយប្រើប្រាស់ខ្ទឹមក្រហមជំនួសលុយសុទ្ធបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃទី ៣ ខែកុម្ភៈម្សិលមិញនេះ។ ហាងលក់ទំនិញមួយកន្លែងនេះមានឈ្មោះថា Japan Home Centre ជាហាងលក់សម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ ដែលជាផលិតផលនាំចូលមកពីប្រទេសជប៉ុន។ យោងតាមសេចក្តីជូនដំណឹងរបស់ហាងខាងលើនេះបានបញ្ជាក់ថា ហាងនឹងទទួលទូរទាត់រាល់ការចំណាយលើការទិញទំនិញមួយចំនួនតាមរយៈ សាច់ប្រាក់ កាក់​ និងខ្ទឹមក្រហម​ ខណៈរបៀបនៃការទូទាត់ការចំណាយថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅហ្វីលីពីន។ គួរបញ្ជាក់ជូនថា មួយរយៈចុងក្រោយនេះការនាំខ្ទឹមក្រហមចូលទៅក្នុងប្រទេសហ្វីលីពីនកំពុងមានបញ្ហា ហើយកត្តានេះបានធ្វើឲ្យតម្លៃខ្ទឹមក្រហមនៅក្នុងទីផ្សារនៃប្រទេសហ្វីលីពីនត្រូវកើនឡើងរហូតដល់ ៦០០ ប៉េសូ (ជាង ១១ដុល្លារ) ក្នុងមួយគីឡូក្រាម ខណៈអត្រាកំណើតនេះគឺមានការកើនឡើងប្រមាណជា ៦០០% បើធៀបទៅនឹងតម្លៃធម្មតានាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនអះអាងថា បាឡុងដែលកំពុងហោះនៅលើដែនអាកាសអាមេរិក គឺជាបាឡុងស៉ីវិលដែលរសាត់តាមខ្យល់ទៅដល់ទីនោះ

Khmerpress February 4, 2023 04/02/2023

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសចិន​ បានសម្តែងការសោកស្តាយចំពោះអ្វីដែលខ្លួនអះអាងថា​ជា បាឡុងស៉ីវិលមួយ ដែលត្រូវខ្យល់បោកបក់ទៅដល់ ក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា បាឡុងខ្យល់ដែលសហរដ្ឋអាមេរិកសង្ស័យជាបាឡុងស៉ើបការណ៍ តាមពិតគឺជាបាឡុងខ្យល់ស៉ីវិលមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ ជាចម្បងនោះគឺសម្រាប់គោលដៅផ្នែកឧតុនិយម។ ទីក្រុងប៉េកាំងបានអះអាងថា បាឡុងខ្យល់នោះមិនសូវមានលទ្ធភាពខ្ពស់ ក្នុងការបង្វែរផ្លូវធ្វើដំណើររបស់វាឡើយ ហើយក៏រសាត់ចេញពី​គន្លងផ្លូវដែលបានគ្រោងទុក ដោយសារតែខ្យល់។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរប​ញ្ចកោណបានឱ្យដឹងថា ខ្លួនកំពុងតាមឃ្លាំមើលបាឡុងស៉ើបការណ៍មួយ ដែលទំនងជារបស់ចិន និងស្ថិតនៅលើសហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមកហើយ។ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានសម្រេចផ្តល់យោបល់មិនឱ្យបាញ់ទម្លាក់​បាឡុងខាងលើ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ ដល់មនុស្សនៅខាងក្រោម។ មន្រ្តីយោធាអាមេរិកបាននិយាយថា ទីតាំងមួយដែល​បាឡុងនោះបានហោះកាត់ គឺរដ្ឋម៉ុនតាណា (Montona) ជាទីដែលមូលដ្ឋានទ័ពអាកាសអាមេរិក ម៉ាលស្រ្តូម (Malmstrom) ស្ថិតនៅ ខណៈ​មូលដ្ឋានយោធានេះ ជាទីតាំងផ្ទុកកន្លែងបាញ់មីស៉ីលនុយក្លេអ៊ែររាប់រយគ្រាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរថៃសម្រេចបិទសាលាជាច្រើនកន្លែងនៅក្រុងបាងកក ក្រោយមានពលរដ្ឋជាង៣៧ម៉ឺននាក់រងគ្រោះថ្នាក់ដោយបញ្ហាខ្យល់កខ្វក់

Khmerpress February 4, 2023 04/02/2023

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចបិទសាលារៀនជាច្រើនកន្លែងទៅក្នុងទីក្រុងបាងកក ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់នៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករានេះ។ ការសម្រេចបិទសាលារៀនជាប​ន្ទាន់នេះត្រូវបានធ្វើឡើងក្រោយពេលអាជ្ញាធរសុខាភិបាលបានរកឃើញថា មានពលរដ្ឋជាង ៣៧០ ០០០នាក់បានរងគ្រោះថ្នាក់ពីបញ្ហាធម្មជាតិមួយនេះ ពោលគឺពួកគេបានធ្លាក់ខ្លួនឈឺ។ សូមបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃនៅពេលនេះ គឺជាស្ថានភាពដែលនៅក្នុងខ្យល់មានផ្ទុកនូវលម្អងធូលីក្នុងកម្រិតរហូតដល់ PM2.5 ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា បញ្ហានេះអាចនឹងបន្តវាយប្រហារនៅក្នុងប្រទេសថៃរហូតដល់សប្តាហ៍ក្រោយឯនោះ។​ ចំពោះទីកន្លែងដែលទទួលរងឥទ្ធិពលខ្លាំងជាងគេនោះគឺទីក្រុងបាងកក និងខេត្តចំនួន ១៧ ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេស។ យ៉ាងណាក្តី បញ្ហានេះអាចនឹងថយចុះវិញបន្តិចនៅអំឡុងថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ហើយរហូតដល់អំឡុងថ្ងៃទី ៧ និងទី៨ ខែកុម្ភៈទើបបរិយាកាសអាចត្រលប់មកដូចធម្មតាវិញ ពោលគឺស្ថិតនៅក្នុងកម្រិតមានសុវតិ្ថភាពជាប្រក្រតី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិននឹងបើកការធ្វើដំណើរឡើងវិញទាំងស្រុង ជាមួយទីក្រុងហុងកុង-ម៉ាកាវ នៅថ្ងៃទី៦ ខែកុម្ភៈ

Khmerpress February 3, 2023 03/02/2023

(ហុងកុង)៖ នៅថ្ងៃសុក្រនេះ ចិនបានប្រកាសថា ការធ្វើដំណើរឆ្លងព្រំប្រទល់រវាងចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ គឺនឹងត្រូវបន្តឡើងវិញក្នុងទម្រង់ពេញលេញតែម្តង ចាប់តាំងថ្ងៃទី៦ ខែកុម្ភៈតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រការនេះមានន័យថា ប្រព័ន្ធកំណត់កូតាអ្នកដំណើរ និងកាតព្វកិច្ចធ្វើតេស្តរកជំងឺកូវីដ១៩ជាចាំបាច់ ដែលតម្រូវពីមុនមកនោះ គឺនឹងត្រូវលុបចោល។ កន្លងមកនេះ ទោះបីក្រោយពេលចិនបានបើកព្រំប្រទល់ប្រទេសឡើងវិញ សម្រាប់ពិភពលោកកាលពីថ្ងៃទី៨ ខែមករាក៏ដោយ ប្រព័ន្ធកូតានិងការតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ គឺត្រូវបានរក្សាឱ្យនៅដដែល សម្រាប់អ្នកដំណើររវាង​ចិនដីគោក និងទីក្រុងហុងកុង។ គួរបញ្ជាក់ អំលុងការរាតត្បាតនៃជំងឺកូវីដ១៩ ទីក្រុងហុងកុងបានអនុវត្តគោលការណ៍ស្រដៀងគ្នា នឹងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន រហូតទាល់តែដល់ពាក់កណ្តាលឆ្នាំ២០២២ ជាពេលដែលទីក្រុងនេះ ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួន។ ហុងកុងបានលុបគោលការណ៍កូវីដ១៩ ដែលនៅសេលសល់ភាគច្រើន កាលពីខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែការពាក់ម៉ាសនៅតែជា​រឿងចាំបាច់ លើកលែងតែកាលៈទេសៈមួយចំនួន ហើយសិស្ស-និស្សិតត្រូវតែធ្វើឆ្លងកាត់ ការធ្វើតេស្តកូវីដរហ័ស ជារៀងរាល់ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីក្រុងបាងកករបស់ប្រទេសថៃ ប្រឈមនឹងខ្យល់ពុលដ៏អាក្រក់លំដាប់ទី៣ នៅក្នុងពិភពលោក

Khmerpress February 3, 2023 03/02/2023

ប្រជាជនទីក្រុងបាងកកកំពុងប្រឈមនឹងខ្យល់ពុលកម្រិតគ្មានសុវត្ថិភាពក្នុងសប្តាហ៍នេះ ដោយកម្រិតភាគល្អិត PM2.5 មានរហូតដល់ទៅ ៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ដែលត្រូវបានរាយការណ៍ពីតំបន់ជាង ៧០ ខណៈដែលដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃគឺ ៥០ μg/m3 ។ កម្រិត PM2.5 កើនឡើងខ្ពស់នឹងបង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។ នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករណ៍ថា កម្រិត PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃរហូតដល់ថ្ងៃសុក្រ ដោយសារភាគល្អិតតូចៗនៅកកកុញពេញខ្យល់អាកាស។ រដ្ឋាភិបាល​ក៏បាន​ណែនាំ​ប្រជាជន​ឱ្យ​ពាក់​ម៉ាស់​នៅ​ពេលចេញក្រៅ ហើយ​ពិចារណា​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ។ គេហទំព័រ iqair.com បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកកបានស្ថិតនៅកម្រិត ១៩៨ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតទី៣ នៅក្នុងពិភពលោក។ ពោលគឺរាជធានីរបស់ថៃ នៅពីក្រោយតែទីក្រុងបុមបៃ របស់ឥណ្ឌា (AQI ២០៧) និងទីក្រុង Lahore របស់ប៉ាគីស្ថាន (២០២) ប៉ុណ្ណោះ។ ខ្យល់ពុលបានធូរស្រាលនៅថ្ងៃសុក្រនេះ ដោយសន្ទស្សន៍គុណភាពខ្យល់បានធ្លាក់ដល់ ១០២ សម្រាប់ទីក្រុងបាងកក គិតត្រឹមម៉ោង ៩ ព្រឹក។ […]

កម្រណាស់! ក្រុមហ៊ុន Apple ដែលតែងកើនប្រាក់ចំណេញ គ្រោងនឹងប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនជាលើកដំបូង

Khmerpress February 3, 2023 03/02/2023

ក្រុមហ៊ុន Apple Inc ត្រូវបានគេប៉ាន់ស្មានថា នឹងរាយការណ៍ពីធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈជិត ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមក្រុមហ៊ុនវិភាគឈ្មោះថា Refinitiv បានឱ្យដឹងថា ក្រុមហ៊ុន​ Apple ត្រូវបានគេរំពឹងថា នឹងរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ពីការលក់ទូរស័ព្ទ iPhone ដែលបានធ្លាក់ចុះប្រហែល ៥% សម្រាប់ត្រីមាសសំខាន់ៗ ដោយពេលវេលាចុងក្រោយនៃការធ្លាក់ចុះការលក់ គឺនៅក្នុងអំឡុងខែសីហា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ដែលជាខែនៃការរាតត្បាតនៃជំងឹ កូវីដ-១៩ ។ ជាមួយគ្នានេះដែរ ប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា បានធ្លាក់ចុះ ២% ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ២០២២ ដែលជាត្រីមាសសារពើពន្ធដំបូងរបស់ក្រុមហ៊ុន Apple ខណៈពេលដែលអាជីវកម្មសេវាកម្មបានកើនឡើង ៦ភាគរយ។ លើសពីនេះ អ្នកវិភាគរំពឹងថា ប្រាក់ចំណូលសុទ្ធនឹងធ្លាក់ចុះ ១០.៤ ភាគរយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុនមួយនៅចិន បានយកប្រាក់រង្វាន់លើកទឹកចិត្ត ៦១លានយន់ (ជាង ៩លានដុល្លារ) មកតម្រៀងគរដូចភ្នំ ហើយហៅបុគ្គលិកឆ្នើមមកយកម្នាក់ម្តងៗ

Khmerpress February 3, 2023 03/02/2023

ចិន៖ ក្រុមហ៊ុននីមួយៗតែងមានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការលើកទឹកចិត្តបុគ្គលិករបស់ខ្លួន ខណៈជាទូទៅគេបានមើលឃើញថា ក្រុមហ៊ុនចិនតែងរៀបចំយុទ្ធសាស្រ្តប្លែកៗដើម្បីធ្វើឲ្យបុគ្គលិកខ្លួនទទួលបានភាពរីករាយអមជាមួយនិងអារម្មណ៍ភ្ញាក់ផ្អើល។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមហ៊ុនរបស់ចិនមួយបានយកក្រដាសប្រាក់ដែលមានតម្លៃសរុប ៦១លានយន់ (ជាង ៩លានដុល្លារ)​ មករៀបជាភ្នំមួយ ដើម្បីផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តជូនចំពោះក្រុមបុគ្គលិកឆ្នើម។ ប្រភពខាងលើបានបញ្ជាក់ថា​ ក្រុមហ៊ុនខាងលើនេះមានឈ្មោះ Henan Mine ជាក្រុមហ៊ុនលក់រថយន្តស្ទូច និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងការដ្ឋានសំណង់គ្រប់ប្រភេទ និងជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិនផងដែរ។ សម្រាប់បុគ្គលិកដែលត្រូវមកទទួលប្រាក់រង្វាន់ដ៏ច្រើនសម្បើមខាងលើនេះ គឺសុទ្ធតែជាប្រធានផ្នែកលក់នៅតាមតំបន់ផ្សេងៗគ្នា មានចំនួនសរុប ៤០នាក់​ ខណៈក្នុងម្នាក់ៗអាចទទួលបានប្រាក់រង្វាន់ចាប់ពី ១លានយន់ (ជិត ១៥ម៉ឺនដុល្លារ) រហូតដល់ ៥លានយន់ (ជាង ៧៤ម៉ឺនដុល្លារ) អាស្រ័យទៅតាមទំហំស្នាដៃជាក់ស្តែងរបស់ពួកគាត់។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់បំផុតនោះ គឺក្រុមបុគ្គលិកត្រូវឡើងមកទទួលរង្វាន់ម្នាក់ម្តងៗ ហើយពួកគេត្រូវអោបលុយទាំងបាច់ៗត្រលប់ទៅវិញ ខណៈអ្នកខ្លះត្រូវឡើងមកទទួលលុយជាច្រើនដង ទើបអាចប្រមូលលុយដែលជាចំណែករបស់ពួកគាត់អស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត