ព័ត៌មានអន្តរជាតិ

អង់គ្លេស ថារុស្ស៉ីមិនមានសិទ្ធិខាងសីលធម៌ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ឡើយ

Khmerpress August 20, 2022 20/08/2022

(ឡុងដ៍)៖ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអង់គ្លេស បាននិយាយថារុស្ស៉ីមិនមានសិទ្ធិខាងសីលធម៌ ដើម្បីអង្គុយនៅឯកៅអីប្រជុំនៃកិច្ចប្រជុំកំពូល G20 នោះទេ ខណៈទីក្រុងឡុងដ៍ កំពុងដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យខាងលើដដែលបានបញ្ជាក់ដូច្នេះថា «រុស្ស៉ីគ្មានសិទ្ធិខាងសីលធម៌ ដើម្បីអង្គុយប្រជុំនៅឯកិច្ច ប្រជុំកំពូល G20 ស្របពេលការឈ្លានពានអ៊ុយក្រែននៅតែបន្តធ្វើឡើងនោះទេ។ យើងស្វាគមន៍ កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងការធានាឱ្យបាន ថាផលប៉ះពាល់នៃសង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូល G20 ព្រមទាំងការញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំនេះដែរ»។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកាខាងមុខនេះ ហើយបើតាមប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្រ្តីម្នាក់ត្រូវអាជ្ញាធរវៀតណាមហាមមិនឲ្យជិះយន្តហោះ ៦ខែ ក្រោយបង្ហោះវីដេអូបែបនេះក្នុង TikTok

Khmerpress August 20, 2022 20/08/2022

វៀតណាម៖ ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍វៀតណាមសម្រេចហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះរយៈពេល ៦ខែ ក្រោយបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ដែលបង្ហាញថា រូបគាត់ផ្ទាល់បានរាំយ៉ាងសប្បាយរីករាយនៅក្បែរយន្តហោះមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ស្រ្តីដែលបានរងនូវការហាមឃាត់នេះមានឈ្មោះថា Le Minh Xuan Yen អាយុ ២៦ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា សកម្មភាពរាំលេងសប្បាយរបស់អ្នកនាង Le Minh Xuan Yen ត្រូវបានថតតាំងពីថ្ងៃទី ១៨ ខែឧសភាម្លេះ គឺនៅពេលស្រ្តីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ VN1740 ចេញពីកោះទេសចរណ៍ Phu Quoc ឆ្ពោះទៅកាន់ទីក្រុង Can Tho ហើយក្នុងអំឡុងពេលធ្វើដំណើរនោះគាត់ក៏បានថតវីដេអូរាំសម្រាប់បង្ហោះក្នុងបណ្តាញសង្គម TikTok ទុកគ្រាន់ជាការកំសាន្តសប្បាយប៉ុណ្ណោះ។ យ៉ាងណាក្តី ទីតាំងនិងពេលវេលានៃការសកម្មភាពរាំរបស់គាត់នោះត្រូវបានអាជ្ញាធរអាកាសចរណ៍ចាត់ទុកថា ជាសកម្មភាពបំពានទៅនឹងវិធានការរក្សាសុវត្ថិភាពក្នុងព្រលានយន្តហោះ ហើយបើទោះជារូបគាត់គ្មានគ្រោះថ្នាក់ឬបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវតែអនុវត្តតាមបទបញ្ជាដើម្បីទុកជាការព្រមានកុំឲ្យមានអ្នកផ្សេងទៀតយកគំរូតាម ខណៈការហាមឃាត់របស់ស្រ្តីរូបនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៧ ខែសីហានេះរហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣៕ ផ្តល់សិទ្ធិដោយ៖ […]

ក្រុមហ៊ុនផ្គត់ផ្គង់ធំមួយឱ្យ Apple នឹងបង្កើតរោងចក្រមួយទៀតតម្លៃ ៣០០លានដុល្លារនៅប្រទេសវៀតណាម

Khmerpress August 20, 2022 20/08/2022

ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំមួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបង្កើតរោងចក្រមួយតម្លៃ ៣០០លានដុល្លារនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា Foxconn បានជួលដីទំហំ ៥០.៥ ហិកតានៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាម ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដែលគ្រប់គ្រងសួនឧស្សាហកម្ម Quang Chau ដែល Foxconn សម្លឹងរកការវិនិយោគរបស់ខ្លួន​ រោងចក្រនេះនឹងផ្តល់ការងារដល់មនុស្ស ៣០,០០០នាក់។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ Nikkei Asia បានរាយការណ៍ថា Foxconn និងអ្នកផ្គត់ផ្គង់ Apple មួយទៀតគឺ Luxshare Precision Industry បានចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook នៅភាគខាងជើងប្រទេសវៀតណាម ហើយគ្រោងនឹងផលិតវាជាលើកដំបូងនៅក្នុងប្រទេសនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង

Khmerpress August 20, 2022 20/08/2022

ចិន៖ ប្រទេសចិនបានប្រកាសអាសន្នអំពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ ការសម្រេចទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅទូទាំងប្រទេសចិនបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ជាច្រើនសប្តាហ៍ជាប់គ្នា ខណៈនៅតំបន់ខ្លះសីតុណ្ហភាពបានកើតឡើងដល់កម្រិត ៤២អង្សាសេ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា នៅចំពោះមុខការកើនឡើងដ៏ខ្ពស់នៃសីតុណ្ហភាពនេះគឺវាបានធ្វើឲ្យបឹង Poyang ដែលជាអាងស្តុកទឹកដ៏ធំនៅខេត្ត Jiangxi  ភាគកណ្តាលប្រទេសចិនបានរីងអស់ ៧៥% ពោលគឺបរិមាណទឹកបឹងនៅសល់មានត្រឹមតែ ១ភាគ៤ នៃបរិមាណទឹកបឹងដែលធ្លាប់មានក្នុងពេលធម្មតាប៉ុណ្ណោះ។ ជាងនេះទៅទៀតទឹកទន្លេចំនួន ៦៦ ក្នុងស្រុកចំនួន ៣៤  ដែលស្ថិតនៅក្នុងតំបន់ Chongqing ភាគខាងត្បូងប្រទេសចិនបានរីងស្ងួតអស់ទៅហើយ។ សូមបញ្ជាក់ជូនថា ស្របពេលនៃការប្រកាសទាញអាសន្នអំពីគ្រោះរាំងស្ងួតនៅទូទាំងប្រទេសនេះ អាជ្ញាធរចិនក៏កំពុងដោះស្រាយបញ្ហាចម្បង ២ផ្សេងទៀតដែរ គឺយកឈ្នះលើបញ្ហាភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួន និងកំពុងប្រមូលក្រុមអ្នកជំនាញជាច្រើននាក់ដើម្បីជួយការពារផលដំណាំរបស់ប្រជាកសិករពីការបំផ្លាញដោយរលកកម្តៅផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អាមេរិកប្រកាសផ្តល់ ឧទ្ធម្ភាគចក្រយោធាចំនួន៨គ្រឿង ដោយឥតគិតថ្លៃ ដល់សាធារណរដ្ឋឆែក

Khmerpress August 19, 2022 19/08/2022

(ប្រាក)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងប្រាក បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ ឧទ្ធម្ភាគចក្រយោធាចំនួន៨គ្រឿង ដែលផលិតដោយក្រុមហ៊ុន ប៊ែល (Bell) ឱ្យទៅសាធារណរដ្ឋឆែក ខណៈរដ្ឋមន្រ្តីការពារជាតិឆែក បានអះអាងថា វាគឺជាការទទួលស្គាល់ចំពោះ កិច្ចប្រឹងប្រែងរបស់ទីក្រុងប្រាក ក្នុងការជួយផ្តល់បរិក្ខារយោធាឱ្យទៅអ៊ុយក្រែន នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការពារជាតិឆែក លោកស្រី យ៉ាណា សឺណូឆូវ៉ា (Jana Cernochova) បាននិយាយយ៉ាងដូច្នេះថា «វាកំពុងត្រូវបានបង្ហាញថា គោលជំហរច្បាស់លាស់និងឥតងាករេរបស់យើង ចាប់តាំងតែពីការចាប់ផ្តើម នៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន កំពុងទទួលបានផលតបស្នងមកវិញ។ ពួកយើងមិនត្រឹមទទួលបានការគោរពប៉ុណ្ណោះទេ ពីសំណាក់សម្ព័ន្ធមិត្តរបស់យើង សម្រាប់កិច្ចប្រឹងប្រែងជួយអ៊ុយក្រែន ប៉ុន្តែក៏ថែមទាំងទទួលបានការគាំទ្រពីពួកគេ ដើម្បីធ្វើទំនើបកម្មយោធារបស់យើងផងដែរ»។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្ថានទូតអាមេរិកប្រចាំប្រទេសឆែក បានប្រកាសលើប្រព័ន្ធ Twitter ថា ឧទ្ធម្ភាគចក្រ៨គ្រឿងនោះ គឺបន្ថែមពីលើឧទ្ធម្ភាគចក្រយោធា ១២គ្រឿង ដែលទីក្រុងប្រាកបានបញ្ជាទិញរួចស្រេច ហើយមិនគិតថ្លៃឡើយ លើកលែងថ្លៃចំណាយ សម្រាប់ការដឹកជញ្ជូន និងកែលម្អផ្សេងៗ ថែមទៀត។ គួរបញ្ជាក់ថា បើតាមស្ថានទូតអាមេរិក […]

ថៃ ចាប់ដៃគ្នាជាមួយម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ជាមួយចិន ឡាវ និងសិង្ហបុរី

Khmerpress August 19, 2022 19/08/2022

ក្រសួងដឹកជញ្ជូននៃប្រទេសថៃកំពុងសហការជាមួយដៃគូម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់សមាជិកចំនួនបួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះរួមមាន៖ ប្រទេសចិន ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក Chayatan Phromsorn លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកដឹកជញ្ជូនបានជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ីលោក Isham Ishak និងក្រុមហ៊ុនមកពីប្រទេសជិតខាង ដើម្បីពិភាក្សាអំពីវិធីសហការសាងសង់ប្រព័ន្ធផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏បានស្នើសុំការតភ្ជាប់ផ្លូវដែកល្បឿនលឿនជាមួយប្រទេសថៃ ជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ជាមួយឡាវ និងចិនផងដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីគម្រោងនេះ ហើយម៉ាឡេស៊ីបានយល់ព្រមជាមួយនឹងគំនិតរបស់ប្រទេសថៃក្នុងការបង្កើតក្រុមការងាររួមគ្នាមួយដើម្បីពិភាក្សាអំពីប្រព័ន្ធផ្លូវដែកដែលតភ្ជាប់ប្រទេសចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកស្រី គីម យ៉ូចុង បានបដិសេធ​សំណើ​ជំនួយ​របស់​កូរ៉េខាងត្បូង ដោយបានហៅវាថាជា «សំណើធម្មតាៗ»

Khmerpress August 19, 2022 19/08/2022

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល សម្រាប់ជំនួយសេដ្ឋកិច្ច ដើម្បីជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គួររំលឹកផងដែរថា លោក យូន បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួយកែលម្អសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងជាដំណាក់កាល ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមដំណើរការដ៏សំខាន់មួយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែលោកស្រី គីម យ៉ូចុង បាន​ហៅ​ផែនការ​របស់លោក យូន ថាមិន​ទំនង​ទាល់​តែ​សោះ ព្រោះ​វា​មិន​អាច​អនុវត្ត​ទៅបាន។ លោកស្រីក៏បានហៅលោក យូន ថាគ្មានភាពអៀនខ្មាសផងដែរ ចំពោះការរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ ពោលគឺនៅថ្ងៃបន្ទាប់ពីលោក យូន ស៊ុកយុល បានដាក់សំណើផ្ដល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបានប្រកាសភ្លាមថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធរួមគ្នាជាទៀងទាត់ជាមួយកងកម្លាំងអាមេរិក នៅថ្ងៃទី២២ ខែសីហា ជាការសន្មតថា មានគ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ លោកស្រីបានបន្ថែមថា ទីក្រុងព្យុងយ៉ាងមិនចូលចិត្តលោក យូន ទាល់តែសោះ ហើយបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងមិនអង្គុយនិយាយទល់មុខជាមួយគាត់នោះទេ។ ជាមួយគ្នានេះដែរ លោកស្រីបានកំណត់ការបាញ់មីស៊ីលចេញពីនាវា កាលពីថ្ងៃពុធដោយទីក្រុងព្យុងយ៉ាងថា ជាការសាកល្បងអាវុធរបស់កូរ៉េខាងជើង ហើយលោកស្រីក៏បានជួយកែតម្រូវការរាយការណ៍របស់យោធាកូរ៉េខាងត្បូងដែរថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺបានចេញពីតំបន់ Anju ខេត្ត Phyongan ខាងត្បូង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

​ជប៉ុន​បើក​ការ​ប្រកួត​ផឹកស្រានៅទូទាំងប្រទេស ដើម្បីចង់ឱ្យប្រជាជនផឹកគ្រឿងស្រវឹងឱ្យបានច្រើន ព្រោះចំណូលពន្ធលើគ្រឿងស្រវឹងបានធ្លាក់ចុះខ្លាំង

Khmerpress August 19, 2022 19/08/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានបើកការប្រកួតប្រជែងផឹកស្រានៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យប្រជាជនផឹកគ្រឿងស្រវឹងឱ្យបានច្រើន។ ការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចំណូលពន្ធលើគ្រឿងស្រវឹងបានធ្លាក់ចុះ ដែលបណ្ដាលមកពីប្រជាជនជប៉ុន ជាពិសេសគឺយុវវ័យជប៉ុនបានផ្លាស់ប្ដូរទម្លាប់មិនសូវផឹកគ្រឿងស្រវឹងដោយសារតែការរស់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការប្រកួតនេះមានឈ្មោះថា “The Sake Viva!” ដែលដំណើរការដោយទីភ្នាក់ងារជាតិពន្ធដារ (NTA) ដោយស្នើឱ្យអ្នកដែលមានអាយុ ២០ ទៅ ៣០ឆ្នាំ ចូលរួមប្រកួតក្នុងកម្មវិធីនេះ ដើម្បីជួយស្តារឡើងវិញនូវប្រជាប្រិយភាពនៃភេសជ្ជៈមានជាតិអាល់កុលដែលបានធ្លាក់ចុះក្នុងការប្រើប្រាស់។ ការប្រកួតប្រជែងដែលដំណើរការរហូតដល់ថ្ងៃទី៩ ខែកញ្ញា អំពាវនាវឱ្យមាន “ផលិតផល និងការឌីហ្សាញថ្មី” ក៏ដូចជាវិធីដើម្បីលើកកម្ពស់ការផឹកស្រានៅតាមផ្ទះ។ ជាពិសេសអ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្តឱ្យស្វែងរកវិធីសាស្រ្តលក់ដោយប្រើ metaverse នេះបើយោងតាមគេហទំព័រក្នុងស្រុក JiJi.com ។ អ្នកឈ្នះក្នុងការប្រកួតប្រជែងនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៅទីក្រុងតូក្យូនៅថ្ងៃទី១០ ខែវិច្ឆិកា រួមជាមួយឱកាសក្នុងការបញ្ចេញគំនិតលើការធ្វើពាណិជ្ជកម្មផងដែរ។ គួរបញ្ជាក់ផងដែរថា បើតាម NTA ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះពីជាមធ្យម ១០០ លីត្រសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៥ មកត្រឹម ៧៥លីត្រក្នុងឆ្នាំ២០២០។ ការថយចុះនៃការលក់គ្រឿងស្រវឹង បានប៉ះពាល់ដល់ថវិការបស់ប្រទេសជប៉ុន ខណៈពន្ធលើគ្រឿងស្រវឹងមានចំនួន ១.៧% នៃចំណូលពន្ធរបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២០ ធ្លាក់ចុះពី ៣% ក្នុងឆ្នាំ២០១១ និង ៥% […]

អាជ្ញាធរចិនសម្រេចធ្វើតេស្តកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងក្រុងមួយមានពលរដ្ឋជាង ៥លាននាក់ ហើយថែមទាំងធ្វើតេស្តលើសត្វត្រីទៀតផង

Khmerpress August 19, 2022 19/08/2022

ចិន៖ អាជ្ញាធរចិនបានសម្រេចធ្វើការបិទខ្ទប់ទីក្រុងឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនៅក្នុងសប្តាហ៍នេះគឺទីក្រុង Xiamen ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ​ ទី១៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបញ្ជាក់ថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺត្រូវធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០ករណីដោយមិនបានដឹងប្រភពច្បាស់លាស់ ខណៈដែលពលរដ្ឋនៅក្នុងទីក្រុងសរុបមានចំនួនជាង ៥លាននាក់។ គណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបន្តថា ការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺមិនមែនធ្វើឡើងចំពោះតែពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍នោះទេ តែក្រុមបុគ្គលិកសុខាភិបាលនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះក្រុមអ្នកនេសាទសមុទ្រ ដែលទើបបញ្ចប់ការនេសាទ និងត្រូវឡើងលើផែវិញផងដែរ។ អ្វីដែលគួរឲ្យគត់សម្គាល់បំផុតនោះគឺ ត្រីនិងគ្រឿងសមុទ្រមួយចំនួនដែលគេទើបនេសាទបាននោះក៏ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ ដ្បិតគេបានសង្ស័យថា ត្រីសមុទ្រមួយចំនួនក៏អាចផ្ទុកនូវជំងឺកូវីដ-១៩ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

របាយការណ៍៖ រដ្ឋបាលលោក ចូ បៃដិន ត្រៀមកញ្ចប់ជំនួយយោធា ៨០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន

Khmerpress August 19, 2022 19/08/2022

(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារដល់ អ៊ុយក្រែន ហើយអាចនឹងធ្វើការប្រកាសអំពីផែនការនេះនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។ ក្រុមមន្រ្តីអាមេរិកខាងលើបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក បៃដិននឹងអនុញ្ញាតឲ្យផ្តល់ជំនួយដែលនឹងមានការផ្ទេរអាវុធនៅសល់ពី ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកផ្ទាល់ ខណៈដែលកញ្ចប់ជំនួយសព្វាវុធអាចនឹងមានប្រែប្រួលមុនពេលប្រកាស។ យ៉ាងនេះក្តីសេតវិមាន បានបដិសេធមិនធ្វើការអត្ថាធិប្បាយនូវការលើកឡើងនេះ។ គួរបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងរុស្ស៉ី បើកការឈ្លានពាននៅអ៊ុយក្រែន រហូតមកដល់ពេលនេះជម្លោះបានក្លាយទៅជាសង្រ្គាមនៃការប្រយុទ្ធគ្នាជាចម្បង នៅតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធា រាប់ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋាភិបាលទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews