ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃចាប់ខ្លួនបុរសជាអ្នកផលិតថ្នាំសម្រកទម្ងន់មួយប្រភេទដែលបណ្តាលឲ្យអ្នកប្រើប្រាស់ ៣នាក់បាត់បង់ជីវិត

Khmerpress December 3, 2022 03/12/2022

ថៃ៖ បុរសជាអ្នកផលិតនិងចែកចាយថ្នាំសម្រកទម្ងន់ម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលប្រើប្រាស់ថ្នាំសម្រកទម្ងន់របស់គាត់។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានបញ្ជាក់ថា ជនជាប់ចោទរូបនេះមានឈ្មោះថា Natthawa អាយុ ៥០ឆ្នាំ ខណៈការចាប់ខ្លួនរូបគាត់ត្រូវធ្វើឡើងដោយប៉ូលិសជំនាញក្រុងបាងកក ដែលបានចុះទៅដល់ខុនដូររបស់របស់គាត់តែម្តង។ ប្រភពខាងលើបានបន្តថា ថ្នាំសម្រកទម្ងន់របស់លោក Natthawa គឺជាប្រភេទថ្នាំគ្រាប់ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋថៃដែលកំពុងមានបញ្ហាឡើងទម្ងន់។ បើតាមក្រុមមន្ត្រីជំនាញផ្នែកឱសថថៃបានរកឃើញថា នៅក្នុងថ្នាំសម្រកទម្ងន់ដែលលោក Natthawa បានផលិតឡើងនោះគឺមានផ្ទុកនូវសារធាតុមួយចំនួន ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាលផ្នែកឱសថនិងចំណីអាហារ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា លោក Natthawa នឹងត្រូវទទួលទោសកម្រិតណា ឬត្រូវសងថ្លៃជំងឺចិត្តទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណានោះទេ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO: ការទម្លាក់ចោលការប្រុងប្រយ័ត្ននឹងកូវីដ១៩ អាចនឹងនាំឱ្យមានវីរុសបំប្លែងថ្មីដ៏កាចសាហាវ សាជាថ្មី

Khmerpress December 3, 2022 03/12/2022

(ហ្សឺណែវ)៖ ប្រមុខអង្គសុខភាពពិភពលោក WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅថ្ងៃសុក្រនេះ ថាការទម្លាក់ចោលការប្រុងប្រយ័ត្ន និងបរាជ័យជាច្រើននៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឆ្នាំ២០២២នេះ នៅតែបន្តបង្កើតលក្ខខណ្ឌអំណោយផល ដែល អាចនឹងធ្វើឱ្យវីរុសបំប្លែងខ្លួនថ្មី ដ៏កាចសាហាវចាប់កំណើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក តេដ្រូស គឺជាការផ្លាស់ប្ដូរមួយតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយលោកផ្ទាល់បានលើកឡើងថាពិភពលោកកំពុងស្ថិតនៅលើទីតាំងដ៏ ប្រសើរក្នុងការបិទបញ្ចប់កូវីដ១៩។ លោក តេដ្រូស បានគូសបញ្ជាក់ដូច្នេះថា «យើងអាចនិយាយបានថាដំណាក់កាលអាសន្ននៃកូវីដ១៩ កំពុងខិតទៅរកទីបញ្ចប់ ប៉ុន្តែ វាមិនទាន់ចប់នៅឡើយទេ…ហើយគម្លាតនៅក្នុងការធ្វើតេស្ត និងការចាក់វ៉ាក់សំាងបង្ការនៅតែបន្តបង្កើតលក្ខខណ្ឌអំណោយផល ដែលអាចនឹងធ្វើឱ្យវីរុសបំប្លែងខ្លួនថ្មី ដ៏កាចសាហាវចាប់កំណើតឡើង»។ គួរបញ្ជាក់ថា បើតាមអង្គការ WHO ក្នុងពេលបច្ចុប្បន្ន ប្រហែលជា ៩០ភាគរយនៃប្រជាជនពិភពលោក មានភាពសុំាទៅនឹងកូវីដ១៩ នៅកម្រិតខ្លះ ទាំងដោយសារតែ ការចាក់វ៉ាក់សាំងបង្ការ និងធ្លាប់បានឆ្លងជំងឺនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ពូទីន ថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជារឿងចៀសមិនរួច

Khmerpress December 3, 2022 03/12/2022

(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន គឺជា «រឿងចៀសមិនរួច» ខណៈវិមានក្រឹមឡាំងច្រានចោលលក្ខខណ្ឌចរចារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយព្រមានថាការវាយប្រហារ នឹងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។ ក្រោយបរាជ័យជាបន្តបន្ទាប់ ក្នុងតំបន់ខាកៀវ និងខឺសុន រុស្ស៉ីបានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន តាំងតែពីខែតុលាមកម្ល៉េះ ដោយ បណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាលើកដំបូងចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក លោក ពូទីន បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា «ជាគោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច» នៅក្នុងប្រទេសអ៊ុយក្រែន ហើយថាការវាយប្រហាររបស់រុស្ស៉ីជាការឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពីទីក្រុងកៀវ។ លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថា «ទីក្រុងមូស្គូ បានអត់ធ្មត់ជាយូរមកហើយ ពីការប្រើប្រាស់មីស៊ីលកំណត់គោលដៅជាក់លាក់ វាយប្រហារលើគោលដៅ មួយចំនួននៅលើទឹកដីអ៊ុយក្រែន…ក៏ប៉ុន្តែ បច្ចុប្បន្ន វិធានការបែបនេះត្រូវបានបង្ខំឱ្យធ្វើ និងជារឿងចៀសមិនរួច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពី សំណាក់ទីក្រុងកៀវ លើហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៉ី»។ […]

សហភាពអឺរ៉ុបបានកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ីត្រឹម ៦០ ដុល្លារ ក្នុងមួយបារ៉ែល ជាផ្នែកនៃការដាក់ទណ្ឌកម្មថ្មី

Khmerpress December 3, 2022 03/12/2022

សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាផ្នែកនៃទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«វិធានការនេះពង្រឹងឥទ្ធិពលនៃទណ្ឌកម្មរបស់យើង និង នឹងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីបន្ថែមទៀត»។ សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា ការកំណត់នេះនឹងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថេរភាព ដោយសារតែប្រតិបត្តិករសហភាពអឺរ៉ុបនឹងត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលបានលក់ក្នុងតម្លៃនេះទៅកាន់ប្រទេសទី៣។ សមាជិកសហភាពអឺរ៉ុប គឺប្រទេសអេស្តូនី បាននិយាយថា ការកំណត់តម្លៃនឹងត្រូវបានពិនិត្យជាប្រចាំ។ សហភាពអឺរ៉ុប រួមជាមួយនឹងក្រុមប្រទេសចំនួន ៧ ត្រូវបានគេរំពឹងថា នឹងអនុវត្តកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ប្រេង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ខណៈ​ដែល​ខ្លួន​បន្ត​ការ​ឈ្លានពាន​អ៊ុយក្រែន។ ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ លើ​ប្រេងឆៅ​រុស្ស៊ី​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ។ សមាជិកសហភាពអឺរ៉ុបកំពុងចរចាអំពីតម្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មតែឯងនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ ដោយសារការកើនឡើងតម្លៃ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk បញ្ជាក់ថា ៦ខែទៀតនឹងចាប់ផ្តើមសាកល្បងបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស

Khmerpress December 3, 2022 03/12/2022

(បរទេស)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោកលោក Elon Musk បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំទៅលើការពិសោធន៍ដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សនឹងចាប់ផ្តើមសាកល្បងជាផ្លូវការនៅរយៈពេល ៦ខែខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការអះអាងរបស់ Musk បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដោយក្នុងនោះលោកបានបញ្ជាក់បន្ថែមថា «យើងកំពុងតែធ្វើការពិសោធន៍ជាបន្តបន្ទាប់ដោយប្រុងប្រយ័ត្នបំផុត និងប្រាកដថាវានឹងដំណើរការល្អមុនពេលដាក់ឧបករណ៍បន្ទះឈីបនោះចូលទៅក្នុងខួរក្បាលមនុស្ស»។ ជុំវិញកិច្ចប្រជុំរបស់ Musk ក្រុមហ៊ុន Neuralink ក៏បានបង្ហើបឱ្យដឹងដែរថា ខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែឆាប់ជាមួយនឹងការកំណត់ចំណុចប្រទាក់រវាងបន្ទះឈីប ទៅនឹងខួរក្បាលរបស់មនុស្ស ដែលវាអាចជួយឱ្យមនុស្សដែលមានពិការភាពអាចវិលមកប្រសើរឡើងវិញបាន។ លើសពីទៅទៀតក្រុមហ៊ុន ក៏កំពុងតែពិនិត្យទៅលើមុខងារស្តាររាងកាយឡើងវិញផងដែរ ជាពិសេសនោះគឺមុខងារសសៃប្រសាទខួរក្បាលដែល Neuralink កំពុងតែបង្កើនការពិសោធន៍ និងយកចិត្តទុកដាក់ជាងមុនទ្វេរដងដើម្បីឱ្យអ្នកដែលមានបញ្ហាប្រព័ន្ធប្រសាទអាចធ្វើការទំនាក់ទំនងតាមរយៈសម្លេងជាមួយនឹងមនុស្សជុំវិញខ្លួនបាន។ យ៉ាងណាមិញបើតាមការបញ្ជាក់ពីក្រុមហ៊ុន Neuralink ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រុមហ៊ុនបានធ្វើការពិសោធន៍ទៅលើសត្វស្វានៅឡើយ និងមិនទាន់បានចាប់ផ្តើមពិសោធន៍ទៅលើខួរក្បាលមនុស្សនោះទេ។ ហើយអំឡុងពេលចេញផ្សាយនេះកំពុងតែរង់ចាំការយល់ព្រមពីរដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) ដើម្បីចាប់ផ្តើមសាកល្បងបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលមនុស្សក្នុងរយៈពេល ៦ខែខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អឺរ៉ុបហាមប្រាមថ្នាំស៊ីរ៉ូក្អកដែលមានសារធាតុគីមី ដោយសារតែហានិភ័យនៃប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងររហូតដល់អាយុជីវិត

Khmerpress December 3, 2022 03/12/2022

(ឡាអេ)៖ និយតករឱសថរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំបំបាត់ការក្អកដែលមានផ្ទុកសារធាតុគីមី pholcodine គួរតែត្រូវបានហាមឃាត់ដោយសារតែហានិភ័យ នៃប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ ចំពោះមនុស្សដែលស្ថិតនៅក្រោមការប្រើថ្នាំសន្លប់ទូទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២។ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ថា ការព្យាបាលជាមួយសារធាតុ pholcodine ដែលត្រូវបានប្រើចំពោះមនុស្សពេញវ័យ និងកុមារ ដើម្បីព្យាបាលការក្អកស្ងួត គួរតែត្រូវបានដកចេញពីការលក់ក្នុងទីផ្សារ។ និយតករបាននិយាយថា «ការប្រើប្រាស់ថ្នាំ Polcodine ក្នុងរយៈពេល១២ ខែមុនពេលការប្រើថ្នាំសន្លប់ទូទៅ … គឺជាកត្តាហានិភ័យសម្រាប់ការវិវត្ត នៃប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)»។ របាយការណ៍បានសង្កត់ធ្ងន់ថា « ប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylactic)» គឺជា ប្រតិកម្មអាលែហ្សីភ្លាមៗ ធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត»៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិកអនុម័តការលក់មីស៉ីលកញ្ចប់ទី៣ ដែលមានតម្លៃ៣៨០លានដុល្លារ ទៅឲ្យប្រទេសហ្វាំងឡង់

Khmerpress December 2, 2022 02/12/2022

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់មីស៉ីលតម្លៃរាប់លានដុល្លារមួយផ្សេងទៀត ទៅឲ្យប្រទេសហ្វាំងឡង់ ដោយយល់ព្រមដឹកជញ្ជូនគ្រាប់មីស៉ីល សម្រាប់បាញ់ពីឧបករណ៍បំពាក់លើស្មារាប់រយគ្រាប់ និងជាលើកទី៣ គិតចាប់តាំងពីដើមខែវិច្ឆិកាមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២​ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានប្រកាសថា ក្រុមមន្ត្រីបានអនុម័តកិច្ចព្រមព្រៀងតម្លៃ ៣៨០លានដុល្លារ សម្រាប់ការលក់មីស៉ីល ស្ទីងចឺ (Stinger) ចំនួន៣៥០គ្រាប់ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាការបណ្តុះបណ្តាលនិងការដឹកជញ្ជូន។ ការលក់នេះនឹងជួយធ្វើអោយប្រសើរឡើង នូវសមត្ថភាពការពារ និងទប់ស្កាត់របស់ប្រទេសហ្វាំងឡង់ និងបម្រើផលប្រយោជន៍គោលនយោបាយការបរទេសអាមេរិកផង។ កិច្ចព្រមព្រៀងចុងក្រោយនេះ គឺជាប្រតិបត្តិការលក់អាវុធក្នុងទំហំធំលើកទី៣ ជាមួយហ្វាំងឡង់ ដោយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា DSCA បានប្រកាសពីការលក់ដាច់ដោយឡែកមួយ ក្នុងទំហំទឹកប្រាក់ ៣២៣.៣លានដុល្លារសម្រាប់មីស៉ីល Sidewinder និងគ្រាប់បែក AGM-154 រាប់សិបគ្រឿង ខណៈដែលកិច្ចព្រមព្រៀងមីស៊ីលមួយទៀតមានតម្លៃ ៥៣៥លានដុល្លារ ត្រូវបានអនុម័តកាលពីថ្ងៃទី២ ខែវិច្ឆិកា។ យ៉ាងណាក្តីកិច្ចព្រមព្រៀងខាងលើទាំងនេះ នៅមិនទាន់ទទួលបានភ្លើងបៃតងចុងក្រោយ ពីសភាអាមេរិកនៅឡើយទេ។ គួរបញ្ជាក់ថា ហ្វាំងឡង់ដែលមានព្រំដែនគោកចម្ងាយ ១,៣៤០គីឡូម៉ែត្រ ជាមួយរុស្ស៊ី បានដាក់ពាក្យចូលជាសមាជិកអង្គការ […]

មកដឹងពីមូលហេតុ ដែលបណ្តាលឲ្យតួអង្គ Power Rangers ពណ៌​បៃតងបាត់បង់ជីវិត

Khmerpress December 2, 2022 02/12/2022

អតីតតារាសម្តែងលោក Jason David Frank ដែលបានទទួលមរណភាពកាលពីខែមុន នៅក្នុងវ័យ ៤៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា គាត់បានស្លាប់ដោយសារការធ្វើអត្តឃាត នេះបើតាមការឱ្យដឹងដោយអ្នកនាង Tammie Frank ដែលជាភរិយារបស់គាត់។ លោក Jason ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាតួអង្គ Power Rangers ពណ៌បៃតង ដែលមានឈ្មោះថា Tommy Oliver ។ ខ្សែភាពយន្តចុងក្រោយរបស់លោកគឺ Legend of the White Dragon គ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ បន្ទាប់ពីយុទ្ធនាការ Kickstarter ជោគជ័យ។ ឥឡូវនេះភរិយារបស់គាត់ គឺអ្នកស្រី Tammie Frank បាននិយាយអំពីការស្លាប់របស់លោក Jason ដោយបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់គាត់ថា ជាការធ្វើអត្តឃាត និងពន្យល់បន្ថែមអំពីបរិបទជុំវិញការស្លាប់ដ៏សោកសៅរបស់គាត់។ ថ្លែងទៅកាន់ទស្សនាវដ្តី People អ្នកនាង Tammie បាននិយាយយ៉ាងក្រៀមក្រំថា ប្តីរបស់អ្នកនាងបានធ្វើអត្តឃាតខ្លួនឯងនៅក្នុងអំឡុងពេលចុងសប្តាហ៍ នៅពេលដែលអ្នកទាំង២មានគោលបំណងចង់ធ្វើឱ្យទំនាក់ទំនងល្អប្រសើរឡើងវិញ។ ពោលគឺអ្នកទាំង ២ ធ្លាប់ចង់ចែកផ្លូវគ្នា ប៉ុន្តែបានព្យាយាមចុះសម្រុងគ្នាវិញ។ ក្រោយការស្លាប់របស់លោក Jason ប្រពន្ធរបស់គាត់ត្រូវបានគេនិយាយមិនល្អនៅលើបណ្ដាញអ៊ីនធឺណិត ហើយចំណែកលោក Jason ផ្ទាល់ […]

ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ហ្វូងសត្វប្រើសជាច្រើនក្បាល បានប្រមូលផ្ដុំគ្នាដើរជារង្វង់ជុំវិញរណ្តៅមួយ ដែលជាកន្លែងអ្នកវិទ្យសាស្ត្ររកឃើញវីរុស Zombie កន្លងទៅ

Khmerpress December 2, 2022 02/12/2022

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Zombie ដ៏ចំណាស់មួយចំនួន ដែលមានអាយុកាលប្រមាណជា ៤៨,៥០០ ឆ្នាំមកហើយ ខណៈមានការព្រួយបារម្ភថា ការប្រែប្រួលអាកាសធាតុ និងការបញ្ចេញឧស្ម័នមេតាន តាមរយៈផ្ទះកញ្ចក់  (greenhouse) អាចធ្វើឱ្យមេរោគដ៏គ្រោះថ្នាក់ទាំងអស់នេះ នឹងរស់រានឡើងវិញ ហើយចម្លងមកកាន់មនុស្ស និងសត្វបាន។ ប៉ុន្តែអ្វីដែលកាន់តែចម្លែកទៀតនោះ ក្រោយការប្រកាសពីការរកឃើញវីរុសទាំងនេះ គេបានប្រទះឃើញហ្វូងសត្វប្រើសស្នែងសំប៉ែត (Alces alces) បានប្រមូលផ្ដុំគ្នាដើរព័ទ្ធជុំវិញរណ្ដៅមួយនោះ ដោយមិនដឹងថាមូលហេតុអ្វីនោះទេ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Hitalo Rolian Mottin គាត់បានសរសេរថា៖ «សត្វប្រើសស្នែងសំប៉ែត បានដើរ​ជា​រង្វង់​កណ្តាល​ទឹកកក​ស៊ីបេរី​ នៅក្នុង​ប្រទេស​រុស្ស៊ី។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សត្វទាំងនោះ?»។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីមូលហេតុច្បាស់ ជុំវិញហេតុការណ៍ដ៏ចម្លែកមួយនេះនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ប្រើសស្នែងសំប៉ែត

មនុស្សចំនួន ៣ នាក់ត្រូវបានចាប់ខ្លួន ក្រោយបែកធ្លាយចែកចាយព្រឹត្តិការណ៍ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃមកកម្ពុជា

Khmerpress December 1, 2022 01/12/2022

មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបានចែកចាយព្រឹត្តិការណ៍ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា បុរស​ខ្មែរ​ម្នាក់ និង​ថៃ​ ២នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​កម្ពុជា ខណៈក៏បាន​រឹបអូស​ចានផ្កាយរណប​ចេញពី​លំនៅ​ឋាន​នោះផង​ដែរ។ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី FIFA បានព្រមានប្រទេសថៃថា សិទ្ធិផ្សាយរបស់ថៃអាចត្រូវដកហូត ដោយសារតែការលេចធ្លាយនៃការប្រកួតបាល់ទាត់ពិភពលោកទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​សមភាគី​កម្ពុជាឱ្យជួយ​ដោះស្រាយ​ការ​រត់ពន្ធ​ប៉ុស្ដិ៍ខ្សែកាប​ពី​ប្រទេស​ថៃ ជាពិសេស​ពី​ចំណុច​នៅ​ផ្សារ​ព្រំដែន​រោង​ក្លឿ ក្នុង​ខេត្ត​សាកែវ​។ យោងតាមគេហទំព័រ digitalhub.fifa.com ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ បានទិញសិទ្ធិផ្សាយការប្រកួតបាល់ទាត់ពិភពលោក រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ មាន​តែ​ប្រទេស​ឡាវ​ប៉ុណ្ណោះ​ ដែល​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី។ គួរឱ្យដឹងដែរថា ប្រទេសថៃបានទិញសិទ្ធិផ្សាយ ដែលត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិក្នុងតម្លៃ ១.៤ ពាន់លានបាត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត