ព័ត៌មានអន្តរជាតិ

ព្រះរាជពិធីឡើងសោយរាជ្យរបស់ស្តេចឆាលទី៣ នឹងប្រារព្ធនៅខែឧសភាឆ្នាំក្រោយ

Khmerpress October 12, 2022 12/10/2022

ពិធីឡើងសោយរាជ្យរបស់ស្តេចឆាលទី៣ (Charles III) របស់ចក្រភពអង់គ្លេស នឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់ The Guardian។ ស្តេចឆាល បានឡើងសោយរាជ្យនៅថ្ងៃទី០៨ ខែកញ្ញា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី Elizabeth II។ វិមាន Buckingham បានប្រកាសនៅថ្ងៃអង្គារថា ព្រះរាជពិធីឡើងគ្រងរាជ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា នៅ Westminster Abbey ក្នុងទីក្រុងឡុងដ៍។ ជម្រាបដែរថា ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅប្រាសាទ Westminster Abbey អស់​រយៈពេល ៩០០ ឆ្នាំ​មក​ហើយ ខណៈពិធីបុណ្យសពរដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth ក៏ត្រូវបានប្រារព្ធឡើងនៅទីនោះផងដែរ។ ឥស្សរជនជាច្រើនមកពីជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីនេះ។ ស្តេចឆាល នឹងត្រូវឡើងគ្រងរាជ្យ រួមជាមួយនឹងព្រះមហេសីរបស់ទ្រង់ គឺម្ចាស់ក្សត្រី Camilla។ ទ្រង់នឹងត្រូវបានប្រទានពរដោយអាចារ្យនៃព្រះវិហារ Canterbury ដែលជាអ្នកដឹកនាំដ៏សំខាន់នៃសាសនាចក្ររបស់ប្រទេសអង់គ្លេស។ ការរចនាសម្រាប់ទម្រង់នៃស្តេចថ្មី ត្រូវបានចេញផ្សាយនៅក្នុងចក្រភពអង់គ្លេស។ រូបភាពនឹងត្រូវបានប្រើនៅលើកាក់ និងត្រា ហើយអក្សរកាត់ប្រចាំគ្រួសាររបស់ទ្រង់ នឹងបង្ហាញនៅលើប្រអប់ប្រៃសណីយ៍ និងឯកសារព្រះរាជវង្សានុវង្ស។ នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Ipsos កាលពីខែមុន អ្នកឆ្លើយសំណួរចំនួន ៦១% បាននិយាយថា ពួកគេរំពឹងថាស្តេចនឹងធ្វើការងារបានល្អ […]

លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

Khmerpress October 12, 2022 12/10/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនជឿឡើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើ អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់បានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរកាលពីសប្ដាហ៍ មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅពេលដែលត្រូវបានសាកសួរថាតើមាន ភាពប្រាកដប្រជាកម្រិតណាដែលលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយយ៉ាងខ្លីថា «ជាការពិត ខ្ញុំមិនគិតឡើយថាគាត់នឹងប្រើ (អាវុធនុយក្លេអ៊ែរ)»។ ប៉ុន្តែ លោកបន្ថែមទៀតថាការសម្លុតគំរាមពីរុស្ស៉ីអាចនឹងក្លាយជាកំហុសមួយដ៏ មហន្តរាយ និងការគណនាខុស ដោយមិនបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ ប្រសិនបើលោក ពូទីន ពិតជាប្រើ អាវុធនុយក្លេអ៊ែរតាក់ទិកប្រឆាំងនៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែនមែននោះ។ គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក ចូ បៃដិន ក៏បានបញ្ជាក់ឡើងវិញផងដែរថាលោក ពូទីន បានគិតខុសដែលយល់ថា អ៊ុយក្រែនអាចនឹងចុះចាញ់ការឈ្លានពានរបស់រុស្ស៉ី ហើយការគិតខុសនេះកំពុងបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក បៃដិន សន្យាប្រគល់ប្រព័ន្ធការពារដែនអាកាសទំនើបៗឱ្យអ៊ុយក្រែន ក្រោយការវាយប្រហារមីស៉ីលយ៉ាងចាស់ដៃរបស់រុស្ស៉ី

Khmerpress October 11, 2022 11/10/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodomyr Zelenskiy) ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ ខណៈការសន្យានេះធ្វើឡើង បន្ទាប់ពីរុស្ស៉ីបានបាញ់មីស៉ីលរាប់សិបគ្រាប់ ស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា លោក បៃដិន បាននិយាយទូរសព្ទជាមួយ លោក ហ្សេលេនស្គី ដើម្បីផ្តល់ការធានាអំពី ការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាដើម្បីថ្កោលទោស ការវាយប្រហារមិនសមហេតុផលរបស់រុស្ស៉ី ដែលត្រូវចំលើ​គោលដៅ ជាជនស៉ីវិលស្លូតត្រង់។ នាឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានសន្យាបន្តផ្តល់ការគាំទ្រផ្សេងៗ ដែលអ៊ុយក្រែនត្រូវការ ដើម្បីការពារខ្លួន រួមមានទាំងប្រព័ន្ធការពារដែនអាកាសទំនើបៗ។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានអ៊ុយក្រែនថា ការវាយប្រហារមីស៉ីលយ៉ាងសម្បើម កាលពីថ្ងៃចន្ទម្សិលមិញ គឺជាការសងសឹកចំពោះ ករណីបំផ្ទុះស្ពានគ្រីមៀកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលលោក ពូទីន ចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ […]

អាល្លឺម៉ង់ នឹងបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសឱ្យអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ

Khmerpress October 11, 2022 11/10/2022

(បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រិច (Christine Lambrecht) បានឱ្យដឹងថាទីក្រុងបែរឡាំង នឹងបញ្ជូនប្រព័ន្ធការពារ ដែនអាកាស IRIS-T SLM មួយគ្រឿងដំបូង ក្នុងចំណោម៤គ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងពេលរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ លោកស្រី ឡំប្រិច បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដូច្នេះថា «ការវាយប្រហារដោយមីស៊ីលលើទីក្រុងកៀវ និងទីក្រុង ជាច្រើនទៀត បានបង្ហាញពីសារៈសំខាន់នៃការផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសជាបន្ទាន់…ការបាញ់ស្រោចមីស៊ីល និងការវាយប្រហារ ដោយយន្ដហោះដ្រូនពីសំណាក់រុស្ស៉ីលើជនស៊ីវិល គឺជាហេតុផលមួយដែលយើងកំពុងផ្ដល់ការគាំទ្រជាពិសេសជាមួយប្រព័ន្ធអាវុធការពារដែនអាកាស»។ រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៤នាក់ និង ៩៧នាក់រងរបួស។ រីឯលោក ពូទីន បានអះអាងថានេះជាការសងសឹកទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងតំបន់គ្រីមៀដែលលោកផ្ទាល់ ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញនេះ។ លោក ពូទីនក៏បានព្រមានដែរថារុស្ស៉ីនឹងធ្វើការវាយប្រហារកាន់តែសាហាវជាងនេះ បើការវាយប្រហារលើទឹកដីរុស្ស៉ីនៅតែបន្តកើតមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនទីក្រុងហូជីមិញ បិទទ្វារជាបណ្តោះអាសន្ន ក្រោយអស់សាំងពីស្តុក

Khmerpress October 11, 2022 11/10/2022

(វៀតណាម)៖ ប្រជាជនវៀតណាម កំពុងជួបការលំបាកក្នុងការទិញប្រេងឥន្ធនៈនៅទីក្រុងហូជីមិញ, Dong Nai និង Binh Duong ជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនដែលបិទទ្វារឈប់លក់ជាបណ្តោះអាសន្ន ឬលក់តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤ នៅទីក្រុងហូជីមិញបាននិយាយថា ពួកគេអស់សាំងចាប់តាំងពីអ្នកផ្គត់ផ្គង់មិនបានចែកចាយចូល។ អ្នកលក់រាយភាគច្រើននៅក្នុងទីក្រុងនិយាយថា ពួកគេបានខាតបង់ពី ១០០ទៅ ៣០០លានដុង (៤,១៦៦-១២,៥០០ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និងរហូតដល់ទៅ ៥០០លានដុងសម្រាប់ហាងធំដោយសារតែកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ។ កង្វះខាតប្រេងឥន្ធនៈនេះបានកើតមានឡើងតាំងតែពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៩ ខែតុលា ទើបនាយកដ្ឋានគ្រប់គ្រងទីផ្សារនៃទីក្រុងហូជីមិញបាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ ក្នុងចំណោម ៥៥០ ឈប់ដំណើរការជាបណ្តោះអាសន្ន។ ដោយភាគច្រើនបានអស់សាំងពីស្តុកដោយសារតែការផ្គត់ផ្គង់ទំនិញមិនអាចឆ្លើយតបទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាជ្ញាធរថៃឃាត់ខ្លួនមនុស្ស ២នាក់ពាក់ព័ន្ធករណីកាន់កាប់និងចែកចាយលុយក្លែងក្លាយជាង ៩០ម៉ឺនដុល្លារ

Khmerpress October 11, 2022 11/10/2022

ថៃ៖ មនុស្ស ២នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកាន់កាប់លុយក្លែងក្លាយជាង ៩០០,០០០ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែតុលានេះ។ បើតាមលោក Torsak Sookwimon ស្នងការរងប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា ការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានធ្វើឡើង ក្រោយអាជ្ញាធរថៃបានប្រទះឃើញមានលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹកត្រូវដាក់ឲ្យចរាចរណ៍នៅលើទីផ្សារ ហើយក្រោយមកខាងប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតជាបន្តបន្ទាន់ជាច្រើនដងរហូតរកឃើញមុខសញ្ញាកាន់កាប់និងចែកចាយលុយក្លែងក្លាយខាងលើនេះ។ លោកស្នងការរងរូបនេះបានបន្តថា ជនសង្ស័យទាំង ២រូបនោះរួមមាន ស្រ្តីជនជាតិថៃម្នាក់ឈ្មោះ Monsagee La-ong-nuan អាយុ ៤៩ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិថៃមានឈ្មោះថា Phanudeth Wongnamnong អាយុ ៥៨ឆ្នាំ ហើយក្រោយពេលឃាត់មនុស្សទាំង ២នាក់នេះ អាជ្ញាធរអាចរឹបអូសបានលុយក្លែងក្លែងក្រដាស ១០០ដុល្លារជាច្រើនសន្លឹក ដែលមានតម្លៃសរុបជាង ៩០០,០០០ ដុល្លារ។ យោងទៅតាមច្បាប់នៅក្នុងប្រទេសថៃគឺជនខិលខូចទាំង ២រូបនេះអាចប្រឈមនឹងការជាប់គុកក្នុងចន្លោះរយៈពេលពី ៥ ទៅ ១០ឆ្នាំ និងត្រូវពិន័យជាប្រាក់ចន្លោះពី ១០,០០០-២០,០០០បាត (២៦២-៥២៤ ដុល្លារ) ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អតីតប្រធានាធិបតីរុស្ស៉ី មានឈ្មោះនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់អ៊ុយក្រែន

Khmerpress October 11, 2022 11/10/2022

(កៀវ)៖ សេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយថាអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានស្ថិតនៅក្នុងបញ្ជី ឈ្មោះនៃក្រុមមនុស្សដែលអាជ្ញាធរសន្តិសុខអ៊ុយក្រែនស្វែងរកតាមចាប់ខ្លួន អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សេវាសន្តិសុខអ៊ុយក្រែន SBU បានបញ្ជាក់ទៀតថាលោក មេដវេដេវ ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បានស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន នៅក្រោមផ្នែកមួយនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមបំផ្លាញបូរណភាព ទឹកដី និងតំបន់ព្រំដែនមិនអាចបំពានបានរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល សមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីភាគច្រើនសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ អ៊ុយក្រែន ព្រមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៉ីមួយចំនួនទៀត ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) និងលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ជាប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីផងដែរ។ ប៉ុន្តែ ភ្លាមៗ គេមិនទាន់ដឹងច្បាស់ថាតើហេតុអ្វីបានជាអាជ្ញាធរ អ៊ុយក្រែនទើបតែបញ្ចេញបញ្ជីឈ្មោះខាងលើជាសាធារណៈនៅពេលនេះនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែន ថ្កោលទោសរុស្ស៉ីថាជា «រដ្ឋភេរវករ» នៅឯកិច្ចប្រជុំ UN

Khmerpress October 11, 2022 11/10/2022

(យូអិន)៖ អ៊ុយក្រែន បានថ្កោលទោសដោយហៅរុស្ស៉ីថាជា «រដ្ឋភេរវករ» នៅឯកិច្ចប្រជុំបន្ទាន់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីទីក្រុងមូស្គូ បើកការវាយប្រហារដោយមីស៊ីលយ៉ាងសម្បើមលើទីក្រុងជាច្រើន នៅទូទាំង ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ អង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់ ដើម្បីជជែកពីការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ ពីសំណាក់រុស្ស៉ី ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមស្រមោលនៃការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងជាច្រើនទៀ តដែលជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងបំផុតលើ អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ថ្លែងទៅកាន់អង្គមហាសន្និបាត UN អគ្គរដ្ឋទូតអ៊ុយក្រែន លោក សឺជី គីស្លីតស៊ីយ៉ា (Sergiy Kyslytsya) បានថ្កោលទោសដោយហៅរុស្ស៉ីត្រង់ៗថាជា រដ្ឋភេរវករ ជុំវិញការវាយប្រហារនេះដែលបណ្ដាលឱ្យជនស៊ីវិលយ៉ាងហោច ១៤នាក់ស្លាប់ និង៩៧នាក់រងរបួស។ ប៉ុន្តែ​ ជាការឆ្លើយតប អគ្គរដ្ឋទូតរុស្ស៉ី ប្រចាំ UN លោក វ៉ាស៊ីលី ណេបិនហ្ស៉ីយ៉ា (Vasily Nebenzya) មិនបានលើកឡើងពីការវាយប្រហារដោយមីស៊ីលនេះទេ តែបានការពាររុស្ស៉ីជុំវិញ ការកាត់យកទឹកដីអ៊ុយក្រែន។ […]

អាជ្ញាធរសិង្ហបុរី​ប្រកាសប្រមូល​មីកញ្ចប់ចំនួន ២ប្រភេទ ក្រោយរកឃើញមានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ដែលអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

Khmerpress October 10, 2022 10/10/2022

យោងតាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានធ្វើការប្រមូលមកវិញនូវមីកញ្ចប់ចំនួន ២ប្រភេទ បន្ទាប់ពីបានរកឃើញថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ដែលជាសារធាតុប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី សារធាតុអេទីឡែនអុកស៊ីដ គឺមិនអាចប្រើប្រាស់នៅក្នុងអាហារបានទេ ហើយត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងគ្រឿងទេសប៉ុណ្ណោះ ខណៈកម្រិតអតិបរិមាក៏មិនត្រូវលើសពី ៥០mg/kg នោះដែរ។ មីកញ្ចប់ដែលត្រូវបានអាជ្ញាធរប្រកាសយកមកវិញទាំង ២ គឺ Mie Sedaap Korean Spicy Soup ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និង Mie Sedaap Korean Spicy Chicken ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ មីកញ្ចប់ទាំង ២ ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកាលពីខែសីហាកន្លងទៅ អាជ្ញាធរក៏បានពិនិត្យរកឃើញសារធាតុអេទីឡែនអុកស៊ីដនៅក្នុងការ៉េមរបស់ក្រុមហ៊ុន Haagen-Dazs។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ស្បៀង​អាហារ​ជាតិ​សិង្ហបុរី​ ចុះ​ត្រួតពិនិត្យ​ផលិតផល​អាហារ​នានា រួមទាំងមីកញ្ចប់ រហូតដល់រកឃើញសារធាតុអេទីឡែនអុកស៊ីដនេះ ហើយគ្មានអាហារដទៃក្រៅពី Mie Sedaap មានផ្ទុកសារធាតុនេះទេ។ អាជ្ញាធរសិង្ហបុរីក៏នឹងការធ្វើការជាមួយអ្នកនាំចូល រួមទាំងអាជ្ញាធរឥណ្ឌូនេស៊ី ដើម្បីកំណត់ពីមូលហេតុ និងប្រភពដើមនៃការបន្ថែមសារធាតុអេទីឡែនអុកស៊ីដនៅក្នុងមីកញ្ចប់ប្រភេទនេះ។ […]

លោក ហ្សេលេនស្គី ចោទថា រុស្ស៉ីកំពុងព្យាយាមកម្ចាត់អ៊ុយក្រែនពីផ្ទៃផែនដី ក្រោយទីក្រុងមួយចំនួន រងការវាយប្រហារដោយមីស៉ីល

Khmerpress October 10, 2022 10/10/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មានមនុស្សស្លាប់និងរបួស ក្នុងការវាយប្រហារ​ដោយគ្រាប់មីស៉ីល នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នាថ្ងៃចន្ទនេះ ហើយលោកបានចោទថា រុស្ស៉ីកំពុងព្យាយាមបំផ្លាញប្រទេសរបស់លោក ឱ្យបាត់ចេញពីផែនដី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ តាមបណ្តាញសង្គមតេឡេក្រាម លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពួកគេកំពុងព្យាយាមបំផ្លាញយើង ហើយលុបប្រទេសរបស់យើងចេញពីផ្ទៃពិភពលោក……. ពួកគេបំផ្លាញប្រជាជនរបស់យើង ដែលកំពុងស្នាក់នៅក្នុងផ្ទះ ក្នុងតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ សម្លាប់មនុស្សដែលកំពុងបំពេញការងារ ក្នុងទីក្រុងកៀវ និងទីក្រុងឌីនីប្រូ។ ពេលនេះ សំលេងស៉ីរ៉ែនប្រកាសអាសន្នឲ្យប្រុងប្រយ័ត្ន ពីការវាយប្រហារតាមអាកាសនៅទូទាំងប្រទេស មិនទាន់បញ្ឈប់ទេ, ការបាញ់មីស៉ីលកំពុងធ្វើឡើង, ជាអកុសលមានអ្នកស្លាប់ និងរបួស»។ គួរបញ្ជាក់ថា ការវាយប្រហារដ៏ខ្លាំងក្លានៅថ្ងៃចន្ទនេះ កើតមានឡើង បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះ ដែលបានបង្កការខូតខាចចំពោះស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់រវាងប្រទេសរុស្ស៉ីនិងតំបន់គ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews